Monthly Archives: ខែ​កុម្ភៈ 2011

ភ្នំ និងសមុទ្រ

នៅក្នុងពិភពលោកមួយនេះ អ្វីគ្រប់បែបយ៉ាងដែលមាន
រូបរាង សុទ្ធតែកកើតឡើងពីបណ្ដុំតូចៗ ទើបវាក្លាយជាមានទំហំ ទៅតាមបែបបទ
ឬក្រិតក្រម របស់ធម្មជាតិ ទាំងនោះ ។

…កាលដែលភ្នំថៃសាន មានកម្ពស់ខ្ពស់ ហើយធំ ក៏ពីព្រោះវា មិនដែលបាន
បដិសេធ នឹងបណ្ដុំដី ឬថ្មតូចៗ និង កំទេចស្លឹកឈើល្អិតៗ ពុកផុយ
នោះហើយ ។ វា ក៏មិនដែលនឹកព្រួយ ឬខ្លាចរំពៃ ដល់ពពួកព្យុះព្យោមា
មហាទឹកជំនន់ ឬធាតុអាកាស ក្ដៅ ឬត្រជាក់ នោះដែរ ជាពិសេសជាងនេះ
វា ក៏មិនដែលនឹក រំពឹងថា ខ្លួននឹងរលត់រលាយ ដូចជា ដំបូក របស់
ស្រមោច នឹងកណ្ដៀរ នោះម្ដងណាឡើយ….
ហេតុនេះហើយ បានជាវា មានភាពអស្ចារ្យ យ៉ាងដូច្នេះ ។

កាលដែលមហាសមុទ្រ មានទំហំធំ ល្វឹងល្វើយ ហើយជ្រៅ ក៏ពីព្រោះវា
មិនដែលបដិសេធ ជាមួយ រាប់កោដ នៃតំណក់ទឹកភ្លៀង ខ្សែបណ្ដាញទឹកតូចៗ នៃទន្លេ ស្ទឹង …
ទោះជាមិនក្លិនល្អ ឬមិនល្អ នោះហើយ ។ ជាពិសេស ជាងនេះទៅទៀត
វានៅតែ រក្សាបាន នូវរសជាតិប្រៃ របស់វា នៅជាប់ដដែល ហេតុនេះហើយ
បានជាវា អស្ចារ្យ ដល់កំរិតហ្នឹង ។

ថ្វីបើ របស់ខាងលើទាំងពីរ មានភាពអស្ចារ្យ យ៉ាងណាមិញ មនុស្សយើង
ក៏ អស្ចារ្យយ៉ាងដូច្នោះដែរ ។ មនុស្សយើងម្នាក់ៗ សុទ្ធតែមាននូវ
សក្ដានុភាព រៀងៗខ្លួន ដែលអាចធ្វើឲ្យខ្លួន ទទួលបានជ័យជំនះ
រាប់ពាន់ដង បង្កើតជាសមិទ្ធិផល ល្អៗ រាប់លាន មិនចេះតិច ។
អ្នកខ្លះ បង្កើតរថយន្ដ សំរាប់ធ្វើតំណើរ ! ខ្លះ បង្កើតកំព្យូទ័រ និងប្រពន្ធ័
សំរាប់ទាក់ទង គ្នាយ៉ាងទូលំទូលាយ ! ខ្លះបង្កើត ឧសថ ថ្នាំសង្កូវ
ឧបករណ៏ប្រើប្រាស់ ផ្សេងៗ សំរាប់តំរូវការ មិនថាផ្លូវកាយ និងចិត្ដ
នោះឡើយ ។ កាលដែល ពួកគេ បានក្លាយជា ដូច្នោះ ក៏មិនមែន
ពួកគេ មិនចេះរស់នៅ ដោយក្ដីលំបាក យ៉ាប់យឹន ស្គាល់តែសុខ
ស្រណុកស្រួល តែម្យ៉ាងនោះទេ ។ ភាពអស្ចារ្យ របស់មនុស្ស មិនមែន
មានដោយសារ ជាតិកំណើត ឋានះយសសក្ដិ ឬកិត្ដិយស របស់បុគ្គល
ដទៃនោះឡើយ ប៉ុន្ដែគឺដោយសារ ដៃទាំងពីរ របស់យើងផ្ទាល់
តែប៉ុណ្ណោះ ។

កាលដែលយើង ដើរយ៉ាងនឿយហត់ អស់កម្លាំង ក្ដៅដង្ហក់
ក៏គង់នៅមាន ម្លប់ឈើ ត្រជាក់ ដ៏ត្រឈៃ នឹងទឺកទន្លេ ឬរណ្ដៅ ដ៏ផ្អែម
ឈ្ងុយឆ្ងាញ់ សំរាប់ពិសារ ។
កាលដែលយើង បាក់កំលាំងចិត្ដ បាត់បង់ ឬចាញ់អ្វីមួយ ក៏គង់នៅមាន
មនុស្សលួងលោមចិត្ដ ( ជាមិត្ដ ឬញាតិ ) នៅក្បែរ ជាអ្នកជួយជ្រុមជ្រែង
ពង្រឹងស្មារតី ជួយ ចែករំលែក ឬ ផ្ដល់កំលាំងចិត្ដ ពីក្រោយ ។
តើរឿងទាំងអម្បាលម៉ានខាងលើ នៅតែមិនអាចធ្វើឲ្យអ្នក អាចលះបង់
អារម្មណ៏ កំសត់ ទុរគត៌ ភិតភ័យ ទោមនស្ស នឹងភាពឯកា បាននោះទេឬ ?

រាល់លើក ដែលមនុស្សជួប បញ្ហា មិនមែនប្រាកដជាក់ថា មនុស្សសុទ្ធតែ
ត្រូវអង្គុយ សំកុក គិតរំពៃ ដល់តែសេចក្ដីព្រួយ លំបាកចិត្ដ នោះទេ ។..
ទោះបីជាពេលខ្លះ មនុស្សត្រូវស្ងៀមស្ងាត់ ក៏ពិតមែន ប៉ុន្ដែ មិនមែនមាន
ន័យថា មនុស្សត្រូវស្ងៀមស្ងាត់ ឬគ្រវាត់ចោល ដំណោះស្រាយ ជារៀង
រហូតនោះឡើយ ។ មនុស្សត្រូវក្រោក ហើយគិត ពិចារណា ដោយ
មធ្យោបាយ យ៉ាងណា ដែលអាចឲ្យខ្លួន ឈានផុតពី ផលវិបាក
ទាំងពួងនោះ ។

ភាពក្លាហាន រឹងមាំ ចិត្ដរឹងប៉ឹង មោះមុត នឹងបញ្ញា របស់មនុស្ស នឹងដឹកនាំ
ឲ្យមនុស្សទាំងឡាយ ឈានផុត ផលលំបាក ទាំងនោះ ហើយបោះជំហាន
យ៉ាងសន្ទុះឡើង ទៅរកឧត្ដមភាព ជោគជ័យ នឹង ឥស្សរភាព របស់ខ្លួន
ជាមិនខាននោះឡើយ …៕

ដោយសេចក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

តើមានអ្វី នៅក្នុងស៊ុតដ៏តូចមួយនេះ​?

 

 

 

មនុស្សពិតជាមិនដឹង ឬនិយាយឲ្យចំថា វានឹងមានអ្វីឲ្យពិតប្រាកដ
នោះទេ នៅក្នុងស៊ុត ដែលបិទបាំងជិត ដ៏តូចមួយនេះ ។
អ្នកខ្លះ ប្រហែលជាគិតស្មាន យ៉ាងងាយៗថា ..វា គឺមានកូនសត្វ
ជាមិនខាន ។ បើស៊ុតនេះ រាងធំ ក៏តាំងគិតថា មានកូនទា
បើស៊ុតទំហំល្មម ក៏គិតថា ជាកូនមាន់ ហើយបើមានទំហំតូច
ក៏តាំងគិតយ៉ាងងាយថា ជាកូន លលក ឬ ចាប ជាដើម ។
ប៉ុន្ដែរឿងទាំងអម្បាលម៉ានខាងលើ វាគឺគ្រាន់តែជា សេចក្ដីសន្និដ្ឋាន
តែប៉ុណ្ណោះ ពីព្រោះការពិត គឺពុំមាននរណាម្នាក់ បានដឹងច្បាស់
នោះនៅឡើយទេ ។ ការដែលស៊ុត នោះមានគុណភាពល្អ
ឬមិនល្អ ក៏មិនទាន់ដឹង ហើយ ការដែលស៊ុតនោះ មានភេទអ្វី
ក៏រឹតតែមិនទាន់ដឹង ផងដែរ ។ ចំពោះ ការដែលគេហ៊ានសន្និដ្ឋាន ដូចខាងលើនេះ
គឺពឹងផ្អែក តែតាមសំបកក្រៅតែប៉ុណ្ណោះ ពុំបានដឹងយ៉ាងស៊ីជំរៅ
អំពីផ្ទៃខាងក្នុង របស់ស៊ុត នោះឡើយ ។

ជិវិតមនុស្សក៏ដូច្នោះដែរ ។ វេលាដែលអ្នកនៅក្មេងៗ មនុស្សចាស់
ក៏មិនដឹងជាក់ ថាអ្នកនឹងក្លាយជាអ្វីឲ្យពិតប្រាកដបាននោះដែរ ។
ពេលខ្លះ ពូកគាត់ ឃើញអ្នក មានជំនាញខាងនេះ ក៏គិតថា អ្នកអាច
ធ្វើការងារប្រភេទនេះ ឬនឹងក្លាយជាមនុស្សប្រភេទនេះ នៅថ្ងៃអនាគត់ ។
ពេលខ្លះ ពួកគាត់ ឃើញអ្នក ធ្វើអ្វីមិនបានល្អ ទាល់តែសោះ នៅពេល
បច្ចុប្បន្ន ហើយតាំងនាំគ្នា រិះគន់អ្នកថា អ្នកនឹងក្លាយជា មនុស្សសំអុយ
ប្រភេទនេះ ឬប្រភេទនោះជាដើម ទៅតាមទំនើងអារម្មណ៏
របស់ពួកគាត់ ។

តើជិវិត របស់អ្នក នឹងសុខចិត្ដ ឲ្យអ្នកដទៃ មកវិនិច្ឆ័យ ថាដូច្នេះ
ឬដូច្នោះ ដោយងាយៗ ដែររឺទេ ?
តាមពិត វាពុំមានអ្វីខុសទាស់ ធ្ងន់ធ្ងរ ប៉ុន្មានទេ ! កាលដែលសួរអ្នក
ដូច្នេះ គឺគ្រាន់តែ ចង់ដាស់អារម្មណ៏ អ្នក ខ្លះៗ តែប៉ុណ្ណោះ ។
ពីព្រោះ ពេលខ្លះ មានមនុស្សមួយចំនួន តែងតែ សំកុក អាកអន់
ចិត្ដ នឹងពាក្យសំដី របស់អ្នកដទៃ ពេលប្រមាថមកលើខ្លួន ។
ហេតុនេះហើយ បានជាឲ្យអ្នក ត្រូវពិនិត្យពិច័យ ខ្លួនរបស់អ្នក
ទៅនឹង ស៊ុត មួយខាងលើ នោះអញ្ចឹង ។
អ្នក នឹងក្លាយជាអ្វី មិនមែនអាស្រ័យ ទៅលើពាក្យសំដី ឬការទស្សន៏ទាយ
របស់អ្នកដទៃ នោះទេ តែវាអាស្រ័យ ទៅលើរូបអ្នកផ្ទាល់ ទៅវិញទេតើ !
ជិវិត របស់អ្នក នឹងក្លាយជាអ្វី គឺដោយសារ ការរៀបចំ ផែនការ ឬ
ដោយការធ្វេសប្រហេស ផ្ទាល់របស់ខ្លួន ។ ពេលដែលអ្នក មានទំនុក
បំរុងប្រុងប្រយ័ត្ន រៀបចំ ផែនការ ជិវិត មានរបៀបរៀបរយ
ជិវិត របស់អ្នក ក៏នឹងក្លាយជា អ្វីដែលអ្នក បានផ្ដួចផ្ដើម តាំងតែពីអ្នក
នៅក្មេង នោះអញ្ចឹង ។

ផ្ទុយទៅវិញ បើអ្នក មិនប្រុងប្រយ័ត្ន
ឬធ្វើផែនការ ជិវិត ឲ្យបានត្រឹមត្រូវ នោះទេ អ្វីដែលអ្នក ចង់ក្លាយជា
នោះ គឺបីដូចជា ក្ដីសុបិន ដែលត្រឹមតែ នៅក្នុងសុបិន អញ្ចឹង !
វានឹងមិនលេចចេញរូបរាង ឲ្យជាក់ពិតប្រាកដ នោះឡើយ ។
អ្នក នឹងជា ស៊ុត សំអុយ ដែលជិវិត គឺសូន្យសុង តាំងពីតំបូង
ឬអ្នក ជាស៊ុត ទន់ខ្សោយ ដែលមិនអាចទំលុះ សំបក ចេញមកក្រៅ
ដើម្បី សំលឹងមើល ពិភពលោក ខាងក្រៅ ឬ បញ្ចេញស្នាដៃជិវិត
ឲ្យអស់ពីទំហឹង នោះផងដែរ ។ នោះមកពី អ្នកផ្ទាល់ តែប៉ុណ្ណោះ!

សូមចូលរួម កែលម្អ ដល់មតិ ខាងលើនេះ ផង !

ដោយសេចក្ដីគោរព រាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

លក្ខណះរបស់បុគ្គលពាល

លក្ខណៈរបស់បុគ្គលពាល

ពាក្យថា“ ពាល” ជាពាក្យបាលី សំស្ក្រឹត ដែលប្រែថា ទន់, ដែលនៅក្មេង, ល្ងង់ខ្លៅ,
មិនឈ្លាស, កាចសាហាវ, អាក្រក់។ ពាក្យថាពាល ក្នុងព្រះពុទ្ធសាសនា បានន័យថា
“ អ្នកកាត់បង់នូវប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ” ។

បុគ្គលពាល ចូលចិត្តប្រព្រឹត្តនូវអំពើពាលាអាវ៉ាសែ ខុសពីសង្គមដែលមានការរស់នៅប្រកប
ដោយសុជីវធម៌ ។ ជាមនុស្សថោកទាបលើកតំកើងតម្លៃខ្លួនឯងថាប្រសើរថ្លៃថ្លាខ្ពង់ខ្ពស់ជាង

អ្នកដទៃ ដោយចិត្តជោរជំនោរខាងរឹងត្អឹង ក្រអឺតក្រអោងកោងព្រហើន មើលទៅអ្នកដទៃថា

មិនគ្រាន់បើប្រសើរស្មើខ្លួន ហើយកើតចិត្តគិតមើលងាយបន្ទាបបន្ថោកអ្នកដទៃដោយទឹកចិត្ត
ក្តី ប្រើពាក្យអសុរសទ្រគោះអសីលធម៌ ប្រើសម្តីមើលងាយនិយាយបន្ថោកដោយប្រការផ្សេង
ៗក្តី ហើយឡើងអំនួតអួតតំកើងខ្លួនឯងថា គ្មាននរណាដល់ខ្លួន។ បុគ្គលទំាងនេះច្រើនតែជា
អ្នកដែលធ្លាក់ជាខ្ញុំកញ្ជះនៃទោសៈ និងសេចក្តីស្រវឹង ព្រោះខ្វះការអប់រំខាងផ្លូវកាយវាចាចិត្ត។ 

ព្រះបោរាណាចារ្យ បានចែកលក្ខណៈរបស់បុគ្គលពាលថាមាន ៣ យ៉ាងគឺៈ

១- ទុក្កដកម្មការី នឹងធ្វើអ្វី ធ្វើតែអំពើអាក្រក់ ។ បានដល់ការប្រព្រឹត្តតែអំពើជាកាយទុច្ចរិតទាំង
បីគឺ សម្លាប់ និងបៀតបៀនមនុស្សសត្វដទៃ១, លួចឆក់ប្លន់កេងប្រវញ្ចន៍ទ្រព្យសម្បត្តិរបស់អ្នក
ដទៃ ១, ប្រព្រឹត្តអសីលធម៌ផ្លូវភេទជាមួយស្វាមី ភរិយាអ្នកដទៃ និងការរំលោភបំពានជាដើម១។

២- ទុព្ភាសិតភាណី បើនឹងពោលអ្វីពោលតែវាចាអាក្រក់ ។ បានដល់អំពើជាវចីទុច្ចរិត៤យ៉ាងគឺៈ
និយាយកុហក បោកប្រាស់ បំផ្លើសបំភ្លៃច្នៃប្រឌិតកាឡៃរឿងរ៉ាវឲ្យឃ្លាតចាកការពិត១, និយាយ
ញុះញង់ធ្វើឲ្យអ្នកដទៃបែកបាក់សាមគ្គឺ ឬបាត់បង់ទំនុកចិត្តចំពោះគ្នានិងគ្នា ១, និយាយពាក្យ
រោយរាយឥតប្រយោជន៍ដែលមិននាំទៅរកសេចក្តីចម្រើនក្នុងការងារនិងកិច្ចប្រតិបត្តិ ១,
និយាយពាក្យអសុរស ទ្រគោះបោះបោកទៅរកអ្នកដទៃ គូថភាណី សម្តីដូចជះលាមកជាដើម១។

៣- ទុច្ចិន្តិតចិន្តី នឹងគិតអ្វីគិតតែខាងផ្លូវអាក្រក់។ បានដល់មនោទុច្ចរិត ៣ យ៉ាង គឺ គិតសម្លឹងរំពៃ
ចង់បានកម្មសិទ្ធរបស់អ្នកដទៃមកជាកម្មសិទ្ធរបស់ខ្លួន ១, មានចិត្តចងអាឃាតព្យាបាទ គំនុំគុំគួន
ចង់ឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ១, មានមិច្ឆាទិដ្ឋិ គឺការយល់ខុសប្រាសចាកធម៌ពិត មិន
ជឿកម្មផល បាប បុណ្យ គុណ ទោស អ្វីជាប្រយោជន៍ និងមិនជាប្រយោជន៍ជាដើម១ ។

បុគ្គលពាលគឺបុគ្គលដែលប្រកបដោយលក្ខណៈទាំងបីយ៉ាងដូចរៀបរាប់ខាងលើនេះ ឯចំណែក
បុគ្គលជាបណ្ឌិត គឺជាបុគ្គលដែលប្រព្រឹត្តផ្ទុយពីលក្ខណៈទាំងបីយ៉ាងនេះ

សូមអរព្រះគុណ…

វាស់អាវ វាស់មនុស្ស

ក្នុងរជ្ជកាល ព្រះមហាក្សត្រ ម៉ឹងស៊ឺចុង ( គស.១៥២២ -១៥៦៦ )

នៃរាជវង្សម៉ឹង មានជាងកាត់ដេរដ៏ល្បីល្បាញម្នាក់ រស់នៅក្នុងរាជធានីនោះ ។

សំពត់អាវ ដែលគេបានកាត់រួចហើយ តែងតែស្លៀកពាក់ទៅសក្ដិសមល្មម ឥតមានទាស់

ធ្វើឲ្យកេរ្ដិ៏ឈ្មោះរបស់គេ កាន់តែល្បីរន្ទឹឡើងជាបន្ដបន្ទាប់ ។

 

ថ្ងៃមួយ មន្រ្ដីជាន់ខ្ពស់ម្នាក់បានហៅគេឲ្យទៅជួប

ដើម្បីកាត់អាវ សម្រាប់ពាក់ទៅចូលគាល់ព្រះមហាក្សត្រ ក្នុងរាជវាំង ។

ពេលដែលវាស់សំពត់អាវរួចសេ្រចបាច់អស់ហើយ ជាងក៏សួរទៅ

មន្ដ្រីនោះថា ៖ ” សូមអភ័យទោស! តើតេជគុណធ្វើការបម្រើរាជការ យូរប៉ុន្មានហើយ

ដែរទៅទានប្រោស ? “

 

មន្ដ្រីនោះបានលឺជាងសួរដូច្នេះ គាត់នឹកឆ្ងល់ ក៏សួរបញ្ច្រាសទៅវិញ៖

” មុខនាទីរបស់ឯងគឺគ្រាន់តែវាស់សំពត់អាវ តែប៉ុណ្ណោះ! តើឯងចង់ដឹងរឿងធ្វើការធ្វើងារ

របស់យើងនបានប្រយោជន៏ស្អីទៅ ? “

ជាងដេរ ឆ្លើយ …” បើមន្ដ្រីក្មេងៗ ទើបនឹងចូលធ្វើការថ្មីៗ ពេលបានកាន់តំណែងខ្ពស់

គាត់មានមោទនភាពនឹងខ្លួនឯងខ្លាំងបន្ដិច ពេលណាគាត់ដើរ គាត់ក៏នឹងដើរ ពើងទ្រូង

ហេតុនេះ ពេលកាត់អាវ យើងត្រូវទុកសម្រុងខាងមុខឲ្យវាវែងជាងខាងក្រោយបន្ដិច ។

បើមន្រ្ដីនោះធ្វើការបានពាក់កណ្ដាលអាយុដែលត្រូវចូលនិវត្ដន៏ ចិត្ដគំនិតរបស់គាត់

ក៏បានស្ងប់ស្ងៀមខ្លះ បើនឹងកាត់អាវឲ្យពួកគាត់ យើងត្រូវកាត់ជាយអាវខាងមុខ

នឹងជាយខាងក្រោយឲ្យវាស្មើគ្នា ហើយបើអស់លោកមន្រ្ដី ដែលចាស់ៗ ជិតដល់ពេល

ចូលនិវត្ដន៏នោះ អារម្មណ៏របស់គាត់ មិនសូវជារីករាយប៉ុន្មាននោះទេ ហេតុនេះ ពេលគាត់ធ្វើ

តំណើរ ដងខ្លួនគាត់ តែងតែឱន ទៅមុខបន្ដិច លែងត្រង់ដូចមុនទៀតហើយ ហេតុនេះ យើងក៏

ត្រូវកាត់ជាយអាវខាងក្រោយ ឲ្យវែងជាងខាងមុខទៅវិញ ។

ដូច្នេះហើយ ប្រសិនបើមិនបានសួរតេជគុណឲ្យល្អិតល្អន់ជាមុនទេ

ខ្ញុំបាទខ្លាចក្រែងលោ កាត់អាវឲ្យតេជគុណមិនសូវសមទានប្រោស!…”

 

រឿងនេះចង់បង្ហាញថា ៖

ប្រការតំបូង ដែលនិទារឿងនេះចង់បង្ហាញ គឺលក្ខណះចិត្ដគំនិត

ជាច្រើនប្រភេទរបស់មន្ដ្រីជំនាន់សក្ដិភូមិ ដែលមានទាំងលក្ខណះធម្មតា

នឹងលក្ខណះរេតាមខ្យល់ ។ ជាងដេរ ត្រូវដឹងរឿងទាំងនេះ ដើម្បីដេរអាចតំរូវ។

តាមពិតទៅ បើយើងមើលដោយសើៗ អាយុការងារ វាអាចមិនទាក់ទងជាមួយនឹង

រឿងកាត់ដេរអ្វីទេ តែវាទាក់ទងទៅនឹងសភាវះចិត្ដ នឹងឥរិយាបថរបស់មនុស្ស ។

ហេតុនេះ ទើបវាយោងបន្ដមកដល់សំពត់អាវ អញ្ចឹងទៅ ។

វត្ថុអ្វីមួយ វាតែងមានបែបបទ របស់ខ្លួនវា ។ តែដោយវាត្រូវមានសម្ពន្ធ័ជាមួយ

វត្ថុផ្សេងៗទៀត ទើបធ្វើឲ្យយើងមានការពិបាកក្នុងការវិនិច្ឆ័យ ។ ហេតុនេះ ដើម្បី

ពិចារណាឬវិនិច្ឆ័យរឿងអ្វីមួយ ឲ្យបានជាក់លាក់ យើងគួរពិចារណាអំពីផល

ប៉ះពាល់រួមផ្សំផ្សេងៗ ផងដែរ ដើម្បីរកលក្ខណះរួមមួយ

ដែលកាន់តែសុក្រឹតជាងមុន ៕

 

 

សូមអរគុណ..

មាន់ស្រុក និង ក្ងានព្រៃ

ធានយ៉ូវ ជាអ្នកនយោបាយដ៏មានសមត្ថភាពខ្ពស់ម្នាក់។

គេបានធ្វើការបម្រើរាជការ ក្រោមព្រះរាជកិច្ចគ្រប់គ្រងរបស់ព្រះមហាក្សត្រ អៃកុង នៃនគរលូ

អស់រយះពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែព្រះអង្គ ពុំបានយកព្រះទ័យទុកដាក់ឲ្យសក្ដិសមទៅ

តាមគុណសម្បត្ដិរបស់គេឡើយ ។ ព្រះអង្គ ទ្រង់ប្រគល់តែកិច្ចការកំប៉ិកកំប៉ុកឲ្យគេធ្វើប៉ុណ្ណោះ។

 

ថ្ងៃមួយ ធានយ៉ូវ បានរៀបចំវេចបង្វេចខោអាវ

ធ្វើដំណើរចូលគាល់ព្រះមហាក្សត្រដល់ទីអាសនះ ហើយក្រាបទូលថ្វាយថា៖

” បពិត្រព្រះករុណាថ្លៃវិសេស! ទូលបង្គំមកនេះ ដើម្បីសូមក្រាប ថ្វាយបង្គំលា ព្រះអង្គទៅរស់នៅ

ទីកន្លែងផ្សេងហើយក្រាបទូល!! “

 

ព្រះមហាក្សត្រទ្រង់ចំឡែកក្នុងព្រះទ័យ ក៏ត្រាស់សួរទៅគេថា ៖

” តើលោកចង់ទៅនៅឯណាវិញ ? ”

ធានយ៉ូវ ទូលថ្វាយព្រះអង្គវិញ …” ទូលបង្គំ ចេញទៅរៀនហើរឲ្យដូចជាក្ងានព្រៃ

វិញក្រាបទូល! ” …

ព្រះមហាក្សត្រនៅតែមិនទាន់បាត់ឆ្ងល់…” លោកចង់និយាយថាម៉េច ? “

ធានយ៉ូវ បកស្រាយថា៖..” ព្រះអង្គ ពិតជាទ្រង់ជ្រាបអំពីមាន់ស្រុក បានច្បាស់លាស់ណាស់ ។

មាន់ស្រុក វាមានសិរ នៅពីលើក្បាល បានន័យថា វាមានចំណេះទូទៅដូចរាស្រ្ដធម្មតាដែរ ….

ជើងវាមានខ្នាយ ជាការបញ្ជាក់ថា វាមានចំណេះវិជ្ជាខាងធ្វើសឹកសង្រ្គាម ពេលជួបនឹងសត្រូវ

វាហ៊ានតស៊ូប្រយុទ្ធ បានន័យថា វាមានសេចក្ដីក្លាហាន ..ពេលបានចំណី វាបញ្ចេញសំលេងឲ្យ

គ្នីគ្នាដឹង នោះបង្ហាញថា វាមានចិត្ដមេត្ដា..ដល់ពេលទៀបភ្លឺ វាតែងរងាវ យ៉ាងទៀងទាត់ នោះ

បង្ហាញថា វាមានចិត្ដស្មោះត្រង់…សូម្បីតែមាន់ វាមានគុណសម្បត្ដិល្អៗគ្រប់ទាំង៥យ៉ាង បែបនេះ

ក៏ដោយ  ព្រះអង្គទ្រង់នៅតែសោយសាច់មាន់ ក្លែមជាមួយទឹកច័ណ្ឌ ( សុរា ) ជាប្រចាំ…….ព្រះអង្គ

ពុំបានរឮក ព្រះទ័យអំពីមាន់សោះឡើយ ហេតុអ្វីបានទៅជាដូច្នោះ? នោះក៏ដោយសារ មាន់វា នៅកៀក

ជិតនឹងព្រះអង្គពេក ទើបបានជាព្រះអង្គ ទតមិនសូវឃើញ នឹងបើធៀបទៅនឹងក្ងានព្រៃ វាជាសត្វ

ដែលហើរមកពីឆ្ងាយ ចុះមកមាត់ស្រះក្បែរឧទ្យានព្រះអង្គ ទោះជាវាចាប់ត្រី ចាប់ក្ដាមដែលព្រះអង្គ

បានចិញ្ចឹម នៅក្នុងស្រះ ទាល់តែអស់រលីង វាបំផ្លិចបំផ្លាញស្រូវស្រែចំការ ច្បារដំណាំរបស់ប្រជារាស្រ្ដ

រហូតហិនហោចខ្ទេចខ្ទី ដែលគិតមើលទៅ វាគ្មានគុណសម្បត្ដិអ្វីសោះ តែព្រះអង្គបែរជាសណ្ដោស

ប្រោសប្រណី ទ្រង់ហាមមិនឲ្យអ្នកណា ធ្វើអ្វីពួកវាជាដាច់ខាត ហេតុអ្វីបានជាដូច្នោះ ? ទាំងនេះក៏ដោយ

សារតែ ក្ងានព្រៃ វាជាសត្វដែលហើរមកពីទីឆ្ងាយ ហើយវាមានចំនួនតិចទៀត ផង ។ ហេតុនេះ សូមព្រះអង្គ

ទ្រង់មេត្ដាប្រោសប្រណី ឲ្យទូលបង្គំបានហិចហើរដូចជាសត្វ ក្ងានព្រៃ ផងចុះក្រាបទូល‌‌‌‌!!…”

 

រឿងនេះចង់បង្រៀនថា៖…

ធានយ៉ូវ បាននាំយកមាន់ស្រុក និង ក្ងានព្រៃ មកប្រៀបធៀបអំពីវិធី ប្រើមនុស្ស

របស់ព្រះមហាក្សត្រ អៃកុង ឲ្យទ្រង់បានជ្រាប ។ នេះជាការពិចារណាប្រៀបធៀប

មានលក្ខណះស៊ីជំរៅ…ដែលមិនមែនមានតែនៅក្នុងសម័យបុរាណនោះទេ ។

 

លោក មីហាលី ស៊ិកសិនមីហាយ ជាចិត្ដវិទូដើមកំណើតហុងគ្រី

បានកត់សំគាល់ថា មនុស្សពូកែៗ អ្នកគិតច្នៃប្រឌិត ទោះបីជាគេ អាចធ្វើកិច្ចការ

នៅទីកន្លែងណាក៏បាន….ប៉ុន្ដែគេចូលចិត្ដ ទៅរស់នៅទីកន្លែងដែលមនុស្សនៅទីនោះ

ស្គាល់ពីតម្លៃការងាររបស់ខ្លួន ។ ហេតុនេះ អ្នកដឹកនាំ ស្ថាប័នធំៗ ឬអ្នកដឹកនាំប្រទេស

បើមិនចាប់អារម្មណ៏មិនស្គាល់ពីតម្លៃរបស់បុគ្គលទាំងនោះទេ ហើយត្រឡប់ជាទៅលើក

តម្កើនពួកក្ងានព្រៃទៅវិញ អ្នកនោះក៏មិនខុសអីពី សេ្ដច អៃកុង នៃនគរលូ អញ្ចឹងដែរ …៕

 

សូមអរគុណ…

 

ឈប់ !!!

អត្ថបទដកស្រងពី ព្រះធម៌

 

អង្គុលិមាលចោរ យារដាវដេញតាមព្រះពុទ្ធអង្គ មានបំណងនឹងប្រហារព្រះអង្គ

ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួនគ្រប់មួយពាន់នាក់ ។មានសេចក្តីអស្ចារ្យក្នុងចិត្តខ្លាំង

ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់ កាលដែលហត់ ពេកមិនអាចរត់តទៅទៀតបាន

ទើបហៅឲ្យព្រះអង្គទ្រង់ឈប់ថា «សមណៈឈប់ សមណៈឈប់» ។

ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា «ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ ។

អង្គុលិមាលសួរព្រះអង្គថា «បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្តេចយាង តែពោលថាតថាគតឈប់

ទាំងពោលចំពោះមុខខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។

បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនោះនឹងព្រះអង្គ ព្រោះហេតុអ្វីបានជាព្រះអង្គឈ្មោះថាឈប់

ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់?»

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា

«ម្នាលអង្គុលិមាល៍ តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញាចំពោះសត្វទាំងពួងគ្រប់វេលាហើយ

ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះតថាគតទើបឈ្មោះថាឈប់

ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ» ។

អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង

គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀត ហើយចូលទៅថ្វាយបង្គំព្រះបាទានៃព្រះបរមសាស្តា

សូមផ្នួសនឹងព្រះអង្គលះបង់ចោលនូវបាបកម្មអំពើអាក្រក់ដែលធ្លាប់ធ្វើ ទាំងពួងនោះ

លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយព្រះអង្គដែរ ។

 

ចំណែកយើងវិញឈប់ហើយឬនៅ?

ឈប់ធ្វើអាក្រក់ ឈប់ឈ្លោះគ្នា…ដើម្បីសេចក្តីបរិសុទ្ធជារបស់ចំពោះយើងខ្លួនឯង ។

អ្នកណាប្រមាទក្នុងកាលមុន ក្រោយមកមានគុណមិនប្រមាទ

អ្នកនោះញ៉ាំងលោកឲ្យស្វាងស្អាត ដូចចន្ទផុតឃ្លាតចាកពពក ។

«ពន្លឺធម៌ព្រះពុទ្ធ»

បាត់ពូថៅ

តាចាស់ម្នាក់ បានបាត់ពូថៅ របស់ខ្លួនរកមិនឃើញ

គាត់សង្ស័យថា ក្មេងម្នាក់នៅក្បែរផ្ទះជាអ្នកលួចយកពូថៅ របស់គាត់ជាមិនខាន ។

ដោយសារតែការសង្ស័យនេះ គាត់ខំតាមដាន សង្កេតទៅលើ

អាកប្បកិរិយាគ្រប់យ៉ាងរបស់ក្មេងនោះ ។ កាន់តែសង្កេត គាត់កាន់តែមើលឃើញតាំង

ពីដំណើរ ទឹកមុខ សម្ដីនិយាយ គ្រប់ឥរិយាបថរបស់គេ សុទ្ធតែបង្ហាញឲ្យឃើញកាន់តែច្បាស់

ថា ក្មេងនោះ ជាអ្នកលួចពូថៅ របស់គាត់ ។

 

ក្រោយពីនោះមិនយូរប៉ុន្មាន តាចាស់នោះ បានរកឃើញពូថៅនោះវិញ

ដោយសារតែគាត់បានភ្លេចវា នៅពេលដែលគាត់ទៅកាប់ឈើនៅលើភ្នំ ។

លុះព្រឹកឡើង ពេលគាត់ជួបនឹងក្មេងនោះ គាត់គិតពិចារណាអំពីអាកប្បកិរិយា

របស់គេសារជាថ្មី ឃើញថា ពុំមានអ្វីគួរឲ្យសង្ស័យថាជាអ្នកលួចពូថៅ របស់គាត់

បន្ដិចណាឡើយ ៕

 

រឿងនេះ ចង់បង្រៀនថា ៖

តាមពិត សកម្មភាពរបស់ក្មេង នោះពុំមានប្រែប្រួលអ្វីឡើយ

ប៉ុន្ដែដោយសារតាចាស់ មានអារម្មណ៏ពីរបែបខុសគ្នា

ទើបគាត់មើលឃើញក្មេងនោះទៅតាមរូបភាពពីរយ៉ាង…

ទាំងពេលកំពុងបាត់ និងក្រោយពេលរកឃើញពូថៅ ។

ក្នុងសង្គមមនុស្សយើងគឺវាដូច្នោះ  បើយើងមើលនរណាម្នាក់ក្នុង

ផ្លូវអាក្រក់ យើងនឹងឃើញគេ អាក្រក់

ផ្ទុយទៅវិញ បើយើងមើលនិងគិតឲ្យល្អ យើងនឹងឃើញផ្លូវល្អៗច្រើនជាង ។

ការវិនិច្ឆ័យរឿងអ្វីមួយដោយគ្រាន់តែស្មានព្រាវៗ ពុំមានគោលការណ៏

ឬភស្ដុតាងជាក់លាក់ វាតែងតែនាំឲ្យខុស ប៉ុន្ដែនៅក្នុងជិវិតពិត

មនុស្សចូលចិត្ដបង្កើតរូបារម្មណ៏ ( Imagine ) ដោយខ្លួនឯង

ធ្វើឲ្យមានអគតិ ឬលំអៀងដែលឈានទៅដល់វិធី លាបពណ៌ឲ្យអ្នកដទៃ

ធ្វើឲ្យសទៅជាខ្មៅ ឯខ្មៅទៅជា ស នោះឯង ៕

៥០ជំហាន ចំអកឲ្យ ១០០ ជំហាន

ព្រះចៅ លៀងហ៊ុយ តែងតែប្រមែប្រមូលកែនប្រជារាស្ដ្រ

យកមកធ្វើជាទាហាន ហើយបញ្ជូនទៅច្បាំង ដើម្បីប្លន់ទ្រព្យសម្បត្ដិ ពីនគរផ្សេងៗ

ជាប្រចាំ ។ ថ្ងៃមួយ ព្រះអង្គទ្រង់ត្រាស់សួរទៅ ម៉ឹងជឺ ថា គិតសព្វៗទៅ យើងបាន

ពលីកម្លាំងកាយកម្លាំងចិត្ដដល់ប្រទេសយើងសម្បើមណាស់ ពេលណាភាគខាងជើង

ជួបនឹងគ្រោះភ័យ យើងជម្រ្លៀសប្រជាជនឲ្យទៅភាគខាងកើត

ហើយដឹងជញ្ជូនស្បៀង

ពីភាគខាងមកភាគខាងជើង ហើយបើពេលណាភាគខាងកើតមានគ្រោះភ័យ យើងក៏

ធ្វើដូចគ្នានេះដែរ …យើងបានពិចារណាសព្វគ្រប់ទៅឃើញថា គ្មានអ្នកណាមួយដែល

ចេះយកចិត្ដទុកដាក់

ស្រឡាញ់ប្រជារាស្រ្ដដូចជាយើងនេះទេ…ប៉ុន្ដែប្រជាជនរបស់ប្រទេស

ជិតខាង ម៉េចក៏មិនមានចុះថយ? ចំណែកឯ ចំនួនប្រជារាស្ដ្រ

របស់យើង ក៏មិនឃើញកើន

ឡើង តើនេះព្រោះហេតុអ្វីទៅ ? “

ម៉ឹងជឺ ដឹងថា ស្ដេចចង់បង្កើនកងទ័ព ។ គេបានក្រាបទូលថ្វាយថា

” ព្រះអង្គ ជាព្រះមហាក្សត្រ ដែលសព្វព្រះទ័យទៅលើ

ការធ្វើសឹកសង្រ្គាម  ដូច្នេះទូលបង្គំ

នឹងលើកអំពីការធ្វើសង្រ្គាមយកមកប្រៀបធៀប….ពេលណាស្គរជ័យ

ចាប់ផ្ដើមបន្លឺឡើងកងទ័ពទាំងសងខាង

ក៏ចាប់អាវុធវាយសម្រុកប្រយុទ្ធគ្នាភ្លាមដែរ…បើភាគីណាមួយចាញ់

គេក៏ទម្លាក់អាវុធ រត់ប្រាស់អាយ៉ូសអញ្ចឹងទៅ ។

ឧបមាថាក្នុងពេលនោះ មានអ្នកខ្លះរត់បាន ៥០ ជំហាន….ឯអ្នកខ្លះទៀត

រត់បាន ១០០ជំហាន។

អ្នករត់បាន ៥០ ជំហាន គេមុខជាសើចចំអកឲ្យអ្នករត់ ១០០ជំហាន

ថាជាមនុស្សកំសាក ខ្លាចស្លាប់។

ហេតុនេះ សូមព្រះអង្គត្រង់ព្រះតម្រិះផងចុះថា តើវាសមរម្យដែរឬទេក្រាបទូល?”

ព្រះអង្គម្ចាស់ លៀងហ៊ុយ ទ្រង់ត្រាស់ថា

“ពិតហើយ ! វាជារឿងមិនត្រូវទេ! ព្រោះអ្នកថាឲ្យគេនោះ

ក៏រត់បាទជើងស ព្រាតដូចតែគ្នា!

ទោះជាវារត់មិនទាន់បាន ១០០ជំហាន ក៏នៅតែ

ហៅថា រត់ប្រាសអាយ៉ូសដូចគ្នាហ្នឹងឯង! “

ម៉ឹងជឺ ក៏បន្ថែមថា

” បើព្រះអង្គទ្រង់ព្រះតម្រិះអំពីហេតុផលនេះហើយ ហេតុអ្វីក៏ព្រះអង្គ

ចង់ឲ្យប្រជារាស្រ្ដមានចំនួន

លើសបីបណ្ដាមិត្ដជិតខាងធ្វើអ្វី ? ” …

រឿងនេះចង់បង្ហាញថា៖

រត់បាន ៥០ជំហាន ឬ ១០០ជំហាន វាខុសគ្នាតែខាងបរិមាណប៉ុណ្ណោះ !

បើនិយាយពីធាតុពិត គេហៅថារត់ប្រាសអាយ៉ូសដូចតែគ្នា ។ បើមើលសើៗ

អំពីស្ដេច លៀងហ៊ុយ  ព្រះអង្គបានធ្វើអ្វីៗ តែបន្ដិចបន្ដួច ប៉ុណ្ណោះសម្រាប់

ប្រជារាស្រ្ដ តែធាតុពិត ព្រះអង្គ គឺជាអ្នកបង្កគ្រោះភ័យដល់រាស្រ្ដទៅវិញ មិនខុស

អីពីពួកផ្ដាច់ការ ដែលនៅជិតខាងព្រះអង្គ នោះឡើយ ។

ក្នុងការពិចារណាពីបញ្ហា

យើងមិនត្រូវមើលតែសើៗនោះទេ​ ត្រូវរាវរក

ឲ្យឃើញធាតុពិត ដែលបង្កប់ពីខាងក្នុងផងដែរ ។

បើមិនសើច ! មិនអាចសប្បាយ !

កាលសម័យដើម  មានបុរសអន្ទះសា ( ចិត្ដក្ដៅ ) មា្នក់ចូលទៅ

ក្នុងហាងគុយទាវមួយកន្លែង ។ គេមិនទាន់បានកុម្ម៉ង់អ្វីនៅឡើយផង ស្រាប់តែ

ស្រែកឡោងៗថា “ ហេតុអីបានជាមិនដាក់គុយទាវមកឲ្យយើង? ”

ថាហើយគេក៏អង្គុយចុះទៅ ! ឯម្ចាស់ហាងក៏ចិត្ដក្ដៅមិនធម្មតាដែរ។ គេយកគុយទាវ

មួយចានចាក់លើតុពីមុខបុរសនោះ ហើយនិយាយថា “ ឆាប់ប្រមូលស៊ីទៅ ! យើង

ប្រញាប់យកចានទៅលាង ! ” ??? បុរសនោះខឹងជាខ្លាំង ពេលត្រឡប់មកដល់ផ្ទះ

គេក៏រអ៊ូដាក់ប្រពន្ធ ” យឺស ! អាគាត់នេះ វាធ្វើឲ្យអញ ខឹងចង់ងាប់!…”

និយាយមិនទាន់ចប់ស្រួលបួលផង  ប្រពន្ធក៏ប្រមែប្រមូលសំពត់អាវ ហើយនិយាយ

ខ្លាំងៗដាក់ប្ដី...” បើឯងងាប់ ខ្ញុំនឹងអាលទៅរៀបការប្ដីថ្មីទៀត ! ”

គ្រាន់តែនិយាយចប់ភ្លាម ប្រពន្ធនោះក៏មិនអន់ប៉ុន្មានដែរ នាងវេច បង្វេចចេញពីផ្ទះ

ទៅរៀបការប្ដីថ្មីតាមចិត្ដក្ដៅអញ្ចឹងទៅ ។ ការបានត្រឹមតែ មួយយប់ ស្អែកឡើង

លោកប្ដីថ្មីក៏បន្ទាន់ណាស់ដែរ គេសុំលែងក្ដៅៗ តែម្ដង ។ ដល់ប្រពន្ធសួរថា” ម៉េចក៏

ប្រញាប់លែងគ្នាម្ល៉េះ ? ” ប្ដីថ្មីនោះឆ្លើយដោយអាការះ មិនសប្បាយចិត្ដថា “ រហូតមកដល់

ថ្មើណេះហើយ ឯងរកកូនប្រុសឲ្យយើង តែម្នាក់ក៏មិនបានដែរ តើឲ្យយើងចាំដល់អង្កាល់

ណាទៀត ! ” ???…

រឿងនេះ ចង់បង្រៀនថា ៖

ជំងឺអន្ទះសា ឬចិត្ដក្ដៅ  គឺជាចរិតនិស្ស័យរបស់បុគ្គលម្នាក់ៗ ប៉ុន្ដែបើវាជ្រុលហួសពី

បែបបទពិតរបស់ធម្មជាតិ  វានឹងនាំឲ្យកើតជាវិបត្ដិផ្សេងៗ មកដល់ខ្លួនទៅវិញ

ព្រោះដំណើរការវិវត្ដន៏របស់វត្ថុទាំងពួង វាអាស្រ័យទៅលើ បែបបទដ៏សមស្រប

នឹងពេលវេលាកំណត់មួយដ៏ជាក់លាក់ ។ ហេតុនេះ យើងត្រូវសម្របទៅតាម

បែបបទ មិនមែនអាចបញ្ជាបែបបទផ្សេងៗ ឲ្យស្របតាមតែចិត្ដយើងទេ ។

ការចង់ឲ្យអ្វីៗកើតភ្លាមៗ តាមចិត្ដក្ដៅរបស់ខ្លួន វាមិនខុសពីយកខ្ញែរ មករោយ

លើខ្លួននោះឡើយ …។

កម្មចាស់ កម្មថ្មី

អត្ថបទសំរង់ចេញពី សៀវភៅ ព្រះពុទ្ធដឺកា
(………សុភមាណព បានសួរទៅព្រះពុទ្ធបរមគ្រូថា ៖ “ ព្រះអង្គ ! តើហេតុបច្ច័យអ្វីទៅ
ដែលធ្វើឲ្យបុគ្គលខ្លះ មានអាយុខ្លី ហើយ បុគ្គលខ្លះ មានអាយុវែង ? “
ព្រះពុទ្ធ បរមគ្រូ តបវិញថា ៖ ” ការសម្លាប់សត្វ ជាហេតុនាំឲ្យមានអាយុខ្លី ។ ការដែល
មិនសម្លាប់សត្វ ជាហេតុធ្វើឲ្យមានអាយុវែង ។ ប៉ុន្ដែ នេះជារឿងកម្មចាស់ តែប៉ុណ្ណោះ ។ “
ព្រះអង្គ ទ្រង់សម្ដែង បន្ដទៀតថា ” ដល់មករឿង កម្មថ្មី ហេតុដែលនាំឲ្យមានអាយុខ្លី មាន ៥ យ៉ាង គឺ ៖
១ មិនចេះធ្វើខ្លួនឲ្យសប្បាយ
២ មិនស្គាល់ប្រមាណក្នុងការសប្បាយ
៣ បរិភោបភោជនាហារស្លែងដល់សុខភាព
៤ ត្រាច់ចរមិនស្គាល់កាលះទេសះ
៥ មិនប្រព្រឹត្ដព្រហ្មចារ្យ គឺការសេពកាមហួសប្រមាណ ។
បើប្រព្រឹត្ដផ្ទុយគ្នាពីនេះ នោះនឹងទៅជាហេតុ នាំឲ្យមានអាយុវែង ។ បើកម្មចាស់បានកំណត់ទុករួចស្រេច
ទៅហើយ នឹងចាំបាច់មានកម្មថ្មីនេះ ធ្វើអ្វីទៀត ? ” …………………)

ក្រោយពីបានអានបញ្ចប់ អត្ថបទសំរង់ខាងលើនេះរួចហើយ តើបងៗ នឹងមានយោបល់យ៉ាងណាដែរ
ចំពោះ បុគ្គលដែលមានអាយុខ្លី និង បុគ្គលមានអាយុវែង ?

ដោយសេចក្ដីគោព ពីប្អូនប្រុស ពិសិដ្ឋ …

សូមអរព្រះគុណ និង សូមអរគុណ !

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@