សំលេងខេមរបុត្រ

សំលេងខេមរបុត្រ

 

១. ឱសំលេងអើយសំលេងកំសត់ សំលេងទុគ៌តនៃបុត្រខេមរា

សំលេងថ្ងួចថ្ងូរស្រែករកគ្នីគ្នា រំពងព្រឹក្សាខ្លោចផ្សាកន្លង !

២. សំលេងទុក្ខព្រួយខំស្រែករកមិត្រ ដោយក្តីស្មោះពិតសូមអ្នកជួយផង

សូមជួយជាតិខ្មែរកុំប្រែសៅហ្មង ជួយស្រុកយើងផងឲ្យផុតអន្តរាយ !

៣. ពេលនេះស្រុកយើងខ្វះភាពថ្កុំថ្កើង គ្មានអ្វីរុងរឿងនឹកឡើងសែនស្តាយ

សម័យអង្គរដ៏ល្អឆើតឆាយ វប្បធម៌ពណ្ណរាយជាតិយើងថ្កើងថ្កាន !

៤. តែឥឡូវនេះខ្មែរស្ទើររលត់ រាស្ត្រសែនទុគ៌តគ្មានពេលស្រាកស្រាន្ត

បែកបាក់សាមគ្គីព្រោះមេសាមាន្យ គ្មានចិត្តសន្តានជួយខ្មែរដោយស្មោះ !

៥. ឱខ្មែរអើយខ្មែរគួរតែជួយគ្នា ព្រួតដៃសាមគ្គាដោយចិត្តសប្បុរស

ខំធ្វើយ៉ាងណាឲ្យតែជាតិរស់ ខ្មែរមានកិត្តិយសល្បីក្នុងលោកា !

៦. បើយើងជួយគ្នាស្រុកយើងចំរើន មានភាពថ្កុំថ្កើងមិនខានឡើយណា៎

ដូច្នេះសូមយើងស្រុះស្រួលចិន្តា បង្កើតសាលាបង្កើនស្មារតី !

៧. ស្មារតីតស៊ូព្យាយាមជួយគ្នា បំបាត់ប្ញកពាដែលឥតតម្លៃ

ចោលចិត្តមិនស្មោះល្មោភហួសនិស្ស័យ គិតគូររាល់ថ្ងៃតែប្រយោជន៍ខ្លួន !

៨. ឱខ្មែរអើយខ្មែរឆាប់ភ្ញាក់ខ្លួនឡើង នាំគ្នាតម្កើងរក្សាសិល្ប៍ក្បួន

សីលនាំឲ្យយើងបានសុខក្នុងខ្លួន សីលល្អមាំមួនធ្វើឲ្យមនុស្សល្អ !

៩. បើយើងមនុស្សល្អត្រូវចេះរក្សា កេរពីដូនតាឲ្យបានបវរ

កុំឲ្យវិនាសកុំឲ្យវឹកវរ ថែរាស្រ្តនគរឲ្យបានសាន្តត្រាណ !

១០. សំលេងកូនខ្មែរបានតែត្រឹមថ្ងូរ ស្រែកដង្ហោយរោទិ៍រកមិត្តកល្យាណ

ស្រែករកគ្នាជួយរក្សាឲ្យបាន អ្វីដែលខ្មែរមានដ៏ល្អប្រសើរ !

១១. សង្ឃឹមថាមានអ្នកចេះយល់ចិត្ត អាណិតខ្មែរពិតហើយខំបំរើ

ជួយឲ្យស្រុកទេសយើងមានដំណើរ កាន់តែប្រសើររុងរឿងឡើងវិញ ។

១២. តែក្តីសង្ឃឹមមានតិចបំផុត ចិត្តខេមរបុត្រទុក្ខមនោទោម្នេញ

សូមគោរពលាហើយនឹងវិលវិញ ដោយខំទន្ទេញជួយស្រុកយើងផង ។

១៣. លាហើយលាហើយណា៎ពូមាមីង ក្នុងចិត្តខ្ញុំរីងរៃព្រួយកន្លង

ព្រោះក្តីសង្ឃឹមស្តួចពេកកន្លង ថាមានប្អូនបងជួយស្រុកយើងអើយ !

១៤. ដូច្នេះមានតែសូមមិត្តយល់ចិត្ត មេត្តាអាណិតជួយខ្មែរឲ្យស្បើយ

ជួយឲ្យភ្ញាក់ខ្លួនជិតហួសពេលហើយ កុំបីកន្តើយកែប្រែស្មារតី ។

១៥. បើយើងចង់ជួយស្រុកខែ្មរយើងពិត សូមមិត្តអាណិតកុំរង់ចាំអ្វី

កុំចាំមេកោយដែលឥតតម្លៃ តែត្រូវធ្វើអ្វីដែលអាចធ្វើបាន ។

១៦. បើយើងខំប្រឹងធ្វើដោយចិត្តស្មោះ ខ្មែរៗទាំងអស់ត្រូវប្រឹងគ្រប់ប្រាណ

នោះជាតិយើងនឹងបានសុខសាន្តត្រាណ យូរឆាប់គង់បានរុងរឿងវិញហើយ !

 

ដោយ សំលេងខេមរបុត្រ ..សូមអរគុណ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s