Daily Archives: ខែ​ឧសភា 27, 2011

បណ្តាំ ធនញ្ជ័យ

          បណ្តាំ ធនញ្ជ័យ

   “បើព្រះអង្គសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី  ស្ងោរក្បាលត្រីប្រាកុំចោលម្ជូរសណ្ដាន់ ឬសន្ដាន” ហើយពាក្យនេះទៀតសោត គាត់ផ្ដាំទុក
សម្រាប់អ្នកដឹកនាំ ដែលទទួលមរតកជ័យគ្រប់ជំនាន់ ត្រូវមានគោលធម៌សម្រាប់
ដឹកនាំប្រទេសឲ្យបានសុខសាន្ត និងរីកចំរើន។

    ១/.ពាក្យថាសោយត្រីព្រួលកុំចោលស្រកា ន័យត្រង់ត្រីព្រួលអាចរស់បាន ដោយសារស្រកា ព្រោះស្រកាជាគ្រឿងបិទបាំងរាងកាយត្រី  ។ ន័យបង្កប់ស្រកា
ប្រៀបដូចជាប្រជារាស្ត្រ ដែលនៅជុំវិញអ្នកដឹកនាំដែលមានគុណធម៌ ន័យបង្កប់មួយទៀត បើសិនជាមិនចង់ឲ្យអំណាចដឹកនាំរបស់ខ្លួនប្រែប្រួលឬប្រួលប្រែទេ  គ្រប់អ្នកដឹកនាំត្រូវគិត
ប្រយោជន៍ស្រកាគឺប្រជារាស្ត្រ ព្រោះរាស្ត្រអាចលើកបុគ្គលម្នាក់ធ្វើជាអ្នកដឹកនាំបាន ហើយក៏អាចរុះរើទម្លាយនូវអំណាចដឹកនាំបុគ្គលនោះ ឲ្យប្រែប្រួលក្រឡាប់ចាក់បាន ! នេះជាន័យក្នុងប្រស្នាទីមួយ ដែលធនជ័យបានផ្ដាំអ្នកដឹកនាំ (ស្ដេច)។

       ២/.ប្រស្នាទីពីរព្រះអង្គសោយត្រីប្រាកុំចោលស្រកី (ពន្យល់រួចហើយភាគ១) ន័យត្រង់ស្រកីគឺនៅនឹងក្បាល ស្រកីជាច្រមុះដកដង្ហើមរបស់ត្រី ត្រីប្រាអាចរស់បាន គឺដោយសារច្រមុះសម្រាប់ដកដង្ហើមនេះ បើគ្មានស្រកីទុកដូចជាស្លាប់។ ន័យបង្កប់ទីមួយ នគរមួយអាចរស់បានដោយឯករាជ្យ ត្រូវពឹងផ្អែកលើសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាភាពខ្លាំង
របស់នគរនីមួយៗ ឬដូចជាគ្រួសារមួយអាចមានភាពសុខដុមរមនាបាន គឺស្រ្តីជាអ្នក កផ្ដុំទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យគង់វង្ស ទើបអាចក្លាយជាអ្នកបរិបូរណ៍ដោយទ្រព្យ ពាក្យស្រកីក្លាយមកពីពាក្យត្រឡប់ថា ស្រីកមានន័យថា បើស្រីកទុក្ខគឺបានទុក្ខ បើស្រីកសុខគឺបានសុខ និងសុភមង្គល។ ន័យបង្កប់ទីពីរ គឺប្រាស្រ័យទាក់ទង សង្គមជាតិមួយអាចរីកចំរើនបាន អ្នកដឹកនាំត្រូវចេះប្រាស្រ័យទាក់ទង (ឲ្យដឹងសួរសុខទុក្ខ) ពីក្រោមទៅលើ  ពីតូចទៅធំ ពីទាបទៅខ្ពស់ ពីក្នុងប្រទេសទៅក្រៅប្រទេស ដើម្បីចម្រាញ់ នឹងនាំយកនូវអ្វីដែលថ្មី និងជឿនលឿន សម្រាប់យកមកកសាងមាតុភូមិរបស់ខ្លួន
ឲ្យបានរីកចម្រើន ដូចន័យប្រស្នាថា សោយត្រីប្រាកុំចោលស្រកី គឺក្បាលត្រូវចេះគិតពី
ដង្ហើមរស់ សម្រាប់ចិញ្ចឹមខ្លួនត្រីទាំងមូល  (ស្ដេចប្រាជ្ញនាម៉ឺនប្រាជ្ញ ដូចពស់នាគរាជ
ពាំកែវមនោរា)។

៣/.ប្រស្នាទីបីគឺ ស្ងោរក្បាលត្រីប្រាកុំចោលម្ជូរសណ្ដាន់ ន័យត្រង់បើយើង
ស្ងោរក្បាលត្រី ត្រូវប្រើម្ជូរសម្រាប់កាត់នូវចម្អាប ហេតុអ្វីបានជាគាត់មិនយកម្ជូរដទៃ បែរជាយកម្ជូរសណ្ដាន់មកដាក់ជាប្រស្នា? ព្រោះពាក្យសណ្ដាន់ និងសន្ដានដែលតំណាងឲ្យញាតិ មានសូរសព្ទស្រដៀងគ្នា សម្រាប់ចងជាប្រស្នាបំភាន់។ ន័យបង្កប់គាត់ចង់ប្រាប់
អ្នកដឹកនាំគ្រប់ជំនាន់ថាបើយើងគ្រប់គ្រងនគរត្រូវសម្លឹងមើលញាតិរបស់ខ្លួន
 ព្រោះភាគច្រើននៃញាតិ តែងយកអំណាចរបស់អ្នកដឹកនាំ ទៅប្រើគំរាមកំហែងអ្នកនៅខាងក្រោមផ្ដេសផ្ដាស់ ទៅតាមចិត្តលោភលន់របស់ខ្លួន ដែលធ្វើឲ្យអ្នកដឹកនាំមានញាតិដូចនេះ មានកេរ្តិ៍ឈ្មោះមិនល្អ។ គ្រប់អ្នកដឹកនាំទាំងឡាយ ត្រូវតែប្រើច្បាប់គឺម្ជូរសម្រាប់កាត់នូវចម្អាប គឺក្លិនឆ្អាបមិនល្អ ដែលញាតិរបស់ខ្លួនបានធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គមព្រោះយកឈ្មោះអ្នកដឹកនាំទៅបាំង ជាពិសេសធ្វើឲ្យកើតនៅគំនុំគំគួន ចំពោះអ្នកដឹកនាំដែលមានញាតិមិនល្អ ធ្វើឲ្យកម្លាំងរាស្ត្រដែលរងគ្រោះត្រូវរកវិធីសាស្ត្រ រម្លាយអំណាចបុគ្គលនោះចោល នេះជាហេតុដែលធនជ័យយកឈ្មោះម្ជូរសណ្ដាន់ មកបញ្ចប់ប្រស្នាចុងក្រោយ
មុនពេលគាត់ស្លាប់។ បើយើងគ្រាន់តែស្ដាប់រឿងពុំបានពិចារណា គឺបានត្រឹមតែស្ដាប់រួចសើចសប្បាយ បើយើងពិចារណារឿងធនជ័យ លោកគឺជាពោធិសត្វលោកេស្វរៈ ដែលខ្ញុំបានពន្យល់ប្រៀបធៀបខាងលើ
ដែលឈ្មោះពោធិសត្វនេះ យើងធ្លាប់បានស្គាល់ឈ្មោះគាត់ក្នុងសម័យអង្គរធំនោះឯង (ស្តេចជ័យវរ្ម័នទី៧) ។

ឧបាសក គៀត ចាន់ថុន

សូមអរគុណ

@@@@@@@@@@@@

បើខ្មែរ ផ្លាស់ប្ដូរ

     ” ផ្លាស់ប្តូរដើម្បីរស់ រស់ដើម្បីផ្លាស់ប្តូរ “”

ពិភពលោកសព្វថ្ងៃនេះមានសភាពប្រែប្រួលទៅជារឿយ ៗ
ដូចជា អាកាសធាតុក៏ប្រែប្រួលទៅ ផែនដីក៏ប្រែប្រួលទៅ ធនធាន ធម្មជាតិក៏ប្រែប្រួលទៅ និយាយរួមថា អ្វីៗដែលនៅជុំវិញខ្លួនមនុស្សបាន ប្រែប្រួលទៅជាលំដាប់ កាលបើបរិដ្ឋាននៅជុំវិញខ្លួន​មនុស្សប្រែប្រួល  ទៅដូច្នោះមនុស្សក៏តោងតែរៀនសូធ្យផ្លាស់ប្តូរវិថីជីវិតរបស់ខ្លួនផងដែរទាំងនេះ ក៏ដើម្បីការរស់នៅបែបថ្មីខុសពី វិថីជីវិតចាស់នោះឯង ។

ចរន្តនៃការផ្លាស់ប្តូរកំពុងតែវិវត្តទៅក្នុងពិភពលោក របបនយោបាយចាស់គំរិលលែងជាទីប្រាថ្នាចង់បានរបស់ប្រជាជនទៀត​ហើយ ឫសកែវនៃអំណាចផ្តាច់ការត្រូវបានគាស់រំលើងចោលជាបណ្តើរ ៗ ព្រោះអំណាចផ្តាច់ការមិនបានផ្តល់ផលប្រយោជន៍​ទូទៅដល់មនុស្សក្នុងសង្គមនោះទេ
ផ្ទុយទៅវិញ អំណាចផ្តាច់ការមានតែផ្តល់ការឈឺចាប់ដល់មនុស្ស ព្រោះហេតុនោះ ដើម្បី​បំបាត់ការឈឺចាប់ដែលកើតចេញពីអំណាចផ្តាច់ការ ចលនាផ្លាស់ប្តូរ
បានផុសឡើងនៅទូទាំងពិភពលោក អំណាចសេរីនិយម គឺជាឱសថប្រភេទថ្មី
ដែលអ្នកជម្ងឺគឺប្រជាជនកំពុងតែត្រូវការយកទៅព្យាបាលជម្ងឺ គឺ អំណាចផ្តាច់ការ ។

                                          អំណាចផ្តាច់ការប្រៀប​ ដូចជាជម្ងឺមហារីកដែលពិបាកនឹងព្យាបាលឲ្យជាដាច់ស្រឡះណាស់ ព្រោះអំណាចផ្តាច់ការនេះបានរីករាលដាលនៅក្នុងសង្គម​ ខ្មែរអស់ជាច្រើនទសវត្សមកហើយ មេរោគនៃអំណាចផ្តាច់ការបាន រីកសាយភាយក្នុងរាល់សរសៃឈាមរបស់មនុស្ស ប៉ុន្តែ​អំណាច​​ ផ្តាច់ការនៅក្នុងពិភពលោកមិនអាចស៊ូទ្រាំនឹងអំណាចសេរីនិយមរបស់ប្រជាជនបានទេ កម្លាំងរបស់ប្រជាជនខ្លាំងក្លា ជាងកម្លាំងផ្តាច់ការ ព្រោះអំណាចផ្តាច់ការច្រើនតែ ប្រើវិធីហិង្សាក្នុងការបំបាក់ទឹកចិត្តផ្លាស់ប្តូររបស់ប្រជាជន ។  

ប្រជាជន ដែលត្រូវការផ្លាស់ប្តូរច្រើនតែ
ប្រើវិធីអហិង្សាដោយការធ្វើបាតុកម្ម ចាត់ជាវិធីដែលពិភពលោកទទួល
ស្គាល់ជាទូទៅ ហើយវិធី នេះច្រើនតែបានទទួលជោគជ័យ ។

តើវិធីហិង្សាពិតជាឈ្នះវិធីអហិង្សាមែនឬ?

  ជនផ្តាច់ការដែលហួងហែងនឹងអំណាចរបស់ខ្លួនគ្មានជម្រើស
ណាក្នុងការការពារអំណាចរបស់ខ្លួនបានក្រៅតែពីការប្រើ វិធីហិង្សានោះទេ វិធីហិង្សាចាត់ជាជម្រើសចុងក្រោយរបស់ជនផ្តាច់ការ អំពើហិង្សាដែលជនផ្តាច់ការក្នុងអតីតកាល និង បច្ចុប្បន្នតែងយកទៅប្រើបង្រ្កាបប្រជាជនដែលត្រូវការផ្លាស់ប្តូរនោះមិនដែលធ្វើ
ឲ្យជនផ្តាច់ការនោះការពារអំណាចរបស់ខ្លួន ​បានឡើយ ទាំងមិនដែលធ្វើឲ្យជនផ្តាច់ការនោះរស់នៅសុខសាន្តដូចប្រជាជនដទៃឡើយ ផ្ទុយទៅវិញ អំពើហិង្សាដូចជា ការបង្រ្កាបសម្លាប់ប្រជាជនជាដើមតែងបង្កគ្រោះភ័យដល់ជនផ្តាច់ការ
នោះវិញ ពាក្យថា សម្លាប់(murder)ចាត់ជាបទឧក្រិដ្ឋ កម្រិតជាតិនិងអន្តរជាតិ កាលបើបទឧក្រិដ្ឋ(crime)កើតឡើង ជនដែលពាក់ព័ន្ធនឹងការបង្រ្កាបសម្លាប់បាតុករ​អហិង្សា​នោះ​ក៏​ក្លាយទៅជាឧក្រិដ្ឋជនភ្លាម(criminal) កាលបើជនផ្តាច់ការនោះបានក្លាយទៅជាឧក្រិដ្ឋជន
ហើយ ពិភពលោកមិនអាចឱបដៃ​ឈរមើលបាតុករស្លូតត្រង់ដែលកំពុងត្រូវជនផ្តាច់ការ
កាប់សម្លាប់បានទេហើយក៏បដិសេធចោលនូវអភ័យឯកសិទ្ធិរបស់ជន ផ្តាច់ការនោះ មានន័យថា ជនផ្តាច់ការនោះមិនមែនជាអ្នកដឹកនាំរដ្ឋរបស់ប្រទេសមួយនោះទេ រីឯជនផ្តាច់ការក៏ក្លាយទៅជា​សត្រូវរបស់ប្រជាជនយ៉ាងពេញទី(public enemy)វិញ ជនណាដែលគាំទ្រឬការពារឧក្រិដ្ឋជន ជននោះក៏ឈ្មោះថាជាសត្រូវ​របស់ប្រជាជនដែរ។

ជនស្លូតត្រង់ណាដែលគ្មានបាតដៃប្រឡាក់ឈាមប្រជាជន គប្បីពិចារណាដកការគាំទ្រឬការការពារសត្រូវ របស់ប្រជាជន ព្រោះការគាំទ្រឬការការពារឧក្រិដ្ឋជន ប្រាកដស្មើនឹងការលើកទឹកចិត្តឲ្យឧក្រិដ្ឋជន
បន្តការកាប់សម្លាប់ ប្រជាជនតទៅទៀត ជនស្លូតត្រង់នោះមិនយូរមិនឆាប់នឹងត្រូវជនផ្តាច់ការនោះ
ខ្ចីដៃឲ្យសម្លាប់ប្រជាជនខ្លួនឯងដែរ ហេតុនោះ ដើម្បីរក្សាការពារភាពស្លូតត្រង់និងភាពថ្លៃថ្នូរ
របស់ខ្លួន បុគ្គលមិនត្រូវប្រើអំពើហិង្សាណាមួយឡើយ ។

  អ្នកនយោបាយណាប្រើអំពើហិង្សាកាប់សម្លាប់ប្រជាជនខ្លួនឯងព្រោះវង្វេងឬងប់
នឹងអំណាចយសសក្តិ អ្នកនយោបាយនោះត្រូវតែហ៊ានទទួលស្គាល់ខ្លួនឯងថា
ជាសត្រូវរបស់ប្រជាជន ត្រូវតែហ៊ានទទួលទោសកំហុសដែលធ្វើខុសចំពោះ  ប្រជាជន ។    បើនៅតែក្រាញននៀលមិនព្រមចុះចាញ់ប្រជាជនទេ ទោះបីបើធ្វើដំណើរទៅទីកន្លែងណាក៏ដោយ ក៏មានតែការភ័យខ្លាច​និងតក់ស្លុតសព្វកន្លែង  ទោះបីជាមានជីវិតនៅរស់ ក៏ឈ្មោះថាស្លាប់ទៅហើយ
គឺ ស្លាប់ចេញពីបេះដូងរបស់ប្រជាជននោះឯង ។ ព្រោះហេតុនោះ អំពើហិង្សាមិនមែនជាជម្រើសដែលអាចយកឈ្នះប្រជាជនបានទេ

ផ្ទុយទៅវិញ អំពើហិង្សាបានចងរឹត​ជនផ្តាច់ការឲ្យក្លាយជាអ្នកចាលចាញ់កម្លាំងអហិង្សា
របស់ប្រជាជនបានដោយនឹកស្មានមិនដល់ បាតុករប្រជាជនបានទទួល ជោគជ័យលើសមរភូមិផ្លាស់ប្តូររបបផ្តាច់ការបានយ៉ាងងាយស្រួល ។

   ការស៊ូទ្រាំរស់នៅក្រោមរបបផ្តាច់ការដែលគ្មានសិទ្ធិសេរីភាពដូចយ៉ាង
ប្រជាជាតិសេរីដទៃប្រៀបដូចជាការទ្រាំរស់នៅក្នុង ​     ទីងងឹតអន្ធការដែលគ្មានពន្លឺ ការទ្រាំរស់នៅយូរៗទៅអាចធ្វើឲ្យខ្វាក់ភ្នែកបាន ពោលគឺ បើទុកជាឃើញអំពើអយុត្តិធម៌ក៏​ហាក់​ដូចជាមិនឃើញ
ពោលគឺ មើលមិនឃើញពន្លឺនៃយុត្តិធម៌នោះឯង ។

          ចលនាផ្លាស់ប្តូរចាត់ជាច្រកចេញចាកទីងងឹតអន្ធការនោះ ពោលគឺ របបផ្តាច់ការត្រូវដាក់ជំនួសដោយរបបសេរីនិយម ។

                    ការផ្លាស់ប្តូររបបផ្តាច់ការ គឺ ការផ្លាស់ប្តូររបបជីវិត គឺ ផ្លាស់ប្តូរជីវិតដែលគ្មានសិទ្ធិសេរីភាពមកជាជីវិតដែលមានសិទ្ធិសេរីភា​ព​វិញ សង្គមដែលរស់នៅដោយមានសិទ្ធិសេរីភាពហើយ សង្គមនោះក៏ចម្រើនលូតលាស់ទាំងផ្នែកវត្ថុ(កាយ)និងសតិបញ្ញា(ចិត្ត) របស់ចាស់បុរាណទាំងអម្បាលម៉ាន ក៏ត្រូវតែយកមកដុះខាត់រំលីងឲ្យជារបស់ថ្មី ទំនើបផងដែរ សមដូចពាក្យចំណង​ជើងខាង​ដើមថា ” ផ្លាស់ប្តូរដើម្បីរស់ រស់ដើម្បីផ្លាស់ប្តូរ “”  ចាត់ជាវិបរិណាមធម៌ដែលកើតឡើងក្នុងលោក

                 ដោយ ព្រះមហាភារម្យ .

សូមអរព្រះគុណ..

@@@@@@@@@@@@@@