Monthly Archives: ខែ​មីនា 2011

ចំណេះដឹងពិតគឺជាអ្វី ?

ចំណេះដឹងពិតប្រាកដជាអ្វី ?

 

១. អ្នកខ្លះអួតថាខ្លួនជាអ្នកប្រាជ្ញ ព្រោះមានអំណាចគ្រប់គ្រងផែនដី

ធ្វើឲ្យរាស្រ្តព្រួយកើតទុក្ខរីងរៃ ឥតត្រាប្រណីកាន់ចិត្តផ្តាច់ការ ។

២. អ្នកខ្លះយល់ថាខ្លួនជាអ្នកប្រាជ្ញ ប្រើចិត្តកោងកាចបំពេញកិច្ចការ

មិនចេះយោគយល់ដល់លោកអ្នកណា ព្រោះតែគិតថាខ្លួនអស្ចារ្យណាស់ !

 

៣. អ្នកខ្លះគិតថាខ្លួនជាអ្នកប្រាជ្ញ មិនចេះកោតខ្លាចដល់ព្រះជាម្ចាស់

ព្រោះយល់ថាខ្លួនចេះដឹងច្រើនណាស់ ទោះព្រះជាម្ចាស់ក៏មិនស្មើឡើយ !

៤. អ្នកខ្លះជឿថាខ្លួនជាអ្នកប្រាជ្ញ ធ្វើឫកអង់អាចព្រងើយកន្តើយ

ប្រមាថមាក់ងាយមនុស្សទន់ខ្សោយ ឲ្យរងទុក្ខហើយឈឺចិត្តពេកក្រៃ !

 

៥. ឱលោកអ្នកអើយកុំគិតយ៉ាងនេះ សូមកុំប្រហែសកាន់ចិត្តអប្រិយ

ធ្វើបាបអ្នកផ្សេងឃោរឃៅឥតន័យ សូមចេះប្រណីដល់មនុស្សជាតិផង !

៦. សូមកុំមាក់ងាយប្រមាថគ្នាឡើយ សូមកុំកន្តើយជួយមនុស្សទាំងពួង

ឲ្យបានដល់ត្រើយក្តីសុខឥតហ្មង ទើបត្រូវគន្លងនៃអ្នកប្រាជ្ញពិត !

 

៧. ហើយខ្ញុំបានឮព្រះពុទ្ធដីកា លោកបង្រៀនថាចំណេះពិសិដ្ឋ

គឺជាការចេះដឹងពិតក្នុងចិត្ត ធ្វើឲ្យមានពិតចិត្តឧបេក្ខា !

៨. ចិត្តឧបេក្ខានឹងជួយឲ្យបាន មានក្តីសុខសាន្តនៅក្នុងចិន្តា

ឲ្យយើងមានធម៌មេត្តាករុណា ចិត្តមុទិតានឹងមនុស្សគ្រប់ប្រាណ !

 

៩. ព្រោះចំណេះពិតធ្វើឲ្យរូបយើង មានក្តីរុងរឿងលុះថ្ងៃអវសាន

ចេះជួយសង្រ្គោះញាតិមិត្តសន្តាន ឲ្យបានសុខសាន្តដូចរូបយើងដែរ !

១០. ចំណេះដឹងពិតនាំឲ្យយើងមាន ចិត្តល្អក្លាហានចេះស្រឡាញ់ខ្មែរ

ស្រឡាញ់ញាតិមិត្តមិនចេះកែប្រែ អ្នកក្រុងអ្នកស្រែដោយចិត្តសុភាព !

 

១1. ដូច្នេះសូមកុំនឹកចង់ប្រមាថ ធ្វើចិត្តឲ្យស្អាតឲ្យល្អថែមទៀត

ដើម្បីឲ្យក្តីសុខសន្តិភាព រីកឡើងច្រើនទៀតក្នុងដួងចិត្តយើង !

 

BY  Khemara Both

សារាណិយធម៌

សារាណិយធម៌ គឺធម៌ជាហេតុឱ្យនឹករលឹកដល់គ្នា មាន៦ប្រការគឺៈ

 

១- មេត្តាកាយកម្ម មានកាយកម្មប្រកបដោយមេត្តា គឺ

ប្រាថ្នាល្អដល់ក្រុមរួមការងាររួមពួកជន ក្នុងសង្គមតូចធំ ដោយការជួយកិច្ចធុរៈផ្សេងៗ

សម្តែងសេចក្តីពេញចិត្តដោយអាកប្បកិរិយា សុភាពមិនតូងតាង

និងគោរពរាប់អានគ្នាទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ។

២- មេត្តាវចីកម្ម មានវចីកម្មប្រកបដោយមេត្តា

គឺប្រាប់នូវអ្វីដែលជាប្រយោជន៍ ណែនាំឬដាស់ តឿនដោយបំណងល្អ

ពោលវាចាដោយសុភាពរាបសាមិនរម៉ាំងរម៉ោក និងនិយាយដោយសេចក្តីគោរព

ឬសេចក្តីរាប់អាន ទាំងទីចំពោះមុខ និងទីកំបាំងមុខ។

៣- មេត្តាមនោកម្ម មានគំនិតប្រកបដោយមេត្តា

គឺតាំងចិត្តប្រាថ្នាល្អ គិតធ្វើអ្វីឱ្យជាប្រយោជន៍ ដល់គ្នានិងសម្លឹងមើលគ្នាក្នុងផ្លូវល្អដោយទឹកមុខស្រស់បស់។

៤- សាធារណភោគី ជាអ្នកបរិភោគដោយការចែករំលែក

គឺបែងចែកលាភដែលបានមកដោយធម៌ សូម្បីជារបស់បន្តិចបន្តួចក៏ធ្វើការចែកចាយ

ឱ្យបានដល់អ្នកដទៃបរិភោគផង ឬប្រើប្រាស់ផងជាទូទៅ។

៥- សីលសាមញ្ញតា ប្រព្រឹត្តឱ្យល្អដូចអ្នកដទៃ

គឺមានការប្រព្រឹត្តសុចរិតល្អប្រពៃ រក្សារបៀប វិន៍យក្នុងសង្គម

មិនធ្វើខ្លួនឱ្យជាទីរង្កៀស ឬ អន្តរាយនូវកេរ្តិ៍ឈ្មោះរបស់ពួកក្រុមឡើយ។

៦- ទិដ្ឋិសាមញ្ញតា មានការយល់ត្រូវដូចអ្នកដទៃដែរ

គឺមានការឃើញដោយប្រពៃរួមគ្នា យល់ព្រមជាមួយគ្នាក្នុងគោលការណ៌សំខាន់ៗ

កាន់យកនូវឧត្តមគតិ គោលគំនិតល្អៗរបស់ អ្នកដទៃមិនប្រកាន់នូវមានះដោយ

ធ្វើអ្វីតាមតែគំនិតរបស់ខ្លួនមិនស្តាប់ពាក្យអ្នកដទៃនោះឡើយ ហើយម៉្យាងទៀត

មាននូវសម្មាទិដ្ឋិដ៏ខ្ពង់ខ្ពស់ដែលជាទិសដៅដូចគ្នា ប្រព្រឹត្តទៅ

ដើម្បីផ្តាច់បង់នូវការយល់ខុសឱ្យអស់ពីក្នុងចិត្ត។

គោលការណ៍៦យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីនឹករលឹករកគ្នា

ដើម្បីសង្គ្រោះគ្នា ជាធម៌ធ្វើនូវសេចក្តី ស្រឡាញ់រាប់អាន ធ្វើនូវសេចក្តីគោរព

និងដើម្បីមិនទាស់ទែង ដើម្បីសេចក្តីព្រមព្រៀង ដើម្បីភាពតែមូយ។

[គោលធម៌ស្រង់ចាក ទសុត្តរសូត្រ]

សំលេងខេមរបុត្រ

សំលេងខេមរបុត្រ

 

១. ឱសំលេងអើយសំលេងកំសត់ សំលេងទុគ៌តនៃបុត្រខេមរា

សំលេងថ្ងួចថ្ងូរស្រែករកគ្នីគ្នា រំពងព្រឹក្សាខ្លោចផ្សាកន្លង !

២. សំលេងទុក្ខព្រួយខំស្រែករកមិត្រ ដោយក្តីស្មោះពិតសូមអ្នកជួយផង

សូមជួយជាតិខ្មែរកុំប្រែសៅហ្មង ជួយស្រុកយើងផងឲ្យផុតអន្តរាយ !

៣. ពេលនេះស្រុកយើងខ្វះភាពថ្កុំថ្កើង គ្មានអ្វីរុងរឿងនឹកឡើងសែនស្តាយ

សម័យអង្គរដ៏ល្អឆើតឆាយ វប្បធម៌ពណ្ណរាយជាតិយើងថ្កើងថ្កាន !

៤. តែឥឡូវនេះខ្មែរស្ទើររលត់ រាស្ត្រសែនទុគ៌តគ្មានពេលស្រាកស្រាន្ត

បែកបាក់សាមគ្គីព្រោះមេសាមាន្យ គ្មានចិត្តសន្តានជួយខ្មែរដោយស្មោះ !

៥. ឱខ្មែរអើយខ្មែរគួរតែជួយគ្នា ព្រួតដៃសាមគ្គាដោយចិត្តសប្បុរស

ខំធ្វើយ៉ាងណាឲ្យតែជាតិរស់ ខ្មែរមានកិត្តិយសល្បីក្នុងលោកា !

៦. បើយើងជួយគ្នាស្រុកយើងចំរើន មានភាពថ្កុំថ្កើងមិនខានឡើយណា៎

ដូច្នេះសូមយើងស្រុះស្រួលចិន្តា បង្កើតសាលាបង្កើនស្មារតី !

៧. ស្មារតីតស៊ូព្យាយាមជួយគ្នា បំបាត់ប្ញកពាដែលឥតតម្លៃ

ចោលចិត្តមិនស្មោះល្មោភហួសនិស្ស័យ គិតគូររាល់ថ្ងៃតែប្រយោជន៍ខ្លួន !

៨. ឱខ្មែរអើយខ្មែរឆាប់ភ្ញាក់ខ្លួនឡើង នាំគ្នាតម្កើងរក្សាសិល្ប៍ក្បួន

សីលនាំឲ្យយើងបានសុខក្នុងខ្លួន សីលល្អមាំមួនធ្វើឲ្យមនុស្សល្អ !

៩. បើយើងមនុស្សល្អត្រូវចេះរក្សា កេរពីដូនតាឲ្យបានបវរ

កុំឲ្យវិនាសកុំឲ្យវឹកវរ ថែរាស្រ្តនគរឲ្យបានសាន្តត្រាណ !

១០. សំលេងកូនខ្មែរបានតែត្រឹមថ្ងូរ ស្រែកដង្ហោយរោទិ៍រកមិត្តកល្យាណ

ស្រែករកគ្នាជួយរក្សាឲ្យបាន អ្វីដែលខ្មែរមានដ៏ល្អប្រសើរ !

១១. សង្ឃឹមថាមានអ្នកចេះយល់ចិត្ត អាណិតខ្មែរពិតហើយខំបំរើ

ជួយឲ្យស្រុកទេសយើងមានដំណើរ កាន់តែប្រសើររុងរឿងឡើងវិញ ។

១២. តែក្តីសង្ឃឹមមានតិចបំផុត ចិត្តខេមរបុត្រទុក្ខមនោទោម្នេញ

សូមគោរពលាហើយនឹងវិលវិញ ដោយខំទន្ទេញជួយស្រុកយើងផង ។

១៣. លាហើយលាហើយណា៎ពូមាមីង ក្នុងចិត្តខ្ញុំរីងរៃព្រួយកន្លង

ព្រោះក្តីសង្ឃឹមស្តួចពេកកន្លង ថាមានប្អូនបងជួយស្រុកយើងអើយ !

១៤. ដូច្នេះមានតែសូមមិត្តយល់ចិត្ត មេត្តាអាណិតជួយខ្មែរឲ្យស្បើយ

ជួយឲ្យភ្ញាក់ខ្លួនជិតហួសពេលហើយ កុំបីកន្តើយកែប្រែស្មារតី ។

១៥. បើយើងចង់ជួយស្រុកខែ្មរយើងពិត សូមមិត្តអាណិតកុំរង់ចាំអ្វី

កុំចាំមេកោយដែលឥតតម្លៃ តែត្រូវធ្វើអ្វីដែលអាចធ្វើបាន ។

១៦. បើយើងខំប្រឹងធ្វើដោយចិត្តស្មោះ ខ្មែរៗទាំងអស់ត្រូវប្រឹងគ្រប់ប្រាណ

នោះជាតិយើងនឹងបានសុខសាន្តត្រាណ យូរឆាប់គង់បានរុងរឿងវិញហើយ !

 

ដោយ សំលេងខេមរបុត្រ ..សូមអរគុណ

ដួងព្រះអាទិត្យ

ដួងព្រះអាទិត្យ

         ក្នុងបណ្តាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណ
ក្នុងលោកិយយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់ ។
ព្រះអាទិត្យមានកម្លាំងអានុភាព ដ៏ក្រៃលែងបង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង
ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃមនុស្សសត្វ តិណជាតិ
 រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការងារនៃព្រះអាទិត្យដោយពិត ។

        ព្រះអាទិត្យចាប់ផ្តើមរះពីទិសខាងកើត ធ្វើដំណើរយឺតៗសន្សឹមៗ
ប៉ុន្តែនឹងធឹងមាំមួនណាស់។បញ្ចេញរស្មីស្វាងស្រឡះ កំដៅស្រទន់ពេលព្រឹកព្រលឹម ញ៉ាំងលោកនេះឲ្យស្រស់បស់។

       លុះដល់ថ្ងៃខ្ពស់រហូតត្រង់ក៏បន្ថែមកំដៅខ្លាំងឡើងៗ រួចហើយក៏ធ្លាក់ចុះ
ធ្វើដំណើរឆ្ពោះទៅទិសខាងលិច លុះដល់ពេលល្ងាចក៏ត្រជាក់ ថយចុះនូវកំដៅ
ត្រូវគ្នានឹងមនុស្ស ដែលធ្វើការហត់នឿយអស់កម្លាំង
ហើយតាំងនាំគ្នាសម្រាកសម្រាន្ត ។


         ទីបំផុត ព្រះអាទិត្យក៏អស្តង្គតរលត់ចូលកាន់វាំងនននៃរាត្រី ។
កិច្ចការងារនៃដួងព្រះអាទិត្យ ១២ ម៉ោងនោះខ្លាំងក្លាក្រៃលែងណាស់
សូម្បីការដើរយឺត (ដើរយឺតនេះពោលដោយសន្មតិតាមការមើលឃើញ)
ប៉ុន្តែនឹងធឹងមាំមួន
មានកម្លាំងខ្លាំងមហិមា។មនុស្សយើងគិតមើលឲ្យល្អចុះ
ដួងព្រះអាទិត្យតែមួយដួង
ក៏មានរឿងឲ្យគេគិត ឲ្យគេពិចារណា
ច្រើនផ្នែកច្រើនប្រការ ។


       នៅក្នុងការងារដែលមានរបៀបរៀបរយសាងប្រយោជន៍ឲ្យសម្រេច
យ៉ាងធំធេង គឺមិនប្រញាប់ប្រញាល់កញ្ឆក់កញ្ឆែង មិនចិត្តក្តៅធ្វើអ្វីរម៉ោករម៉ាំង
នោះឡើយ
ប៉ុន្តែទ្រទ្រង់កំលាំងដ៏ខ្លាំងក្លារឹងប៉ឹងមាំមួន ។ព្រះអាទិត្យមានកំដៅ
ធ្វើអ្វីឲ្យស្ងួតហួតហែង
យ៉ាងណា ការបដិបត្តិធម៌ក៏រមែងព្យាយាម
ដុតនូវកិលេសឲ្យអស់ទៅ ដូច្នោះដែរ ។


      ព្រះអាទិត្យកម្ចាត់នូវភាពងងឹត ចំណែកអ្នកបដិបត្តិធម៌រមែងកម្ចាត់នូវអវិជ្ជា ។
ព្រះអាទិត្យអណ្តែតក្នុងលំហអាកាស មានកិច្ចសំខាន់ណាស់ចំពោះលោកនេះ
យ៉ាងណា
យោនិសោមនសិការក៏ពិនិត្យពិចារណានូវសង្ខារលោករឿយៗ
យ៉ាងនោះឯង ។


      ព្រះអាទិត្យមានរស្មីដោយជុំវិញ ឯអ្នកបដិបត្តិធម៌វិញ
ក៏មានអារម្មណ៍នៃព្រះកម្មដ្ឋានដោយជុំវិញដែរ ពោលគឺបញ្ញាដឹងអារម្មណ៍ជុំវិញជីវិត ។
ព្រះអាទិត្យ ញ៉ាំងលោកឲ្យប្រព្រឹត្តទៅទាំងសត្វលោក ទាំងធម្មជាតិដែលឥតមានវិញ្ញាណ
យ៉ាងណាមនុស្សយើងកើតមកក៏គួរតែធ្វើប្រយោជន៍ឲ្យដល់លោកនេះ បើមិនបានច្រើនក៏គង់តែខ្លះៗដែរ ។

       ម៉្យាងទៀត ជីវិតដូចព្រះអាទិត្យដែលព្រះអាទិត្យមិនមានការឈប់នៅមួយ
កន្លែងឡើយ កាលមានពន្លឺរស្មីហើយ ក៏រះខ្ពស់ ខ្ពស់ហើយក៏ត្រង់ រួចក៏រសៀល
 ទីបំផុតក៏
លិចបាត់ អស់ពន្លឺរស្មី អ្នកណាយំស្រែកអង្វររកឲ្យឈប់ស្ងៀមនៅយ៉ាងណា
ក៏មិនស្តាប់ការអង្វរកររបស់អ្នកណាឡើយ ។

      ព្រះអាទិត្យទៀបនឹងអស្តង្គត បានបង្ហាញនូវភាពស្អាតដែលនាំ
ឲ្យអ្នកផងទាំងពួងរីករាយក្នុងការមើលចំណែកការអស្តង្គតនៃជីវិតវិញ
តើយើងបានទុកសេចក្តីល្អយ៉ាងណាឲ្យលោកនេះ ។

ដួងសុរិយាបំភ្លឺនៅពេលថ្ងៃ  ចន្ទពេញបូណ៌មីបំភ្លឺពេលយប់
ព្រះធម៌ល្អណាស់ភ្លឺខ្លាំងលើសលប់    ទាំងថ្ងៃទាំងយប់កម្ចាត់មោហា។

«សៀវភៅ ៤៨ ធម្មទស្សន៍»

សុចរិត ៣ យ៉ាង

សុចរិត ៣ យ៉ាង ៖

 
          ១-កាយសុចរិត មាននូវសុចរិតផ្លូវកាយ មានការប្រព្រឹត្តប្រាសចាកទោស
ទាំងឡាយ មានកាយសង្រួមដោយ ប្រពៃ វៀរចាកការសម្លាប់សត្វ វៀរចាក
ការលួចប្លន់កេងប្រវញ្ចន៍ឆបោក វៀរចាកការប្រព្រឹត្ត មិច្ឆាចារក្នុងកាមគុណទាំងឡាយ សមាទានប្រព្រឹត្តឱ្យស្អាតផ្លូវកាយ ប្រៀបបីដូចជាប្រដាប់ ទៅដោយអលង្ការ។

       ២- វិចីសុចរិត មាននូវសុចរិតផ្លូវវាចា មានសម្តីប្រៀបបីដូចផ្កា មានវាចាសង្រូម
ដោយប្រពៃ វៀរចាកសម្តីលាមក(គូថភាណី)គឺការនិយាយកុហក ការនិយាយញុះញង់ ការនិយាយទ្រគោះ បោះបោក ការនិយាយរោយរាយឥតប្រយោជន៍ សមាទានជំនួសមកវិញនូវពាក្យពីរោះពិសាជាវាចា ប្រៀបបីដូចជាទឹកឃ្មុំ(មធុភាណី)។

      ៣- មនោសុចរិត មាននូវសុចរិតផ្លូវចិត្ត មិនល្មោភ មិនរំពៃ
មិនគិតរកផ្លូវដើម្បីឱ្យបាន
របស់អ្នក ដទៃ មានតែគិតពីការឱ្យដើម្បីជួយសង្គ្រោះ
គិតអំពីការបរិច្ចាគទ្រព្យសម្បត្តិ
ដើម្បីធ្វើជាទាន អប់រំចិត្ត ឱ្យ ទូលាយក្នុងការលះបង់
និងមិនគិតបៀតបៀន មិនគិតព្យាបាទដល់អ្នកដទៃ មានសេចក្តីប្រាថ្នាល្អ
ប្រកបដោយមេត្តាករុណា សំដៅទៅរកប្រយោជន៍សុខឱ្យដល់គ្នានឹងគ្នា
 និងម៉្យាងទៀត មានការ
ឃើញត្រូវជាសម្មាទិដ្ឋិ យល់ច្បាស់ក្នុងច្បាប់របស់កម្មថា
ធ្វើល្អបានផលល្អ
ធ្វើអាក្រក់បានផល អាក្រក់ មានការឃើញត្រូវនៅក្នុងគុណទោស
ហើយនិង យល់ច្បាស់អំពីច្បាប់ធម្មជាតិ ទៅតាម ហេតុផល។


 

សូមអរព្រះគុណ

ដួងព្រះចន្ទ័

ដួងព្រះចន្ទ័

            ព្រះចន្ទខាងខ្នើតរមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗយ៉ាងណា
ជនប្រុសស្រីគប្បីញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចជាព្រះចន្ទខាងខ្នើតដែរពោល
គឺញ៉ាំងគុណធម៌ឲ្យមានការចម្រើនខ្ពស់ឡើងៗ ។

          ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយដោយពន្លឺរស្មីមកលើផែនដីយ៉ាងណា
បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹងកម្ចាត់បង់
នូវកិលេសដូច្នោះដែរ ។

         ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រីថ្ងៃពេញបូណ៌មី
រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រលះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រជាក់
សេចក្តីនេះយ៉ាងណាសមដូច ព្រះពុទឧទានថា៖

«សេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្តាប់
ហើយពិចារណា ឃើញនូវធម៌ នាំមកនូវសេចក្តីសុខកិរិយាមិនបៀតបៀនគឺ
កិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្តីសុខក្នុងលោក» ។

         មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា៖
«បុគ្គលណាប្រមាទពីពេលមុន លុះដល់ក្រោយមកជា បុគ្គលមិនប្រមាទ បុគ្គលនោះ
រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ដូចព្រះចន្ទចេញផុតពីពពក»    ឬម៉្យាងទៀតថា
«បុគ្គលណាធ្វើបាបពីមុន លុះដល់ក្រោយមកជាអ្នកបិទនូវបាបនោះដោយកុសល បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងដូចព្រះចន្ទចេញផុតពីពពក»
ដូច្នេះជាដើម ។
       
        ព្រះចន្ទមានរស្មីជាគ្រឿងលំអ អ្នកបួសទ្រង់ធម៌មានលម្អ ដោយសីល ។ ព្រះចន្ទញ៉ាំងជនទាំងឡាយឲ្យរីករាយសប្បាយក្នុងពន្លឺរស្មី រីឯជនប្រុសស្រីញ៉ាំងអ្នកដទៃ
ឲ្យត្រកអរនឹងការងាររបស់ខ្លួន ។

       ព្រះចន្ទបំភ្លឺមិនរើសដំបូលផ្ទះ ទោះបីភូមិស្រុកទីក្រុងជនបទ យ៉ាងណា អ្នកចម្រើនមេត្តា
រមែងផ្សាយមេត្តាទៅដោយមិនរើសសព្វសត្វ ក៏យ៉ាងដូច្នោះដែរ។

 

«សៀវភៅ ៤៨ ធម្មទស្សន៍»

អ្នកកែខ្លួនបាន ជាជនដ៏ប្រសើរ

“ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ,
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា”

          “ អ្នកណាប្រមាទហើយក្នុងកាលមុន តែពេលខាងក្រោយមកគេមិនប្រមាទ អ្នកនោះនឹងធ្វើលោកនេះឲ្យភ្លឺស្វាងបាន ដូចជាព្រះច័ន្ទរះផុតចាកពពក
បំភ្លឺលោកឲ្យ ភ្លឺស្វាង ត្រចះត្រចង់យ៉ាងនោះឯង” ។

        ពាក្យថា “ ប្រមាទ” មានន័យថា ការធ្វេសប្រហែស ឬការធ្វេសស្មារតី ។
បុគ្គលប្រមាទ តែងតែបណ្តែតបណ្តោយកាយ វាចា ចិត្តរបស់ខ្លួនឲ្យលង់លក់
ងប់ងុល ជ្រុលជ្រប់ ទៅក្នុងអំពើអាក្រក់ទាំងឡាយ ហើយអំពើអាក្រក់ហ្នឹងឯង
តែងនាំបុគ្គលនោះឲ្យ ជួបប្រទះសេចក្តីទុក្ខ អាប់មុខអាប់យស កេរ្តិ៍ឈ្មោះអសោចិ៍ ។

       ជនអ្នកប្រមាទទោះបី មានជីវិតរស់នៅក៏លោកចាត់ទុកថាស្លាប់បាត់ទៅហើយ
គឺ ស្លាប់ចាកកុសលធម៌ ទាំងឡាយ សមដូចបទកំណាព្យរបស់
សម្តេចព្រះសង្ឃរាជជួន ណាតទ្រង់និពន្ធ ថាៈ

“ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត
ជននោះទោះបី    នៅមានជីវិត     តាមដោយការណ៍ពិត
ថាស្លាប់ស្រេចហើយ” ។

            នៅក្នុងពុទ្ធភាសិតនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបញ្ជាក់ថា អ្នកដែលមាន សេចក្តីប្រមាទទាំងនោះ បើទុកជាធ្លាប់បានប្រព្រឹត្តនូវអំពើអាក្រក់បែបណាក៏ដោយ
គេនៅមានឱកាសអាចកែខ្លួនឲ្យទៅជាមនុស្សល្អបាន បើជនទាំងនោះ
មានបំណងចង់ កែខ្លួន ។ ក្រោយពីគេលះបង់នូវសេចក្តីប្រមាទ ហើយប្រារព្ធនូវ
សេចក្តីមិនប្រមាទ លះបង់នូវអំពើអាក្រក់គ្រប់យ៉ាង ហើយខិតខំធ្វើអំពើល្អ
អំពើជាកុសលវិញជីវិត របស់បុគ្គលនោះ នឹងបានភ្លឺថ្លា
 រស់មានកិត្តិយសក្នុងសង្គម។

សូមអរព្រះគុណ…