មហាសុបិននិម្មិត ១៦ ប្រការ (​ភាគបញ្ចប់ )

មហាសុបិននិម្មិត ១៦ ប្រការ



               សុបិន្ត ជាគម្រប់៩-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១, សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។

 សុបិន្តជាគម្រប់១០-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ បាយមួយឆ្នាំង មានឆ្អិនផង, មានឆៅផង, មានជ្រាយផង។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខស្រុកទេសនិងមានកើតហេតុភេទ ៣យ៉ាងដូចតទៅ៖

        ទី១-មនុស្សផងទាំងឡាយគឺ ពួកមន្ត្រីរាជការ គហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយ មិនប្រកបដោយសីលធម៌
សោះឡើយ។

        ទី២-ពួករុក្ខទេវតា, អារក្ខទេវតា, អាកាសទេវតាទាំងអម្បាលម៉ាន
 មិនកាន់សីល កាន់ធម៌ឡើយ។

            ទី ៣- នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយ
សំណាប រលួយសន្ទូងអស់ ដំណាំដាំដុះឲ្យផលមិនបានគ្រប់គ្រាន់ធួនល្មម
និងសេចក្ដីត្រូវការ ឡើយ។

            សុបិន្ត ជាគម្រប់១១-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិត
ឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយកទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃដេលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួសហេតុ ព្រមទាំងចង់បានឋានៈ
ខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ។ ធម៌វិន័យដែលតថាគត
ទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈ
អ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន។ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់
កាលកន្លងទៅជាយូរអង្វែងពួកភិក្ខុ ទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌
របស់តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញ
លើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ
គឺ “ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ ៤”

                   សុបិន្តជាគម្រប់១២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោកលិច អំបែងអណ្តែត។

ព្រះ សម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា
អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើ
អ្នកប្រាជ្ញបណ្ដិត តម្រូវឲ្យអ្នកប្រាជ្ញ បណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ។

                សុបិន្ត ជាគម្រប់១៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅតែខាងពួកអ្នកឥត ត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អ
បរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពី
ទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ។

            សុបិន្ត ជាគម្រប់១៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខលោកនឹងអាប់ឱនទៅនៅក្នុងគ្រាដែលមនុស្សទាំងឡាយសឹង ទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្កត់ជាប់ បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើរសោត ក៏នៅក្នុងកណ្ដាប់ដៃប្រពន្ធក្មេងៗ
ទាំងនោះដែរ។ កាលបើប្ដីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗប្រពន្ធក្មេងៗ
តែងស្ដីបន្ទោស ជេរ តបតទៅវិញ កំហែងប្ដីឲ្យលុះក្នុងអំណាចរបស់
ខ្លួននោះ ស្មើខ្ញុំកំដរ។

            សុបិន្ត ជាគម្រប់១៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែល
ធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅ
នៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិយសពីពួកត្រកូលទាបៗនោះវិញ។

សុបិន្ត ជាគម្រប់១៦-ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅ
ព្រះបរមសាស្តាថា “ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា។ បើតាមសុបិននេះតើនឹងមានកើតហេតុភេទទៅជាប្រែប្រួលយ៉ាង
ណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គ
ធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ។
ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ
 ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។

ព្រះ សម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិន នេះថ្វាយព្រះបាទបសេនទិកោសលថា” ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺន ធំ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់
មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះ
ធ្វើទារុណកម្ម ទាំងកំហែងថា “ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!”។
ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ ដូច្នេះ ពួកភិក្ខុដែល
មានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដង
ព្រៃភ្នំក្រំថ្មអស់ទៅ ។

ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជា ភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ។
សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ!។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត

ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ

 «««  សម្គាល់ៈ មានច្បាប់ខ្លះចែងថា »»» ព្រះបាទបសេនទិកោសលទ្រង់ព្រះសុបិនឃើញពស់វែកមួយលូនចេញ
ចាប់កង្កែប ។ លុះពស់ដេញទាន់កង្កែប ស្រាប់តែកង្កែបបែរជាលេបពស់នោះទៅវិញ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករតាមសុបិននិម្មិតនេះថា អំណឹះទៅនៅក្រឡាផ្ទៃក្រោមពួកចៅក្រម ប្រព្រឹត្តអំពើអយុត្តិធម៌ ពេកណាស់ គឺគេពុំកាន់ធម៌សុចរិតបន្តិចណាឡើយ ។ គេកាត់ក្ដីឲ្យអ្នកដែលត្រូវឈ្នះទៅជាចាញ់ រីឯអ្នកដែលត្រូវមានទោសទ័ណ្ឌពិតប្រាកដត្រូវចាញ់គេ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តី ទៅវិញ ដោយសារតែចៅក្រមនោះទទួលសំណូក គេ ។

សុបិននេះ ជាជំនួសសុបិនឃើញ “គេទឹមគោតូចៗ មិនទឹមគោធំៗ “

សូមអរព្រះគុណ និងសូមអរគុណ

……….

 

 

4 responses to “មហាសុបិននិម្មិត ១៦ ប្រការ (​ភាគបញ្ចប់ )

  1. អូហ…យ៉ាប់មែនភ្នែក.. ទើបឃើញត្រង់នេះ! អរគុណណា៎!

    • ជម្រាបសួរ បង វឌ្ឍនា ….

      រីករាយជាខ្លាំង ដែលបានការអញ្ជើញចូលរួម នៅទីនេះ …

      អោយប្អូនប្រុស សុំអភ័យទោសផង ចំពោះការបំបែក
      អត្ថបទជាពីរផ្នែកដូច្នេះ …ពីព្រោះគិតថា អត្ថបទនេះ
      វែងអន្លាយពេក ទើបសម្រេចចិត្ដ កាត់
      ជាពីរ ផ្នែក ដើម្បីបន្ថយដល់ការលំបាក ក្នុងការអាន
      នៅទីនេះ ….

      បើបន្ទោសថាយ៉ាប់ គួរណាស់បន្ទោស ខាងប្អូន
      ណេះវិញទើបសម …សុំទោស
      ដល់ការបង្កភាពលំបាក ដល់បង …

      សូមអរគុណជាថ្មី ម្ដងទៀត ចំពោះវត្ដមាន នៅទីនេះ ……………

  2. សួស្តីអូន! មិនបាច់គួរសមពេកទេណា…
    បងដើរឆ្វែលគ្រប់ផ្ទះក្នុងភូមិនេះហ្នឹងណា ក៏ធ្លាក់មកដល់ផ្ទះអូនឯង ក៏ឃើញមាន របស់អោយអានច្រើន… ចូលចិត្តអានរឿងទាក់ទងហ្នឹងព្រះពុទ្ធអង្គនេះដែរ ហ្នឹងណា…
    បន្ទោសប្អូនម៉េចកើត បើបងមិនទាន់ដើរមើលសព្វផងក៏ស្រាប់តែស្រែកឡូឡា គ្មានសិទ្ធថាអោយអូនទេ…
    អរគុណម្តងទៀតណាដែលបានចែកចាយ!

  3. បាទ …ដោយសេចក្ដីរីករាយ ដែលបានបងស្រី ពេញចិត្ដ ទស្សនា
    អត្ថបទព្រះធម៌ មួយនេះ ..

    បើមានបន្ថែម ប្អូននឹងបញ្ចូល នាពេលក្រោយៗ ..

    សូមអរគុណ

    ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s