ដួងព្រះអាទិត្យ

ដួងព្រះអាទិត្យ

         ក្នុងបណ្តាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណ
ក្នុងលោកិយយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់ ។
ព្រះអាទិត្យមានកម្លាំងអានុភាព ដ៏ក្រៃលែងបង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង
ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃមនុស្សសត្វ តិណជាតិ
 រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការងារនៃព្រះអាទិត្យដោយពិត ។

        ព្រះអាទិត្យចាប់ផ្តើមរះពីទិសខាងកើត ធ្វើដំណើរយឺតៗសន្សឹមៗ
ប៉ុន្តែនឹងធឹងមាំមួនណាស់។បញ្ចេញរស្មីស្វាងស្រឡះ កំដៅស្រទន់ពេលព្រឹកព្រលឹម ញ៉ាំងលោកនេះឲ្យស្រស់បស់។

       លុះដល់ថ្ងៃខ្ពស់រហូតត្រង់ក៏បន្ថែមកំដៅខ្លាំងឡើងៗ រួចហើយក៏ធ្លាក់ចុះ
ធ្វើដំណើរឆ្ពោះទៅទិសខាងលិច លុះដល់ពេលល្ងាចក៏ត្រជាក់ ថយចុះនូវកំដៅ
ត្រូវគ្នានឹងមនុស្ស ដែលធ្វើការហត់នឿយអស់កម្លាំង
ហើយតាំងនាំគ្នាសម្រាកសម្រាន្ត ។


         ទីបំផុត ព្រះអាទិត្យក៏អស្តង្គតរលត់ចូលកាន់វាំងនននៃរាត្រី ។
កិច្ចការងារនៃដួងព្រះអាទិត្យ ១២ ម៉ោងនោះខ្លាំងក្លាក្រៃលែងណាស់
សូម្បីការដើរយឺត (ដើរយឺតនេះពោលដោយសន្មតិតាមការមើលឃើញ)
ប៉ុន្តែនឹងធឹងមាំមួន
មានកម្លាំងខ្លាំងមហិមា។មនុស្សយើងគិតមើលឲ្យល្អចុះ
ដួងព្រះអាទិត្យតែមួយដួង
ក៏មានរឿងឲ្យគេគិត ឲ្យគេពិចារណា
ច្រើនផ្នែកច្រើនប្រការ ។


       នៅក្នុងការងារដែលមានរបៀបរៀបរយសាងប្រយោជន៍ឲ្យសម្រេច
យ៉ាងធំធេង គឺមិនប្រញាប់ប្រញាល់កញ្ឆក់កញ្ឆែង មិនចិត្តក្តៅធ្វើអ្វីរម៉ោករម៉ាំង
នោះឡើយ
ប៉ុន្តែទ្រទ្រង់កំលាំងដ៏ខ្លាំងក្លារឹងប៉ឹងមាំមួន ។ព្រះអាទិត្យមានកំដៅ
ធ្វើអ្វីឲ្យស្ងួតហួតហែង
យ៉ាងណា ការបដិបត្តិធម៌ក៏រមែងព្យាយាម
ដុតនូវកិលេសឲ្យអស់ទៅ ដូច្នោះដែរ ។


      ព្រះអាទិត្យកម្ចាត់នូវភាពងងឹត ចំណែកអ្នកបដិបត្តិធម៌រមែងកម្ចាត់នូវអវិជ្ជា ។
ព្រះអាទិត្យអណ្តែតក្នុងលំហអាកាស មានកិច្ចសំខាន់ណាស់ចំពោះលោកនេះ
យ៉ាងណា
យោនិសោមនសិការក៏ពិនិត្យពិចារណានូវសង្ខារលោករឿយៗ
យ៉ាងនោះឯង ។


      ព្រះអាទិត្យមានរស្មីដោយជុំវិញ ឯអ្នកបដិបត្តិធម៌វិញ
ក៏មានអារម្មណ៍នៃព្រះកម្មដ្ឋានដោយជុំវិញដែរ ពោលគឺបញ្ញាដឹងអារម្មណ៍ជុំវិញជីវិត ។
ព្រះអាទិត្យ ញ៉ាំងលោកឲ្យប្រព្រឹត្តទៅទាំងសត្វលោក ទាំងធម្មជាតិដែលឥតមានវិញ្ញាណ
យ៉ាងណាមនុស្សយើងកើតមកក៏គួរតែធ្វើប្រយោជន៍ឲ្យដល់លោកនេះ បើមិនបានច្រើនក៏គង់តែខ្លះៗដែរ ។

       ម៉្យាងទៀត ជីវិតដូចព្រះអាទិត្យដែលព្រះអាទិត្យមិនមានការឈប់នៅមួយ
កន្លែងឡើយ កាលមានពន្លឺរស្មីហើយ ក៏រះខ្ពស់ ខ្ពស់ហើយក៏ត្រង់ រួចក៏រសៀល
 ទីបំផុតក៏
លិចបាត់ អស់ពន្លឺរស្មី អ្នកណាយំស្រែកអង្វររកឲ្យឈប់ស្ងៀមនៅយ៉ាងណា
ក៏មិនស្តាប់ការអង្វរកររបស់អ្នកណាឡើយ ។

      ព្រះអាទិត្យទៀបនឹងអស្តង្គត បានបង្ហាញនូវភាពស្អាតដែលនាំ
ឲ្យអ្នកផងទាំងពួងរីករាយក្នុងការមើលចំណែកការអស្តង្គតនៃជីវិតវិញ
តើយើងបានទុកសេចក្តីល្អយ៉ាងណាឲ្យលោកនេះ ។

ដួងសុរិយាបំភ្លឺនៅពេលថ្ងៃ  ចន្ទពេញបូណ៌មីបំភ្លឺពេលយប់
ព្រះធម៌ល្អណាស់ភ្លឺខ្លាំងលើសលប់    ទាំងថ្ងៃទាំងយប់កម្ចាត់មោហា។

«សៀវភៅ ៤៨ ធម្មទស្សន៍»

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s