គ្រាន់បើ ប្រសើរជាង អន់ចរិក

ជនណាជាមនុស្សប៉ិនខឹង ប៉ិនចងកំហឹង ប៉ិនកាយកប់លុបគុណ មានគំហើញវិបត្តិ
ក្រឡិចក្រឡុច សង្គមគប្បីជ្រាប ថា ជននោះជា មនុស្សអន់ចរិត ។នៅលើលោក
យើងនេះ ឃើញថា មនុស្សគ្រាន់បើក៏មានច្រើន មនុស្សអន់ចរិតក៏មានច្រើន
ម្នាក់ៗក៏តែងតាំងខ្លួនឯងថាជាមនុស្សគ្រាន់បើមួយដែរ ឯអ្នកដទៃទោះបីល្អប៉ុនណា
ក៏ឲ្យតម្លៃថោកជាងខ្លួនឯង​ ព្រោះថាមនុស្សចូលចិត្ត កាន់ជើងខ្លួនឯង
ចាត់ទុកខ្លួនឯងថាជាមនុស្សគ្រាន់បើជានិច្ច សូម្បីឃាតករ ចោរលួចចោរប្លន់
ក៏នៅតែមើលឃើញ ខ្លួនឯងថាជាមនុស្សគ្រាន់បើដែរ មនុស្សមិនមែនគ្រាន់បើ
ដោយសារការសម្លាប់ លួចឆក់ប្លន់ ឬ ប្រព្រឹត្តអំពើជ្រុល និយមផ្សេងៗនោះទេ
ប៉ុន្តែនឹងក្លាយជាមនុស្សគ្រាន់បើបានដោយការ ធ្វើអំពើដែលមានប្រយោជន៍ដល់
ខ្លួនឯង និង អ្នកដទៃបង្កប់ន័យដោយគុណធម៌ប្រចាំចិត្ត ឬថា យើងអាចវាស់
មនុស្សគ្រាន់បើ និង មនុស្សអន់ចរិតបានដោយ កម្ម មិនមែនវាស់ដោយជាតិកំណើត
វង្សត្រកូល យសសក្តិនោះទេ កុលសកម្មចាត់ជាទង្វើរបស់មនុស្សគ្រាន់បើ
អកុសលកម្មចាត់ជាទង្វើរបស់មនុស្សអន់ចរិត ការកំណត់អំពើរបស់មនុស្សបែបនេះ
ចាត់ទុកថាមានយុត្តិធម៌បំផុត និងចាត់ទុកជាសាលក្រមបិទផ្លូវតវ៉ាក្នុងការដែល
នឹងរាប់អាន និង លើកតម្កើងមនុស្ស ឬ មិនរាប់អាន និង មិនលើក​តម្កើងមនុស្ស
បានយ៉ាងសុក្រិត ។

កម្រងពាក្យខាងលើឆ្លុះបញ្ចាំងឲ្យឃើញថា ការដែលនឹងក្លាយទៅជាមនុស្សអន់ចរិត
ក៏ព្រោះតែឧបនិស្ស័យ និង ការប្រព្រឹត្តដែលសង្គមស្អប់ខ្ពើម និង ថ្កោលទោសថា អន់
ឬ មិនជាបើ ។លក្ខណៈរបស់មនុស្សអន់ចរិត គឺ
1.ប៉ិនខឹង គឺ ឆាប់ខឹង ឆាប់ឆេវឆាវ អ្វីដែលមិនត្រូវចិត្តក៏ច្រឡោតខឹងភ្លាម ឬហៅថា
មិនចេះទប់កំហឹង ឬថា បញ្ចេញកោធាដោយវាចា បញ្ចេញឫស្សាដោយនិស្ស័យ ។
2.ប៉ិនចងកំហឹង គឺ ខឹងងំ ខឹងយូរ ឬ ចងកំហឹង ចងគំនុំ មិនចេះឲ្យអភ័យទោសដល់អ្នកដទៃ ។
3.ប៉ិនកាយកប់លុបគុណ គឺ ខ្វះចក្ខុវិស័យក្នុងការប្រមើលមើលគុណអំពើល្អរបស់អ្នកដទៃ
មិននឹកនា ដល់គុណបំណាច់ដែលគេជួយសង្គ្រោះ ។
4.មានគំហើញវិបត្តិ គឺ យល់ឃើញខុសជាត្រូវ ប្រកាន់យកគោលគំនិតខ្លួនជាធំ
មិនព្រមស្តាប់គំនិត​យោបល់អ្នកដទៃ គ្មានអ្នកណាដាស់តឿនបាន ។
5.ក្រឡិចក្រឡុច គឺ មាននិស្ស័យកុហកបោកប្រាស់ ទល់មុខញញឹមឲ្យនៅក្រោយនិន្ទា ។
ជនណាមាននិស្ស័យដូចបានរៀបរាប់មកខាងលើសូម្បីតែមួយយ៉ាង ក៏ចាត់ចូលជាប្រភេទ
មនុស្សអន់ចរិត ឬ មនុស្សមិនជាបើបាន ជនជាបណ្ឌិតមានព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាដើម
ក្រើនរំលឹកថា មនុស្សអន់ចរិត បើនៅឆ្ងាយហើយ ឲ្យនៅឆ្ងាយតទៅទៀត
ចៀសបានក៏គប្បីចៀស បើសេពគប់ ឲ្យលះលែង ពីព្រោះបើនៅតែ ចូលជិត ឬ សេពគប់ មេរោគនៃនិស្ស័យអន់ចរិតនោះអាចនឹងរាតត្បាតឆ្លងមកយើងបាននៅថ្ងៃណាមួយ
សមដូច ពាក្យថា ការពារទុកមុនគ្រាន់បើជាងកែខៃជាក្រោយ ម្យ៉ាងទៀត
ការដែលលោកសម្តែង​លក្ខណៈអន​ ចរិតនេះទុកក៏ដើម្បីដាស់តឿនស្មារតីមនុស្សយើងឲ្យចេះ
ត្រួតពិនិត្យមើលខ្លួនឯងថាតើមាន និស្ស័យបែប នេះ ឬទេ ប្រសិនបើមាន ក៏ប្រញាប់កែកុន
ខ្លួនឯងឲ្យបានប្រសើរមុនពេលកែលែងឡើង ។តាមការពិត
និស្ស័យអន់ចរិត មិនមែនមានមកតាំងពីកំណើតទេ ប៉ុន្តែទើបតែមានជាខាងក្រោយ
ហេតុនោះ​នៅ មានឱកាសកែក្រឡាស់ ផ្លាស់ប្តូរ ឬ កែលម្អចរិតរបស់ខ្លួនឯងបាន
កាលបើកែក្រឡាស់ផ្លាស់ប្តូរនិស្ស័យអន់ចរិត របស់ខ្លួនឯងបានហើយ
ពាក្យប្រមាថ ការនិន្ទា ពីអ្នកដទៃថាជាមនុស្សអន់ចរិត ឬ មនុស្សមិនជាបើ
ក៏អស់ទៅ ដោយស្វ័យប្រវត្តិ លើកលែងតែខ្លួនឯងនៅតែរក្សាចរិតដើមនេះទុកដដែល
មិនព្រមទទួលស្គាល់ការពិត ទោះបីជាគេឯងប្រាប់ដាស់តឿនយ៉ាងណា
ក៏មិនព្រមកែខ្លួន កាលបើយ៉ាងនេះក៏ក្លាយទៅជាមនុស្សអន់ចរិត
អចិន្រ្តៃយ៍ក្ស័យទាំងរស់ទៅហោង ។

ពាក្យថា មិនជាបើ ឬ គ្រាន់បើ អាស្រ័យទៅលើអត្តចរិតរបស់ខ្លួនឯងជាប្រការសំខាន់
ខ្លួនបានទទួល ផលយ៉ាងណា មិនគួរទៅបន្ទោសអ្នកដទៃ ឬ អ្វីដទៃថា ធ្វើឲ្យខ្លួន
ទៅជាយ៉ាងនេះយ៉ាងនោះឡើយ ការបន្ទោស មេឃដី ឬ អ្នកដទៃ ប៉ុន្តែមិនបន្ទោស
ខ្លួនឯងមិនមែនជាការកែចរិតអន់ របស់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាព នោះទេ
យ៉ាងហោចណាស់បានត្រឹមតែស្រួលចិត្តខ្លះប៉ុណ្ណោះឯង បើចង់ឲ្យក្លាយទៅជា
មនុស្សគ្រាន់បើមែនទែន គប្បីកែចរិតខ្លួនឯងទើបត្រឹមត្រូវ ។

សូមអរព្រះគុណ និង សូមអរគុណ

….

Advertisements

2 responses to “គ្រាន់បើ ប្រសើរជាង អន់ចរិក

  1. ចុះទៅចងកំហឹងនឹងអ្នកណាបានជាខឹងសរសេរប្រកាសក្ដែងៗចឹង 😀

    • សួស្ដី បងប្រុស !!

      មិនបាន ចងកំហឹងជាមួយនរណា​នោះទេ ប៉ុន្ដែ ធ្លាប់យក អត្ថបទនេះ មកពិភាក្សា ម្ដងដែរ ហើយ
      យល់ថា មានន័យល្អ ក៏យកមកចែកជូន នៅទីនេះ ទៅ ជាការលំហែ អារម្មណ៏ ៗ ! ហេហេហេ!

      រួចសុខសប្បាយទេ បងប្រុស ថ្ងៃនេះ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s