ខ័ន្ធ ៥ អង្គប្រកបរបស់ជីវិតមនុស្ស

 

ខន្ធ អង្គប្រកបរបស់ជីវិតមនុស្ស

By Sovath Thach



           ប្រការដែលគួរនឹងស្វែងយល់ ឬសិក្សាលម្អិត គឺ ជីវិតរបស់មនុស្ស ព្រោះការយល់ ជីវិតរបស់មនុស្ស គឺជាការយល់ជាប់ជាមួយនឹងខ្លួនយើង ការស្គាល់មនុស្សកាន់តែប្រសើរឡើង ក៏គឺជាការស្គាល់ខ្លួនឯងប្រសើរឡើង រមែងជាប្រយោជន៍ ចំពោះការដំណើរជីវិតទាំងមូលដោយខ្លួនឯង
និងសួនរួមក្នុងសង្គម ។


        មនុស្សជាសភាវៈមានជីវិត ដែលប្រកបដោយរាងកាយនិងចិត្ត
ឬរូបនិងនាម។ រូបនិងនាម នេះជួនកាលក៏ហៅថា រូបក្ខន្ធ ឬនាមក្ខន្ធ។ ពាក្យថាខន្ធ ប្រែថា កងឬក្រុម ដោយន័យនេះ ទើប មនុស្សប្រកបឡើង
ដោយរូបមួយក្រុម និងនាមមួយក្រុម។ រូបគឺចំណែកជារាងកាយ នាមគឺ ចំណែកជាចិត្ត សឹងមានសេចក្តីលម្អិតដោយសង្ខេបដូច្នេះ ៖


          រូបក្ខន្ធ ចំណែកដែលជារាងកាយ ដែលហៅថារូបក្ខន្ធ មានគុណសម្បត្តិមួយប្រការ គឺមានរូបរាងលក្ខណៈ ដែលមើល
ឃើញដោយភ្នែក ប្រកបឡើងដោយធាតុ ៤, ហៅថា មហាភូតរូប ៤ ។ ក្នុងសេចក្តីសាមញ្ញសម្រាប់និយាយឲ្យយល់ងាយៗជាមួយ
មនុស្សទូទៅ បានដល់ ៖


             ១. ធាតុដី  បានដល់ចំណែកនៃរាងកាយដែលមានលក្ខណៈរឹង រួមក្រុមគ្នានៅបានដោយ មិនក្រចាត់ក្រចាយ ចាប់ពាល់បាន ដូចជា សាច់ ស្បែក ឆ្អឹង សក់ ក្រចក់ ធ្មេញ ជាដើម។

           ២. ធាតុទឹក បានដល់ចំណែករាវក្នុងរាងកាយ ដូចជា ឈាម
ទឹកលឿង ទឹកសំបោរ ទឹកភ្នែក ញើស ជាដើម។


         ៣. ធាតុភ្លើង បានដល់ចម្ហាយក្តៅ ឬសីតុណ្ហភាពរបស់រាងកាយ ដែលធ្វើឲ្យមានការ ក្តៅរំលាយអាហារ និងធ្វើឲ្យរាងកាយរបស់មនុស្ស ដែលមានជីវិតរស់នៅ មិនឲ្យហើមស្អុយ។

     ៤. ធាតុខ្យល់ បានដល់ ដង្ហើមចេញចូល ក្នុងរន្ធលំហផ្សេង ៗ
នៃរាងកាយ ដូចជា ខ្យល់ក្នុងពោះវៀន ខ្យល់ក្នុងត្រចៀក ជាដើម។


     ​ ធាតុទាំង៤ នេះ ជាចំណែកប្រកបសំខាន់នៃរាងកាយមនុស្ស នឹងខ្វះប្រការណាមួយ មិនបាន បើខ្វះសូម្បីតែម្យ៉ាង រាងកាយក៏បែកធ្លាយ  ក្រៅពីនេះ គុណសម្បត្តិផ្សេងៗ ដែលអាស្រ័យដោយធាតុទាំង៤ ដូចជា
ភាពទន់ រឹង ធ្ងន់ ស្រាល ពណ៌ ក្លិន ជាដើម ក៏សង្រ្គោះចូល ក្នុងរូបក្ខន្ធ ព្រោះជាវត្ថុដែលមាននៅអាស្រ័យដោយរូប។


     នាមក្ខន្ធ បានដល់ ចំណែកដែលមិនមែនរូប បើជានាមធម៌ ដែលចាប់ពាល់មិនបាន មើលមិនឃើញ ស្តាប់មិនឮ ទំក្លិនមិនបាន។ ចំណែកប្រកបរបស់មនុស្ស ដែលនៅក្នុងប្រភេទ នាមក្ខន្ធនេះ
មាន៤យ៉ាង គឺ ៖


               ១. វេទនា  បានដល់អារម្មណ៍ ៣យ៉ាង គឺអារម្មណ៍ជាសុខខាងកាយឬខាងចិត្តហៅថា សុខវេទនា
អារម្មណ៍ជាទុក្ខ ឬមិនសប្បាយខាងកាយឬខាងចិត្ត ហៅថា ទុក្ខវេទនា
និង អារម្មណ៍ជាកណ្តាលៗ មិនទុក្ខមិនសុខ ខាងកាយឬខាងចិត្ត ហៅថា អទុក្ខមសុខវេទនា ឧបេក្ខវេទនា


               ក្នុងជីវិតប្រចាំថ្ងៃ ខណះដែលយើងភ្ញាក់នៅឡើយ យើងទទួលអារម្មណ៍លោកខាងក្រៅ ដោយប្រសាទសម្ផស្សខាង ភ្នែក
ត្រចៀក ច្រមុះ អណ្តាត កាយ ឬទទួលដឹងដោយមិន ឆ្លងកាត់ប្រសាទទំា៥ គឺទទួលដឹងខាងផ្លូវចិត្តតែម្យ៉ាង ខណៈដែលយើងទទួលដឹង ឬមាន
អារម្មណ៍ចំពោះលោកខាងក្រៅ យើងរមែងកើតអារម្មណ៍យ៉ាងណាមួយ
ក្នុង ៣ យ៉ាងគឺ អារម្មណ៍ជាសុខ អារម្មណ៍ជាទុក្ខ អារម្មណ៍មិនមែនជាសុខ មិនមែនជាទុក្ខ ដែលមិនមានអារម្មណ៍ ដោយប្រការណាមួយឡើយ
នោះទៅមិនរួចទេ ។ អារម្មណ៍ដូចដែលពោលមកហើយនេះ
ហៅថាវេទនា ។


               ២. សញ្ញា បានដល់ ការកំណត់ចំណាំបាន ពេលខ្លះប្រែថា ចាំបាននូវលក្ខណៈ គឺពេលមានការទទួលដឹងខាងផ្លូវប្រសាទសម្ផស្ស ដូចជាភ្នែកមើលឃើញវត្ថុណាមួយ ក៏អាច កំណត់បាននូវលក្ខណៈ ឬចាំបានវត្ថុដែលមើលឃើញនោះ ថាជាអ្វី ជាដី ជាទឹក ជាស្មៅ
ឬជាដើមឈើ ជាមនុស្ស ឬជាសត្វជាដើម។


សញ្ញាជាប្រការសំខាន់ណាស់សម្រាប់មនុស្ស ព្រោះបើមនុស្សចាំ
អ្វីមិនបានសោះ ឡើយ ក៏មិនអាចប្រទាក់ប្រទាញទៅនិងវត្ថុដទៃ ដែលធ្លាប់បានឃើញហើយ ជាមួយវត្ថុដែល មិនឃើញ នឹងធ្វើឲ្យដឹង
បានថា អ្វីជាអ្វី ។ វត្ថុដែលទទួលដឹងក្នុងមួយគ្រា ៗ ក៏នឹងក្លាយជាវត្ថុ
ថ្មីទាំងអស់ សឹងជាដូច្នេះ មនុស្សក៏នឹងមិនអាចអភិវឌ្ឍន៍ខ្លួនឯងបាន ពីភាពជាមនុស្សព្រៃផ្សៃ សម័យបុរាណ មកជាមនុស្សដែលចម្រើនដូច
ដែលមាននៅក្នុងវេលានេះបាន។


         ៣. សង្ខារ បានដល់ភាពតាក់តែងឲ្យគិតល្អ គិតអាក្រក់ ឬគិតជាកណ្តាលៗ មិនល្អ មិនអាក្រក់ បើសិនជាសភាពដែល
តាក់តែងចិត្តឲ្យគិតល្អ ហៅថា កុសល សភាពតាក់តែង ចិត្តឲ្យគិតមិនល្អ ហៅថា អកុសល សភាពតាក់តែងចិត្តឲ្យគិតមិនល្អមិនអាក្រក់ ជាកណ្តាល ហៅថា អព្យាកត


សង្ខារមិនមែនសេចក្តីគិត តែសង្ខារជាវត្ថុដែលចូលទៅប្រកបចិត្ត ហើយធ្វើឲ្យចិត្តគិត ទៅតាមធម្មជាតិ ឬមានលក្ខណៈរបស់ខ្លួន ការគិតពិចារណាដោយវិធីងាយ ៗ នឹងធ្វើឲ្យយល់វត្ថុដែលហៅថា សង្ខារបានល្អឡើង។

ដំណាក់កាលដំបូង នឹកដល់សភាពធម្មជាតិម្យ៉ាង ដែលមាននៅក្នុងចិត្ត ដំណាក់កាលទីពីរនឹកដល់សភាពម្យ៉ាងទៅដែលចូលទៅប្រកបនៅជាមួយចិត្ត ដំណាក់ទីបី នឹកដល់ អាការៈដែលវត្ថុចូលទៅប្រកបនៅជាមួយចិត្តនោះ ធ្វើនាទីបង្គាប់ចិត្តឲ្យគិតទៅតាមធម្មជាតិ ឬ លក្ខណៈរបស់ខ្លួន ដែលចិត្តនឹងត្រូវគិតទៅតាមនោះ ។ សភាពដែលចូលទៅ
ប្រកបចិត្តហើយតាក់តែង ឬបង្គាប់ឲ្យចិត្តគិតទៅតាមធម្មជាតិ
របស់មនុស្សនេះឯង ហៅថា សង្ខារ


បើប្រៀបចិត្តដូចទឹក សង្ខារក៏ប្រៀបដូចវត្ថុដែលចូលទៅប្រកបជាមួយទឹក ហើយធ្វើ ឲ្យទឹកមានសភាពប្រព្រឹត្តទៅតាមគុណសម្បត្តិ ឬលក្ខណៈរបស់ខ្លួន ដូចជាយកស្ករទៅលាយជាមួយទឹក ស្ករក៏ធ្វើឲ្យទឹកមានរសផ្អែម
តាមគុណសម្បត្តិរបស់វា យកអំបិលដាក់ក្នុង ទឹក អំបិលក៏ធ្វើឲ្យទឹកមាន
រសប្រៃ យកទឹកក្រូចលាយជាមួយទឹក ទឹកក្រូចក៏ធ្វើឲ្យទឹកមានរសជូរ
យ៉ាងនេះ ជាដើម។


កិលេសទាំងអស់ជាសង្ខារប្រភេទមិនល្អ ( ហៅថា អកុសលចេតសិក ដូចជាលោភ ទោស មោហ មានៈ ឥស្សា មច្ឆរិយ ជាដើម ) គុណធម៌ផ្នែកល្អទាំងអស់ ជាសង្ខារប្រភេទល្អ (ហៅថាកុសលចេតសិក
ដូចជា សទ្ធា ហិរិ ឱត្តប្ប មេត្តា ករុណា ជាដើម ) គុណធម៌ប្រភេទល្អ ខ្លះ ជាសង្ខារប្រភេទកណ្តាល ៗ ឬ អព្យាកត (ដូចជា ឆន្ទ វិរិយ មនសិការ
វតក វិចារ ជាដើម )។


           ៤. វិញ្ញាណ ពាក្យថាវិញ្ញាណ ប្រែតាមស័ព្ទថា ការដឹងច្បាស់ បានដល់ដឹងយ៉ាងច្បាស់ ពេលវត្ថុខាងក្រៅ មកប៉ះខ្ទប់និងប្រសាទសម្ផស្ស
ទាំង៥ ហើយកើតការដឹងឡើង ដូចជាពេល ធ្មេចមានអារម្មណ៍ថា បានឃើញជាចក្ខុវិញ្ញាណ មានសម្លេងកើតឡើងក៏ដឹងថា បានឮ ជា សោតវិញ្ញាណ មានក្លិនមកប៉ះខ្ទប់ច្រមុះ មានអារម្មណ៍បានក្លិន ជាឃានវិញ្ញាណ មានរបស់ មកប៉ះនិងអណ្តាត មានអារម្មណ៍បានទទួល
រស ជាជីវ្ហាវិញ្ញាណ មានរបស់មកប៉ះកាយ ដឹងថាវាមកពាល់ត្រូវកាយ ជាកាយវិញ្ញាណ ក្រៅពីនេះ មានអារម្មណ៍ដទៃណាមួយមកប៉ះខ្ទប់ចិត្ត មានអារម្មណ៍ទទួលដឹងខាងចិត្ត ជា មនោវិញ្ញាណ ។       អារម្មណ៍ទទួលដឹងដូចពោលមក នេះហៅថា វិញ្ញាណ
ចាត់ជាវិញ្ញាណក្ខន្ធ ដែលជាខន្ធមួយក្នុងនាមក្ខន្ធ។


ប្រការដែលគួរធ្វើការស្វែងយល់ជាពិសេសក្នុងទីនេះក៏គឺ ពាក្យថា
វិញ្ញាណ  ដែលហៅថាវិញ្ញាណក្ខន្ធនេះមិនមែនវិញ្ញាណ។ តាមសេចក្តីដែលយល់ជាទូទៅនោះ មានដល់ វត្ថុមួយដែលជា
ខ្លឹមកណ្តាលនៃជីវិត ជាវត្ថុដែលយល់ថាទៀង មិនរលត់ទៅព្រមជាមួយ
កាយ ពេលមនុស្សស្លាប់ វិញ្ញាណដូចថានេះ នឹងចេញពីរាងកាយ
ទៅកើតសាជាថ្មីក្នុងកាយថ្មី ។


វិញ្ញាណដូចនេះ មានពិតឬអត់ ជារឿងដែលជជែកគ្នាមកតាំងតែ
ពីបុរាណកាល រហូត ដល់ពេលនេះក៏នៅពុំទាន់ឈប់នៅឡើយ តែវិញ្ញាណដែលជាវិញ្ញាណក្ខន្ធ តាមសេចក្តីរបស់ ពុទ្ធសាសនា មិនមែនវិញ្ញាណដូចដែលពោលនេះ ទេ ។


វិញ្ញាណដែលជាវិញ្ញាណក្ខន្ធនេះ កើតបានរលត់បាន ពេលរលត់ហើយក៏កើតឡើង បានទៀត ដូចជាធ្មេចភ្នែកឃើញ
សៀវភៅដាក់នៅលើតុ អារម្មណ៍ដឹងថាឃើញ ឬបានឃើញ ជាចក្ខុវិញ្ញាណកើតឡើង បង្វែរខ្សែភ្នែកពីដៃខ្មៅទៅមើលវត្ថុដទៃ ចក្ខុវិញ្ញាណដែល កើតឡើង ធ្វើនាទីឃើញខ្មៅដៃក៏រលត់ទៅ កើតចក្ខុវិញ្ញាណឃើញវត្ថុដទៃនោះឡើងមកថ្មី វិញ្ញាណដែល
កើតឡើងខាងប្រសាទសម្រាប់ចាប់ពាល់វត្ថុដទៃ ៗ ក៏កើតឡើង
តាំងនៅ ហើយក៏ រលត់ទៅ ក្នុងលក្ខណៈដូចគ្នានេះ។


វេទនា សញ្ញា សង្ខារ និង វិញ្ញាណ រួមបញ្ចូលគ្នាហៅថា ចិត្ត ហើយវត្ថុប្រកបជាមួយ របស់ចិត្ត ដោយវិញ្ញាណជាចិត្ត វេទនា សញ្ញា និងសង្ខារ ជាធម្មជាតិកើតឡើងប្រកបចិត្ត ហៅថា ចេតសិក ធ្វើឲ្យចិត្តស្តែងអាការៈ ឬមានអាការៈតាមសភាពរបស់វត្ថុ ដែលចូល
មកប្រកបក្នុងការទទួលគ្រាមួយ ទាំងវេទនា សញ្ញា សង្ខារ និងវិញ្ញាណ នឹងកើតឡើងរួមគ្នាជានិច្ច ដូចជា ឃើញផ្កាកុលាបមួយផ្កា
មានអារម្មណ៍ថា “បានឃើញ” ជា វិញ្ញាណ ចាំបានថាវត្ថុនេះ
ជាផ្កាកុលាបជា “សញ្ញា”  ឃើញផ្កាកុលាប ដែលជាវត្ថុស្រស់ស្អាត មានអារម្មណ៍ជាសុខចិត្ត ឬសប្បាយចិត្តជា “វេទនា” សភាពដែល
តាក់តែងចិត្ត ធ្វើឲ្យចិត្តគិតទាក់ទងជាមួយផ្កាកុលាប ឲ្យគិតថាផ្កា
កុលាបនេះ ស្រស់ស្អាត់ជាងផ្កាដទៃក្តី ឬ ឲ្យគិតថាផ្កាកុលាបនេះ
ស្រស់ស្អាត់ គួរឲ្យចង់កាច់បូជាព្រះក្តី ជា “សង្ខារ”។


           ទើបសរុបបានថា ខន្ធ៥ ក៏គឺចំណែកប្រកបរបស់វត្ថុ
ដែលមានជីវិត ប្រភេទសត្វ ដែលរួមទាំងមនុស្សផង ជាវត្ថុដែលមាន
ការទទួលទានអាហារ មានការបន្ទោរបង់អាហារចាស់ រីកចម្រើនឡើងបាន ស្នងបន្តពន្ធុបាន និងមានអារម្មណ៍នឹកគិត ដែលពោលដោយសរុបក៏គឺ
ជា វត្ថុដែលប្រកបដោយរាងកាយនិងចិត្ត ឬរូបនិងនាម ព្រោះដូច្នោះជីវិត គឺការដំណើរនៅរួមគ្នារបស់រូបនិងនាម។ រូបបានដល់រូបក្ខន្ធ ដែលកើតឡើង
ពីការរួមគ្នារបស់ធាតុ៤ គឺ ដី ទឹក ភ្លើង និងខ្យល់  រួមទាំងគុណសម្បត្តិ និងគុណលក្ខណៈផ្សេងៗ ដែលអាស្រ័យនៅជាមួយធាតុទាំង៤  បានដល់នាមក្ខន្ធ ដែលជាចំណែកមិនមែនរូបមាន៤យ៉ាង គឺ វេទនា
សញ្ញា សង្ខារ និងវិញ្ញាណ ។ ទាំង៤យ៉ាងនេះរួមបញ្ចូលគ្នាហៅថា “ចិត្ត” និងវត្ថុប្រកបរបស់ចិត្ត ដោយវិញ្ញាណជាចិត្ត ចំណែកវេទនា សញ្ញា និង
សង្ខារ ជាចេតសិក គឺវត្ថុប្រកបចិត្ត ធ្វើឲ្យចិត្តមាន អាការប្រព្រឹត្តទៅ
តាមសភាពរបស់ខ្លួន ទើបមនុស្សជាវត្ថុដែលកើតឡើងក្នុងធម្មជាតិម្យ៉ាង ដែលប្រកបឡើងដោយរាងកាយនិងចិត្ត ឬរូបនិងនាម
ដូចដែលពោលមកនេះ…….

សូមអរព្រះគុណ ….។

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s