![]() |
|
|
|
អ្វីដែលមានអត្ថន័យបំផុតចំពោះមនុស្សគ្រប់រូប គឺការដែលគេមានលទ្ធភាព នឹងបញ្ចេញ នូវសមត្ថភាពជំនាញ ដែលខ្លួនគេស្រឡាញ់ពេញចិត្តបំផុត។
កំហុស គ្រាន់តែជាបំណែកមួយនៃជីវិតរបស់យើង។ បើគ្មានកំហុស យើងក៏មិនអាចដឹងបានថា ភាពត្រូវនោះ មានអត្ថន័យយ៉ាងណា ចំពោះជីវិតរបស់យើង។
ចំណេះរបស់មនុស្ស ប្រៀបដូចជាសាច់ដុំ បើមិនហ្វឹកហ្វឺន ពិតជាមិនរឹងប៉ឹងមាំមួនឡើយ!!
ញញឹមប្រសិទ្ធ គឺការញញឹមដែលផ្តល់ នូវសោភ័ណភ្លឺថ្លាពណ្ណរាយ លើផ្ទៃមុខ ផ្តល់ភាព រមនា ភ្លឺស្វាង ដល់សតិ និងផ្តល់ភាព កក់ក្តៅ ដល់ដួងចិត្ត
របស់ម្ចាស់ញញឹម និងរបស់មនុស្សទាំងឡាយ ដែលនៅ ជុំវិញខ្លួនគេ។
យើងគ្រប់គ្នាមានសំណាងណាស់ ដែលបានកើតមកជាមនុស្ស ព្រោះមានតែមនុស្សទេ ដែលចេះញញឹម ចេះសើច ហើយអាចស្គាល់នូវជម្រៅអត្ថន័យនៃអារម្មណ៍របស់ខ្លួន
ពិតប្រាកដ នៅពេលយើងញញឹម ឬនៅពេលយើងសើច។ ដូច្នេះ យើងមិនគួរបណ្តោយ
អោយខ្លួនយើងបាត់បង់ឧិកាស សើចឬញញឹមឡើយ!! សូមញញឹមឡើង សើចឡើង សើចអោយបានរីករាយអស់ពីជម្រៅដួងចិត្តរបស់យើង!!!!!!
អ្នកនិពន្ធគឺជាអ្នកកាន់ចង្កូតនាវា។
នាវាជាសៀវភៅរបស់ អ្នកនិពន្ធ។ បើអ្នកនិពន្ធមានសតិប្រាជ្ញា ភ្លឺស្វាង ពិតជា
កាន់ចង្កូត នាំអ្នកអានទាំងឡាយធ្វើដំណើរទៅកាន់ ភាពរុងរឿង មានសុវត្ថិភាព មានសុភមង្គលក្នុងចិត្ត
មានសេចក្តីស្ងប់ ក្នុងអារម្មណ៍ ហើយសុខសប្បាយគ្រប់ៗគ្នា។
បុគ្គលដែលមានសមត្ថភាពនាំរស្មីជីវិតនិងក្តីសង្ឃឹមដល់អ្នកដទៃ រមែងជាមនុស្ស ដែលរស់ក្នុងភាពពណ្ណរាយនៃក្តីសង្ឃឹមនិងការតាំងចិត្តមោះមុតចំពោះការផ្លាស់ប្តូរជីវិត អោយប្រសើរជាងមុន។
ជោគជ័យ គឺជាផ្លែផ្កានៃការខំប្រឹងព្យាយាមប្រើសតិប្រាជ្ញា យ៉ាងអស់ពីសមត្ថភាព។
សមត្ថភាពជាកម្លាំងទ្រព្យដ៏ធំធេងរបស់អ្នកក្រ។ គប្បីប្រឹងព្យាយាមបណ្តុះបណ្តាល សមត្ថភាពរបស់យើង
អោយកាន់តែរីកចម្រើនខ្ពង់ខ្ពស់ តាមលទ្ធភាព ដែលអាចធ្វើ ទៅបាន
នោះទើបអាចកាត់បន្ថយ ភាពក្រីក្ររបស់យើងចេញបាន។
ការដែលយើងប្រឹងជះកំហឹងទៅលើអ្នកដទៃមិនខុសអ្វីពីការចាប់ដុំធ្យូងឆេះ ក្រហមធ្លោក្នុងដៃ
លើកគប់គ្រវែងលើអ្នកដទៃគឺយើងទេ ដែលជាអ្នករលាកមុនគេហើយរលាកជាងគេបំផុត។
យើងមិនងាយដើរឡើងភ្នំខ្ពស់មួយ ដោយផ្លូវត្រង់ដូចបន្ទាត់បានឡើយ គឺត្រូវតែដើរ តាមបន្ទាត់ផ្លូវ គន្លុក ក្រវិកក្រវក់ បត់បែន ពិបាកបំផុត
ទំរាំតោងឡើងដល់ទីដៅ។ យ៉ាងណាមិញ ដំណើរក្នុងជីវិត ឆ្ពោះទៅរកជោគជ័យភ្លឺស្វាង
យើងត្រូវតែមានដំណើរ តាមផ្លូវគន្លុក ក្រវិកក្រវក់ បត់បែន
តោងជញ្ជាំងភ្នំដោយអន្លើ និងមានការប្រឡែងនឹង គ្រោះថ្នាក់ពិបាកជាច្រើន
តាមផ្លូវទៀតផង ទំរាំដល់គោលដៅនៃបំណងប្រាថ្នា។
ពេលណាចិត្តយើងមានចំណង់ប៉ងប្រាថ្នាហើយ ឧបសគ្គលំបាកធំធេងយ៉ាងណាក៏យើង អាចប្រឹងទ្រាំ ពុះពារ បានដោយងាយដែរ។
ជោគជ័យដែលខ្វះគុណធម៌និងសុចរិតភាព មិនមែនជាជោគជ័យសុក្រិតឡើយ!!
ជោគជ័យ ជាចំណីផ្អែមរបស់ជីវិត ដែលកើតឡើងមកពី ភាពល្វីងជូរចត់នៃការព្យាយាម ពុះពារ ដើម្បីកែប្រែចំណុចបរាជ័យ ឬកំហុសដែលធ្លាប់មានពីអតីតកាល។
មុននឹងយើងធាក់កង់អោយវិលល្បឿនយ៉ាងលឿនបាន គឺតែងចាប់ផ្តើមដោយល្បឿនធាក់ យឺតៗសិន។
គ្មានអ្វីដែលអាចរារាំងមនុស្ស ដែលមានចំណង់ប្រាថ្នាប្រពៃធំធេង ពីពន្លឺជោគជ័យ ក្នុងជីវិតបានឡើយ ហើយគ្មានអ្វី
ដែលអាចអូសទាញមនុស្សដែលគ្មានចំណង់ប្រាថ្នាសោះ អោយមកជួប ជោគជ័យ
ក្នុងជីវិតបានដែរ។ប្រាជ្ញាឈ្លាសវៃនិងការចេះដឹងរបស់មនុស្ស មិនខុសពីកម្លាំងសាច់ដុំនៃអ្នកហាត់កីឡា បើមិនប្រឹង ហាត់ហ្វឹកហ្វឺនទេយើងក៏មិនអាចដឹងបានដែរថា យើងមានកម្លាំងប្រាជ្ញា ប៉ុនណា ហើយមានការចេះដឹងដល់កម្រិតណាឡើយ។
មានសេចក្តីគោរព ចំពោះចាស់ មានសប្បុរសធម៌ចំពោះជនទុរគតនិងពិការ
មានអធ្យាស្រ័យចំពោះអ្នកមានកំហុស មានការស្ងើចសរសើរចំពោះអ្នកដែលប្រទះជោគជ័យ
មានដៃសម្រាប់ហុចជួយអ្នកដែលកំពុងមានអាសន្នអន់ក្រ
ព្រោះយើងក៏ត្រូវការមនុស្សបែបនោះប្រព្រឹត្តចំពោះយើង ដូចគ្នាដែររៀងរាល់ថ្ងៃនៃជីវិត។
ជិវិតរបស់យើងរាល់ថ្ងៃដូចផ្ទាំងសំពត់សមួយដែលយើងបំរុងគូររូបភាព តើយើងគប្បី គូររូបភាព ដ៏អប្រិយ លងអារម្មណ៌របស់យើងនិងរបស់គ្រប់គ្នាដែលមកមើលផ្ទាំងគំនូរ នោះ
ឬក៏យើងគួរជ្រើសរើសគូររូបគំនូរដែលមានសោភណ័ទាក់ទាញអារម្មណ៌ អោយ
រីករាយសោមនស្សនិងទស្សនា? មួយណាជាជំរើសរបស់យើង ដែលជាជាងគំនូរផ្ទាល់?
បើយើងគោរពវិន័យកាន់តែខ្លាំង យើងក៏បាត់បង់ជីវិតរីករាយ តែបើយើងលង់ក្នុងជីវិត រីករាយខ្លាំងពេក យើងក៏បាត់បង់អស់វិន័យ។ក្នុងឋានៈជាមនុស្សប្រកបដោយ សតិនិងប្រាជ្ញា យើងគប្បីដឹងថា ពេលណាសមគួរពេលណាមិនសមគួរ ក្នុងការស្វែងរក ភាពរីករាយ សម្រាប់ជីវិត
ដោយមិនភ្លាំងភ្លាត់អោយចាកផុតពីការរក្សាខ្លួនក្នុងវិន័យដ៏ប្រពៃ។
ដោយ លោក អ៊ុំ ស្រី កែវ ចន្ទ័បូរណ៏
សូមអរគុណ!!
………………..