សុបិននិម្មិត ១៦ ប្រការ (​ ភាគទី ១ )

       មហាសុបិននិម្មិត ១៦ ប្រការ          

មាន រឿងតំណាលមកថា នៅនាវេលានោះឯង
ព្រះបាទ បសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំ
ដូចសព្វមួយដង។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងស្កប់ស្កល់ក្នុង ព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិននិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់
ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់ដូច្នោះដែរ។

លុះព្រះអង្គតើនដឹងព្រះស្មារតីឡើងនៅនាវេលាទៀបភ្លឺនោះ ព្រះអង្គទ្រង់នៅចាំព្រះសុបិនទាំង១៦ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំងដោយ
ប្រការណាមួយឡើយ។ព្រះអង្គទ្រង់ព្រះចិន្តាថា “ព្រះសុបិននេះ ហាក់បីដូច
ជាចម្លែកពន់ពេកណាស់ នេះច្បាស់ជាប្រផ្នូលអ្វីខ្លះមិនខានឡើយ”។        កាលបើទ្រង់ព្រះតម្រិះដូច្នេះហើយព្រះបាទបសេនទិកោលស ក៏ទ្រង់ត្រាស់
ហៅពូករាជអាមាត្យឲ្យទៅអញ្ជើញអស់លោកជាព្រាហ្មណ៍បុរោហិត
បណ្ឌិតហោរា មកកាន់ ព្រះរាជរោងរម្យ ជាបន្ទាន់។ បន្ទាប់ពីទ្រង់ស្រង់ ព្រះវារិ រួចហើយព្រះអង្គទ្រង់ ព្រះពស្ត្រ តាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួបជុំអស់លោកបរោហិតព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតហោរា ដែលបានអញ្ជើញមក
ចាំគាល់ត្រៀបត្រារួចជាស្រេច។

ព្រះបាទសម្ដេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះអង្គ ក្នុងការបើកអង្គប្រជុំជាវិសាមញ្ញមួយនេះ។ រួចហើយព្រះអង្គក៏រៀបរាប់ជូន
អង្គប្រជុំទាំងមូលអំពី “ព្រះមហាសុបិននិម្មិត១៦ ប្រការ” នោះ។ ក្នុងចំណោម
ព្រះរាជហោរាក្ដី ព្រះរាជបុរោហិតក្ដី ដែលបានរៀនពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់អាចកាត់យល់បាននូវប្រផ្នូល ។

មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗថ្វាយព្រះមហាក្សត្រ ថាព្រះអង្គ
នឹងត្រូវជួបគ្រោះថ្នាក់ណាមួយ ក្នុងគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖
“ព្រះអង្គអាចខូចរាជសម្បត្តិ, ពុំនោះសោតត្រូវខូចមហេសី, ឬបើមិនដូច្នោះទេ ព្រះអង្គនិងត្រូវសោយទិវង្គតហើយ”។

កាល បើទ្រង់សណ្ដាប់ឮទំនាយនោះហើយ ព្រះបាទបសេនទិកោសល ក៏ត្រាស់សួរយោបល់បុរោហិតថ្វាយយោបល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បី
រំដោះគ្រោះនេះបាន។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធ
ពិធីបូជាយញ្ញប៉ុណ្ណោះ។ ដោយហេតុថាពិធីបូជាយញ្ញ តម្រូវឲ្យមានការសម្លាប់
មនុស្ស និងសត្វជាច្រើនទើបព្រះនាងមល្លិកាជាព្រះអគ្គមហេសី
ទ្រង់ថ្វាយយោបល់ជំទាស់ថា ” ដែលព្រះអង្គចង់រស់ខ្លួនឯងហើយទៅ
សម្លាប់គេដើម្បីបូជាយញ្ញនុ៎ះ វាមិនត្រឹមត្រូវទាល់តែសោះ! ៗ។ ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមីឲ្យទៅទូលសួរព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹង
ថាតើន័យមហាសុបិននេះ វាពិតដូចបុរោហិតបានទូលថ្វាយមែន ឬមិនមែន …

ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្ដេចយាងទៅកាន់សំណាក់
នៃព្រះបរមសាស្តាសម្មាសម្ពុទ្ធ ដែលកំពុងគង់នៅវត្តជេតពន។ លុះយាង
ទៅដល់ហើយព្រះបាទបសេនទិកោសល ក៏លើកហត្ថប្រណម្យធ្វើអភិវន្ទនកិច្ច
ចំពោះព្រះបរមសាស្តាទាំងទូលព្រះ បរមសាស្ដាពីវត្ថុបំណងនៃការយាងរបស់ព្រះអង្គ
មកកាន់ទីនេះ។

ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់
បានជ្រាបអំពីដំណើររឿងនេះរួចជាស្រេចទៅ ហើយ។ ព្រះបាទបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះអង្គ ម្ដងមួយៗ ទូលព្រះបរមសាស្តា។
ចំណែកឯព្រះបរមសាស្តាវិញ ព្រះអង្គក៏ទ្រង់ថ្វាយ
សេចក្ដីថា “បពិត្រមហារាជ, រឿងយល់សប្តិនេះ មិនមានន័យ អ្វីទាក់ទងទៅនឹង
ព្រះអង្គផ្ទាល់ ដូចបុរោហិតទូលថ្វាយទេ។រឿងទាំងអស់វានឹងកើតមានឡើងនៅ
នាអនាគតឯណោះ សម្រាប់មនុស្សលោកជាទូទៅផងនិងសម្រាប់សាសនា
តថាគតផង” ។

រួចហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កាត់ព្រះមហាសុបិននិម្មិតទាំងអស់នោះ ថ្វាយព្រះបាទបសេនទិកោសល តាមលំដាប់លំដោយ ដូចតទៅនេះ៖

         សុបិន ជាគម្រប់១…ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ
គោឧសុភរាជ បោលពីទិសទាំង៤ សំដៅមកព្រះលានក្នុងកិរិយាសង្ខើញពីចម្ងាយ
មកថានឹងជល់គ្នា។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខ
ព្រះបរមរាជវាំងគោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករ តាមសុបិននេះថា
អំណឹះតទៅមុខជាមេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា។ ដោយសារមនុស្សមិនសូវកាន់ធម៌គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន
ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបាន

គ្រប់ៗ ដំណាំ និងឈើផងទាំងឡាយ នឹងឲ្យផលានុផលមិនបានបរិបូណ៌។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅ
នឹងមានភ្លៀងបង្អុរធ្លាក់ចុះមក។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀង
ធ្លាក់ទៅវិញ។មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា នឹងគ្មានភ្លៀង
ធ្លាក់ទេ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ។

សុបិន ជាគម្រប់២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ
ឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែក
មែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង។

ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ
មនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែ
គេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹងរៀបការគ្នាជាប្ដីប្រពន្ធ
មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់។

            សុបិន ជាគម្រប់៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃ ហ្នឹង
រួចក៏សុំបៅដោះកូនរបស់ខ្លួន។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យ
របស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូន
របស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន។

        សុបិន្តជាគម្រប់៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេ
មិនទឹមគោធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករ តាមសុបិននេះថា អំណឹះតទៅមុខ
មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការ
ទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង។

   សុបិន្ត ជាគម្រប់៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិត
ឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្មកម្មពេកណាស់ហោង។ ពួកតុលាការផង គេកាត់ក្ដី
ពុំប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀត
យកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាស ប្រាក់ ឬទ្រព្យសម្បត្តិរបស់
គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយទោះបីជាគូវិវាទ
ទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ។

    សុបិន្ត ជាគម្រប់៦-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ
គេយកភាជន៍មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោក
យ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់
នៅក្នុងត្រកូលទាបថោកវិញគេត្រូវបាន ឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយស
ខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្តលើក
កូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាបដែលមានស័ក្តិយស
មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ។

       សុបិន្តជាគម្រប់៧-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ
ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ
ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿង
អលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការត្រាច់ចរតាមចក្រល្ហក
រកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ។

              សុបិន្ត ជាគម្រប់៨-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ
ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗ
នាំគ្នាដងទឹកចាក់ចូល ទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់ដែលនៅត្រង់
កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេ
តូចៗទាំងនោះផងឡើយ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់
ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធាន
ស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ
ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផល
ជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង
ធ្វើការងាររបស់ខ្លួនឡើយ។

………..

Advertisements

3 responses to “សុបិននិម្មិត ១៦ ប្រការ (​ ភាគទី ១ )

  1. ថ្ងៃណាបានមានតទៀតអ្នកកម្លោះ?

  2. នេះជាលើកដំបូងហើយបានអានរឿងដែលមានរូបភាពគួអោយទាក់ទាញយ៉ាងនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s