Daily Archives: ខែ​កុម្ភៈ 23, 2011

ភ្នំ និងសមុទ្រ

នៅក្នុងពិភពលោកមួយនេះ អ្វីគ្រប់បែបយ៉ាងដែលមាន
រូបរាង សុទ្ធតែកកើតឡើងពីបណ្ដុំតូចៗ ទើបវាក្លាយជាមានទំហំ ទៅតាមបែបបទ
ឬក្រិតក្រម របស់ធម្មជាតិ ទាំងនោះ ។

…កាលដែលភ្នំថៃសាន មានកម្ពស់ខ្ពស់ ហើយធំ ក៏ពីព្រោះវា មិនដែលបាន
បដិសេធ នឹងបណ្ដុំដី ឬថ្មតូចៗ និង កំទេចស្លឹកឈើល្អិតៗ ពុកផុយ
នោះហើយ ។ វា ក៏មិនដែលនឹកព្រួយ ឬខ្លាចរំពៃ ដល់ពពួកព្យុះព្យោមា
មហាទឹកជំនន់ ឬធាតុអាកាស ក្ដៅ ឬត្រជាក់ នោះដែរ ជាពិសេសជាងនេះ
វា ក៏មិនដែលនឹក រំពឹងថា ខ្លួននឹងរលត់រលាយ ដូចជា ដំបូក របស់
ស្រមោច នឹងកណ្ដៀរ នោះម្ដងណាឡើយ….
ហេតុនេះហើយ បានជាវា មានភាពអស្ចារ្យ យ៉ាងដូច្នេះ ។

កាលដែលមហាសមុទ្រ មានទំហំធំ ល្វឹងល្វើយ ហើយជ្រៅ ក៏ពីព្រោះវា
មិនដែលបដិសេធ ជាមួយ រាប់កោដ នៃតំណក់ទឹកភ្លៀង ខ្សែបណ្ដាញទឹកតូចៗ នៃទន្លេ ស្ទឹង …
ទោះជាមិនក្លិនល្អ ឬមិនល្អ នោះហើយ ។ ជាពិសេស ជាងនេះទៅទៀត
វានៅតែ រក្សាបាន នូវរសជាតិប្រៃ របស់វា នៅជាប់ដដែល ហេតុនេះហើយ
បានជាវា អស្ចារ្យ ដល់កំរិតហ្នឹង ។

ថ្វីបើ របស់ខាងលើទាំងពីរ មានភាពអស្ចារ្យ យ៉ាងណាមិញ មនុស្សយើង
ក៏ អស្ចារ្យយ៉ាងដូច្នោះដែរ ។ មនុស្សយើងម្នាក់ៗ សុទ្ធតែមាននូវ
សក្ដានុភាព រៀងៗខ្លួន ដែលអាចធ្វើឲ្យខ្លួន ទទួលបានជ័យជំនះ
រាប់ពាន់ដង បង្កើតជាសមិទ្ធិផល ល្អៗ រាប់លាន មិនចេះតិច ។
អ្នកខ្លះ បង្កើតរថយន្ដ សំរាប់ធ្វើតំណើរ ! ខ្លះ បង្កើតកំព្យូទ័រ និងប្រពន្ធ័
សំរាប់ទាក់ទង គ្នាយ៉ាងទូលំទូលាយ ! ខ្លះបង្កើត ឧសថ ថ្នាំសង្កូវ
ឧបករណ៏ប្រើប្រាស់ ផ្សេងៗ សំរាប់តំរូវការ មិនថាផ្លូវកាយ និងចិត្ដ
នោះឡើយ ។ កាលដែល ពួកគេ បានក្លាយជា ដូច្នោះ ក៏មិនមែន
ពួកគេ មិនចេះរស់នៅ ដោយក្ដីលំបាក យ៉ាប់យឹន ស្គាល់តែសុខ
ស្រណុកស្រួល តែម្យ៉ាងនោះទេ ។ ភាពអស្ចារ្យ របស់មនុស្ស មិនមែន
មានដោយសារ ជាតិកំណើត ឋានះយសសក្ដិ ឬកិត្ដិយស របស់បុគ្គល
ដទៃនោះឡើយ ប៉ុន្ដែគឺដោយសារ ដៃទាំងពីរ របស់យើងផ្ទាល់
តែប៉ុណ្ណោះ ។

កាលដែលយើង ដើរយ៉ាងនឿយហត់ អស់កម្លាំង ក្ដៅដង្ហក់
ក៏គង់នៅមាន ម្លប់ឈើ ត្រជាក់ ដ៏ត្រឈៃ នឹងទឺកទន្លេ ឬរណ្ដៅ ដ៏ផ្អែម
ឈ្ងុយឆ្ងាញ់ សំរាប់ពិសារ ។
កាលដែលយើង បាក់កំលាំងចិត្ដ បាត់បង់ ឬចាញ់អ្វីមួយ ក៏គង់នៅមាន
មនុស្សលួងលោមចិត្ដ ( ជាមិត្ដ ឬញាតិ ) នៅក្បែរ ជាអ្នកជួយជ្រុមជ្រែង
ពង្រឹងស្មារតី ជួយ ចែករំលែក ឬ ផ្ដល់កំលាំងចិត្ដ ពីក្រោយ ។
តើរឿងទាំងអម្បាលម៉ានខាងលើ នៅតែមិនអាចធ្វើឲ្យអ្នក អាចលះបង់
អារម្មណ៏ កំសត់ ទុរគត៌ ភិតភ័យ ទោមនស្ស នឹងភាពឯកា បាននោះទេឬ ?

រាល់លើក ដែលមនុស្សជួប បញ្ហា មិនមែនប្រាកដជាក់ថា មនុស្សសុទ្ធតែ
ត្រូវអង្គុយ សំកុក គិតរំពៃ ដល់តែសេចក្ដីព្រួយ លំបាកចិត្ដ នោះទេ ។..
ទោះបីជាពេលខ្លះ មនុស្សត្រូវស្ងៀមស្ងាត់ ក៏ពិតមែន ប៉ុន្ដែ មិនមែនមាន
ន័យថា មនុស្សត្រូវស្ងៀមស្ងាត់ ឬគ្រវាត់ចោល ដំណោះស្រាយ ជារៀង
រហូតនោះឡើយ ។ មនុស្សត្រូវក្រោក ហើយគិត ពិចារណា ដោយ
មធ្យោបាយ យ៉ាងណា ដែលអាចឲ្យខ្លួន ឈានផុតពី ផលវិបាក
ទាំងពួងនោះ ។

ភាពក្លាហាន រឹងមាំ ចិត្ដរឹងប៉ឹង មោះមុត នឹងបញ្ញា របស់មនុស្ស នឹងដឹកនាំ
ឲ្យមនុស្សទាំងឡាយ ឈានផុត ផលលំបាក ទាំងនោះ ហើយបោះជំហាន
យ៉ាងសន្ទុះឡើង ទៅរកឧត្ដមភាព ជោគជ័យ នឹង ឥស្សរភាព របស់ខ្លួន
ជាមិនខាននោះឡើយ …៕

ដោយសេចក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

តើមានអ្វី នៅក្នុងស៊ុតដ៏តូចមួយនេះ​?

 

 

 

មនុស្សពិតជាមិនដឹង ឬនិយាយឲ្យចំថា វានឹងមានអ្វីឲ្យពិតប្រាកដ
នោះទេ នៅក្នុងស៊ុត ដែលបិទបាំងជិត ដ៏តូចមួយនេះ ។
អ្នកខ្លះ ប្រហែលជាគិតស្មាន យ៉ាងងាយៗថា ..វា គឺមានកូនសត្វ
ជាមិនខាន ។ បើស៊ុតនេះ រាងធំ ក៏តាំងគិតថា មានកូនទា
បើស៊ុតទំហំល្មម ក៏គិតថា ជាកូនមាន់ ហើយបើមានទំហំតូច
ក៏តាំងគិតយ៉ាងងាយថា ជាកូន លលក ឬ ចាប ជាដើម ។
ប៉ុន្ដែរឿងទាំងអម្បាលម៉ានខាងលើ វាគឺគ្រាន់តែជា សេចក្ដីសន្និដ្ឋាន
តែប៉ុណ្ណោះ ពីព្រោះការពិត គឺពុំមាននរណាម្នាក់ បានដឹងច្បាស់
នោះនៅឡើយទេ ។ ការដែលស៊ុត នោះមានគុណភាពល្អ
ឬមិនល្អ ក៏មិនទាន់ដឹង ហើយ ការដែលស៊ុតនោះ មានភេទអ្វី
ក៏រឹតតែមិនទាន់ដឹង ផងដែរ ។ ចំពោះ ការដែលគេហ៊ានសន្និដ្ឋាន ដូចខាងលើនេះ
គឺពឹងផ្អែក តែតាមសំបកក្រៅតែប៉ុណ្ណោះ ពុំបានដឹងយ៉ាងស៊ីជំរៅ
អំពីផ្ទៃខាងក្នុង របស់ស៊ុត នោះឡើយ ។

ជិវិតមនុស្សក៏ដូច្នោះដែរ ។ វេលាដែលអ្នកនៅក្មេងៗ មនុស្សចាស់
ក៏មិនដឹងជាក់ ថាអ្នកនឹងក្លាយជាអ្វីឲ្យពិតប្រាកដបាននោះដែរ ។
ពេលខ្លះ ពូកគាត់ ឃើញអ្នក មានជំនាញខាងនេះ ក៏គិតថា អ្នកអាច
ធ្វើការងារប្រភេទនេះ ឬនឹងក្លាយជាមនុស្សប្រភេទនេះ នៅថ្ងៃអនាគត់ ។
ពេលខ្លះ ពួកគាត់ ឃើញអ្នក ធ្វើអ្វីមិនបានល្អ ទាល់តែសោះ នៅពេល
បច្ចុប្បន្ន ហើយតាំងនាំគ្នា រិះគន់អ្នកថា អ្នកនឹងក្លាយជា មនុស្សសំអុយ
ប្រភេទនេះ ឬប្រភេទនោះជាដើម ទៅតាមទំនើងអារម្មណ៏
របស់ពួកគាត់ ។

តើជិវិត របស់អ្នក នឹងសុខចិត្ដ ឲ្យអ្នកដទៃ មកវិនិច្ឆ័យ ថាដូច្នេះ
ឬដូច្នោះ ដោយងាយៗ ដែររឺទេ ?
តាមពិត វាពុំមានអ្វីខុសទាស់ ធ្ងន់ធ្ងរ ប៉ុន្មានទេ ! កាលដែលសួរអ្នក
ដូច្នេះ គឺគ្រាន់តែ ចង់ដាស់អារម្មណ៏ អ្នក ខ្លះៗ តែប៉ុណ្ណោះ ។
ពីព្រោះ ពេលខ្លះ មានមនុស្សមួយចំនួន តែងតែ សំកុក អាកអន់
ចិត្ដ នឹងពាក្យសំដី របស់អ្នកដទៃ ពេលប្រមាថមកលើខ្លួន ។
ហេតុនេះហើយ បានជាឲ្យអ្នក ត្រូវពិនិត្យពិច័យ ខ្លួនរបស់អ្នក
ទៅនឹង ស៊ុត មួយខាងលើ នោះអញ្ចឹង ។
អ្នក នឹងក្លាយជាអ្វី មិនមែនអាស្រ័យ ទៅលើពាក្យសំដី ឬការទស្សន៏ទាយ
របស់អ្នកដទៃ នោះទេ តែវាអាស្រ័យ ទៅលើរូបអ្នកផ្ទាល់ ទៅវិញទេតើ !
ជិវិត របស់អ្នក នឹងក្លាយជាអ្វី គឺដោយសារ ការរៀបចំ ផែនការ ឬ
ដោយការធ្វេសប្រហេស ផ្ទាល់របស់ខ្លួន ។ ពេលដែលអ្នក មានទំនុក
បំរុងប្រុងប្រយ័ត្ន រៀបចំ ផែនការ ជិវិត មានរបៀបរៀបរយ
ជិវិត របស់អ្នក ក៏នឹងក្លាយជា អ្វីដែលអ្នក បានផ្ដួចផ្ដើម តាំងតែពីអ្នក
នៅក្មេង នោះអញ្ចឹង ។

ផ្ទុយទៅវិញ បើអ្នក មិនប្រុងប្រយ័ត្ន
ឬធ្វើផែនការ ជិវិត ឲ្យបានត្រឹមត្រូវ នោះទេ អ្វីដែលអ្នក ចង់ក្លាយជា
នោះ គឺបីដូចជា ក្ដីសុបិន ដែលត្រឹមតែ នៅក្នុងសុបិន អញ្ចឹង !
វានឹងមិនលេចចេញរូបរាង ឲ្យជាក់ពិតប្រាកដ នោះឡើយ ។
អ្នក នឹងជា ស៊ុត សំអុយ ដែលជិវិត គឺសូន្យសុង តាំងពីតំបូង
ឬអ្នក ជាស៊ុត ទន់ខ្សោយ ដែលមិនអាចទំលុះ សំបក ចេញមកក្រៅ
ដើម្បី សំលឹងមើល ពិភពលោក ខាងក្រៅ ឬ បញ្ចេញស្នាដៃជិវិត
ឲ្យអស់ពីទំហឹង នោះផងដែរ ។ នោះមកពី អ្នកផ្ទាល់ តែប៉ុណ្ណោះ!

សូមចូលរួម កែលម្អ ដល់មតិ ខាងលើនេះ ផង !

ដោយសេចក្ដីគោរព រាប់អាន ពីខ្ញុំ ពិសិដ្ឋ ..