សេចក្ដីព្យាយាម


មុននឹងរអ៊ូធុញថា នឹងត្រូវបោកខោអាវច្រើន នៅដំណាច់សប្តាហ៍ ហត់ខានដើរលេង សូមគិតដល់អ្នក ដែលរកខោអាវពាក់មិនបាន។

មុននឹងរអ៊ូថា ត្រូវដើរទៅធ្វើការ ព្រោះអត់លុយជិះម៉ូតូ សូមមានអំណរថា ហោចណាស់ យើងនៅមានជើងពីរ ដែលមិនមានពិការភាព សម្រាប់ដើរទៅដល់។

មុននឹងរអ៊ូខឹងធុញនឹងស្រមោលខ្មៅ ដែលដើរអន្ទោលតាមជីវិតយើង គ្រប់នាទី

សូមមានអំណរឡើងថាជិវិតយើងកំពុងស្ថិតនៅក្នុងភពដែលមានពន្លឺ

ទើបមានស្រមោលនោះដូច្នេះគួរស្រង់យកពន្លឺនោះ ដើម្បីបណ្តុះប្រយោជន៌

សម្រាប់ជីវិតរបស់យើងជាជាងអង្គុយពិចារណា ធុញនឹងស្រមោលខ្មៅ។

មុននឹងរអ៊ូរទាំខឹងនឹងឪពុកម្តាយដែលដេញយើងអោយជួយលាងចាន សូមគិតដល់អ្នក
ដែលរកឪពុកម្តាយហៅមិនបាន… នឹកដល់អ្នក ដែលគ្មានគ្រួសារ រស់នៅជួបជុំគ្នា
នឹងអាលបាន ជួយលាងចាន… នឹកដល់អ្នកដែលខ្វះចាន ដាក់អាហារបរិភោគ អោយប្រឡាក់។
ផ្ទះ គឹជាជម្រកជួយរំលត់នូវភ្លើងទាំងឡាយ។ ម្តាយឪពុកគឺជាទឹក ពន្លត់ភ្លើងផង ហើយជាទឹកស្រោច អោយជីវិតកូន រស់រានមានជីវិតដោយសុខសាន្តរីកចម្រើនផង។

នៅពេលដួងចិត្តយើងមានភាពសុក្រិត កិរិយានិងវាចារបស់យើងក៏មានសោភ័ណ។ កាលបើកិរិយា និងវាចារបស់យើងមានសោភ័ណ គ្រួសារយើងក៏បានទទួលសុភមង្គល។
ពេលណាគ្រួសារនិមួយៗមានសុភមង្គលរៀបរយ សង្គមក៏មានភាពរៀបរយ មានសណ្តាប់ធ្នាប់ហើយមានសុខសន្តិ ទៅតាមនោះដែរ។

ម្តាយឪពុកយើងបានប្រគល់ត្រចៀកពីរមាត់មួយដល់យើង ដូច្នេះ គប្បីយើងចេះស្តាប់អ្វីៗ អោយបានពីរដង មុននឹងហារស្តីមួយដង។
គំហើញប្រសើរ គឺជាការបានឃើញនឹងភ្នែកនូវអ្វីដែលអ្នកដទៃបានឃើញ តែក៏ជាគំហើញ ដែលបានគិតឃើញ នូវអ្វី ដែលអ្នកដទៃ គិតមិនដល់។

នរណាក៏ចេះថាចេះទិទៀនដែរ ព្រោះជាកិច្ចការងាយធ្វើ មិនបាច់ប្រឹង។ ប៉ុន្តែ
បុគ្គលដែលប្រសើរបំផុតនោះ គឺគេចូលចិត្តប្រឹងធ្វើ ជាជាងឈរស្តីប៉ោចៗ ឥតអាសារ។

មនុស្សមានជម្រើសជីវិត ពីរយ៉ាង គឺការជ្រើសរើសផ្លូវដើរវិជ្ជមាន ឬផ្លូវដើរអវិជ្ជមាន។

ដូច្នេះ មុននឹងបោះជំហានដើរយើងត្រូវគិតអោយជាក់ច្បាស់ជាមុនថា តើផ្លូវមួយណា
ដែលនាំអោយយើងបានបេះផលផ្លែផ្កាល្អ សម្រាប់ជីវិត? កុំបោះជំហានដើរទាំងងងិត
ប្រយត្ន័ ក្រែងមិនបានបេះផលផ្លែផ្កា ដែលយើងប្រាថ្នាជាទីបំផុតនោះ។
មនុស្សដែលមានគតិប្រាជ្ញា និងទេព្យកោសល្យប្រសើរ គឺបុគ្គលដែលមិនព្រមដើរតាម គន្លងរៀមច្បងមុនៗទាំងឡាយ ប៉ុន្តែបើជាងើបឆ្ការព្រៃ
សាងផ្លូវដើរ ក្នុងជីវិត ថ្មីៗទៀត ដែលធំទូលាយ មានសុវត្ថិភាព មានវឌ្ឍនភាព
និងឧត្តមភាពប្រសើរ ជាងមុន អោយមនុស្សទាំងឡាយធ្វើដំណើរ
ដោយក្សេមក្សាន្តសុខភមង្គល។
ប្រាជ្ញានិងការចេះដឹងរបស់មនុស្សមិនខុសពីឆត្រ័ឡើយ។ បើមិនបើកអោយលាតធំ
ទូលំទូលាយទេ ក៏មិនអាចផ្តល់ម្លប់ធំដល់អ្នកដែលពឹងផ្អែកម្លប់ឆត្រ័នោះបានដែរ។

ប្រាជ្ញាជាយាន នាំយើង ឆ្ពោះទៅរកការចេះដឹង។ ការចេះដឹង មិនអាចកើនឡើង ដោយខ្វះប្រាជ្ញា និងការហ្វឹកហ្វឺន ប្រាជ្ញា នោះឡើយ។
អ្វីៗដែលកន្លងហួសទៅមិនអាចវិលត្រឡប់មករកយើងសាជាថ្មីទេ ដូច្នេះ យើងគប្បី

ត្រៀមខ្លួនទទួលយកនូវអ្វីដែលល្អៗ ក្នុងបច្ចុប្បន្នឯណេះវិញ ដើម្បីបំប៉ន
សុខុមាលភាព នៃជីវិត អោយបានពណ្ណរាយ រុងរឿង ជាទីបំផុត
តាមសមត្ថភាពរបស់យើងនិមួយៗ។
ជនដែលមានទឹកចិត្តចង្អៀតតែងបន្តុះបង្អាប់សមត្ថភាព និងក្តីស្រមៃរបស់យើង
ប៉ុន្តែជនដែលមានសមានចិត្តទូលាយ រមែងនាំយើងអោយមានមោទនភាព
ចំពោះសមត្ថភាពរបស់យើង ហើយពង្រីកជំនឿទុកចិត្តលើខ្លួនឯង យ៉ាងមុតមាំជាងមុន។
ការមិនយាយី ឬប៉ុនប៉ងបំផ្លាញជីវិត ជាកិរិយាដ៏ប្រពៃរបស់មនុស្ស។ ប៉ុន្តែ នៅក្នុង កាលៈទេសៈ ដែលជីវិត ពិបាកនឹងរស់នៅបំផុត
ការដែលអាចថែរក្សាជីវិតអោយគង់វង្សបាន ជាកិរិយាដ៏មានតម្លៃប្រពៃ
គ្មានអ្វីប្រៀបបាន។

មនុស្សក្នុងសង្គមមានពីរក្រុមគឺអ្នកថា
និងអ្នកធ្វើ។ បើយើងចង់ចូលជាសមាជិក យើងគួរចូលក្នុងក្រុមទីពីរ
ព្រោះនៅក្នុងក្រុមនេះ យើងមិនសូវបានជួបគូប្រជែង
ដែលប្រឹងស្រវាស្រទេញ ដណ្តើមយកជ័យលាភី ពីយើងឡើយ។

គ្មានមារអ្វីអាចផ្ចាញ់ផ្ចាលយើងបានទេ បើសិនជាយើងមិនផ្ចាញ់ខ្លួនឯង បញ្ឈឺខ្លួនឯង ចំពោះជីវិត។ វិបត្តិនិមួយៗក្នុងជីវិត គ្រាន់តែជាសមីការ
សម្រាប់យើងថ្លឹងវាស់ នូវតម្លៃអត្តភាព នឹងសមត្ថភាពរបស់យើង
ក្នុងការរកមធ្យោបាយដោះស្រាយ អោយភ្លឺស្វាង តែប៉ុណ្ណោះ។
ដប់ហោច ម្ភៃហោច មិនហោចគំនិត ដប់គិត ម្ភៃគិត គិតអ្វីដែលនាំប្រយោជន៍!!
ឈើខ្លឺមល្អតែងតែមានភ្នែក រីឯមនុស្សឯក តែងមានគំនួចប្រាជ្ញ
នរណាក៏ចេះថាចេះទិទៀនដែរ ព្រោះជាកិច្ចការងាយធ្វើ មិនបាច់ប្រឹង។ ប៉ុន្តែ

បុគ្គលដែលប្រសើរបំផុតនោះ គឺគេចូលចិត្តប្រឹងធ្វើ ជាជាងឈរស្តីប៉ោចៗ ឥតអាសារ។
ជីវិតជាសោកនាដកម្ម ចំពោះជនដែលប្រើចិត្តជាគោល តែជីវិតគឺជាសុខនាដកម្ម បើសិនជននោះយកសតិប្រាជ្ញាជាគោល។
យើងមិនអាចដកហូតស្រមោលខ្មៅចេញពីមុខយើងបានទេ ដរាបណាយើងនៅតែឈរបែរខ្នង ចំពោះពន្លឺពណ្ណរាយនៃជីវិត។
យើងមានដៃសម្រាប់ធ្វើការ ហើយមានបេះដូង សម្រាប់ផ្សាយចិត្តដែលមានគុណធម៌ តើគួរទុកអោយទំនេរ ឥតប្រយោជន៌ឬទេ?

បើយើងរអ៊ូថា
ផ្កាកុលាបមានបន្លាមុតដៃឈាម យើងក៏គួរសោមនស្សដែរថា នៅពីលើ ទងបន្លានោះ
មានផ្កាកុលាបដ៏សោភាជាទីគាប់ចិត្ត។ យ៉ាងណាមិញ ជីវិតមនុស្សរមែងមាន
ឧបសគ្គលំបាកពុះពារជានិច្ច ប៉ុន្តែចុងក្រោយនៃការលំបាកនោះ គឺជាជីវិតជោគជ័យ
ដ៏រមនា គួរជាទីត្រេកត្រអាល មិនខុសពីសោភ័ណផ្កាកុលាបឡើយ។

ក្តីសង្ឃឹម ជាកម្លាំងចិត្ត ជាឧិសថទេព ប្រោសជីវិតមនុស្ស អោយមានទឹកចិត្ត ប្រឹងតស៊ូព្យាយាម តទៅទៀត។ការសរសើរលើកតម្កើង
មានតម្លៃដូចពេជ្រពណ្ណរាយ ព្រោះយើងម្នាក់ៗ កម្របានទទួល ការសរសើរ
យ៉ាងពណ្ណរាយ ពីសង្គមណាស់ ដូចពេជ្រ ដែលគេរកបាន ដោយកម្រយ៉ាងនោះដែរ។

ជីវិតរបស់គ្រូបង្រៀនល្អ មិនខុសអ្វីអំពីទៀន ដែលខំប្រឹងព្យាយាម ចំណាយជីវិត និងកម្លាំង របស់ខ្លួនឯង រហូតដល់វិនាទីចុងក្រោយដើម្បីផ្តល់វិជ្ជាដ៏ភ្លឺស្វាង ពណ្ណរាយ
ដល់មនុស្សទាំងឡាយ។
អំនួតដែលអស្ចារ្យបំផុតនៃមនុស្ស គឺមិនមែនដោយសារ យើងជាមនុស្សខ្ពង់ខ្ពស់ប្រសើរ ជាងអ្នកដទៃផងទាំងពួង នោះឡើយ ប៉ុន្តែដោយសារយើង
បានក្លាយជាមនុស្សខ្ពង់ខ្ពស់ ប្រសើរជាងខ្លួនយើង កាលពីអតីតកាល
ដោយសមត្ថភាពរបស់យើង។

បរិយាកាសជុំវិញខ្លួន នឹងអាចក្លាយទៅជា មានភាពរីករាយ មនោរម្យ ក្សេមក្សាន្តបាន លុះត្រាតែយើង អាចស្វែងរកឃើញ ភាពរីករាយក្សេមក្សាន្ត

នៅក្នុងចិត្ត ក្នុងអារម្មណ៍ របស់យើង បានសិន។

បើគ្មានការលំបាកនឹងត្រូវពុះពារសោះ នោះយើងមិនអាចយល់ដឹងបានទេ ថាជោគជ័យរបស់យើងថ្ងៃនេះ មានតម្លៃធំធេងយ៉ាងណា ចំពោះយើងឡើយ។

គ្មានត្បូងពេជ្រឯណា
ដែលអាចចែងចាំងភ្លឺពណ្ណរាយ ពេញលក្ខណៈ ដោយមិនបាច់ អស់កម្លាំងចៀរចិត កែឆ្នៃ
ដុសខាត់។ យ៉ាងណាមិញ គ្មានជីវិតឯណា នឹងភ្លឺពណ្ណរាយ
ដោយឯកឯង ដោយយើងមិនបាន ប្រឹងព្យាយាម កែឆ្នៃដុសខាត់ យ៉ាងនោះដែរ។

ជនដែលមានជីវិតងងិតគិតអ្វីមិនយល់ ប៉ុន្តែងើបប្រឹងដើរ ស្វែងរកចម្លើយ ជាមនុស្ស ដែលមានជីវិតងងិត តែមួយភ្លែត ប៉ុណ្ណោះ មិនយូរប៉ុន្មាន
ជីវិតនឹងភ្លឺស្វាងវិញ បន្ទាប់ពីគេ រកចម្លើយឃើញ។ ប៉ុន្តែអ្នកដែលងងិត
គិតអ្វីមិនឃើញ ហើយមិនព្រមងើបដើរ ស្វែងរកចម្លើយទាំងនោះទេ

ទើបជាមនុស្សដែលមានជីវិតងងិតអនន្ត។
ដោយ លោក​ អ៊ុំ ស្រី កែវ ចន្ទ័បូរណ៏
សូមអរគុណ!!!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: