ធម៌ របស់សប្បុរស

 ធម៌របស់សប្បុរស ៧យ៉ាង


              ១- ធម្មញ្ញុតា ៖ ដឹងហេតុ គឺដឹងគោលការណ៍ របៀបរបច្បាប់ទម្លាប់
ក្នុងការបដិបត្តិកិច្ចនាទី យល់ដឹងនៅក្នុងកិច្ចការដែលខ្លួនត្រូវប្រព្រឹត្តទៅតាម
ហេតុផល ដូចជាដឹងថា មុខតំណែង ឋានៈ អាជីព ឬការងាររបស់ខ្លួនផ្សេងៗ
ទៀត វាមានការប្រព្រឹត្តទៅយ៉ាងណា វាមានអ្វីជាគោលការណ៍ ត្រូវធ្វើ
យ៉ាងណាទើបបានជាហេតុដើម្បីឱ្យបានសម្រេចផលល្អ ទៅតាមការដែលខ្លួន
ខំប្រឹងប្រែង និងទៅតាមការដែលខ្លួនឯងជាអ្នកទទួលខុសត្រូវនោះ
ដូចនេះជាដើម រហូតដល់ការដឹងនៅក្នុងលំដាប់ថ្នាក់ខ្ពស់ៗឡើងទៅ ទីបំផុតគឺដឹងទាន់នៅក្នុង ច្បាប់ធម្មតាដែលជាគោលការណ៍ពិតរបស់ធម្មជាតិ ដើម្បីបដិបត្តិទល់ជាមួយគ្នានឹងសភាវលោកជុំវិញជីវិត ព្រមទាំងជីវិតផងដែរ ឱ្យបានត្រឹមត្រូវ ឱ្យមានចិត្តប្រព្រឹត្តទៅជាឥស្សរៈ មិននៅក្នុងភាពជាទាសៈ របស់សភាវលោកនិងជីវិតនេះ ដដែលៗឡើយ។

   ២- អត្ថញ្ញុតា ៖ ដឹងទិសដៅដែលជាប្រយោជន៍ ពោលគឺស្គាល់ផល
របស់ហេតុ ជាការដឹងផលសម្រេចនៃគោលការណ៍ដែលខ្លួនបានបដិបត្តិ យល់ច្បាស់ប្រាកដនូវវត្ថុបំណង របស់កិច្ចការដែលខ្លួនត្រូវធ្វើ ដឹងថា
គោលការណ៍នោះៗមានលទ្ធផលយ៉ាងណា ការរៀបចំ ដំណើរជីវិតរបស់ខ្លួន ដែលធ្វើអោយមានមុខតំណែង ឋានៈ និងការងារចិញ្ចឹមជីវិតនោះ គួរនឹង បានសម្រចផលដូចម្តេច សំដៅទៅរកអ្វី កិច្ចការដែលខ្លួនកំពុងតែធ្វើ
នៅក្នុងខណៈនេះ កាលដែលធ្វើទៅហើយនឹងបង្កើតផលយ៉ាងណាដែល
ជាផលត្រជាក់ ឬផលក្តៅក្រហាយ ដូចនេះជាដើម រហូតដល់ការដឹងផល
ក្នុងក្នុងលំដាប់ជាន់ខ្ពស់គឺដឹងផលនៃដំណើរធម្មតារបស់ ធម្មជាតិ និងដឹងប្រយោជន៍ដែលមានខ្លឹមសារខ្ពង់ខ្ពស់បំផុត ជាប្រយោជន៍ដែល
បានរួចផុតអំពី បញ្ហាជីវិតគ្រប់យ៉ាង។

 

                             ៣- អត្តញ្ញុតា ស្គាល់ខ្លួនឯង គឺស្គាល់តាមសេចក្តីពិតថា
ខ្លួនយើងនេះឯង មានឋានៈ មានភេទ មានកម្លាំង មានចំណេះ មានជំនាញ មានភាពអង់អាច មានគុណធម៌យ៉ាងណា ហើយក៏ប្រព្រឹត្តឱ្យបានសមរម្យ
ទៅតាមឋានៈជាដើមនោះ និងឱ្យបានសម្រេចទៅតាមផ្លូវល្អ ផ្លូវចម្រើន មិនឱ្យខ្លួនធ្លាក់ចូលទៅក្នុងផ្លូវនៃសេចក្តីវិនាស។

                        ៤- មត្តញ្ញុតា ស្គាល់ល្មមប្រមាណ គឺបានដល់ស្គាល់ល្មម
ប្រមាណក្នុងការបរិភោគ ស្គាល់ល្មម ប្រមាណក្នុងការចាយវាយនូវទ្រព្យសម្បត្តិ ស្គាល់ល្មមប្រមាណក្នុងការនិយាយស្តី និងស្គាល់ ល្មមប្រមាណក្នុងការប្រព្រឹត្ត
នូវកិច្ចការ រហូតដល់ស្គាល់ប្រមាណក្នុងការសម្រាកសម្រាន្ត កំសាន្តសប្បាយ
ក្នុងរឿងផ្សេងៗទៀតផង។

                            ៥- កាលញ្ញុតា ស្គាល់កាល គឺស្គាល់ពេលវេលា
ដ៏សមគួរនិងរយៈពេលដែលគប្បីប្រើ ក្នុងការ ប្រកបកិច្ចការ បំពេញការងារ
តាមមុខនាទី ស្គាល់កាលដែលត្រូវទាក់ទងជាមួយនឹងអ្នកដទៃ ដឹងថាពេលណា
គួរធ្វើអី្វ ត្រូវនិយាយអ្វី ។ ម៉្យាងទៀត ធ្វើការឱ្យត្រឹមត្រូវតាមពេលវេលា
គឺឱ្យទាន់ពេល ឱ្យល្មមពេល ឱ្យសមពេល ឱ្យត្រូវពេល ដូចនេះជាដើម។

                                ៦- បរិសញ្ញុតា ស្គាល់ប្រជុំជន គឺស្គាល់ទីកន្លែងប្រជុំជន
និងពពួកជន ស្គាល់របៀបរបបទំនៀម ទម្លាប់ប្រពៃណីរបស់មនុស្សក្នុងស្រុកភូមិ
ដែលខ្លួនត្រូវបដិបត្តិជាមួយ ដឹងថា ពពួកមនុស្សក្នុង ទីនេះ កាលយើងចូលទៅរក ត្រូវធ្វើអាកប្បកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះ ម៉្យាងទៀត គឺដឹងថា ពពួក
មនុស្សក្នុងទីនេះ ត្រូវការយ៉ាងនេះមួយ យ៉ាងនោះមួយ ហើយត្រូវទាក់ទង ត្រូវជួយសង្គ្រោះ ត្រូវបម្រើ ត្រូវឧបត្ថម្ភ ត្រូវបំពេញប្រយោជន៍ឱ្យយ៉ាងនេះឬ
យ៉ាងនោះ ជាដើម។

                      ៧- បុគ្គលញ្ញុតា ស្គាល់បុគ្គល គឺស្គាល់ និងយល់សេចក្តី
ផ្សេងគ្នានៃបុគ្គលម្នាក់ៗ ស្គាល់អធ្យាស្រ័យ ស្គាល់ភាពអង់អាចសេចក្តីក្លាហាន ស្គាល់ការឆ្លាតឬល្ងង់ និងស្គាល់គុណធម៌ជាដើមនៃបុគ្គលនោះៗ ហើយត្រូវដឹងកិច្ចបដិបត្តិរបស់ខ្លួនជាមួយបុគ្គល ដទៃទាំងនោះថា គួរគប់រកឬទេ បើសេពគប់ជាមួយហើយបានផលយ៉ាងណា ម៉្យាងទៀត គឺដឹងថា បុគ្គលនេះត្រូវទំនាក់ទំនង ត្រូវប្រើ ត្រូវសរសើរ ត្រូវលើកតម្កើង ត្រូវតិះដៀល ឬណែនាំទូន្មានប្រៀនប្រដៅយ៉ាងណាៗ ទើបនឹងបានផលល្អ ដូចនេះជាដើម។

មានធម៌របស់សប្បុរស៧យ៉ាងទៀតបន្ថែមពីលើសប្បុរិសធម៌ខាងលើនេះគឺៈ

១- សប្បុរសប្រកបដោយធម៌៧ប្រការគឺ មានសទ្ធា
មានសេចក្តីខ្មាស់បាប មានសេចក្តីខ្មាស់បាប ជាមនុស្សបានរៀនបានស្តាប់ច្រើន ជាមនុស្សមានសេចក្តីព្យាយាម ជាមនុស្សមានសតិខ្ជាប់ខ្ជួន ជាមនុស្សមានបញ្ញា។
២- នឹងប្រឹក្សាជាមួយនរណាក៏មិនប្រឹក្សាដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៣- នឹងគិតអ្វីក៏មិនគិតដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៤- នឹងនិយាយអ្វីក៏មិននិយាយដើម្បីបៀតបៀនខ្លួននិងអ្នកដទៃ។
៥- នឹងធ្វើអ្វីក៏មិនធ្វើដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៦- មានការយល់ត្រូវគឺយល់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ជាដើម។
៧- ឱ្យទានដោយគោរព គឺយកចិត្តទុកដាក់អើពើចំពោះរបស់ដែលខ្លួនឱ្យ និងអ្នកទទួលទាន នោះ មិនធ្វើអាការៈដូចគេគ្រវាត់ ឬបោះចោល។

     

បុគ្គលដែលជាសប្បុរសគឺជាអ្នកយល់ច្បាស់និងបដិបត្តិ
តាមគោលធម៌ទាំងនេះ សប្បុរិស ធម៌នេះនឹងនាំអ្នកប្រតិបត្តិអោយ
ជៀសផុតពីវិបត្តិផ្សេងៗ នឹងបានជាមនុស្សប្រសើរ ក្នុងសង្គម ដូច្នេះសប្បុរសទាំងឡាយគប្បីជ្រាប។

សូមអរព្រះគុណ និងសូមអរគុណ

………..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s