សួររឿងគោ តែមិនសួររឿងមនុស្ស

      ការចុះដៃធ្វើអ្វីៗ ដោយខ្លួនឯងគ្រប់យ៉ាង សម្រាប់មនុស្សទួរទៅអាចចាត់ទុកថា
ជារឿងល្អម្យ៉ាង តែសម្រាប់បុគ្គលដែលជាអ្នកគ្រប់គ្រងជាមេដឹកនាំវិញនោះ បើ
ចុះដៃធ្វើខ្លួនឯងគ្រប់រឿងរ៉ាវ ត្រឡប់ក្លាយជាចំនុចអាក្រក់ដែលអាចនាំភ័យវិបត្តិ
ធ្ងន់ធ្ងមកដល់ខ្លួនបាន។

ពិងជីអ្នកប្រកាន់ខ្ជាប់តួនាទីសំខាន់ៗ

ថ្ងៃមួយនាចុងរដូវស្លឹកឈើលាស់ ពិងជី អគ្គសេនាបតីនៃសម័យរាជវង្សហាន់សួនទី
មានហេតុត្រូវចេញទៅក្រៅក្រុងដោយរទេះសេះព្រមទាំងមានអ្នកការពារតាមទៅ
មួយចំនួនផងដែរ។

ខណៈរទេះសេះបរមកដល់ឆាងអាន់ ក៏ប្រទះនឹងថ្នល់ដែលត្រូវគេបិទឲ្យរាំងស្ទះ
ធ្វើដំណើរតទៅមុខមិនបាន ព្រោះមុននេះបន្តិចមានមនុស្សមួយក្រុមវាយតប់គ្នា
នៅបរិវេណនេះ ធ្វើឲ្យមានមនុស្សរងរបួសនិងមាន 2-3 នាក់ដួលស្លាប់ផ្កាប់មុខ
នៅនឹងដី។

មនុស្សម្នាកាលបើឃើញកើតរឿងរ៉ាវធ្ងន់ធ្ងដល់ថ្នាក់មានអ្នកស្លាប់ក៏ភ្ញាក់ផ្អើល
នាំគ្នាចាប់ក្រុមវិភាគវិចារណ៍សម្លេងទ្រហ៊ឹងអឺងកង ម្នាក់ៗ មិនដឹងថានឹងចាត់ការ
រឿងនេះតាមរបៀបណារហូតឃើញរទេះសេះរបស់អគ្គសេនាបតីមកក៏មិនព្រមគេច។

នាយសារថីឈប់រទេះសេះដោយសម្គាល់ថា លោកអគ្គសេនាបតីនឹងប្រើមនុស្ស
ឲ្យទៅស៊ើបសួរដំណើរដើមទងហើយនឹងចាត់ការដោះស្រាយបញ្ហានេះ តែផ្ទុយ
ទៅវិញ ពិងជី ត្រឡប់ធ្វើហាក់ដូចជាមិនឃើញថានៅលើថ្នល់កើតរឿងអ្វី បក់ដៃ
ឲ្យនាយសារថីចេញដំណើរតទៅមុខទៀត។

នាយសារថីទើបរលាស់ខ្សែតីឲ្យសេះបោលទៅមុខទៀត។ គ្រាន់តែចេញផុតពីក្រុង
ពិងជី ក៏ប្រទះឃើញអ្នកស្រែម្នាក់កំពុងកៀងគោមួយក្បាលឲ្យដើរទៅខាងមុខ។
គោនោះដើរទៅត្រហបទៅថែមទាំងលានអណ្តាតចេញមកញយៗ ពិងជី បញ្ជាឲ្យ
សារថីឈប់រទេះសេះភ្លាមហើយនិយាយទៅកាន់អ្នកអមដំណើរដែលជិះសេះតាម
នៅខាងក្រោយថាៈ-

“ឯងទៅសួរអ្នកស្រែម្នាក់នោះបន្តិចមើលថាតើគាត់កៀងគោដើរមកអស់រយៈផ្លូវ
ឆ្ងាយប៉ុន្មានគីឡូមែត្រហើយ ព្រោះហេតុអ្វីគោនោះវាត្រហបដល់ថ្នាក់នេះ”។

មន្រ្តីក្រោមបង្គាប់បញ្ជាដែលអង្គុយនៅក្បែរ ពិងជី មិនយល់ហើយសង្ស័យនូវទង្វើរ
របស់លោកអគ្គសេនាបតីយ៉ាងខ្លាំង ទ្រាំមិនបានទើបសួរថាៈ-

“លោកម្ចាស់! អម្បាញ់មិញកើតរឿងរ៉ាវធ្ងន់ធ្ងដល់ជីវិតលោកត្រឡប់ធ្វើហាក់ដូចគ្មាន
កើតរឿងអ្វី តែពេលនេះគ្រាន់តែឃើញគោមួយក្បាលដកដង្ហើមត្រហេបត្រហប
លោកម្ចាស់ដល់ថ្នាក់ឲ្យឈប់រទេះទៅសាកសួរហេតុការណ៍ រឺលោកម្ចាស់ឃើញសត្វ
វិសេសជាងមនុស្ស ខ្ញុំហាក់ពិភាល់សង្ស័យក្នុងរឿងនេះណាស់”។

ពិងជី បានស្តាប់ហើយក៏តបថា “លោកឯងខុសហើយ មនុស្សក្នុងក្រុងឈ្លោះវិវាទ
ទាស់ទែងគ្នារហូតដល់ដល់មានរបួសស្នាម នោះជារឿងដែលអាជ្ញាធរគ្រប់គ្រងក្រុង
ឆាងអាន់ ដូចជាលោក ចាវជិន ជាដើមត្រូវទៅចាត់ការ តួនាទីការទទួលខុសត្រូវរបស់
អគ្គសេនាបតីគឺ ត្រួតត្រាលទ្ធផលការងាររបស់មន្ត្រីរាជការទាំងអស់នោះរួចហើយ
ក្រាបទួលដល់ព្រះករុណាជាម្ចាស់ជីវិតតំកល់លើត្បូង (ព្រះរាជា) ឲ្យទ្រង់ប្រទានរង្វាន់
រឹដាក់ទោសយ៉ាងណានោះស្រេចតែទ្រង់។ តួនាទីរបស់អគ្គសេនាបតីមិនចាំបាច់ទៅជ្រៀត
ជ្រែកគ្រប់ភារកិច្ច តែគួរយកចិត្តទុកដាក់ជាមួយនឹងរឿងរ៉ាវដែលសំខាន់ចំពោះ
ប្រទេសជាតិ ព្រោះហេតុនេះទើបយើងមិនឈប់រទេះទៅរវល់ជាមួយនឹងរឿងការវិវាទ
ទាស់ទែងគ្នាអ្វីនោះ”។

“បើអញ្ចឹងតើអ្វីទៅដែលដែលធ្វើឲ្យលោកម្ចាស់យកចិត្តទុកដាក់នឹងគោមួយក្បាល
នេះខ្លាំងម្ល៉េះ?” មន្ត្រីម្នាក់នោះនៅមិនទាន់អស់ចិត្ត។

ពិងជី តបថា “សម្រាប់គោមួយនេះវាមិនដូចគ្នាទេ ពេលនេះនូវក្នុងរដូវស្លឹកឈើលាស់
នៅឡើយ បើតាមហេតុផលហើយនោះអាកាស់ធាតុនៅមិនទាន់ជាក្តៅខ្លាំងប៉ុន្មានទេ
តែគោនេះត្រឡប់ជាក្តៅហបហត់ធ្លាក់អណ្តាត បើព្រោះដើរផ្លូវឆ្ងាយនោះក៏មិនជាប្លែកអ្វី
តែបើព្រោះអាកាសក្តៅហួសហេតុរហូតធ្វើឲ្យគោហប នោះក៏បានន័យថា ឆ្នាំនេះ
អាកាសធាតុប្រែប្រួល រមែងមានផលប៉ះដល់កសិករ ដែលពាក់ព័ន្ធដល់រឿងសំខាន់
ទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និង ជីវិតការរស់នៅប្រជាជន គឺជារឿងដែល
អគ្គសេនាបតីគួរយកចិត្តទុកដាក់ ព្រោះហេតុនេះទើបយើងឈប់រទេះចុះសាកសួរឲ្យ
បានច្បាស់លាស់”។

មន្ត្រីម្នាក់នោះបានស្តាប់ហើយទើបបានយល់យ៉ាងជាក់ច្បាស់នូវរឿងរ៉ាវទាំងអស់នេះ។

សង្កេតៈ

ការប្រកាន់ខ្ជាប់នូវតួនាទីសំខាន់ និងការធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងជារឿងដែល
ស្ថិតនៅក្នុងទិសដៅផ្ទុយពីគ្នា។ រឿងនេះចាត់ទុកជាកលយុទ្ធក្នុងការគ្រប់គ្រង និងជា
សិល្បៈរបស់អ្នកដឹកនាំ។ ក្នុងគម្ពីរ លីស៊ឺឈុនឈិវ បានលម្អិតរឿងនេះច្រើនល្មមសមគួរ
ដូចមានសេចក្តីមួយកន្លែងពោលទុកថាៈ-

“ក្នុងសម័យបូរាណ អ្នកដែលដឹងគោលការណ៍ភាពជាក្សត្រនោះ តែងប្រមូលផ្តុំសតិបញ្ញា
ជ្រើសរើសអ្នកដែលមានចំនេះដឹងមានសមត្ថភាពតែងតាំងឲ្យទទួលតំណែងផ្សេងៗ មិន
ទៅធ្វើរឿងដែលគួរឲ្យមន្ត្រីធ្វើ នេះគឺជាការក្តោបក្តាប់ទីតាំងដែលសំខាន់ទុក។ ចំណែកអ្នក
ដែលមិនដឹងគោលការណ៍របស់ក្សត្រតែងខ្ជះខ្ជាយសតិបញ្ញា ទុក្ខព្រួយនឿយហត់ទាំង
កាយចិត្តធ្វើគ្រប់យ៉ាងដោយខ្លួនឯង លទ្ធផលដែលបានត្រឡប់គ្រប់គ្រងប្រទេសមិន
បានល្អ នេះព្រោះមិនបានក្តោបក្តាប់ទីតាំងដែលសំខាន់ទុក”។

ក្តោបក្តាប់ទីតាំងក្នុងទីនេះគឺ ក្តោបក្តាប់តួនាទីដែលសំខាន់ៗ ជាក្សត្រក៏ធ្វើដូច្នេះ ជាមន្ត្រី
រាជការក៏ធ្វើដូចគ្នានេះដែរ។

សម្រាប់មនុស្សទួរទៅ ការចុះដៃធ្វើអ្វីៗ គ្រប់យ៉ាងដោយខ្លួនឯងអាចជារឿងល្អ តែសម្រាប់
មន្ត្រីរាជការវិញនោះ បើចុះដៃធ្វើគ្រប់យ៉ាងដោយខ្លួនឯងអាចក្លាយជាចំនុចអាក្រក់ដែលនាំ
ភ័យវិបត្តិមកដល់ខ្លួនបាន។

ហេតុផលងាយទេ បើអ្វីៗ ក៏យើងចូលទៅជ្រៀតជ្រែក ត្រូវការដឹងជ្រួតជ្រាបគ្រប់រឿងរ៉ាវ
ដោយភាពពិតគឺធ្វើហួសអំនាចតួនាទីរបស់ខ្លួនទៅជ្រៀតជ្រែកតួនាទីរបស់អ្នកដទៃ កាល
បើដូច្នេះនឹងឲ្យបុគ្គលដែលនៅក្រោមបង្គាប់បញ្ជាធ្វើអ្វីទៅ ភ័យវិបត្តិដែលធ្ងន់ធ្ងជាងនេះគឺ
អ្នកនៅក្រោមការបង្គាប់បញ្ជាមានអារម្មណ៍ថាមិនបានទទួលទំនុកចិត្ត និងការជឿជាក់
ហើយថែមទាំងធ្វើឲ្យកូនចៅរបស់អ្នកដែលនៅក្រោមបង្គាប់បញ្ជាមិនស្តាប់សម្តីរបស់មេ
តែមកស្តាប់បញ្ជារបស់យើងដោយត្រង់ទៅវិញ។

កាលបើដូច្នេះវាធ្វើឲ្យសភាពការណ៍តួនាទី ការទទួលខុសត្រូវមិនច្បាស់លាស់ ពាក្យបញ្ជា
មិនសក្តិសិទ្ធិ ធ្វើឲ្យការទំនាក់ទំនងមានការច្របូកច្របល់រញ៉េរញ៉ៃ ក-ឲ្យកើតទំនាស់និង
ការចោទប្រកាន់គ្នាយ៉ាងធ្ងន់ធ្ង កាខូចខាតដែលកើតឡើងមិនអាចប៉ាន់ប្រមាណបានឡើយ។

ព្រោះហេតុនេះការចុះដៃធ្វើគ្រប់បែបយ៉ាងដោយខ្លួនឯង ដោយសភាពពិតហើយនោះគឺការ
សម្តែងឲ្យឃើញនូវអសមត្ថភាពរបស់មេដឹកនាំនោះឯង។ ដោយយល់ច្បាស់នូវហេតុផល
ទាំងអស់នេះ ពិងជី អគ្គសេនាបតីទើបសួរគោតែមិនសួរមនុស្ស។

ដោយ បងប្រុស ចំណាន !!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s