Daily Archives: ខែ​ឧសភា 26, 2011

ខ្មែរស្រឡាញ់ខ្មែរ

” ខ្មែរស្រឡាញ់ខ្មែរ ស្នេហ៍ជាតិសាសន៍ “


(កំណាព្យពាក្យ៧)


ខ្មែរមានពូជពង្សវង្សតែមួយ                ខ្មែរមានទុក្ខព្រួយត្រូវជួយខ្មែរ

ខ្មែរអ្នកនៅក្រុងឬអ្នកស្រែ                  ខ្មែរខ្លាំងពូកែមិនកែគេច។

ខ្មែរចេះជួយខ្មែរជាមិត្តភាព                 ខ្មែរមិនបន្ទាបរៀបកលល្បិច

ខ្មែរមានសាមគ្គីជាប់ជានិច្ច                 ខ្មែរមិនពន្លិចពូជសាសន៍ឯង។

ខ្មែរមិនប្រកាន់ជាតិវណ្ណៈ                    ខ្មែរមានឆន្ទៈច្បាស់ជាក់ស្តែង

ខ្មែររួមសាងជាតិមិនឃ្លាតក្លែង              ខ្មែរគេខ្មែរឯងជាតិតែមួយ។

ខ្មែរមានមេត្តាចិន្តាល្អ                         ខ្មែរមានវប្បធម៌ល្អខំស្ទួយ

ខ្មែរស្រឡាញ់ខ្មែរមិនប្រែព្រួយ               ខ្មែរខ្ញុំជាតិមួយចេះ ជួយគ្នា។

ខ្មែរកាន់សាសនាដីកាព្រះ                ខ្មែរបានយកឈ្នះពៀរវេរា

ខ្មែរមិនចង់ឈ្លោះកាប់ចាក់គ្នា             ខ្មែរចិត្តល្អជាពុទ្ធាផ្តាំ។

ខ្មែរខំសាងល្អបន្តវង្ស                     ខ្មែរមិនមែនល្ងង់ខ្មែរ ចេះចាំ

ខ្មែរមានខន្តីក្តីអត់ទ្រាំ                         ខ្មែរមេដឹកនាំចិត្តហានក្លា។

ខ្មែរស្នេហ៍សាសនាស្មើជីវិត                 ខ្មែរមានជីវិតគំនិតថ្លា

ខ្មែរចិត្តស្លូតត្រង់មានសីលា               ខ្មែរមានតម្រាច្បាប់ក្រិត្យក្រម។

ខ្មែរមានក្បួនច្បាប់វត្តអារាម                ខ្មែរប្រព្រឹត្តតាមព្រះជាធំ

ខ្មែររៀនព្រះធម៌ទុកអប់រំ                 ខ្មែរខំសន្សំតែក្តីល្អ។

ខ្មែរមានពូជពង្សវង្សល្អជា                  ខ្មែរគឺខេមរាដ៏បវរ

ខ្មែរសាងក្តីសុខតាមព្រះធម៌                 ខ្មែរស្នេហ៍ក្តីល្អបវរជាតិ៕



និពន្ធដោយ  –សម្បូណ៌រិទ្ធ


(កម្ពុជាក្រោមខេត្តឃ្លាំង ថ្ងៃ២៤/០៣/២០១១)

សូមអរគុណ