ដង្ហើមទាំង ១៦ យ៉ាង

” ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង “

ថ្ងៃពេញបូណ៌មី ខែកត្តិកចូលមកដល់ ផ្កាកុមុទ ឬផ្កាឈូកស រីករះរហង់គ្រប់ទីកន្លែង ។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មីខែកត្តិក
ដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុទ។
នៅពេលល្ងាចថ្ងៃកុមុទនោះ នៅវត្តបុព្វារាម
មានសាវ័ក៣ពាន់រូបគង់ចាំស្តាប់ ព្រះដ៏មានព្រះភាគបង្រៀនអំពី វិធីដកដង្ហើម យ៉ាងស្ងៀមស្ងាត់ ក្រោមពន្លឺព្រះច័ន្ទថ្លាទៀបមាត់បឹងមួយ ដែលមានផ្កាឈូក
រីកស្គុសស្គាយ និងចោលសុគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ។ នេះជាលើកទីមួយហើយ ដែលព្រះពុទ្ធទ្រង់សំដែងយ៉ាងក្បោះក្បាយបំផុត នូវសូត្រមួយស្តីអំពី ការដឹងគ្រប់ គ្រាន់នៃការដកដង្ហើម ទៅកាន់ភិក្ខុ ភិក្ខុនី ដែលជាសាវ័ករបស់ព្រះអង្គ ។ ភិក្ខុនីមួយចំនួន ដូចជា ភិក្ខុនីយសោធរា ភិក្ខុនីរូបនន្ទា ភិក្ខុនីសីលា ភិក្ខុនីវិមល ភិក្ខុនីសោមា ភិក្ខុនីមុត្តា ភិក្ខុនីឧត្តរា ក៏មានវត្តមានក្នុងទីនោះដែរ ។

ព្រះពុទ្ធទ្រង់សំដែងសូត្រនោះថា ម្នាលភិក្ខុ ភិក្ខុនីទាំងឡាយ វិធី
នៃការដកដង្ហើម បើយើងខំប្រឹងសិក្សាឲ្យបានហ្មត់ចត់និងខ្ជាប់ខ្ជួន នឹងអាចនាំ
មកនូវលទ្ធផលល្អ និងសារប្រយោជន៍សំខាន់បំផុត វានាំឲ្យទទួលជោគជ័យ
នៅក្នុងការសិក្សា នូវសតិប្បដ្នាន៤ និង ពោជ្ឈង្គ៧ ដែលបណ្តាលឲ្យមានការយល់
ដឹង និងរួចចាកអំពីទុក្ខ ។ បុគ្គលម្នាក់ៗត្រូវតែអនុវត្ត ការដកដង្ហើមដូចតទៅនេះ ៖

ដង្ហើមទី១ –
ដកដង្ហើមចូលវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលវែង ដកដង្ហើមចេញវែង អ្នកដឹង ថា អ្នកកំពុងដកដង្ហើមចេញវែង ។

ដង្ហើមទី២ –
ដកដង្ហើមចូលខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញខ្លី ។ ការដកដង្ហើមទាំងពីរបែបខាងលើនេះ អាចឲ្យអ្នកកាត់
ផ្តាច់នូវការភ្លេចភ្លាំង និងសេចក្តីកង្វល់ឥតប្រយោជន៍ ។ ជាមួយគ្នានេះដែរ អាចបណ្តាលឲ្យអ្នកមានការគិតគូរត្រឹមត្រូវ និងជួបប្រទះនូវជីវិតបច្ចុប្បន្ន ។ ការភ្លេចភ្លាំងគឺការបាត់បង់គំនិតត្រឹមត្រូវ …ការដកដង្ហើមដោយការយល់ដឹង អាចនាំឲ្យយើងត្រឡប់មកគិតអំពីជីវិតវិញ ។

ដង្ហើមទី៣ –
ដកដង្ហើមចូល គឺអ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ដកដង្ហើមចេញ អ្នកដឹង
នូវរូបកាយទាំងមូលរបស់អ្នក ។ ដង្ហើមនេះ អាចឲ្យអ្នកចំរើនភាវនាលើរូបកាយ និងទាក់ទងផ្ទាល់ជាមួយនឹងរូបកាយរបស់អ្នក ។ ការដឹងអំពីរូបកាយទាំងមូល និងអំពីផ្នែកនីមួយៗនៃរូបកាយ អាចធ្វើឲ្យអ្នកមើលឃើញនូវវត្តមានដ៏អស្ចារ្យ នៃរូបកាយរបស់អ្នក និងដំណើរនៃការកើតនិងស្លាប់ ដែលមិនឱបជាប់
នៅក្នុងរូបកាយរបស់អ្នកផង ។

ដង្ហើមទី៤ –
អ្នកកំពុងដកដង្ហើមចូល ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅនឹងនរ និងសុខស្រួល ។ អ្នកកំពុងដកដង្ហើមចេញ ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅនឹងនរ និងសុខស្រួល ។ ដង្ហើមទី៤នេះ អាចជួយអ្នកឲ្យយល់ដឹងនូវសភាពនឹងនរ និងសុខស្រួលនៃកាយ គឺពេលនេះហើយដែលកាយនិងចិត្ត និងដង្ហើមស្រុះស្រួលគ្នាជាធ្លុងមួយ ។

ដង្ហើមទី៥ –
អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍រីករាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអារម្មណ៍រីករាយ ។

ដង្ហើមទី៦ –
អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍សប្បាយ អ្នកកំពុងដកដង្ហើមចេញ
នឹងមាន អារម្មណ៍សប្បាយ ។ ជាមួយនឹងដង្ហើមទាំងពីរនេះ អ្នកអាចឆ្លងកាត់
វិស័យនៃអារម្មណ៍ ។ ដង្ហើមទាំងពីរនេះបង្កើតឲ្យមានសភាពស្ងប់ស្ងៀមនិងរីករាយ ដែលអាចចិញ្ចឹមទុកក្នុងកាយនិងចិត្ត ដោយសារការបញ្ឈប់នូវគំនិតរប៉ាត់រប៉ាយ និងភ្លេចភ្លាំង ហើយអ្នកនឹងដឹងខ្លួនឯងវិញ នាពេលបច្ចុប្បន្ននេះ ។ សុភមង្គល
និងសេចក្តីរីករាយ ក៏កើតឡើងនៅក្នុងខ្លួនរបស់អ្នក … អ្នករស់នៅក្នុងសភាព
អស្ចារ្យនៃជីវិត ដែលអាចក្រេប រសជាតិនៃសេចក្តីស្ងប់ស្ងាត់ និងរីករាយ ដែល កើតមាននៅក្នុងអារម្មណ៍ ។ តាមការជួបប្រទះក្នុងជីវិតដ៏អស្ចារ្យនេះហើយ ទើបអ្នកដូរអារម្មណ៍ បណ្តាលឲ្យទៅជាអារម្មណ៍រីករាយបាន ។ ដូច្នេះអារម្មណ៍ទាំងពីរនេះ ពិតជាធ្វើឲ្យអ្នកសប្បាយរីករាយ ។

ដង្ហើមទី៧ –
អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅក្នុងខ្លួនរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅ ក្នុងខ្លួនរបស់អ្នក ។

ដង្ហើមទី៨ –
អ្នកកំពុងដកដង្ហើមចូល អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល អ្នកកំពុងដកដង្ហើមចេញ អ្នកធ្វើឲ្យសកម្មភាព
នៃគំនិតនិងអារម្មណ៍ ទាំងឡាយក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល ។ ជាមួយនឹងដង្ហើមទាំងពីរ អាចធ្វើឲ្យអ្នកមើលឃើញវែងឆ្ងាយនូវអារម្មណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នក ទោះបីជាអារម្មណ៍ នោះសប្បាយក្តី មិនសប្បាយក្តី ឬនៅកណ្តាលធម្មតាក្តី នឹងអាចឲ្យអ្នកធ្វើនូវអារម្មណ៍ស្ងប់ និងសុខស្រួលបាន បើអ្នកដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួនអ្នក ហើយអាចមើលជ្រៅ
ទៅដល់ឫសគល់ និងធម្មជាតិរបស់វា អ្នកពិតជាអាចទប់ និងធ្វើឲ្យអារម្មណ៍
ទាំងនោះស្ងប់និងសុខស្រួលបាន ទោះបីជាអារម្មណ៍នោះជាគំនិតអាក្រក់ កើតឡើងអំពី លោភៈ ទោសៈ មោហៈ ក៏ដោយ ។

ដង្ហើមទី៩ –
អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវទឹកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវទឹកចិត្តរបស់អ្នក ។

ដង្ហើមទី១០ –
អ្នកកំពុងដកដង្ហើមចូល នឹងធ្វើចិត្តរបស់អ្នកសប្បាយនិងសុខស្រួល អ្នកកំពុងដក ដង្ហើមចេញ នឹងធ្វើឲ្យចិត្តរបស់អ្នកសប្បាយនិងសុខស្រួល ។

ដង្ហើមទី១១ –
អ្នកកំពុងដកដង្ហើមចូល និងកំពុងផ្ចង់ចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ និងកំពុងផ្ចង់ចិត្តរបស់អ្នក ។

ដង្ហើមទី១២ –
អ្នកកំពុងដកដង្ហើមចូល និងកំពុងដកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ និងកំពុង ដកចិត្តរបស់អ្នក ។ ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យទី៣
ដែលជាចិត្ត ។ ដង្ហើមទី៩អាច នាំឲ្យអ្នកស្គាល់នូវសភាវៈទាំងអស់នៃចិត្ត ដូចជាសញ្ញាខន្ធ គឺការពិចារណា ការប្រកាន់ ការសប្បាយ ការកើតទុក្ខ និងការមន្ទិលសង្ស័យ ។ អ្នកសង្កេតពិនិត្យនិងស្គាល់នូវសភាវៈទាំងនេះ ដើម្បីមើលឃើញជ្រៅ ទៅក្នុងសកម្មភាពនៃចិត្តឬអារម្មណ៍ ពេលសកម្មភាព
នៃចិត្តឬអារម្មណ៍ ត្រូវបានសង្កេតពិនិត្យនិងទទួលស្គាល់រួចហើយ អ្នកអាចប្រមូលចិត្តរបស់អ្នក និងធ្វើចិត្តនោះ ឲ្យស្ងប់និងសុខស្រួលបាន ។ ចិត្តនេះកើតឡើងដោយអារម្មណ៍ទី១០និងទី១១ ។ ដង្ហើមទី១២ អាចធ្វើឲ្យអ្នករួច
ចាកផុតពីឧបសគ្គទាំងអស់នៃចិត្ត ដោយសារការភ្លឺស្វាងនៃចិត្តរបស់អ្នក ទើប អ្នកអាចមើលឃើញនូវឫសគល់នៃសង្ខារ-វិញ្ញាណ និងអាចឈ្នះនូវ
ឧបស័គ្គទាំងអស់បាន ។

ដង្ហើមទី១៣ –
អ្នកកំពុងដកដង្ហើមចូល អ្នកកំពុងពិនិត្យ នូវធម្មជាតិមិនទៀងទាត់ អនិច្ចំ នៃធម៌ទាំង អស់ ។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងពិនិត្យនូវធម្មជាតិ មិនទៀងទាត់ នៃធម៌ទាំងអស់ ។

ដង្ហើមទី១៤ –
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងតែពិនិត្យនូវការវិនាស អនត្តា នៃធម៌ទាំងអស់ អ្នកកំពុងតែដកដង្ហើមចេញ នឹងកំពុងតែពិនិត្យនូវការវិនាស ឬសាបរលាបនៃធម៌ទាំងអស់ ។

ដង្ហើមទី១៥ –
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនានូវវិមុត្តិ ការរំដោះទុក្ខ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវវិមុត្តិ ។

ដង្ហើមទី១៦ –
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនាឧបេក្ខា អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវឧបេក្ខា ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់
វិស័យនៃធម្មារម្មណ៍ នឹងសមាធិចិត្ត ដើម្បីពិនិត្យមើលនូវធម្មជាតិពិតនៃធម៌ទាំងអស់ ជាដំបូងគឺការសង្កេតពិនិត្យ ទៅលើធម្មជាតិមិនទៀងនៃធម៌ទាំងអស់ ព្រោះតែធម៌ទាំងអស់មិនទៀងទាត់ហើយ បានជាធម៌ ទាំងអស់នោះត្រូវតែ
វិនាសសាបសូន្យ ។ នៅពេលដែលអ្នក បានយល់ច្បាស់នូវធម្មជាតិមិនទៀងទាត់ និងការវិនាសសាបសូន្យនៃធម៌ទាំងអស់ អ្នកពិតជាមិនប្រតោងជាប់ ដោយការវិល កើតវិលស្លាប់ នៅក្នុងវដ្ដសង្សារ ពុំចេះចប់នោះឡើយ ។ ដោយសារហេតុនេះហើយ អ្នកអាចរួចខ្លួន និងសម្រេចនូវវិមុត្តិ ការផុតទុក្ខ ការរួចខ្លួនមិនមែនមានន័យថា គេចវេះឬរត់ចេញពីជីវិត នោះទេ រួចខ្លួនក្នុងទីនេះ មានន័យថា រួចខ្លួនអំពីចំណង
តណ្ហានិងការវិលវល់ នៅក្នុងវដ្ដសង្សារដែលមានធម៌ជាប្រធាន ។ នៅពេលដែលអ្នកមានឧបេក្ខា និងសម្រេចនូវវិមុត្តិ អ្នកពិតជាអាច រស់នៅបានយ៉ាងសុខស្រួល និងសប្បាយរីករាយ នៅក្នុងជីវិតនេះ មិនមានអ្វីអាចនឹងចងអ្នកបានទៀតទេ ។នេះហើយជាការប្រៀនប្រដៅ
របស់ព្រះបរមសាស្តា ដូចម្តេចដែលហៅថាការពិនិត្យជ្រៅទៅក្នុង កាយ ចិត្ត និងធម្មារម្មណ៍ តាមវិធីដកដង្ហើមទាំង១៦យ៉ាង ។

ព្រះសមណគោតមបរមសាស្តា ទ្រង់បានដាក់វិធីដកដង្ហើមទាំង១៦នេះ ឲ្យអនុវត្តនៅក្នុងការហាត់រៀនពោជ្ឈង្គ៧ផងដែរ គឺ សតិ១ ធម្មវិជយៈ១ វិរិយៈ១ បីតិ១ បស្សធិ១ សមាធិ១ និង ឧបេក្ខា១ ។ ភិក្ខុនិងភិក្ខុនីទាំង៣ពាន់អង្គ បានស្តាប់ការ
ប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសេចក្តីរីករាយ និងកក់ក្តៅជាទីបំផុត នៅក្នុងរាត្រីពេញបូណ៌មី ខែកត្តិក ក្រោមពន្លឺព្រះច័ន្ទថ្លា ៕

សូមអរព្រះគុណ និងសូមអរគុណ

…………..

2 responses to “ដង្ហើមទាំង ១៦ យ៉ាង

 1. តើអ្នកទទួលអ្វីខ្លះក្នុងការដង្ហើមនេះ?ដូចជាការអនុវត្ត?តើការដង្ហើមអាចបំបាត់ភាពប្រកាន់បានទេ?
  ខ្ញុំសព្វថ្ងៃមានការមិនស្ងប់ក្នុងចិត្តគឺគ្មានសុវត្តិភាពក្នុងចិត្ត?ដូចជាខ្លាចការប៉ះទង្កិតនឹងអ្នកដទៃ។ហើយនៅក្នុងចិត្តរបស់ខ្ញុំមានតៃគំនិតហិង្សាទោះមិនបានអនុវត្ត។សូមអរគុណ

 2. តើបងធ្លាប់បដិបត្ដិ សីល ៥ ពីមុនដែរនោះទេ ?
  ហើយតើបង បានបដិបត្ដិឲ្យខ្ជាប់ខ្ជួន ឬទេ ?

  ប្អូន មិនដែល ហើយក៏មិនដឹងច្បាស់ថា តើគុណប្រយោជន៏អ្វីខ្លះ
  ដែលទទួលបានពីការ ធ្វើដង្ហើមនេះដែរ … ប៉ុន្ដែបើបង ចង់ដឹងច្បាស់
  ថាយ៉ាងណា ..សូមបង រកសាកសួរ ពីព្រះសង្ឃ ឬរៀមច្បងណា
  ដែលគាត់ មានបទពិសោធន៏ ខាងសមាធិ នេះ …

  នៅទីនេះ ប្អូនត្រឹមតែចែករំលែក អត្ថបទប៉ុណ្ណោះ ..ពុំមែនជាបទពិសោធន៏
  ពិតៗ របស់ប្អូន នោះទេ ..

  សូមអរគុណ
  ….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s