បណ្ឌិតគួរចេះធ្វើល្ងង់ពេលខ្លះដើម្បីសន្តិភាព

 

«« រឿងពក្កបណ្ឌិត »»

(អ្នកប្រាជ្ញគួរធ្វើល្ងង់ក្នុងកាលខ្លះ ដើម្បីសន្តិភាព)

    ក្នុង អវសរ ( ឱកាស ឬសម័យ )ដែលកន្លងទៅហើយ មានកូនបក្សីបីគឺ
កូនក្ងោក កូនសារិកា កូនកុក នៅអាស្រ័យក្នុងសំបុក លើមែកព្រឹក្សាជិតៗគ្នា ។ សម័យនោះមានអ្នកថ្មើរព្រៃបីនាក់នៅក្នុងដែនកម្ពោជៈ បាននាំគ្នាចរចូលទៅក្នុងព្រៃ
ដើម្បី ចាប់ម្រឹគ ។ ថ្មើរព្រៃទាំងបីខំស្វែងរកម្រឹគអស់មួយថ្ងៃពុំបានជួបប្រទះសោះ
ដល់ ពេលល្ងាចជិតត្រឡប់មកផ្ទះវិញ បានឃើញកូនបក្សីបីដែលនៅក្នុងសំបុក
ជិតៗគ្នានោះ ក៏ចាប់យកមួយ ម្នាក់ៗមកចិញ្ចឹម ។

ថ្មើរព្រៃទាំងបីរូបនោះ មានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំងបីហាក់
ដូចជាកូនបង្កើត បានគិតគ្នាថា យើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អ
ហើយយកទៅថ្វាយស្តេចជាគ្រឿងបណ្ណាការ ។ ថ្មើរព្រៃម្នាក់ដែល ចិញ្ចឹមកូនក្ងោក ខំបង្ហាត់ឲ្យចេះពង់ ចេះរាំ ចេះក្រាបសំពះ ឯក្ងោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើ
តាមដរាបដល់ ចេះពង់ ចេះរាំ ចេះក្រាបសំពះ ដូចបំណងរបស់ម្ចាស់ ។

      ថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកា ( សារិកា ) ក៏ខំបង្ហាត់ បង្ហាញឲ្យរៀន
និយាយភាសាមនុស្ស សាលិកាជាសត្វមានគំនិតខ្លី ខំប្រឹងនិយាយតាមដរាបដល់
ចេះនិយាយ ជាមួយនឹងមនុស្សបាន ។ ឯថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូន កុក ក៏ខំបង្ហាត់បង្រៀនកុកនោះតាមបំណងរបស់ខ្លួន ប៉ុន្តែកុកជាបណ្ឌិតមានគំនិត
វែងបានគិតថា អញមិនគួរធ្វើជាអ្នកចេះរាំ ចេះនិយាយ ចេះក្រាបសំពះតាមឱវាទ របស់ថ្មើរព្រៃទុច្ចរិតនេះទេ បើអញធ្វើជាអ្នកចេះដឹង មុខតែថ្មើរព្រៃនេះដាក់ក្នុងទ្រុង
ដរាបដល់អស់ជីវិត, លុះគិត ដូច្នោះហើយ ក៏មិនអើពើនឹងឱវាទ របស់ថ្មើព្រៃ
ជាម្ចាស់ឡើយ បើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រកៗ តែប៉ុណ្ណោះ ។

   ថ្ងៃមួយថ្មើរព្រៃទាំងនោះ បានយកកូនបក្សីទាំងបីទៅថ្វាយស្តេច, ព្រះរាជាបានទតឃើញកូនបក្សីនោះ ហើយ ទ្រង់មានព្រះតម្រាស់ថា ម្នាលព្រាន កូនក្ងោកនេះមានគុណវិសេសដូចម្តេចខ្លះ? 
អ្នកម្ចាស់ក្ងោកក្រាប ទូលថា បពិត្រព្រះសម្មតិទេព ក្ងោកនេះចេះរាំ ចេះពង់ ចេះក្រាបថ្វាយបង្គំ …ក៏ប្រើក្ងោកនោះឲ្យថ្វាយបង្គំព្រះរាជា លុះក្ងោកនេះថ្វាយបង្គំ
ហើយ អ្នកម្ចាស់ក្ងោកធ្វើភ្លេងដោយមាត់របស់ខ្លួន ក្ងោកក៏ពង់ពែនរេរាំតាមភ្លេងនោះ ។

   ព្រះរាជាបានទតឃើញដូច្នោះ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ក៏ត្រាស់បង្គាប់
ឲ្យអាមាត្យចងទុកក្បែរទីនោះទៅ ។ ទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសត្វសាលិកាទៀត អ្នកចិញ្ចឹមសាលិកាក្រាបទូលថាបពិត្រមហារាជ សាលិកានេះ ចេះនិយាយភាសា
មនុស្សបាន ក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាព្រះសណ្តាប់ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ ភាសាកូនសាលិកានោះ ហើយទ្រង់សព្វព្រះរាជហឫទ័យ ក៏បង្គាប់អាមាត្យឲ្យចងទុកក្បែរសត្វក្ងោក ។ ទើបត្រាស់ សួរទៅអ្នកចិញ្ចឹមកុកទៀត អ្នកចិញ្ចឹមកុកក្រាបទូលថា បពិត្រព្រះសម្មតិទេព កុកនេះជាសត្វល្ងង់បំផុត ទោះបី ទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណា ក៏ពុំចេះដឹងអ្វីសោះ ចេះត្រឹមតែស្រែក
ក្រកៗប៉ុណ្ណោះ ។

កុកបណ្ឌិតកាល បើម្ចាស់ខ្លួនទូលព្រះរាជាដូច្នោះហើយ
ក៏ស្រែកក្រកៗឡើង ។ លំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួល យ៉ាងខ្លាំង ទើបបង្គាប់អាមាត្យថា ឯងយកកុកនេះទៅលែងទៅកុំទុក ព្រោះវាល្ងង់ណាស់
មិន ចេះនិយាយស្តីនឹងគេទេ ។ កុកបណ្ឌិតកាលបើអាមាត្យលែងហើយ ក៏ហើរទៅទំលើកំពូលប្រាសាទ សូត្របទគាថាជាភាសាមនុស្សថាៈ
ពក្កោ បណ្ឌិតោ រាជ ភាសកញ្ចេវមាវច, មយូរា សាលិកាចេវ ពហូញាតា ពហូ ពទ្ធា ។
( បពិត្រមហារាជ ខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញា ម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយ ខ្ញុំមិននិយាយឡើយ ដើម្បីដោះខ្លួនឲ្យរួចពីចំណង, ឯក្ងោកនិងសាលិកា ជាអ្នកចេះដឹងច្រើន  ជាប់ចំណងក៏ច្រើន ដែរ ។ )

ព្រះរាជាទ្រង់ព្រះសណ្តាប់គាថារបស់កុកបណ្ឌិត ហើយ ក៏ទ្រង់បន្លឺនូវសូរសីហនាថ ថាសាធុៗ អ្នកជាបណ្ឌិតមានប្រាជ្ញាមែន ។ កុកបណ្ឌិតក៏ហើរទៅតាមវត្ថុបំណងរបស់ខ្លួនដោយសិរីសួស្តី ។ លំដាប់់នោះព្រះរាជាទ្រង់ទតឃើញក្ងោក និងសាលិកាដែលជាប់ចំណងមាន
មុខក្រៀមក្រំស្រងូតស្រងាត់ក៏ត្រាស់ បង្គាប់អាមាត្យឲ្យដោះលែងទៅ ។


ចប់ដោយប៉ុណ្ណេះ … សូមអរគុណ …

 

 

3 responses to “បណ្ឌិតគួរចេះធ្វើល្ងង់ពេលខ្លះដើម្បីសន្តិភាព

  1. ចូលចិត្តត្រង់ អ្នកប្រាជ្ងគួរធ្វើល្ងង់

  2. ខ្ញុំធ្លាប់ស្តាប់រឿងនេះកាលពីក្មេង ៗដែរ កាលនោះប៉ាជាអ្នកនិទានឲ្យស្តាប់ ។ អរគុណពិសិដ្ឋដែលបានចែករំលែក ខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s