Daily Archives: ខែវិច្ឆិកា 13, 2010

គតិលោក

រឿងទន្សាយ និងផ្លែព្នៅ

មានសត្វទន្សាយមួយ ទៅដេកនៅក្រោមដើមព្នៅ ក្បែរជើងដំបូកមួយ។ ថ្ងៃនោះមានផ្លែព្នៅមួយទុំ ដល់ពេលព្រឹកឡើងក៏ជ្រុះ
ធ្លាក់ចាកទងដល់ដី សព្ទសូរលឺប្រោក ឲ្យខ្ទរព្រៃ។ រី ទន្សាយលឺហើយ ក៏ភិតភ័យដោយគិតថាផែនដីស្រុត ទើបស្ទុះ
ក្រោករត់ចេញទៅដោយកំលាំងផ្អើល បោលបោះ ផ្លោះទៅដល់សំនាក់នៃគោ ។ គោ ស្រែកសួរថា «ទន្សាយ អើយ! ចៅរត់ខ្លាំង
ម៉្លេះ តើដោយមានការអ្វី? » ទន្សាយប្រាប់ថា «បងគោអើយ! ផែនដីស្រុតហើយ នៅទីនេះ ពុំបានទៀតទេ ទៅអោយឆាប់ៗ ឡើង »។
គោលឺដូច្នោះហើយ ក៏ភិតភ័យស្ទុះបោលទៅជាមួយ នឹង ទន្សាយ លុះបោលទៅដល់សំនាក់ជ្រូក ក្ដាន់ ពួកគេ ក៏ផ្អើលរត់ទៅតាមគោ ហើយក៏បាន
បោលទៅដល់សំនាក់ដំរី ជាប​ន្ដ ។ ដំរី ក្រោយពីបាន ឃើញគោបោលមក ក៏សួរថា «គោអែង ! បោលដោយមានការអ្វី?។ គោថា «នៅទីនេះ ពុំបានទេ
មហាភ័យ នឹងកើតមានដល់ពួកយើងហើយ»។
ដំរីលឺដូច្នោះហើយ ក៏ភិតភ័យផ្អើលស្ទុះរត់ទៅមុន គោ ហើយក៏ បានមកដល់សំនាក់
រាជសីហ៍ បរមពោធិសត្វ ជាសត្វប្រកបដោយសតិបញ្ញា ។ កាលបានយល់ ពួកសត្វចតុបាត ផ្អើលរត់ចលាចលដូច្នោះ ក៏សួរ
ទៅដំរីថា «ប្រស្ដែងដំរី អែងផ្អើលរត់មក តើព្រោះដំនើរអ្វី?។ ដំរីថា “ ខ្ញុំនេះមិនដឹងដំនើរអ្វីទេ ឃើញតែគោបោលក៏រត់តាមគោមក ដោយលឺថា មហាភ័យមក ដល់ហើយ»។

ពោធិសត្វក៏សួរទៅគោវិញថា «ប្រស្ដែងគោអែងនាំគេរត់មកនេះតើដោយហេតុអ្វី?។ គោ ក៏តបថា «ខ្លួនខ្ញុំបាទ ក៏ពុំដឹងហេតុអ្វី ឃើញតែជ្រូកក្ដាន់ផ្អើលរត់ ក៏រត់តាមគេមក»។
ពោធិសត្វសួរជ្រូកក្ដាន់ ពួកគេ ក៏ប្រាប់ថា មិនដឹងដូចគ្នា តែអ្នកដែល
ផ្ដើមនាំរត់នោះ គឺសត្វទន្សាយនេះអែង ជាមុនបង្អស់។

រាជសីហ៍ពោធិសត្វ ក៏សួរទន្សាយ ! ទន្សាយ ក៏បាន” ប្រាប់ថាខ្ញុំបាទ ក៏ពុំច្បាស់ហេតុភ័យនោះដែរ មិនដឹងជាសព្ទសូរអ្វី គឺកាលខ្ញុំបាទ ដេកនៅ
ជើងដំបូក ដែលមានដើមព្នៅមួយដើមដុះនៅខាង កំពុងនិទ្ទ្រា លង់លក់ស្រួលស្រាប់តែលឺសូរសន្ធឹកអ្វីប្រោកខ្ជោក ខ្ទរផែនដី
ខ្ទប់ដល់ត្រចៀកខ្ញុំបាទ ។
ខ្ញុំបាទ ភិតភ័យកត្កមា ហាក់ដូចជាផែនដីស្រុតទ្រោមទ្រុឌ រឺ កក្រើករំពើកញាប់ញ័រជាប្រាកដ ហេតុនោះ
បានជាខ្ញុំបាទរត់ចេញមកនេះ សូមអ្នករាជសីហ៍ជ្រាបហោង»។

ពោធិសត្វលឺទន្សាយអធិប្បាយដូច្នោះ ពិចារណាដោយបញ្ញាត្រិះរិះអាការសំលេងនោះ ក៏ជ្រាបការ ដោយឥតសង្ស័យ ទើបនិយាយ ទៅថា «អ្នកអែង អស់នេះជាសត្វឥតសតិបញ្ញា ហៅថាជាសត្វគំនិតស្រាល កាលលឺអ្វី ឃើញអ្វី មិនទាន់ច្បាស់នឹង
ចក្ខុបញ្ញា របស់ខ្លួន ក៏គិតស្មានប្រមាណ ហើយភ្ញាក់ផ្អើលភិតភ័យតាមគ្នា នាំអោយលំបាកកាយ អស់កំលាំងទទេយ៉ាងនេះ។
យើងគិតទៅយល់ហើយ រឿងសព្ទសូរប្រោកខ្ជោកនោះ មិនមែនអ្វីទេ គឺផ្លែឈើ ធ្លាក់ចាកទងនោះអែងជាប្រាកដ ដូច្នេះ
ចូរចៅទន្សាយអែង នាំយើងទៅមើលទីនោះ»។
អែ
ទន្សាយក៏នាំពោធិសត្វទៅត្រង់ទីជើងដំបូកដែលខ្លួនដេកនោះ ។ ពោធិសត្វ
ដើរមើលទីនោះ ក៏បានឃើញផ្លែព្នៅទុំមួយយ៉ាងធំ ដែលទើបនឹងជ្រុះមកថ្មីៗនៅទីនោះ
ទើបប្រាប់អស់សត្វទាំងឡាយ
មានទន្សាយជាដើមអោយចូរគិតថា មហាភ័យ ដែលកើតដល់អ្នកអែង រាល់គ្នានេះ
គឺផ្លែព្នៅទុំមួយនេះអែង យើងរកឃើញហើយ។ អែ សត្វទាំងឡាយបានដឹងហេតុដើម
គឺរាជសីហ៍រកឃើញហើយ ក៏នាំគ្នាអោយសព្ទសាធុការដល់
ពោធិសត្វ ហើយត្មេះតិះដៀលខ្លួនអែងដោយឥតសតិបញ្ញា
នឹងពិចារណាការអ្វីៗ គ្រាន់តែលឺគេ រឺឃើញតែគេផ្អើល មិន

សាកសួរហេតុអោយច្បាស់ការនោះជាមុនសិន មិនដឹងថាជាអ្វី ក៏គិតភ័យផ្អើល ឆោឡោ ចលាចលឡើង នាំអោយខូចកំលាំងខូចប្រយោជន៍អាត្មាទីទៃៗ ។
សត្វទាំងឡាយនាំគ្នាសរសើរពោធិសត្វ ហើយក៏លាពោធិសត្វទៅកាន់លំនៅនៃអាត្មាទី
ទៃៗហោង។

រឿងនិទាននេះ មានសេចក្ដីពិស្ដារក្នុងគម្ពីរដិការមហាសមយសូត្រ ឯនោះ ។ អ្នកប្រាជ្ញគប្បីចូរគិតចុះ។ រឿងនិទាននេះបានគតិ
ដល់បុគ្គលអ្នកមានគំនិតស្រាល ដាលជឿគេ គ្មានគិតគ្នេរ រេរិះអោយ ដឹងដើម ដឹងចម
គ្រាន់តែលឺគេក៏ផ្អើលរត់ទៅ បាននូវក្ដីក្ដៅក្រហាយ ដូចពួកសត្វចតុបាត
ទាំងឡាយផ្អើលតាមទន្សាយនោះអែង អ្នកប្រាជ្ញគប្បីចូរគិតបន្ដ ចុះ។

ទន់អើយទន្សាយ ព្នៅធ្លាក់ជិតកាយ ហ្មាយថាដីស្រុត
មិនមើលអោយជាក់ ទៅភ្ញាក់តក់ស្លុត រត់ស្ទើរនឹងផុត
អស្វាតបស្វាត។ខំបោលខំបោះ ហាក់ដូចគេហោះ នាំសត្វចតុបាត
អោយផ្អើលគ្រប់ប្រាណ រត់ពានព្រៃស្បាត មិនដឹងដើមអាទិ៍ខ្មោចព្នៅវាលង។

ដកស្រងចេញពី លោក​អ៊ុំ ស្រី  កែវ ចន្ទ័បូរណ៏ ​និង​ បានទទួលការកែ សំរួល ខ្លះ ៗ
ពី រូបប្អូន ប្រុស
..( ត្រង់ចំណុច នេះ ប្អុន មិនដឹងថា កែ របស់ គាត់ ត្រូវ ឬ ខុស នោះទេ
អញ្ចឹង សូម អ្នកទាំងអស់គ្នា មេត្ដា​ អភ័យទោស ប្រសិន ជាមាន កំហុស មួយណា
 កើតឡើង )


សូមអរគុណ
……………….

សុភាវធម៌ខ្មែរ

ការសិក្សាអំពីសុភាវធម៌ខ្មែរ



កាលសម័យ
មុនឆ្នាំ១៩៧៥ សុភាវធម៌ខ្មែរ ជាមុខវិជ្ជា ដ៏សំខាន់មួយ ដែលសាលាបង្រៀន
សិស្សជាក្របខណ្ឌ័ផ្លូវការ តាំងពីបថមសិក្សា រហូតដល់ ថ្នាក់បឋមភូមិដូចជា
មុខវិជ្ជាដទៃ ជាច្រើនទៀត។ នៅសម័យសព្វថ្ងៃ ក្រោយឆ្នាំ១៩៧៩ គេពុំបានផ្តោត
ទៅលើការសិក្សា អំពីសុភាវធម៌ ខ្មែរ នៅក្នុងសាលា ទៀតឡើយ។ សុភាវធម៌ខ្មែរ
ដែលនៅសេសសល់ សព្វថ្ងៃ ជាការបង្រៀនរបស់ ម្តាយឪពុក ចាស់ទុំ ឬព្រះសង្ឃ
តាមវត្តអារាម តែប៉ុណ្ណោះ។ ជួនកាល បច្ឆាជន ជំនាន់ក្រោយខ្លះៗ បែរជានាំគ្នា
គិតថា គេមានប្រាជ្ញា ជាងចាស់ជំនាន់មុន ដោយគ្រាន់តែបើក វចនានុក្រម
អានអត្ថន័យ នៃពាក្យ សុភាវធម៌ នេះហើយ គេក៏អាចយល់ន័យ គ្រប់គ្រាន់
នឹងអនុវត្តន៍ ប្រព្រឹត្តខ្លួន នៅក្នុងសង្គមរស់នៅ បានយ៉ាងជោគជ័យ ក្នុងជីវិត
ដោយមិនចាំបាច់រៀនសូត្រ ពីនរណាឡើយ។ នោះជាការភន្ត័ច្រឡំមួយយ៉ាងធំ ព្រោះថា
វចនានុក្រម ជាសៀវភៅ អក្ខរាវិរុទ្ធ មិនមែនសៀវភៅ កំណែអប់រំ មារយាទ និងការគិត
របស់មនុស្សឡើយ។ សូមអានបន្តនៅខាងក្រោមនេះ បន្តទៀត។

អ្វីទៅដែលហៅថាសុភាវធម៌?
សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រិត្យក្រម ពាក្យទូន្មានណែនាំ
ច្បាប់ វិន័យ)
សុភាវធម៌ មានន័យថា ជាក្រិត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីអោយមនុស្ស
មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។
តើសុភាវធម៌ ដែលជាច្បាប់អប់រំមនុស្ស មានសាខាប្រការបែបណាខ្លះ
ដើម្បីអប់រំមនុស្ស អោយក្លាយ ជាមនុស្សល្អ ក្នុងសង្គម?
សុភាវធម៌ ចែកចេញជាបីសាខា សំខាន់ជាងគេ គឺ សុជីវធម៌ សីលធម៌ និងគុណធម៌។
តើសាខាទាំងបីយ៉ាង ខុសគ្នាយ៉ាងណាខ្លះ ហើយប្រកបដោយសិល្ប៍វិធីអប់រំ បែបណាខ្លះ សម្រាប់ជួយតម្រង់មនុស្ស អោយក្លាយជាបុគ្គលប្រពៃ ក្នុងសង្គម?

សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)
សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត អោយប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖
1- ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ តាមឋានៈ តាមទីកន្លែង ជាដើម។
2-ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន ៖ ដូចជាមុខនាទី ជាឪពុកម្តាយ
ត្រូវធ្វើដូចម្តេចខ្លះ? មុខនាទីជាកូន ជាសិស្ស ជាគ្រូ ជាមេកោយ
ជាបុគ្គលិកការងារ ជាពលរដ្ឋរបស់ជាតិ។ល។ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បី
រក្សា ដំណើរជីវិតរបស់ខ្លួន អោយសមសួនប្រពៃ សម្រាប់គ្រួសារ និងសង្គមជាតិ។
3-ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម មិនមែនរស់នៅតែម្នាក់ឯង ឡើយ
ហេតុនេះ ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ជាច្រើនទៀត ដែលមានចែង
សម្រាប់រក្សាសណ្តាប់ធ្នាប់ វិន័យ និងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។

តើសីលធម៌ជាអ្វី? មានអត្ថន័យប្រាកដ យ៉ាងដូចម្តេចដែរ?   កន្លងមក ខ្មែរយើងខ្លះ
ចំណាំនាំគ្នាប្រើពាក្យនេះ តាមសម័យប៉ុលពត ដែលគេប្រើពាក្យនេះ
សំដៅទៅលើ ចំណងរវាងបុរសនិងស្ត្រី។ តែពេលនេះ យើងសិក្សាអំពីអត្ថន័យពិតប្រាកដ
របស់ពាក្យសីលធម៌។
សីលធម៌ = សីល (ដំណើរប្រព្រឹត្ត វៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)
សីលធម៌ សំដៅទៅលើ វិន័យក្រិត្យក្រម សំរាប់អប់រំខ្លួន អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់
តើសីលធម៌មានអ្វីខ្លះ?
នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀន កាន់ក្រិត្យ វិន័យអោយបានប្រាំសាខា ធំៗ គឺ ៖
1- មិនគិត មិនប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬសេចក្តីសុខ របស់អ្នកដទៃ ដោយ កាយ វាចា ចិត្ត។
2- មិនលួចកេងប្រវញ្ច័ លើអ្នកដទៃ ដើម្បីប្រយោជន៍ របស់ខ្លួន ដោយការប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត
3- មិនភូតភរ កុហកបោកប្រាស់ មិនពន្លូតឬបំផ្លើសការពិត អោយកើតមាន សៅហ្មង ឬអន្តរាយ។
4- មិនសេពគ្រឿងស្រវឹង ដែលធ្វើអោយបាត់សតិស្មារតី លែងស្គាល់ ខុសត្រូវ ល្អអាក្រក់ សុចរិត ទុច្ចរិត។
5-មិនប្រព្រឹត្តខុស នៅក្នុងផ្លូវភេទ មិនក្បត់ភក្តីភាព ចំពោះស្វាមីភរិយា
មិនបង្ក អនាធិបតេយ្យ ផ្លូវភេទ ដោយប្រការណាមួយឡើយ មិនថា យើង ជាមនុស្សប្រុស
ឬជាមនុស្សស្រី នៅលីវ ឬមានគ្រួសារ ក៏ដោយក្តី។
6- ចេះរំលត់ លោភៈទោសៈមោហៈ របស់ខ្លួន មិនអោយបង្ក ភាពអន្តរាយអវិជ្ជមាន ដល់ខ្លួន ដល់អ្នកដទៃ ឬដល់សង្គម ជាដើម។

តើគុណធម៌ ជាអ្វី?
គុណធម៌ = គុណ(ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)…គុណធម៌មានន័យថា
ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ
ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ
ហើយក៏មាន ទឹកចិត្ត កត្តញ្ញូ ចង់តបស្នង នូវអំពើល្អនោះ ត្រឡប់ទៅវិញ
ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូង។
គុណធម៌ ជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។

តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?
1- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមាន ការខ្វះខាត ជាដើម។
2- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។
3- ការនិយាយស្តីលើកកម្លាំងចិត្ត នៅពេលមនុស្សកំពុងបាក់ទឹកចិត្ត ឬប្រទះការលំបាកផ្លូវចិត្ត ដោយប្រការណាមួយ។
4- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា អោយចេះគិតវិជ្ជមាន ប្រសើរ ហើយរីកចម្រើន។
5-ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន
ឬសង្គមជាតិ អោយចេះជួយខ្លួនឯង អោយរៀនស្វែងរកផ្លូវប្រសើរ ក្នុងជីវិត
សម្រាប់ដើរ អោយមានការសិក្សា ភ្លឺស្វាង អោយមានមុខរបរ ឬមុខជំនាញ
សម្រាប់កាត់បន្ថយភាពខ្វះខាត ក្នុងគ្រួសារ។ល។
6-ការមានសេចក្តីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន
កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាច ជួយខ្លួនឯងបាន។
7- ការផ្តល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស អោយចាកផុត ពីការប្រព្រឹត្ត អំពើអាក្រក់ ជាដើម។

ដោយ កែវ ចន្ទ័បូរណ៏

សូមអរគុណ!!

សេចក្ដីព្យាយាម


មុននឹងរអ៊ូធុញថា នឹងត្រូវបោកខោអាវច្រើន នៅដំណាច់សប្តាហ៍ ហត់ខានដើរលេង សូមគិតដល់អ្នក ដែលរកខោអាវពាក់មិនបាន។

មុននឹងរអ៊ូថា ត្រូវដើរទៅធ្វើការ ព្រោះអត់លុយជិះម៉ូតូ សូមមានអំណរថា ហោចណាស់ យើងនៅមានជើងពីរ ដែលមិនមានពិការភាព សម្រាប់ដើរទៅដល់។

មុននឹងរអ៊ូខឹងធុញនឹងស្រមោលខ្មៅ ដែលដើរអន្ទោលតាមជីវិតយើង គ្រប់នាទី

សូមមានអំណរឡើងថាជិវិតយើងកំពុងស្ថិតនៅក្នុងភពដែលមានពន្លឺ

ទើបមានស្រមោលនោះដូច្នេះគួរស្រង់យកពន្លឺនោះ ដើម្បីបណ្តុះប្រយោជន៌

សម្រាប់ជីវិតរបស់យើងជាជាងអង្គុយពិចារណា ធុញនឹងស្រមោលខ្មៅ។

មុននឹងរអ៊ូរទាំខឹងនឹងឪពុកម្តាយដែលដេញយើងអោយជួយលាងចាន សូមគិតដល់អ្នក
ដែលរកឪពុកម្តាយហៅមិនបាន… នឹកដល់អ្នក ដែលគ្មានគ្រួសារ រស់នៅជួបជុំគ្នា
នឹងអាលបាន ជួយលាងចាន… នឹកដល់អ្នកដែលខ្វះចាន ដាក់អាហារបរិភោគ អោយប្រឡាក់។
ផ្ទះ គឹជាជម្រកជួយរំលត់នូវភ្លើងទាំងឡាយ។ ម្តាយឪពុកគឺជាទឹក ពន្លត់ភ្លើងផង ហើយជាទឹកស្រោច អោយជីវិតកូន រស់រានមានជីវិតដោយសុខសាន្តរីកចម្រើនផង។

នៅពេលដួងចិត្តយើងមានភាពសុក្រិត កិរិយានិងវាចារបស់យើងក៏មានសោភ័ណ។ កាលបើកិរិយា និងវាចារបស់យើងមានសោភ័ណ គ្រួសារយើងក៏បានទទួលសុភមង្គល។
ពេលណាគ្រួសារនិមួយៗមានសុភមង្គលរៀបរយ សង្គមក៏មានភាពរៀបរយ មានសណ្តាប់ធ្នាប់ហើយមានសុខសន្តិ ទៅតាមនោះដែរ។

ម្តាយឪពុកយើងបានប្រគល់ត្រចៀកពីរមាត់មួយដល់យើង ដូច្នេះ គប្បីយើងចេះស្តាប់អ្វីៗ អោយបានពីរដង មុននឹងហារស្តីមួយដង។
គំហើញប្រសើរ គឺជាការបានឃើញនឹងភ្នែកនូវអ្វីដែលអ្នកដទៃបានឃើញ តែក៏ជាគំហើញ ដែលបានគិតឃើញ នូវអ្វី ដែលអ្នកដទៃ គិតមិនដល់។

នរណាក៏ចេះថាចេះទិទៀនដែរ ព្រោះជាកិច្ចការងាយធ្វើ មិនបាច់ប្រឹង។ ប៉ុន្តែ
បុគ្គលដែលប្រសើរបំផុតនោះ គឺគេចូលចិត្តប្រឹងធ្វើ ជាជាងឈរស្តីប៉ោចៗ ឥតអាសារ។

មនុស្សមានជម្រើសជីវិត ពីរយ៉ាង គឺការជ្រើសរើសផ្លូវដើរវិជ្ជមាន ឬផ្លូវដើរអវិជ្ជមាន។

ដូច្នេះ មុននឹងបោះជំហានដើរយើងត្រូវគិតអោយជាក់ច្បាស់ជាមុនថា តើផ្លូវមួយណា
ដែលនាំអោយយើងបានបេះផលផ្លែផ្កាល្អ សម្រាប់ជីវិត? កុំបោះជំហានដើរទាំងងងិត
ប្រយត្ន័ ក្រែងមិនបានបេះផលផ្លែផ្កា ដែលយើងប្រាថ្នាជាទីបំផុតនោះ។
មនុស្សដែលមានគតិប្រាជ្ញា និងទេព្យកោសល្យប្រសើរ គឺបុគ្គលដែលមិនព្រមដើរតាម គន្លងរៀមច្បងមុនៗទាំងឡាយ ប៉ុន្តែបើជាងើបឆ្ការព្រៃ
សាងផ្លូវដើរ ក្នុងជីវិត ថ្មីៗទៀត ដែលធំទូលាយ មានសុវត្ថិភាព មានវឌ្ឍនភាព
និងឧត្តមភាពប្រសើរ ជាងមុន អោយមនុស្សទាំងឡាយធ្វើដំណើរ
ដោយក្សេមក្សាន្តសុខភមង្គល។
ប្រាជ្ញានិងការចេះដឹងរបស់មនុស្សមិនខុសពីឆត្រ័ឡើយ។ បើមិនបើកអោយលាតធំ
ទូលំទូលាយទេ ក៏មិនអាចផ្តល់ម្លប់ធំដល់អ្នកដែលពឹងផ្អែកម្លប់ឆត្រ័នោះបានដែរ។

ប្រាជ្ញាជាយាន នាំយើង ឆ្ពោះទៅរកការចេះដឹង។ ការចេះដឹង មិនអាចកើនឡើង ដោយខ្វះប្រាជ្ញា និងការហ្វឹកហ្វឺន ប្រាជ្ញា នោះឡើយ។
អ្វីៗដែលកន្លងហួសទៅមិនអាចវិលត្រឡប់មករកយើងសាជាថ្មីទេ ដូច្នេះ យើងគប្បី

ត្រៀមខ្លួនទទួលយកនូវអ្វីដែលល្អៗ ក្នុងបច្ចុប្បន្នឯណេះវិញ ដើម្បីបំប៉ន
សុខុមាលភាព នៃជីវិត អោយបានពណ្ណរាយ រុងរឿង ជាទីបំផុត
តាមសមត្ថភាពរបស់យើងនិមួយៗ។
ជនដែលមានទឹកចិត្តចង្អៀតតែងបន្តុះបង្អាប់សមត្ថភាព និងក្តីស្រមៃរបស់យើង
ប៉ុន្តែជនដែលមានសមានចិត្តទូលាយ រមែងនាំយើងអោយមានមោទនភាព
ចំពោះសមត្ថភាពរបស់យើង ហើយពង្រីកជំនឿទុកចិត្តលើខ្លួនឯង យ៉ាងមុតមាំជាងមុន។
ការមិនយាយី ឬប៉ុនប៉ងបំផ្លាញជីវិត ជាកិរិយាដ៏ប្រពៃរបស់មនុស្ស។ ប៉ុន្តែ នៅក្នុង កាលៈទេសៈ ដែលជីវិត ពិបាកនឹងរស់នៅបំផុត
ការដែលអាចថែរក្សាជីវិតអោយគង់វង្សបាន ជាកិរិយាដ៏មានតម្លៃប្រពៃ
គ្មានអ្វីប្រៀបបាន។

មនុស្សក្នុងសង្គមមានពីរក្រុមគឺអ្នកថា
និងអ្នកធ្វើ។ បើយើងចង់ចូលជាសមាជិក យើងគួរចូលក្នុងក្រុមទីពីរ
ព្រោះនៅក្នុងក្រុមនេះ យើងមិនសូវបានជួបគូប្រជែង
ដែលប្រឹងស្រវាស្រទេញ ដណ្តើមយកជ័យលាភី ពីយើងឡើយ។

គ្មានមារអ្វីអាចផ្ចាញ់ផ្ចាលយើងបានទេ បើសិនជាយើងមិនផ្ចាញ់ខ្លួនឯង បញ្ឈឺខ្លួនឯង ចំពោះជីវិត។ វិបត្តិនិមួយៗក្នុងជីវិត គ្រាន់តែជាសមីការ
សម្រាប់យើងថ្លឹងវាស់ នូវតម្លៃអត្តភាព នឹងសមត្ថភាពរបស់យើង
ក្នុងការរកមធ្យោបាយដោះស្រាយ អោយភ្លឺស្វាង តែប៉ុណ្ណោះ។
ដប់ហោច ម្ភៃហោច មិនហោចគំនិត ដប់គិត ម្ភៃគិត គិតអ្វីដែលនាំប្រយោជន៍!!
ឈើខ្លឺមល្អតែងតែមានភ្នែក រីឯមនុស្សឯក តែងមានគំនួចប្រាជ្ញ
នរណាក៏ចេះថាចេះទិទៀនដែរ ព្រោះជាកិច្ចការងាយធ្វើ មិនបាច់ប្រឹង។ ប៉ុន្តែ

បុគ្គលដែលប្រសើរបំផុតនោះ គឺគេចូលចិត្តប្រឹងធ្វើ ជាជាងឈរស្តីប៉ោចៗ ឥតអាសារ។
ជីវិតជាសោកនាដកម្ម ចំពោះជនដែលប្រើចិត្តជាគោល តែជីវិតគឺជាសុខនាដកម្ម បើសិនជននោះយកសតិប្រាជ្ញាជាគោល។
យើងមិនអាចដកហូតស្រមោលខ្មៅចេញពីមុខយើងបានទេ ដរាបណាយើងនៅតែឈរបែរខ្នង ចំពោះពន្លឺពណ្ណរាយនៃជីវិត។
យើងមានដៃសម្រាប់ធ្វើការ ហើយមានបេះដូង សម្រាប់ផ្សាយចិត្តដែលមានគុណធម៌ តើគួរទុកអោយទំនេរ ឥតប្រយោជន៌ឬទេ?

បើយើងរអ៊ូថា
ផ្កាកុលាបមានបន្លាមុតដៃឈាម យើងក៏គួរសោមនស្សដែរថា នៅពីលើ ទងបន្លានោះ
មានផ្កាកុលាបដ៏សោភាជាទីគាប់ចិត្ត។ យ៉ាងណាមិញ ជីវិតមនុស្សរមែងមាន
ឧបសគ្គលំបាកពុះពារជានិច្ច ប៉ុន្តែចុងក្រោយនៃការលំបាកនោះ គឺជាជីវិតជោគជ័យ
ដ៏រមនា គួរជាទីត្រេកត្រអាល មិនខុសពីសោភ័ណផ្កាកុលាបឡើយ។

ក្តីសង្ឃឹម ជាកម្លាំងចិត្ត ជាឧិសថទេព ប្រោសជីវិតមនុស្ស អោយមានទឹកចិត្ត ប្រឹងតស៊ូព្យាយាម តទៅទៀត។ការសរសើរលើកតម្កើង
មានតម្លៃដូចពេជ្រពណ្ណរាយ ព្រោះយើងម្នាក់ៗ កម្របានទទួល ការសរសើរ
យ៉ាងពណ្ណរាយ ពីសង្គមណាស់ ដូចពេជ្រ ដែលគេរកបាន ដោយកម្រយ៉ាងនោះដែរ។

ជីវិតរបស់គ្រូបង្រៀនល្អ មិនខុសអ្វីអំពីទៀន ដែលខំប្រឹងព្យាយាម ចំណាយជីវិត និងកម្លាំង របស់ខ្លួនឯង រហូតដល់វិនាទីចុងក្រោយដើម្បីផ្តល់វិជ្ជាដ៏ភ្លឺស្វាង ពណ្ណរាយ
ដល់មនុស្សទាំងឡាយ។
អំនួតដែលអស្ចារ្យបំផុតនៃមនុស្ស គឺមិនមែនដោយសារ យើងជាមនុស្សខ្ពង់ខ្ពស់ប្រសើរ ជាងអ្នកដទៃផងទាំងពួង នោះឡើយ ប៉ុន្តែដោយសារយើង
បានក្លាយជាមនុស្សខ្ពង់ខ្ពស់ ប្រសើរជាងខ្លួនយើង កាលពីអតីតកាល
ដោយសមត្ថភាពរបស់យើង។

បរិយាកាសជុំវិញខ្លួន នឹងអាចក្លាយទៅជា មានភាពរីករាយ មនោរម្យ ក្សេមក្សាន្តបាន លុះត្រាតែយើង អាចស្វែងរកឃើញ ភាពរីករាយក្សេមក្សាន្ត

នៅក្នុងចិត្ត ក្នុងអារម្មណ៍ របស់យើង បានសិន។

បើគ្មានការលំបាកនឹងត្រូវពុះពារសោះ នោះយើងមិនអាចយល់ដឹងបានទេ ថាជោគជ័យរបស់យើងថ្ងៃនេះ មានតម្លៃធំធេងយ៉ាងណា ចំពោះយើងឡើយ។

គ្មានត្បូងពេជ្រឯណា
ដែលអាចចែងចាំងភ្លឺពណ្ណរាយ ពេញលក្ខណៈ ដោយមិនបាច់ អស់កម្លាំងចៀរចិត កែឆ្នៃ
ដុសខាត់។ យ៉ាងណាមិញ គ្មានជីវិតឯណា នឹងភ្លឺពណ្ណរាយ
ដោយឯកឯង ដោយយើងមិនបាន ប្រឹងព្យាយាម កែឆ្នៃដុសខាត់ យ៉ាងនោះដែរ។

ជនដែលមានជីវិតងងិតគិតអ្វីមិនយល់ ប៉ុន្តែងើបប្រឹងដើរ ស្វែងរកចម្លើយ ជាមនុស្ស ដែលមានជីវិតងងិត តែមួយភ្លែត ប៉ុណ្ណោះ មិនយូរប៉ុន្មាន
ជីវិតនឹងភ្លឺស្វាងវិញ បន្ទាប់ពីគេ រកចម្លើយឃើញ។ ប៉ុន្តែអ្នកដែលងងិត
គិតអ្វីមិនឃើញ ហើយមិនព្រមងើបដើរ ស្វែងរកចម្លើយទាំងនោះទេ

ទើបជាមនុស្សដែលមានជីវិតងងិតអនន្ត។
ដោយ លោក​ អ៊ុំ ស្រី កែវ ចន្ទ័បូរណ៏
សូមអរគុណ!!!

សមត្ថភាព របស់ មនុស្ស

អ្វីដែលមានអត្ថន័យបំផុតចំពោះមនុស្សគ្រប់រូប គឺការដែលគេមានលទ្ធភាព នឹងបញ្ចេញ នូវសមត្ថភាពជំនាញ ដែលខ្លួនគេស្រឡាញ់ពេញចិត្តបំផុត។
កំហុស គ្រាន់តែជាបំណែកមួយនៃជីវិតរបស់យើង។ បើគ្មានកំហុស យើងក៏មិនអាចដឹងបានថា ភាពត្រូវនោះ មានអត្ថន័យយ៉ាងណា ចំពោះជីវិតរបស់យើង។
ចំណេះរបស់មនុស្ស ប្រៀបដូចជាសាច់ដុំ បើមិនហ្វឹកហ្វឺន ពិតជាមិនរឹងប៉ឹងមាំមួនឡើយ!!
ញញឹមប្រសិទ្ធ គឺការញញឹមដែលផ្តល់ នូវសោភ័ណភ្លឺថ្លាពណ្ណរាយ លើផ្ទៃមុខ ផ្តល់ភាព រមនា ភ្លឺស្វាង ដល់សតិ និងផ្តល់ភាព កក់ក្តៅ ដល់ដួងចិត្ត
របស់ម្ចាស់ញញឹម និងរបស់មនុស្សទាំងឡាយ ដែលនៅ ជុំវិញខ្លួនគេ។
យើងគ្រប់គ្នាមានសំណាងណាស់ ដែលបានកើតមកជាមនុស្ស ព្រោះមានតែមនុស្សទេ ដែលចេះញញឹម ចេះសើច ហើយអាចស្គាល់នូវជម្រៅអត្ថន័យនៃអារម្មណ៍របស់ខ្លួន
ពិតប្រាកដ នៅពេលយើងញញឹម ឬនៅពេលយើងសើច។ ដូច្នេះ យើងមិនគួរបណ្តោយ

អោយខ្លួនយើងបាត់បង់ឧិកាស សើចឬញញឹមឡើយ!! សូមញញឹមឡើង សើចឡើង សើចអោយបានរីករាយអស់ពីជម្រៅដួងចិត្តរបស់យើង!!!!!!
អ្នកនិពន្ធគឺជាអ្នកកាន់ចង្កូតនាវា។
នាវាជាសៀវភៅរបស់ អ្នកនិពន្ធ។ បើអ្នកនិពន្ធមានសតិប្រាជ្ញា ភ្លឺស្វាង ពិតជា

កាន់ចង្កូត នាំអ្នកអានទាំងឡាយធ្វើដំណើរទៅកាន់ ភាពរុងរឿង មានសុវត្ថិភាព មានសុភមង្គលក្នុងចិត្ត
មានសេចក្តីស្ងប់ ក្នុងអារម្មណ៍ ហើយសុខសប្បាយគ្រប់ៗគ្នា។
បុគ្គលដែលមានសមត្ថភាពនាំរស្មីជីវិតនិងក្តីសង្ឃឹមដល់អ្នកដទៃ រមែងជាមនុស្ស ដែលរស់ក្នុងភាពពណ្ណរាយនៃក្តីសង្ឃឹមនិងការតាំងចិត្តមោះមុតចំពោះការផ្លាស់ប្តូរជីវិត អោយប្រសើរជាងមុន។
ជោគជ័យ គឺជាផ្លែផ្កានៃការខំប្រឹងព្យាយាមប្រើសតិប្រាជ្ញា យ៉ាងអស់ពីសមត្ថភាព។
សមត្ថភាពជាកម្លាំងទ្រព្យដ៏ធំធេងរបស់អ្នកក្រ។ គប្បីប្រឹងព្យាយាមបណ្តុះបណ្តាល សមត្ថភាពរបស់យើង
អោយកាន់តែរីកចម្រើនខ្ពង់ខ្ពស់ តាមលទ្ធភាព ដែលអាចធ្វើ ទៅបាន
នោះទើបអាចកាត់បន្ថយ ភាពក្រីក្ររបស់យើងចេញបាន។
ការដែលយើងប្រឹងជះកំហឹងទៅលើអ្នកដទៃមិនខុសអ្វីពីការចាប់ដុំធ្យូងឆេះ ក្រហមធ្លោក្នុងដៃ
លើកគប់គ្រវែងលើអ្នកដទៃគឺយើងទេ ដែលជាអ្នករលាកមុនគេហើយរលាកជាងគេបំផុត។

យើងមិនងាយដើរឡើងភ្នំខ្ពស់មួយ ដោយផ្លូវត្រង់ដូចបន្ទាត់បានឡើយ គឺត្រូវតែដើរ តាមបន្ទាត់ផ្លូវ គន្លុក ក្រវិកក្រវក់ បត់បែន ពិបាកបំផុត

ទំរាំតោងឡើងដល់ទីដៅ។ យ៉ាងណាមិញ ដំណើរក្នុងជីវិត ឆ្ពោះទៅរកជោគជ័យភ្លឺស្វាង
យើងត្រូវតែមានដំណើរ តាមផ្លូវគន្លុក ក្រវិកក្រវក់ បត់បែន
តោងជញ្ជាំងភ្នំដោយអន្លើ និងមានការប្រឡែងនឹង គ្រោះថ្នាក់ពិបាកជាច្រើន
តាមផ្លូវទៀតផង ទំរាំដល់គោលដៅនៃបំណងប្រាថ្នា។

ពេលណាចិត្តយើងមានចំណង់ប៉ងប្រាថ្នាហើយ ឧបសគ្គលំបាកធំធេងយ៉ាងណាក៏យើង អាចប្រឹងទ្រាំ ពុះពារ បានដោយងាយដែរ។
ជោគជ័យដែលខ្វះគុណធម៌និងសុចរិតភាព មិនមែនជាជោគជ័យសុក្រិតឡើយ!!
ជោគជ័យ ជាចំណីផ្អែមរបស់ជីវិត ដែលកើតឡើងមកពី ភាពល្វីងជូរចត់នៃការព្យាយាម ពុះពារ ដើម្បីកែប្រែចំណុចបរាជ័យ ឬកំហុសដែលធ្លាប់មានពីអតីតកាល។
មុននឹងយើងធាក់កង់អោយវិលល្បឿនយ៉ាងលឿនបាន គឺតែងចាប់ផ្តើមដោយល្បឿនធាក់ យឺតៗសិន។
គ្មានអ្វីដែលអាចរារាំងមនុស្ស ដែលមានចំណង់ប្រាថ្នាប្រពៃធំធេង ពីពន្លឺជោគជ័យ ក្នុងជីវិតបានឡើយ ហើយគ្មានអ្វី
ដែលអាចអូសទាញមនុស្សដែលគ្មានចំណង់ប្រាថ្នាសោះ អោយមកជួប ជោគជ័យ
ក្នុងជីវិតបានដែរ។ប្រាជ្ញាឈ្លាសវៃនិងការចេះដឹងរបស់មនុស្ស មិនខុសពីកម្លាំងសាច់ដុំនៃអ្នកហាត់កីឡា បើមិនប្រឹង ហាត់ហ្វឹកហ្វឺនទេយើងក៏មិនអាចដឹងបានដែរថា យើងមានកម្លាំងប្រាជ្ញា ប៉ុនណា ហើយមានការចេះដឹងដល់កម្រិតណាឡើយ។

តម្លៃជីវិតរបស់យើងស្ថិតនៅលើការមានគុណធម៌ចំពោះក្មេង
មានសេចក្តីគោរព ចំពោះចាស់ មានសប្បុរសធម៌ចំពោះជនទុរគតនិងពិការ
មានអធ្យាស្រ័យចំពោះអ្នកមានកំហុស មានការស្ងើចសរសើរចំពោះអ្នកដែលប្រទះជោគជ័យ
មានដៃសម្រាប់ហុចជួយអ្នកដែលកំពុងមានអាសន្នអន់ក្រ
ព្រោះយើងក៏ត្រូវការមនុស្សបែបនោះប្រព្រឹត្តចំពោះយើង ដូចគ្នាដែររៀងរាល់ថ្ងៃនៃជីវិត។

ជិវិតរបស់យើងរាល់ថ្ងៃដូចផ្ទាំងសំពត់សមួយដែលយើងបំរុងគូររូបភាព តើយើងគប្បី គូររូបភាព ដ៏អប្រិយ លងអារម្មណ៌របស់យើងនិងរបស់គ្រប់គ្នាដែលមកមើលផ្ទាំងគំនូរ នោះ
ឬក៏យើងគួរជ្រើសរើសគូររូបគំនូរដែលមានសោភណ័ទាក់ទាញអារម្មណ៌ អោយ
រីករាយសោមនស្សនិងទស្សនា? មួយណាជាជំរើសរបស់យើង ដែលជាជាងគំនូរផ្ទាល់?

បើយើងគោរពវិន័យកាន់តែខ្លាំង យើងក៏បាត់បង់ជីវិតរីករាយ តែបើយើងលង់ក្នុងជីវិត រីករាយខ្លាំងពេក យើងក៏បាត់បង់អស់វិន័យ។ក្នុងឋានៈជាមនុស្សប្រកបដោយ សតិនិងប្រាជ្ញា យើងគប្បីដឹងថា ពេលណាសមគួរពេលណាមិនសមគួរ ក្នុងការស្វែងរក ភាពរីករាយ សម្រាប់ជីវិត

ដោយមិនភ្លាំងភ្លាត់អោយចាកផុតពីការរក្សាខ្លួនក្នុងវិន័យដ៏ប្រពៃ។

ដោយ លោក អ៊ុំ ស្រី កែវ ចន្ទ័បូរណ៏
សូមអរគុណ!!

………………..