Monthly Archives: ខែតុលា 2010

និទាន បក្សី ឆ្លាត

នៅកណ្តាលព្រៃធំមានសត្វសេកដ៏ឆ្លៀវឆ្លាតមួយក្បាល វាអាស្រ័យនៅក្នុងព្រៃនេះ
មកជាយូរយារណាស់ហើយ។ ព្រៃនេះទៀតសោត ក៏មានព្រានព្រៃរស់នៅផងដែរ។
ថ្ងៃមួយសត្វសេករកឧបាយដេញនាយព្រាន ចេញអំពីព្រៃ។

“នែ! ពួកឯងដឹងទេ?” សត្វសេកស្រែកប្រាប់ពួកនាយព្រាន “ខ្លាទាំងឡាយដែល
នៅខាងៗ ព្រៃនេះ ពួកវានឹងផ្លាស់មករស់នៅក្នុងព្រៃនេះហើយ” ពេលពួកនាយព្រាន
បានស្តាប់ដូច្នោះហើយ ក៏នាំគ្នាភ័យខ្លាចជាខ្លាំង។ ពួកគេគិតគ្នាកាប់ដើមឈើដើម្បី
យកមកធ្វើជារបងការពារខ្លា។

សត្វសេកឃើញទង្វើដូច្នោះរបស់ពួកនាយព្រាន វាក៏នែនាំថា “ពួកលោកមករវល់
ខូចពេលវេលាកាប់ដើមឈើធ្វើអីទៅ ហេតុអីក៏មិនប្រញាប់រត់គេចមុនពេលខ្លាទាំង
នោះមកជួបពួកលោក ហើយចាប់ពួកលោកបរិភោគជាមុននោះ”។

និទានបង្រៀនឲ្យដឹងថា

មនុស្សល្ងង់រមែងជានុយរបស់មនុស្សឆ្លាត..!

អាច ចូលជជែកលេង ជាមួយ បងប្រុស ចំណាន តាម រយះ ទីក្រុង ខ្មែរ

ដើមឈើ និង ពូថៅ

បុរសម្នាក់ត្រូវការដងពូថៅថ្មីដើម្បីយកទៅជំនួសដងដែលបានបាក់ទៅនោះ។
“សូមមេត្តាផងចុះ អនុគ្រោះខ្ញុំផង ដើមឈើទាំងឡាយអើយ អនុញ្ញាតឲ្យខ្ញុំសុំឈើ
របស់អ្នកមកធ្វើដងពូថៅថ្មីរបស់ខ្ញុំផងចុះណ៎ា” បុរសកាប់ឈើពោលអង្វរករ។

ដើមឈើធំមានក្តីអាណិតបុរសនោះខ្លាំងណាស់ ទើបប្រាប់ឲ្យដើមឈើធម្មតាៗ
ព្រមលះបង់ជីវិតដើម្បីក្លាយជាដងពួថៅបុរសនោះ។

បុរសកាប់ឈើត្រេកអរដែលបានដងពូថៅថ្មី បន្ទាប់ពីនោះគេក៏ចូលព្រៃទៅកាប់ឈើ
គ្រប់ប្រភេទដែលនៅក្នុងព្រៃភ្លាម ដោយមិនខ្វល់ថាគេបានអង្វរករសុំដើមឈើទាំង
នោះសូម្បីបន្តិចឡើយ។

“យើងមានការស្តាយក្រោយខ្លាំងណាស់ដែលអាណិតអាសូរចំពោះបុរសនេះ ជាហេតុ
ធ្វើឲ្យយើងបាត់បង់មិត្តភក្តិល្អៗ ព្រមទាំងជីវិតរបស់យើងខ្លួនឯងថែមទៀត” ដើមឈើធំ
និយាយទាំងសោកសង្រេង។

និទានរឿងនេះបង្រៀនឲ្យដឹងថា

ការជួយសង្រ្គោះមនុស្សអាក្រក់ មិនត្រឹមតែមិនបានទទួលការតបស្នងសងគុណ ថែម
ទាំងអាចក្លាយជាទុក្ខភ័យសម្រាប់ខ្លួនទៀតផង។

ដោយ បងប្រុស ចំណាន !!!

មង្គលការ របស់ ព្រះអាទិត្យ

កាលគ្រាមួយយូរមកហើយ មានដំណឹងតៗ គ្នាមកចូលត្រចៀកបណ្តាសត្វ
ទាំងឡាយថា ព្រះអាទិត្យនឹងរៀបអាពាហ៍ពិពាហ៍។ បណ្តាសត្វទាំងឡាយម្នាក់ៗ
មានសេចក្តីត្រេកអរ ហើយចង់ចូលរួមក្នុងពិធីរៀបមង្គលការនេះ។

ចៅកង្កែបកម្លោះទើបស្នើមតិឡើងថា “ពួកយើងគួរតែចាត់ពីធីជប់លៀងឆ្លងឲ្យ
ព្រះអាទិត្យទាំងអស់គ្នា….”។

“ឯងគិតល្អិតល្អន់ហើយរឺ?” គីង្គក់អាវុសោនិយាយឡើង..។
“ឯងសាកគិតមើល៍ឲ្យភ្លឺភ្នែកទៅ! ត្រពាំងទឹកដែលធ្លាប់មានទឹកពេញព្រៀប គ្រាន់តែព្រះអាទិត្យមួយដួងក៏អាចធ្វើឲ្យត្រពាំងទឹករីងខះស្ងួតហួតហែងបានទៅហើយ ចុះបើព្រះអាទិត្យរៀបការហើយមានបណ្តាកូនចៅរបស់ព្រះអាទិត្យចេញមកទៀត
តើយើងនឹងរស់នៅដូចម្តេចកើតទៅ..?”។

និទានរឿងនេះបង្រៀនឲ្យដឹងថា

កុំភ្ញាក់ផ្អើលជាមួយនឹងរឿងល្អៗ របស់អ្នកដទៃដែលអាចជាភ័យដល់ខ្លួនឯងបាន…។

ដោយបងប្រុស ចំណាន !!!

បទនិពន្ធ ដែលពិបាកជាង ការប្រសូត្រ

ស៊ិវឆាយ ជាបុរសម្នាក់ ស្ម័គ្រប្រលងជាច្រើនលើកហើយតែប្រលងមិនជាប់
ចំណែកភរិយារបស់គេក៏ជាស្ត្រីប្រសូត្របុត្រម្តងៗ លំបាកលំបិនជាខ្លាំង។

យប់មួយ ស៊ិវឆាយ យកក្រដាសហើយនឹងជក់ចេញមក អង្គុយធ្វើមុខ
ស្មុគស្មាញពេញទំហឹងនៅមុខចង្កៀងគោម។ គាត់សរសេរបណ្តើរ គិត
បណ្តើរ ជ្រួញចញ្ចើមក្តោបសៀតផ្កាទាំងសងខាង សម្តែងអាការៈលំបាក
លំបិនពន់ប្រមាណ។

ភរិយារបស់គាត់កាលបើឃើញអាកាៈដូច្នោះ ទ្រាំមិនបានទើបនិយាយ
ឡើងថាៈ-“ខ្ញុំមានអារម្មណ៍ថា ពេលឳវាឯងចាប់ផ្តើមសរសេរម្តងៗ ហាក់
ដូចជាលំបាកលំបិនខ្លាំងណាស់ ដូចពេលដែលខ្ញុំប្រសូត្របុត្រអញ្ចឹង”។

ស៊ិវឆាយ ធ្វើមុខហាក់ដូចចង់យំនិយាយថា “វាដូចគ្នាត្រង់ណាទៅ ពេល
ម៉ែវាឯងប្រសូត្របុត្រនោះ ក្នុងពោះម៉ែវាឯងមានរបស់ដែលនឹងប្រសូត្ររួច
ស្រេចទៅហើយ តែខ្ញុំវិញក្នុងពោះគ្មានអ្វីសោះឡើយ!”។

កំណត់ត្រាក្នុង ”ក្វាងថានជូ”

សង្កេតៈ

ស៊ិវឆាយម្នាក់នេះជាមនុស្សនិយាយការពិត គាត់ទទួលស្គាល់ថា ក្នុងពោះ
របស់គាត់គ្មានអ្វីសោះឡើយ។ ការដែលនឹងសរសេរអ្វីចេញមកនោះ អ្នក
សរសេរត្រូវមានចំណេះដឹងពីក្នុងសៀវភៅហើយនឹងបទពិសោធន៍ជីវិតដ៏
ជាក់លាក់មួយកម្រឹត។ អ្នកខ្លះកាលខ្វះចំណេះក៏មិនទៅស្វែងរកបំពេញ
បន្ថែម ដោយការប្រតិបត្តិ ការព្យាយាមសន្សំចំណេះដឹងហើយនឹងបទពិសោធន៍
គិតតែចង់សរសេរចេញមកតែម្យ៉ាង កាលបើក្នុងពោះគ្មានអ្វីទើបប្រសូត្រចេញមក
លំបាកជាងការប្រសូត្របុត្រទៅទៀត។

ដោយ បងប្រុស   ចំណាន​!!!

សូមអរគុណ!!!

មនុស្សខ្វះ ធ្លាក់ពីលើស្ពាន

គ្រាមួយមានមនុស្សខ្វាក់ម្នាក់ដើរឆ្លងស្ពានឈើដែលមានទឹកខាងក្រោមស្ពាន
រីងខះអស់ទៅហើយ តែមនុស្សខ្វាក់ម្នាក់នោះមិនដឹង ទើបគាត់ដើរឆ្លងស្ពាន
យ៉ាងប្រយ័ត្នប្រយែងបំផុត ព្រោះខ្លាចធ្លាក់ទៅក្នុងអូ។

ខណៈពេលដែលគាត់ដើរទៅដល់ពាក់កណ្តាលស្ពាន គាត់ក៏ភ្លាត់ជើងធ្លាក់
តែក៏យកដៃចាប់ស្នួរស្ពានបាន ហើយក៏បន្តោងខ្លួនយោលយោគស្រែកឲ្យគេ
ជួយភ្លាត់សម្លែងតែម្តង។

មនុស្សដែលដើរឆ្លងមកទើបស្រែកប្រាប់គាត់ថាៈ- “មិនបាច់ខ្លាចទេ ទឹកក្នុងអូ
បានរីងស្ងួតអស់ទៅហើយ ឯងប្រញាប់លែងដៃចុះទៅ”

បុរសខ្វាក់ភ្នែកស្តាប់ហើយក៏មិនជឿ នៅតែបន្តោងខ្លួនតេងតោងស្រែកទ្រហោយំ
គួរវេទនា តែនៅទីបំផុតកាលបើដៃរបស់គាត់ចុកស្រពន់ អស់កម្លាំងមិនអាចតោងត
ទៅទៀតបាន គាត់ក៏ទម្លាក់ខ្លួនចុះទៅក្នុងអូ លុះជើងជាន់ត្រូវដី បុរសខ្វាក់នោះ
ក៏មានបីតិត្រេកអរជាខ្លាំងហើយនិយាយឡើងថាៈ-

“ពុទ្ធោអើយ! បើអញដឹងថាខាងក្រោមនេះជាដីតាំងពីដំបូង ម្ល៉េះអញនឹងរវល់តោង
ឲ្យនឿយធ្វើស្អី!”។

កំណត់ត្រាក្នុង “អ៊ិងសៀលូ”

សង្កេតៈ
ការដែលមនុស្សខ្វាក់មិនព្រមលែងដៃក៏ព្រោះសេចក្តីភ័យខ្លាចនិងមិនព្រមស្តាប់សម្តី
អ្នកដទៃ ទើបត្រូវបន្តោងខ្លួនរហូតមិនអាចតោងតទៅទៀតរួច តែព្រោះគេជាមនុស្សខ្វាក់
មើលមិនឃើញអ្វីទើបជារឿងដែលល្មមអាចយោគយល់បាន។

និទានរឿងនេះជាការដាស់តឿនពួកយើងដែលមានភ្នែកភ្លឺថា ត្រូវយកចិត្តទុកដាក់នឹង
ស្ថានការន៍ផ្លាស់ប្តូរជាប់ជានិច្ចដើម្បីឲ្យការគិតនិងទង្វើររបស់យើងវាមានការសមស្រប
ទៅតាមស្ថានការណ៍ដែលបានផ្លាស់ប្តូរនោះ បើរវល់តែប្រកាន់ខ្ជាប់នឹងបែបបទចាស់ៗ
មិនមើលការផ្លាស់ប្តូរទេ ក៏នាំសេចក្តីលំបាកមកឲ្យដល់ខ្លួនឯងទទេៗ។

ដោយ បងប្រុស ចំណាន!!!

ឆ្វេងព្រះតេជ ស្ដាំព្រះគុណ


“ គិតរំពឹងដល់រឿងនេះ ក៏ទៅធ្វើខុសផ្លាតក្នុងរឿងនោះ គឺជារឿងដែលមិនគួរធ្វើឡើយ
គួរគប្បីយល់ឲ្យបានជាក់ច្បាស់នូវអត្ថន័យវិធីសាស្រ្តការប្រព្រឹត្តទៅព្រមៗ គ្នានៃ
ព្រះតេជ និង ព្រះគុណ”

ស្តេចថាំងថៃចុង ដំណើរការវិធីសាស្រ្តពីយ៉ាងព្រមគ្នា

ក្នុងកំឡុងពេលដែលស្តេច ថាំងថៃចុង កំពុងសោយរាជ្យនោះ គឺជាយុគដែលសង្គម
សក្តិភូមិរបស់ប្រទេសចិនកំពុងរុងរឿងដល់កំពូល ដែលរឿងនេះវាមានសម្ព័ន្ធភាព
យ៉ាងខ្លាំងទាក់ទងទៅនឹងប្រព័ន្ធការគ្រប់គ្រងប្រទេសជាតិយ៉ាងត្រឹមត្រូវតាមវិធី
សាស្ត្ររបស់ស្តេចថាំងថៃចុង។

វិធីសាស្ត្ររបស់ទ្រង់គ្មានអ្វីស្មុកស្មាញទេ គ្រាន់តែទ្រង់ចាត់ការគ្រប់គ្រងប្រកបដោយ
មេត្តាហើយនឹងដោយច្បាប់ទៅព្រមៗ គ្នា ប្រើទាំងព្រះតេជហើយនឹងព្រះគុណ ឲ្យ
រង្វាន់ដោយមិនខ្វល់ថាបុគ្គលនោះជាគូរសត្រូវ ដាក់ទោសដោយមិនរវល់ថាបុគ្គលនោះ
ជាញាតិវង្សា ព្រោះហេតុនេះការគ្រប់គ្រងប្រទេសជាតិទើបប្រព្រឹត្តទៅដោយរលូន។
មនុស្សម្នាស្ម័គ្រស្មានសាមគ្គី ប្រទេសជាតិក៏ស្ងប់សន្តិភាព ប្រជាជនក៏រស់នៅត្រជាក់
ត្រជុំសុខដុមរម្យនា ក្នុងប្រវត្តិសាស្រ្តហៅការគ្រប់គ្រងសម័យនេះថា ការគ្រប់គ្រង
បែបជើនគួន។

កាលដើមសម័យជើនគួន រាជការចាត់ប្រព័ន្ធការគ្រប់គ្រងដោយច្បាប់ហើយនឹងការ
ដាក់ទោសយ៉ាងតឹងរឹង ដែលវាមិនបានផ្តល់ផលល្អហើយថែមទាំងជាឧបសគ្គក្នុងការ
ដោះស្រាយស្ថានការណ៍ស្រុកទេស រួមទាំងការស្តារសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងទៀតផង។
ប្រជារាស្ត្រត្រូវរែកពន់ភារៈកាន់តែច្រើនឡើង។

តមកខាងក្រោយ ស្តេចថាំងថៃចុង ទ្រង់មានព្រះតំរិះយ៉ាងមុះមុតថានឹងគ្រប់គ្រង
រាស្ត្រប្រជាដោយគុណធម៌ និងមេត្តាករុណា ទ្រង់ធ្លាប់ត្រាស់ថា “ជីវិតមនុស្សជា
របស់មានតម្លៃមិនអាចកាត់ថ្លៃបាន អ្នកដែលស្លាប់ទៅហើយមិនអាចវិលត្រឡប់
មកវិញបានទៀត ព្រោះហេតុនេះការកាត់ក្តីដាក់ទោសប្រហារជីវិតត្រូវធ្វើដោយ
ប្រយ័ត្នប្រយែងនិងល្អិតល្អន់បំផុត”។

ដោយព្រះគំនិតបែបនេះស្តេច ថាំងថៃចុង ទ្រង់មានព្រះរាជបញ្ជាថា មុននឹងកាត់
ទោសប្រហារជីវិតនរណាម្នាក់ ត្រូវឲ្យសេនាបតីជាអ្នកពិចារណាពិគ្រោះហេតុផល
អំពីកំហុសរបស់អ្នកទោសជាមុនសិន តមកទៀតឲ្យធ្វើរបាយការណ៍ដើម្បីត្រួតពិនិត្យ
ពិចារណាដល់ទៅ ៥ ដងទើបឲ្យចាត់ដំណើរការបាន នឹងចាត់ទុកជីវិតមនុស្សដូច
បន្លែត្រីសាច់មិនបានជាដាច់ខាត។ ស្របគ្នានេះដែរព្រះអង្គក៏ទ្រង់ជឿជាក់ថា មនុស្ស
គ្រប់រូបមានមូលដ្ឋានចិត្តគំនិតស្អាតស្អំ មនុស្សអាក្រក់អាចផ្លាស់ប្តូរចិត្តគំនិតជា
មនុស្សល្អបាន។

ក្នុងឆ្នាំទី ៦ សម័យជើនគួន ស្តេចថាំងថៃចុងទ្រង់ពិចារណាក្តីអ្នកទោសដែលត្រូវប្រហារ
ជីវិតដោយព្រះអង្គឯង។ តាមកំណត់ត្រាក្នុងបញ្ជីរព្រះអង្គទ្រង់ជ្រាបបានយ៉ាងច្បាស់នូវ
សេចក្តីទុក្ខព្រួយចិត្តយ៉ាងសែនសាហ័សរបស់អ្នកទោសប្រហារជីវិត ទើបទ្រង់មានបញ្ជា
ឲ្យដោះលែងអ្នកទោសប្រហារទួរទាំងប្រទេសជាការបណ្តោះអាសន្ន ឲ្យពួកគេបានត្រ
ឡប់ទៅស្រុកកំណើតដើម្បីបានដាំដុះក្នុងវស្សានរដូវគឺរដូវស្លឹកឈើលាស់ ព្រមទាំង
កំណត់ណាត់ឲ្យត្រឡប់មកជួបជុំគ្នាវិញនៅក្រុងឆាងអាន់ នានិទាឃរដូវឆ្នាំបន្ទាប់។

ពេលគ្រប់កំណត់ក្នុងឆ្នាំតមក អ្នកទោសទាំង ២៩០ នាក់ក៏ត្រឡប់មកបង្ហាញខ្លួន
គ្រប់គ្នា ស្តេចថាំងថៃចុង ទើបមានព្រះករុណាប្រោសប្រទានអភ័យទោសដល់ពួក
គេទាំងអស់គ្នា។

ស្តេចថាំថៃចុង ទ្រង់ដំណើរការគ្រប់គ្រងដោយការុញ្ញធម៌ និងឲ្យរង្វាន់តាមគុណ
បំណាច់សេចក្តីល្អ បតិបត្តិតាមបទដ្ឋានច្បាប់រដ្ឋធម្មនុញ្ញយ៉ាងតឹងរឹង។

វើយជិង ដើមឡើយជាមន្ត្រីរបស់អង្គរាជទាយាទ ចៀនឈើន គាត់ធ្លាប់ទូលញុះញង់
រាជឳរស ចៀនឈើន ឲ្យធ្វើគត់ស្តេចថាំងថៃចុង ដើម្បីដណ្តើមយករាជសម្បតិ្ត តែ
តមកពេលក្រោយ ស្តេចថាំងថៃចុង ទ្រង់មើលឃើញសមត្ថភាពរបស់ វើយជិង
ទើបទ្រង់ឲ្យគាត់មកបម្រើនៅជិតទ្រង់។ តាំងពីនោះមក វើយជិង ត្រឡប់ក្លាយជា
មនុស្សដែលមានភក្តីភាពស្មោះត្រង់ចំពោះស្តេច ថាំងថៃចុង ជាទីបំផុត ព្រមទាំងជា
មនុស្សម្នាក់ដែលហ៊ានសម្តែងមតិយ៉ាងត្រង់ទៅត្រង់មកចំពោះព្រះភ័ក្ត្រទៀតផង។

គ្រាមួយនោះ ស្តេចថាំងថៃចុង មានព្រះតំរិះផ្លាស់ប្តូរច្បាប់នៃការកេណ្ឌទាហាន
ដោយពីដើមឲ្យកេណ្ឌមនុស្សជំទង់ចាប់ពីអាយុ ២១ ឆ្នាំឡើងទៅ តែត្រឡប់ឲ្យផ្លាស់
មកត្រឹមអាយុ ១៨ ឆ្នាំឡើងទៅវិញ។ វើយជិង ឃើញថាការធ្វើដូច្នេះវាទាស់នឹងរបៀប
ពីដើម ទើបក្រាបទូលស្តេចថាំងថៃចុងថា “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គ
ទើបនឹងឡើងគ្រងរាជ្យមិនទាន់បានយូរប៉ុន្មានផងក៏ទ្រង់ធ្វើខុសព្រះបន្ទូលចំពោះប្រជា
រាស្ត្រទៅហើយ កាលបើដូច្នេះនឹងពោលបានដូចម្តេចទៅថា ព្រះអង្គគ្រប់គ្រងប្រទេស
ជាតិដោយសច្ចៈ និង យុត្តិធម៌”នោះ។

ស្តេចថាំងថៃចុង ទ្រង់ឃើញថាសម្តីរបស់វើយជិង មានហេតុផល ទើបព្រះរាជទាន
កាមាសឲ្យជារង្វាន់ ហើយមានព្រះបន្ទូលឲ្យកេណ្ឌទាហានតាមរបៀបបតិបត្តិដែល
ធ្លាប់ធ្វើពីដើមមក។

ស្តេចថាំងថៃចុង ទ្រង់ជាបែបយ៉ាងដ៏ល្អក្នុងការគោរពច្បាប់ ក្នុងឆ្នាំទី ១៧ នៃសម័យ
ជើនគួន ចាវចៀ ឳរសរបស់ម្ចាស់ក្សត្រី ឆាងគួង ជាព្រះជេដ្ឋភគិនីរបស់ស្តេចថាំងថៃចុង
បានចូលរួមដាក់ផែនការក្បត់ជាតិ។ យ៉ាងស៊ឺតៅ ព្រះស្វាមីថ្មីរបស់ម្ចាស់ក្សត្រីគឺជាបុគ្គល
ម្នាក់ក្នុងចំណោមសេនាបតីនៃរាជការសម័យនោះ បានលបទៅចរចារសុំជំនួយឲ្យចាវចៀ
ក្រោយពេលដែលស្តេច ថាំងថៃចុង ទ្រង់ជ្រាបរឿងក៏មានព្រះបញ្ជាឲ្យប្រហារជីវិតចាវចៀ
ភ្លាមហើយទម្លាក់តំណែងយ៉ាងស៊ឺតៅ រួចហើយទើបទៅទូលរឿងឲ្យព្រះ ជេដ្ឋភគិនីបាន
ជ្រាបជាក្រោយ ទង្វើមួយនេះធ្វើឲ្យទ្រង់បានទទួលការកោតសរសើរយ៉ាងទួលំទូលាយ។

សង្កេតៈ

ការប្រតិបត្តិវិធីសាស្រគ្រប់គ្រងពីរយ៉ាងព្រមគ្នា ពិតប្រាកដណាស់វារមែងត្រូវការ
សមត្ថភាពខួរក្បាលដ៏វៃឆ្លាតមានការជឿជាក់យ៉ាងពោរពេញ ការជ្រើសរើសវិធី
សាស្រ្តទៀតសោតរឹតតែត្រូវល្អិតល្អន់ ដើម្បីឲ្យបានទទួលផលហួសការរំពឹងទុកជានិច្ច
គឺការប្រើវិធីសាស្ត្រផ្ទុយគ្នាមកចាត់ការដូចជា សេចក្តីល្អស្នងគុណគុំនុំព្យាបាទជាដើម។

រឿងដែលស្តេចថាំងថៃចុង បតិបត្តិចំពោះ វើយជិង គឺជាតួយ៉ាងដ៏ល្អ បើនិយាយដល់
ការឲ្យរង្វាន់ជំនួសការដាក់ទោស រឿងដែលស្តេចថាំងថៃចុង បតិបត្តិចំពោះអ្នកទោស
ប្រហារជីវិត គឺតួយ៉ាងដ៏វិសេសបំផុត ហើយរឿងខ្លះទៀតក៏អាចប្រើវិធីដូចគ្នាមកតប-ត
បានដូចជាបន្លាមុតយកបន្លាជួស ប្រើពិសបង្រ្កាបពិសជាដើម។

សរុបមក វិធីសាស្រ្តមិនអាចបែងចែកថាល្អបំផុតរឺអាក្រក់បំផុតបានទេ ត្រូវមើលថាវា
ជួយឲ្យបន្លុះដល់គោលដៅបានរឺក៏អត់ ឲ្យតែវាអាចបន្លុះគោលដៅបានវិធីសាស្ត្រនោះ
ចាត់ទុកថាត្រឹមត្រូវ។

បើប្រៀបជាមួយនឹង ព្រួញមួយដើមបាញ់បានសត្វពីរ វិធីសាស្រ្តការធ្វើទាំងពីរយ៉ាង
ព្រមគ្នានេះត្រូវប្រើវេលាច្រើនជាងឆ្ងាយណាស់ ព្រោះហេតុនេះទើបត្រូវពិចារណា
យ៉ាងល្អិតល្អន់ ដំណើរការដោយប្រយ័ត្នប្រយែង កុំបណ្តោយឲ្យចូលក្នុងករណីដែលថា
គិតរឿងនេះផ្លាតរឿងនោះឲ្យសោះ គឺសុំត្រឹមការគិតរំពឹងនឹកដល់គោលដៅជាសំខាន់
មិនមែនធ្វើតាមចិត្តចង់នោះទេ។ ការប្រើវិធីសាស្ត្រពីរយ៉ាងព្រមគ្នាដូចបានពោលមកគឺ
ជាសិល្បៈ រឺ វិធីសាស្រ្តដ៏ល្អមួយរបស់ថ្នាក់គ្រប់គ្រង។

ដោយ បងប្រុស ចំណាន !!

អាថ៏ កំបាំង នៅក្នុងតួអក្សរ នាំមនុស្សឲ្យទទួលបានភាពជោគជ័យ

អាប់ប្រាហ័ម​ លិនខល៍ន (Abraham Lincoln)
គាត់រៀននៅក្នុងប្រព័ន្ធការសិក្សាមិនទាំងដល់មួយឆ្នាំផង…។
គាត់ដើរខ្ចីសៀវភៅអ្នកនេះម្តងអ្នកនោះម្តង ព្រោះឋានៈក្រីក្រ
គ្មានសមត្ថភាពទិញសៀវភៅអានបាន…។
ចម្ងាយផ្លូវដែលគាត់ដើរទៅរៀនឆ្ងាយដល់ទៅ 50​ មៃល៍..
(1មៃល៍=1.609គីឡូមែត្រ)។ គាត់អានសៀវភៅដោយពន្លឺភ្លើង
ដែលជះចេញពីផ្ទះអ្នកដទៃ…។
តែទីបំផុតគាត់មានទាំងអំណាចទាំងមាសប្រាក់…។
គាត់បានក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក…។
មុសសូលិនី (Benito Amilcare Andrea Mussolini)
គាត់ជាអ្នកក្រ…ក្រក្រៃលែងជាងក្រទៅទៀត…។
បរិភោគមិនដែលឆ្អែតពោះ ដេកមិនដែលបានលង់លក់ស្កប់ស្កល់…។
ដេកតាមទីសាធារណៈ…ក្រោមស្ពានអាកាស…។
តែជីវិតរបស់គាត់…នោះចូលចិត្តអានសៀវភៅយ៉ាងខ្លាំង…។
សូម្បីខណៈដែលត្រូវគេចាប់ គាត់នូវប្រាប់ប៉ូលិសថា…
“មេត្តារងចាំ…ឲ្យខ្ញុំអានអត្ថបទមួយនេះចប់សិនរួចហើយខ្ញុំនឹងទៅ
ជាមួយលោក…”។ អានសៀវភៅក្នុងក្រោលគោក៏គាត់ធ្លាប់ធ្វើ
ព្រោះគាត់មិនខ្វល់មិនចាប់អារម្មណ៍នឹងក្លិនឆ្អាបឆ្អេះរបស់គោ….។
តមកគាត់ក្លាយជាមេដឹកនាំរបស់អ៊ីតាលី…។
គាត់ធ្វើការ 5 ម៉ោងដោយមិនឈប់សម្រាក…ហើយអានសៀវភៅ
គ្រប់ពេលវេលា…មានសៀវកត់ត្រាជាប់ជានិច្ច…។
ពាក្យសម្តីដ៏មានអំណាចរបស់មេដឹកនាំម្នាក់នេះ គឺគាត់បាន
និយាយទៅកាន់ពួកហ្វាស៊ិសម៍(Facism)ថា…
“បើខ្ញុំឈានទៅមុខ ចូរដើរទៅតាមខ្ញុំ…។
បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ…”។
គាត់ជាមេដឹកនាំដែលមុះមុត…ការអានសៀវភៅ…
ធ្វើឲ្យគាត់ឈានទៅកាន់ភាពជាមេដឹកនាំរបស់ប្រទេសអ៊ីតាលីបាន…។
អាដល៍ហ្វ ហ៊ីត្លែរ៍ ​(Adolf Hitler)
បុគ្គលម្នាក់នេះជាមេដឹកនាំដ៏អស្ចារ្យរបស់ប្រទេសអាល្លឺម៉ង់…
ហើយល្យីល្បាញបំផុតក៏ថាបាន…ជាបុរសរូបរាង្គធាត់តិចៗ​
មានពុកមាត់មួយកញ្ចុប…នៅលើបប៊ូមាត់…ហើយចូលចិត្តអាន
សៀវភៅជាខ្លាំង…ជាពិសេសសៀវភៅ…ទស្សនវិជ្ជានិងប្រវត្តិសាស្ត្រ។
ព្រោះការអានទើបធ្វើឲ្យជីវិតរបស់គាត់ផ្លាស់ប្តូរ…។
ធីអូដរ៍ រូសវេលត៍ (Theodore Roosevelt)
គាត់ជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក…។
បុគ្គលម្នាក់នេះទៅណាមកណីតែងមានសៀវភៅជាប់នឹងខ្លួនជានិច្ច។
គាត់ឲ្យមនុស្សបណ្តាក់គ្នាចូលជួប គ្រាន់តែរយៈវេលាឃា្លតគា្ន 5​ នាទី
គាត់…ក៏មានពេលអានសៀវភៅបានដែរ…។
ឧទាហរណ៍មកប៉ុណ្ណេះ ប្រហែលជាអាចធ្វើឲ្យនរណាម្នាក់ចង់អាន
សៀវភៅបានខ្លះហើយ…។ តែសម្រាប់មនុស្សកម្ជិលផេះឆ្អេះគគ្រក់
គិតចាំតែដើរតាមគេនោះ ពញ្ញាក់យ៉ាងណាក៏មិនរលឹក…ហើយដែល
សំខាន់នោះគ្មានមេដឹកនាំម្នាក់ណា…ស្អប់សៀវភៅទេ…។
ស្រលាញ់សៀវភៅជាសញ្ញានៃអ្នកចេះ មានចំនេះជាសញ្ញាមិនក្រខ្សត់។
គ្មានសេដ្ឋីណាម្នាក់ មិនមានទូសៀវភៅ ពួកគេសុទ្ធតែមានទួសៀវភៅ..។
ការអានធ្វើឲ្យមនុស្សកើតចិន្តនាការ….ឆ្ពោះទៅរកសភាពពិត…ច្រើនជាង
ការលេង (Surfing) អ៊ិនថឹនេតទៅទៀត…។ បើចង់ក្លាយជាអ្នកមាន…
ជាមនុស្សពួកែ…ត្រូវឧស្សាហ៍អានសៀវភៅ…។

ដោយបងប្រុស ចំណាន !!!

សួររឿងគោ តែមិនសួររឿងមនុស្ស

      ការចុះដៃធ្វើអ្វីៗ ដោយខ្លួនឯងគ្រប់យ៉ាង សម្រាប់មនុស្សទួរទៅអាចចាត់ទុកថា
ជារឿងល្អម្យ៉ាង តែសម្រាប់បុគ្គលដែលជាអ្នកគ្រប់គ្រងជាមេដឹកនាំវិញនោះ បើ
ចុះដៃធ្វើខ្លួនឯងគ្រប់រឿងរ៉ាវ ត្រឡប់ក្លាយជាចំនុចអាក្រក់ដែលអាចនាំភ័យវិបត្តិ
ធ្ងន់ធ្ងមកដល់ខ្លួនបាន។

ពិងជីអ្នកប្រកាន់ខ្ជាប់តួនាទីសំខាន់ៗ

ថ្ងៃមួយនាចុងរដូវស្លឹកឈើលាស់ ពិងជី អគ្គសេនាបតីនៃសម័យរាជវង្សហាន់សួនទី
មានហេតុត្រូវចេញទៅក្រៅក្រុងដោយរទេះសេះព្រមទាំងមានអ្នកការពារតាមទៅ
មួយចំនួនផងដែរ។

ខណៈរទេះសេះបរមកដល់ឆាងអាន់ ក៏ប្រទះនឹងថ្នល់ដែលត្រូវគេបិទឲ្យរាំងស្ទះ
ធ្វើដំណើរតទៅមុខមិនបាន ព្រោះមុននេះបន្តិចមានមនុស្សមួយក្រុមវាយតប់គ្នា
នៅបរិវេណនេះ ធ្វើឲ្យមានមនុស្សរងរបួសនិងមាន 2-3 នាក់ដួលស្លាប់ផ្កាប់មុខ
នៅនឹងដី។

មនុស្សម្នាកាលបើឃើញកើតរឿងរ៉ាវធ្ងន់ធ្ងដល់ថ្នាក់មានអ្នកស្លាប់ក៏ភ្ញាក់ផ្អើល
នាំគ្នាចាប់ក្រុមវិភាគវិចារណ៍សម្លេងទ្រហ៊ឹងអឺងកង ម្នាក់ៗ មិនដឹងថានឹងចាត់ការ
រឿងនេះតាមរបៀបណារហូតឃើញរទេះសេះរបស់អគ្គសេនាបតីមកក៏មិនព្រមគេច។

នាយសារថីឈប់រទេះសេះដោយសម្គាល់ថា លោកអគ្គសេនាបតីនឹងប្រើមនុស្ស
ឲ្យទៅស៊ើបសួរដំណើរដើមទងហើយនឹងចាត់ការដោះស្រាយបញ្ហានេះ តែផ្ទុយ
ទៅវិញ ពិងជី ត្រឡប់ធ្វើហាក់ដូចជាមិនឃើញថានៅលើថ្នល់កើតរឿងអ្វី បក់ដៃ
ឲ្យនាយសារថីចេញដំណើរតទៅមុខទៀត។

នាយសារថីទើបរលាស់ខ្សែតីឲ្យសេះបោលទៅមុខទៀត។ គ្រាន់តែចេញផុតពីក្រុង
ពិងជី ក៏ប្រទះឃើញអ្នកស្រែម្នាក់កំពុងកៀងគោមួយក្បាលឲ្យដើរទៅខាងមុខ។
គោនោះដើរទៅត្រហបទៅថែមទាំងលានអណ្តាតចេញមកញយៗ ពិងជី បញ្ជាឲ្យ
សារថីឈប់រទេះសេះភ្លាមហើយនិយាយទៅកាន់អ្នកអមដំណើរដែលជិះសេះតាម
នៅខាងក្រោយថាៈ-

“ឯងទៅសួរអ្នកស្រែម្នាក់នោះបន្តិចមើលថាតើគាត់កៀងគោដើរមកអស់រយៈផ្លូវ
ឆ្ងាយប៉ុន្មានគីឡូមែត្រហើយ ព្រោះហេតុអ្វីគោនោះវាត្រហបដល់ថ្នាក់នេះ”។

មន្រ្តីក្រោមបង្គាប់បញ្ជាដែលអង្គុយនៅក្បែរ ពិងជី មិនយល់ហើយសង្ស័យនូវទង្វើរ
របស់លោកអគ្គសេនាបតីយ៉ាងខ្លាំង ទ្រាំមិនបានទើបសួរថាៈ-

“លោកម្ចាស់! អម្បាញ់មិញកើតរឿងរ៉ាវធ្ងន់ធ្ងដល់ជីវិតលោកត្រឡប់ធ្វើហាក់ដូចគ្មាន
កើតរឿងអ្វី តែពេលនេះគ្រាន់តែឃើញគោមួយក្បាលដកដង្ហើមត្រហេបត្រហប
លោកម្ចាស់ដល់ថ្នាក់ឲ្យឈប់រទេះទៅសាកសួរហេតុការណ៍ រឺលោកម្ចាស់ឃើញសត្វ
វិសេសជាងមនុស្ស ខ្ញុំហាក់ពិភាល់សង្ស័យក្នុងរឿងនេះណាស់”។

ពិងជី បានស្តាប់ហើយក៏តបថា “លោកឯងខុសហើយ មនុស្សក្នុងក្រុងឈ្លោះវិវាទ
ទាស់ទែងគ្នារហូតដល់ដល់មានរបួសស្នាម នោះជារឿងដែលអាជ្ញាធរគ្រប់គ្រងក្រុង
ឆាងអាន់ ដូចជាលោក ចាវជិន ជាដើមត្រូវទៅចាត់ការ តួនាទីការទទួលខុសត្រូវរបស់
អគ្គសេនាបតីគឺ ត្រួតត្រាលទ្ធផលការងាររបស់មន្ត្រីរាជការទាំងអស់នោះរួចហើយ
ក្រាបទួលដល់ព្រះករុណាជាម្ចាស់ជីវិតតំកល់លើត្បូង (ព្រះរាជា) ឲ្យទ្រង់ប្រទានរង្វាន់
រឹដាក់ទោសយ៉ាងណានោះស្រេចតែទ្រង់។ តួនាទីរបស់អគ្គសេនាបតីមិនចាំបាច់ទៅជ្រៀត
ជ្រែកគ្រប់ភារកិច្ច តែគួរយកចិត្តទុកដាក់ជាមួយនឹងរឿងរ៉ាវដែលសំខាន់ចំពោះ
ប្រទេសជាតិ ព្រោះហេតុនេះទើបយើងមិនឈប់រទេះទៅរវល់ជាមួយនឹងរឿងការវិវាទ
ទាស់ទែងគ្នាអ្វីនោះ”។

“បើអញ្ចឹងតើអ្វីទៅដែលដែលធ្វើឲ្យលោកម្ចាស់យកចិត្តទុកដាក់នឹងគោមួយក្បាល
នេះខ្លាំងម្ល៉េះ?” មន្ត្រីម្នាក់នោះនៅមិនទាន់អស់ចិត្ត។

ពិងជី តបថា “សម្រាប់គោមួយនេះវាមិនដូចគ្នាទេ ពេលនេះនូវក្នុងរដូវស្លឹកឈើលាស់
នៅឡើយ បើតាមហេតុផលហើយនោះអាកាស់ធាតុនៅមិនទាន់ជាក្តៅខ្លាំងប៉ុន្មានទេ
តែគោនេះត្រឡប់ជាក្តៅហបហត់ធ្លាក់អណ្តាត បើព្រោះដើរផ្លូវឆ្ងាយនោះក៏មិនជាប្លែកអ្វី
តែបើព្រោះអាកាសក្តៅហួសហេតុរហូតធ្វើឲ្យគោហប នោះក៏បានន័យថា ឆ្នាំនេះ
អាកាសធាតុប្រែប្រួល រមែងមានផលប៉ះដល់កសិករ ដែលពាក់ព័ន្ធដល់រឿងសំខាន់
ទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និង ជីវិតការរស់នៅប្រជាជន គឺជារឿងដែល
អគ្គសេនាបតីគួរយកចិត្តទុកដាក់ ព្រោះហេតុនេះទើបយើងឈប់រទេះចុះសាកសួរឲ្យ
បានច្បាស់លាស់”។

មន្ត្រីម្នាក់នោះបានស្តាប់ហើយទើបបានយល់យ៉ាងជាក់ច្បាស់នូវរឿងរ៉ាវទាំងអស់នេះ។

សង្កេតៈ

ការប្រកាន់ខ្ជាប់នូវតួនាទីសំខាន់ និងការធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងជារឿងដែល
ស្ថិតនៅក្នុងទិសដៅផ្ទុយពីគ្នា។ រឿងនេះចាត់ទុកជាកលយុទ្ធក្នុងការគ្រប់គ្រង និងជា
សិល្បៈរបស់អ្នកដឹកនាំ។ ក្នុងគម្ពីរ លីស៊ឺឈុនឈិវ បានលម្អិតរឿងនេះច្រើនល្មមសមគួរ
ដូចមានសេចក្តីមួយកន្លែងពោលទុកថាៈ-

“ក្នុងសម័យបូរាណ អ្នកដែលដឹងគោលការណ៍ភាពជាក្សត្រនោះ តែងប្រមូលផ្តុំសតិបញ្ញា
ជ្រើសរើសអ្នកដែលមានចំនេះដឹងមានសមត្ថភាពតែងតាំងឲ្យទទួលតំណែងផ្សេងៗ មិន
ទៅធ្វើរឿងដែលគួរឲ្យមន្ត្រីធ្វើ នេះគឺជាការក្តោបក្តាប់ទីតាំងដែលសំខាន់ទុក។ ចំណែកអ្នក
ដែលមិនដឹងគោលការណ៍របស់ក្សត្រតែងខ្ជះខ្ជាយសតិបញ្ញា ទុក្ខព្រួយនឿយហត់ទាំង
កាយចិត្តធ្វើគ្រប់យ៉ាងដោយខ្លួនឯង លទ្ធផលដែលបានត្រឡប់គ្រប់គ្រងប្រទេសមិន
បានល្អ នេះព្រោះមិនបានក្តោបក្តាប់ទីតាំងដែលសំខាន់ទុក”។

ក្តោបក្តាប់ទីតាំងក្នុងទីនេះគឺ ក្តោបក្តាប់តួនាទីដែលសំខាន់ៗ ជាក្សត្រក៏ធ្វើដូច្នេះ ជាមន្ត្រី
រាជការក៏ធ្វើដូចគ្នានេះដែរ។

សម្រាប់មនុស្សទួរទៅ ការចុះដៃធ្វើអ្វីៗ គ្រប់យ៉ាងដោយខ្លួនឯងអាចជារឿងល្អ តែសម្រាប់
មន្ត្រីរាជការវិញនោះ បើចុះដៃធ្វើគ្រប់យ៉ាងដោយខ្លួនឯងអាចក្លាយជាចំនុចអាក្រក់ដែលនាំ
ភ័យវិបត្តិមកដល់ខ្លួនបាន។

ហេតុផលងាយទេ បើអ្វីៗ ក៏យើងចូលទៅជ្រៀតជ្រែក ត្រូវការដឹងជ្រួតជ្រាបគ្រប់រឿងរ៉ាវ
ដោយភាពពិតគឺធ្វើហួសអំនាចតួនាទីរបស់ខ្លួនទៅជ្រៀតជ្រែកតួនាទីរបស់អ្នកដទៃ កាល
បើដូច្នេះនឹងឲ្យបុគ្គលដែលនៅក្រោមបង្គាប់បញ្ជាធ្វើអ្វីទៅ ភ័យវិបត្តិដែលធ្ងន់ធ្ងជាងនេះគឺ
អ្នកនៅក្រោមការបង្គាប់បញ្ជាមានអារម្មណ៍ថាមិនបានទទួលទំនុកចិត្ត និងការជឿជាក់
ហើយថែមទាំងធ្វើឲ្យកូនចៅរបស់អ្នកដែលនៅក្រោមបង្គាប់បញ្ជាមិនស្តាប់សម្តីរបស់មេ
តែមកស្តាប់បញ្ជារបស់យើងដោយត្រង់ទៅវិញ។

កាលបើដូច្នេះវាធ្វើឲ្យសភាពការណ៍តួនាទី ការទទួលខុសត្រូវមិនច្បាស់លាស់ ពាក្យបញ្ជា
មិនសក្តិសិទ្ធិ ធ្វើឲ្យការទំនាក់ទំនងមានការច្របូកច្របល់រញ៉េរញ៉ៃ ក-ឲ្យកើតទំនាស់និង
ការចោទប្រកាន់គ្នាយ៉ាងធ្ងន់ធ្ង កាខូចខាតដែលកើតឡើងមិនអាចប៉ាន់ប្រមាណបានឡើយ។

ព្រោះហេតុនេះការចុះដៃធ្វើគ្រប់បែបយ៉ាងដោយខ្លួនឯង ដោយសភាពពិតហើយនោះគឺការ
សម្តែងឲ្យឃើញនូវអសមត្ថភាពរបស់មេដឹកនាំនោះឯង។ ដោយយល់ច្បាស់នូវហេតុផល
ទាំងអស់នេះ ពិងជី អគ្គសេនាបតីទើបសួរគោតែមិនសួរមនុស្ស។

ដោយ បងប្រុស ចំណាន !!