Category Archives: ខ្ញុំ រៀននិយាយ

សុខចិត្ដ

                             សេចក្ដីសុខ ទាំងផ្លូវកាយ និងចិត្ដ
មិនមែន កើតឡើង ឬត្រូវស្វះស្វែងរក ដោយពិបាក នោះទេ ។
វាស្ថិតនៅជិតខ្លួន របស់យើងប៉ុណ្ណោះ បើសិនជា យើងគ្រាន់តែ
ប្រាប់ខ្លួនឯងថា យើង ” សុខចិត្ដ ” ព្រមទទួល នោះយើងនឹងឃើញថា
សេចក្ដីសុខ នឹងកើតឡើង ដោយសារអ្វី ជាក់ជាមិនខាន ។

                តើមិនចំឡែកទេឬ ដែលព្រះមហាក្សត្រមួយ ព្រះអង្គ មិនដឹងថា
សេចក្ដីសុខ ពិតប្រាកដជាអ្វីនោះ ?
               ហើយតើ វាមិនរឹតតែចំឡែកទេឬ កាលបើកសិករ ដែលមានជិវភាព
ក្រកំសត់ បែរជាអាចស្វែងរកសេចក្ដីសុខ បានយ៉ាងងាយ នោះ ?

តើសេចក្ដីសុខខាងលើនេះ គឺដោយសារតែមាសប្រាក់
សក្ដិយស មែនទេ?

           រាល់ថ្ងៃ មនុស្សជាច្រើនតែង ប្រើពេលឲ្យរវល់ នឹងតំណើរត្រាច់ចរ
ស្វែងរកសេចក្ដីសុខ ។ អ្នកដែលចិត្ដ ខ្វះខាត ខាងមនោសញ្ចេតនា
ក៏ប្រឹងចិន្ដនាការ ស្វះស្វែងរកដោយគ្រប់់ មធ្យោបាយ ដើម្បីឲ្យបានគាប់
ចិត្ដអារម្មណ៏ របស់ខ្លួន ដែលចង់បានមាន ស្នេហា ជាឧបម៉ា ។
រីអ្នក ដែលចិត្ដ ខ្វះខាតខាងទ្រព្យសម្បត្ដិ ក៏មិនសំកុក
នៅស្រណុកស្រួល រស់នៅឲ្យបានរីករាយ យូរប៉ុន្មានដែរ … ខំរិះ ខំរក
ស្ទើរមិនមានពេល ឈប់សំរាក ដើម្បីដើរលំហែរ កាយអារម្មណ៏ ដូច
គេឯង សោះ ។ រក ពេញមួយឆ្នាំ នៅមិនទាន់គ្រប់ សូម្បីថ្ងៃបុណ្យធំៗ
ក៏នៅតែរក រក រក គិតតែពីរក ពុំមានពេលទំនេរដៃ ។

           តើនេះ ពិតជាសេចក្ដីសុខដែរទេ បើអ្វីដែលខិតខំប្រឹងស្វែងរកនោះ
នៅតែ មិនអាចធ្វើឲ្យខ្លួន រីករាយសប្បាយបាន?

សម្បត្ដិខាងក្រៅ និងមនោសញ្ចេតនា ផ្ដេសផ្ដាស់ របស់មនុស្ស
មិនដែល នាំមនុស្ស ឲ្យដល់ត្រើយ នៃសេចក្ដីសុខពិតប្រាកដ
បាននោះឡើយ ។
ដរាបណា មនុស្សនៅមិនព្រមទទួល ស្គាល់ថា ខ្លួនសុខចិត្ដ នោះទេ
ទោះបី ជាមានសម្បត្ដិ ដល់កំរិតណា …ទោះបីជា បានបង្កើត
មនោសញ្ចេតនា ច្រើនយ៉ាងណា ក៏ត្រឹមតែជា សុបិន កាលពីម្សិលមិញ
អញ្ចឹង ។ មនុស្សនៅតែ ខំប្រឹងដេញតាម សុបិន ជារៀងរហូត ដោយ
មិនមានថ្ងៃឈរឈប់ និងមិនយល់ច្បាស់ថា រឿងនោះ គឺមិនមែន
ជាសេចក្ដីសុខពិត ក្នុងជិវិត បាននោះទេ ។

ចូរបង្កើតអ្វី ដែលអ្នក ត្រូវការសំរាប់ជិវិត ហើយសូមពេញចិត្ដ
នឹងរបស់គ្រប់យ៉ាងនោះ ទោះបីជាវា តិច តូច ក្ដី ក៏មែនពិត
ប៉ុន្ដែធាតុពិត វាបានបង្កប់ នូវសេចក្ដីសុខ ដ៏ជ្រាលជ្រៅ
សំរាប់ ជិវិត មនុស្ស ។

             សុំកុំរងចាំ រហូតទាល់តែ បាត់បង់នោះ … ពេលនេះ អ្នក ប្រហែលជា
នៅទាន់ពេល នឹងថែរក្សា របស់ ដែលអ្នកត្រូវការ សំរាប់ជិវិត …
សូមប្រឹងថែរក្សា ឲ្យអស់ពីទំហឹងចិត្ដ កាយ របស់អ្នក … នោះអ្នក
នឹងរស់នៅ ជាមួយ សេចក្ដីសុខ ដែលកើតពី របស់ទាំងពួង នោះ
ជារៀងរហូត …៕

សូមអរគុណ…

ពិរោះ

“មានរឿងខ្លះ វាពិតជាពិរោះ តែខ្ញុំមិនអាចនិយាយ ហើយស្របពេលខ្លះ
ក៏មានរឿងជាច្រើន ដែលពិរោះ តែខ្ញុំ មិននិយាយ នោះដែរ “

តាមពិត ខ្ញុំមិនដឹងថា អ្នកយល់យ៉ាងណា នោះទេ ចំពោះអ្វី
ដែលខ្ញុំបាទ បានសរសេរ ខាងលើនេះ ប៉ុន្ដែ មានរឿងពីរយ៉ាង
ដែលខ្ញុំ បានបង្កប់ ! ហើយសូមជំរាបថា វា ពុំមែនជារឿង មនោសញ្ចេតនា ប្រុសស្រី កំសត់ ព្រាត់ប្រាស់ អ្វីនោះឡើយ ។

«” មានរឿងខ្លះ វាពិតជា ពិរោះ តែខ្ញុំមិនអាចនិយាយ ” »...នៅត្រង់នេះ
ខ្ញុំ គ្រាន់តែ ចង់និយាយ អំពី សមត្ថភាព របស់មនុស្សតែប៉ុណ្ណោះ ។

មិនថា រឿងប្រលោមលោកក្ដី ជិវប្រវត្ដិពិតៗ របស់បុគ្គលល្បីៗ នោះទេ
សុទ្ធតែមានលក្ខណះ ពិសេស ពិរោះក្បោះក្បាយ ដែលតែងតែ ទាញចិត្ដ
របស់យើងម្នាក់ៗ ឲ្យចងចឹត្ដ ចងថ្លើម តានដាន ស្ទើរមិនដាក់ដៃ
ឬមិនព្រម បង្អង់ភ្នែក ឲ្យឈប់ សូម្បី តែគេង សំរាក ។ តាមពិត
វាពិរោះណាស់ ល្អមើលណាស់ ពេលដែលយើង កំពុងតែអាន ឬមើល
នោះ ប៉ុន្ដែបើឲ្យយើងណាម្នាក់ មកអធិប្បាយ ឬនិទាន ពីក្រោយ
តាមមើលទៅ ពិតជាមិនពិរោះ ដូចការដែលយើង កំពុងអាន នោះទេ
តែនេះ មិនមែន សំដៅថា មនុស្សគ្រប់គ្នា សុទ្ធតែមិនអាច អធិប្បាយ
តំណាល ឲ្យដូចបាននោះឡើយ ។ នេះ គ្រាន់តែ អាស្រ័យ នឹងភាពប៉ិនប្រសប់
ការយកចិត្ដ ទុកដាក់ ព្យាយាមមើល ឬតិចនិច ក្នុងការច្បិចយកអត្ថន័យ
ខ្លឹមសារ សំខាន់ៗ…ជាដើម មកតំណាល តែប៉ុណ្ណោះ ។

អ្នកខ្លះ អាចនឹងយល់ថា វាជារឿងពិបាក ស្មុគស្មាញ ណាស់ ! មិនមាន
នរណា អាចនឹងធ្វើបាន ដូចការសរសេរ ក្នុងសៀវភៅ បាននោះទេ
ប៉ុន្ដែ ធាតុពិត គឺមិនដូច្នោះនោះឡើយ ! មនុស្សកើតមក សុទ្ធតែមាន
សមត្ថភាព សក្ដានុភាព រៀងៗខ្លួន ។ មានរឿងជាច្រើន ដែលមនុស្ស
អាចសម្រួម ពីពិបាក មកជារឿងងាយស្រួល ។ មានអ្នក ដែលពូកែ
ខាងថ្វីសំដី កាយវិការសំដែង ឬ សំលេងពិរោះ រណ្ដំ ..មានអ្នកដែល
ពូកែគិត កែច្នៃ សរសេរនិពន្ធ ឬទេសនា អប់រំ …តើមានរឿងអ្វីខ្លះ
ដែលមនុស្សយើង មិនមានភាពជំនាញមួយៗ ប្រចាំនោះ ?
សូម្បីពិភពដទៃ ដូចជា ព្រះចន្ទ័ ក៏នៅមិនអាចបិទបាំង ជាមួយមនុស្ស
ចុះទំរាំ រឿងនិទានថាតាម តើមានអ្វីដែល ពិបាក មិនអាចធ្វើបាននោះ ?

ហេតុដូច្នោះអ្វីគ្រប់យ៉ាង អាស្រ័យនឹងការ ហាត់ពុត លុតដំ ជាប្រចាំ
នោះទេ … ដែក ដ៏រឹង ក៏គង់រលាយ ឬយកមកធ្វើជា កាំបិត មុតស្រួច
ស្ដើងៗ បាន រីទំលាប់ដែលធ្លាប់តែធ្វើមិនបាន ក៏គង់នឹងធ្វើបាន ដោយ
សេចក្ដីខំប្រឹងប្រែង ជាប្រចាំ នោះដូចគ្នា ..

                                      នេះ មិនមែនជាអ្វី ដែលពិបាក
យ៉ាប់យឹន ដូចសង់មហាកំផែង ឬអង្គរវត្ដ ជាថ្មីនោះឡើយ
វាគ្រាន់តែ តោងឲ្យយើងដឹងថា ការដែលដឹងថាខ្លួន មិនពូកែ
ហើយព្យាយាម បំពេញចំណុចខ្វះខាត របស់ខ្លួននេះ ទើបជា
ប្រការដ៏ចាំបាច់ ព្រោះមនុស្សយើងម្នាក់ បើទោះបីជា មានតំរិះ
ជ្រៅជ្រះ យ៉ាងណាក៏ដោយ ឲ្យតែមិនហ្វឹកហាត់ អនុវត្ដ
ជារឹករឿយៗ នោះទេ អ្វីទាំងនោះ ក៏មិនមាន ប្រសិទ្ធភាព ខ្ពស់
បាននោះដែរ ..( បុគ្គលប្រាជ្ញ មិនដែលបោះបង់ ការអនុវត្ដន៏ )

                          ” ក៏មានរឿងជាច្រើន ដែលពិរោះ តែខ្ញុំ
មិននិយាយនោះដែរ ..” ...នេះ ខ្ញុំគ្រាន់តែ ចង់បង្ហាញអំពី
បំរុងប្រយ័ត្ន នៅពេលយើងម្នាក់ៗ ប្រើប្រាស់បញ្ញា តែប៉ុណ្ណោះ !

យើងដឹងហើយថា មនុស្សគ្រប់គ្នា មិនមែនមានទឹកចិត្ដ ដូចគ្នា
នោះទេ …ពួកគេ មានចំណូលចិត្ដ ស្រដៀង រឺប្លែកៗពី យើង
ក៏មាន …ចង់ឲ្យស្ដាប់យើងនិយាយ ក៏មាន…មិនចង់ឮយើងនិយាយ
ក៏មាន…ហេតុនេះហើយ ដែលជា ផលវិបាក ក្នុងការសន្ទនា
រវាងគ្នា និងគ្នា ។

មនុស្សយកសម្ដី ជាគោលដ្ឋាន ក្នុងការប្រាស្រ័យទាក់ទងគ្នា ..
រីឯរឿងនិយាយ បរិយាយ ដូចដែលប្រយោគ ខាងលើ ចោទបង្ហាញ
ក៏មានលំនាំ ដូចបែបនេះ អញ្ចឹងដែរ ។

មុននិងនិយាយអ្វីមួយ ប្រាប់នរណាម្នាក់ យើងគប្បីគួរដឹង រីស្វែងយល់
អំពី អ្នកដែលយើង មានបំណង ចង់និយាយ ប្រាប់នោះផង នឹងជាពិសេស
រឿងដែលយើងត្រូវនិយាយ ប្រាប់ ផងដែរ ។

មានសុភាសិតចិន មួយពោលថា ” មិនអាចនិយាយ គឹមិនអាច
និយាយ ” …ពេលខ្លះ រឿងដែលនិយាយ វានឹងមិនត្រូវ អារម្មណ៏
អ្នកស្ដាប់ នោះទាល់តែសោះ ! គេ បែរជាក្រោធខឹង ច្រឡូតតូងតាង
ស្អប់ នឹងរូបយើង ផងក៏ថាបាន ព្រោះតែយើង និយាយអ្វីមួយ
ប៉ះពាល់ ទង្គើសអារម្មណ៏ ធ្វើឲ្យគេ មិនសប្បាយចិត្ដ ។

រឿងខ្លះ ក៏មិនមែនជា ទីប្រយោជន៏ ដល់អ្នកស្ដាប់ ! វា អាចជារឿងសំងាត់
សំខាន់ៗ ដូចជារឿងប្រទេស កិច្ចការសំខាត់ របស់ក្រុម ឬគ្រួសារ
ជាដើម ..

ហេតុនេះ មុននឹងនិយាយ សូមយើងតោង ពិចារណា ឲ្យច្បាស់
អំពីហេតុបច្ច័យ ទីកន្លែង នឹងបុគ្គលដទៃ ជាមុនសិន ..

និយាយត្រឹមត្រូវ ការពិត ទោះបីជាអាចនិយាយថា ល្អ
តែមិនមែន សុទ្ធតែអាច នាំនូវផលប្រយោជន៏ ដល់មនុស្ស
បានទាំងអស់ ឬគ្រប់ពេល នោះបានឡើយ…៕

សូមអរគុណ…

ភ្នំ និងសមុទ្រ

នៅក្នុងពិភពលោកមួយនេះ អ្វីគ្រប់បែបយ៉ាងដែលមាន
រូបរាង សុទ្ធតែកកើតឡើងពីបណ្ដុំតូចៗ ទើបវាក្លាយជាមានទំហំ ទៅតាមបែបបទ
ឬក្រិតក្រម របស់ធម្មជាតិ ទាំងនោះ ។

…កាលដែលភ្នំថៃសាន មានកម្ពស់ខ្ពស់ ហើយធំ ក៏ពីព្រោះវា មិនដែលបាន
បដិសេធ នឹងបណ្ដុំដី ឬថ្មតូចៗ និង កំទេចស្លឹកឈើល្អិតៗ ពុកផុយ
នោះហើយ ។ វា ក៏មិនដែលនឹកព្រួយ ឬខ្លាចរំពៃ ដល់ពពួកព្យុះព្យោមា
មហាទឹកជំនន់ ឬធាតុអាកាស ក្ដៅ ឬត្រជាក់ នោះដែរ ជាពិសេសជាងនេះ
វា ក៏មិនដែលនឹក រំពឹងថា ខ្លួននឹងរលត់រលាយ ដូចជា ដំបូក របស់
ស្រមោច នឹងកណ្ដៀរ នោះម្ដងណាឡើយ….
ហេតុនេះហើយ បានជាវា មានភាពអស្ចារ្យ យ៉ាងដូច្នេះ ។

កាលដែលមហាសមុទ្រ មានទំហំធំ ល្វឹងល្វើយ ហើយជ្រៅ ក៏ពីព្រោះវា
មិនដែលបដិសេធ ជាមួយ រាប់កោដ នៃតំណក់ទឹកភ្លៀង ខ្សែបណ្ដាញទឹកតូចៗ នៃទន្លេ ស្ទឹង …
ទោះជាមិនក្លិនល្អ ឬមិនល្អ នោះហើយ ។ ជាពិសេស ជាងនេះទៅទៀត
វានៅតែ រក្សាបាន នូវរសជាតិប្រៃ របស់វា នៅជាប់ដដែល ហេតុនេះហើយ
បានជាវា អស្ចារ្យ ដល់កំរិតហ្នឹង ។

ថ្វីបើ របស់ខាងលើទាំងពីរ មានភាពអស្ចារ្យ យ៉ាងណាមិញ មនុស្សយើង
ក៏ អស្ចារ្យយ៉ាងដូច្នោះដែរ ។ មនុស្សយើងម្នាក់ៗ សុទ្ធតែមាននូវ
សក្ដានុភាព រៀងៗខ្លួន ដែលអាចធ្វើឲ្យខ្លួន ទទួលបានជ័យជំនះ
រាប់ពាន់ដង បង្កើតជាសមិទ្ធិផល ល្អៗ រាប់លាន មិនចេះតិច ។
អ្នកខ្លះ បង្កើតរថយន្ដ សំរាប់ធ្វើតំណើរ ! ខ្លះ បង្កើតកំព្យូទ័រ និងប្រពន្ធ័
សំរាប់ទាក់ទង គ្នាយ៉ាងទូលំទូលាយ ! ខ្លះបង្កើត ឧសថ ថ្នាំសង្កូវ
ឧបករណ៏ប្រើប្រាស់ ផ្សេងៗ សំរាប់តំរូវការ មិនថាផ្លូវកាយ និងចិត្ដ
នោះឡើយ ។ កាលដែល ពួកគេ បានក្លាយជា ដូច្នោះ ក៏មិនមែន
ពួកគេ មិនចេះរស់នៅ ដោយក្ដីលំបាក យ៉ាប់យឹន ស្គាល់តែសុខ
ស្រណុកស្រួល តែម្យ៉ាងនោះទេ ។ ភាពអស្ចារ្យ របស់មនុស្ស មិនមែន
មានដោយសារ ជាតិកំណើត ឋានះយសសក្ដិ ឬកិត្ដិយស របស់បុគ្គល
ដទៃនោះឡើយ ប៉ុន្ដែគឺដោយសារ ដៃទាំងពីរ របស់យើងផ្ទាល់
តែប៉ុណ្ណោះ ។

កាលដែលយើង ដើរយ៉ាងនឿយហត់ អស់កម្លាំង ក្ដៅដង្ហក់
ក៏គង់នៅមាន ម្លប់ឈើ ត្រជាក់ ដ៏ត្រឈៃ នឹងទឺកទន្លេ ឬរណ្ដៅ ដ៏ផ្អែម
ឈ្ងុយឆ្ងាញ់ សំរាប់ពិសារ ។
កាលដែលយើង បាក់កំលាំងចិត្ដ បាត់បង់ ឬចាញ់អ្វីមួយ ក៏គង់នៅមាន
មនុស្សលួងលោមចិត្ដ ( ជាមិត្ដ ឬញាតិ ) នៅក្បែរ ជាអ្នកជួយជ្រុមជ្រែង
ពង្រឹងស្មារតី ជួយ ចែករំលែក ឬ ផ្ដល់កំលាំងចិត្ដ ពីក្រោយ ។
តើរឿងទាំងអម្បាលម៉ានខាងលើ នៅតែមិនអាចធ្វើឲ្យអ្នក អាចលះបង់
អារម្មណ៏ កំសត់ ទុរគត៌ ភិតភ័យ ទោមនស្ស នឹងភាពឯកា បាននោះទេឬ ?

រាល់លើក ដែលមនុស្សជួប បញ្ហា មិនមែនប្រាកដជាក់ថា មនុស្សសុទ្ធតែ
ត្រូវអង្គុយ សំកុក គិតរំពៃ ដល់តែសេចក្ដីព្រួយ លំបាកចិត្ដ នោះទេ ។..
ទោះបីជាពេលខ្លះ មនុស្សត្រូវស្ងៀមស្ងាត់ ក៏ពិតមែន ប៉ុន្ដែ មិនមែនមាន
ន័យថា មនុស្សត្រូវស្ងៀមស្ងាត់ ឬគ្រវាត់ចោល ដំណោះស្រាយ ជារៀង
រហូតនោះឡើយ ។ មនុស្សត្រូវក្រោក ហើយគិត ពិចារណា ដោយ
មធ្យោបាយ យ៉ាងណា ដែលអាចឲ្យខ្លួន ឈានផុតពី ផលវិបាក
ទាំងពួងនោះ ។

ភាពក្លាហាន រឹងមាំ ចិត្ដរឹងប៉ឹង មោះមុត នឹងបញ្ញា របស់មនុស្ស នឹងដឹកនាំ
ឲ្យមនុស្សទាំងឡាយ ឈានផុត ផលលំបាក ទាំងនោះ ហើយបោះជំហាន
យ៉ាងសន្ទុះឡើង ទៅរកឧត្ដមភាព ជោគជ័យ នឹង ឥស្សរភាព របស់ខ្លួន
ជាមិនខាននោះឡើយ …៕

ដោយសេចក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

តើមានអ្វី នៅក្នុងស៊ុតដ៏តូចមួយនេះ​?

 

 

 

មនុស្សពិតជាមិនដឹង ឬនិយាយឲ្យចំថា វានឹងមានអ្វីឲ្យពិតប្រាកដ
នោះទេ នៅក្នុងស៊ុត ដែលបិទបាំងជិត ដ៏តូចមួយនេះ ។
អ្នកខ្លះ ប្រហែលជាគិតស្មាន យ៉ាងងាយៗថា ..វា គឺមានកូនសត្វ
ជាមិនខាន ។ បើស៊ុតនេះ រាងធំ ក៏តាំងគិតថា មានកូនទា
បើស៊ុតទំហំល្មម ក៏គិតថា ជាកូនមាន់ ហើយបើមានទំហំតូច
ក៏តាំងគិតយ៉ាងងាយថា ជាកូន លលក ឬ ចាប ជាដើម ។
ប៉ុន្ដែរឿងទាំងអម្បាលម៉ានខាងលើ វាគឺគ្រាន់តែជា សេចក្ដីសន្និដ្ឋាន
តែប៉ុណ្ណោះ ពីព្រោះការពិត គឺពុំមាននរណាម្នាក់ បានដឹងច្បាស់
នោះនៅឡើយទេ ។ ការដែលស៊ុត នោះមានគុណភាពល្អ
ឬមិនល្អ ក៏មិនទាន់ដឹង ហើយ ការដែលស៊ុតនោះ មានភេទអ្វី
ក៏រឹតតែមិនទាន់ដឹង ផងដែរ ។ ចំពោះ ការដែលគេហ៊ានសន្និដ្ឋាន ដូចខាងលើនេះ
គឺពឹងផ្អែក តែតាមសំបកក្រៅតែប៉ុណ្ណោះ ពុំបានដឹងយ៉ាងស៊ីជំរៅ
អំពីផ្ទៃខាងក្នុង របស់ស៊ុត នោះឡើយ ។

ជិវិតមនុស្សក៏ដូច្នោះដែរ ។ វេលាដែលអ្នកនៅក្មេងៗ មនុស្សចាស់
ក៏មិនដឹងជាក់ ថាអ្នកនឹងក្លាយជាអ្វីឲ្យពិតប្រាកដបាននោះដែរ ។
ពេលខ្លះ ពូកគាត់ ឃើញអ្នក មានជំនាញខាងនេះ ក៏គិតថា អ្នកអាច
ធ្វើការងារប្រភេទនេះ ឬនឹងក្លាយជាមនុស្សប្រភេទនេះ នៅថ្ងៃអនាគត់ ។
ពេលខ្លះ ពួកគាត់ ឃើញអ្នក ធ្វើអ្វីមិនបានល្អ ទាល់តែសោះ នៅពេល
បច្ចុប្បន្ន ហើយតាំងនាំគ្នា រិះគន់អ្នកថា អ្នកនឹងក្លាយជា មនុស្សសំអុយ
ប្រភេទនេះ ឬប្រភេទនោះជាដើម ទៅតាមទំនើងអារម្មណ៏
របស់ពួកគាត់ ។

តើជិវិត របស់អ្នក នឹងសុខចិត្ដ ឲ្យអ្នកដទៃ មកវិនិច្ឆ័យ ថាដូច្នេះ
ឬដូច្នោះ ដោយងាយៗ ដែររឺទេ ?
តាមពិត វាពុំមានអ្វីខុសទាស់ ធ្ងន់ធ្ងរ ប៉ុន្មានទេ ! កាលដែលសួរអ្នក
ដូច្នេះ គឺគ្រាន់តែ ចង់ដាស់អារម្មណ៏ អ្នក ខ្លះៗ តែប៉ុណ្ណោះ ។
ពីព្រោះ ពេលខ្លះ មានមនុស្សមួយចំនួន តែងតែ សំកុក អាកអន់
ចិត្ដ នឹងពាក្យសំដី របស់អ្នកដទៃ ពេលប្រមាថមកលើខ្លួន ។
ហេតុនេះហើយ បានជាឲ្យអ្នក ត្រូវពិនិត្យពិច័យ ខ្លួនរបស់អ្នក
ទៅនឹង ស៊ុត មួយខាងលើ នោះអញ្ចឹង ។
អ្នក នឹងក្លាយជាអ្វី មិនមែនអាស្រ័យ ទៅលើពាក្យសំដី ឬការទស្សន៏ទាយ
របស់អ្នកដទៃ នោះទេ តែវាអាស្រ័យ ទៅលើរូបអ្នកផ្ទាល់ ទៅវិញទេតើ !
ជិវិត របស់អ្នក នឹងក្លាយជាអ្វី គឺដោយសារ ការរៀបចំ ផែនការ ឬ
ដោយការធ្វេសប្រហេស ផ្ទាល់របស់ខ្លួន ។ ពេលដែលអ្នក មានទំនុក
បំរុងប្រុងប្រយ័ត្ន រៀបចំ ផែនការ ជិវិត មានរបៀបរៀបរយ
ជិវិត របស់អ្នក ក៏នឹងក្លាយជា អ្វីដែលអ្នក បានផ្ដួចផ្ដើម តាំងតែពីអ្នក
នៅក្មេង នោះអញ្ចឹង ។

ផ្ទុយទៅវិញ បើអ្នក មិនប្រុងប្រយ័ត្ន
ឬធ្វើផែនការ ជិវិត ឲ្យបានត្រឹមត្រូវ នោះទេ អ្វីដែលអ្នក ចង់ក្លាយជា
នោះ គឺបីដូចជា ក្ដីសុបិន ដែលត្រឹមតែ នៅក្នុងសុបិន អញ្ចឹង !
វានឹងមិនលេចចេញរូបរាង ឲ្យជាក់ពិតប្រាកដ នោះឡើយ ។
អ្នក នឹងជា ស៊ុត សំអុយ ដែលជិវិត គឺសូន្យសុង តាំងពីតំបូង
ឬអ្នក ជាស៊ុត ទន់ខ្សោយ ដែលមិនអាចទំលុះ សំបក ចេញមកក្រៅ
ដើម្បី សំលឹងមើល ពិភពលោក ខាងក្រៅ ឬ បញ្ចេញស្នាដៃជិវិត
ឲ្យអស់ពីទំហឹង នោះផងដែរ ។ នោះមកពី អ្នកផ្ទាល់ តែប៉ុណ្ណោះ!

សូមចូលរួម កែលម្អ ដល់មតិ ខាងលើនេះ ផង !

ដោយសេចក្ដីគោរព រាប់អាន ពីខ្ញុំ ពិសិដ្ឋ ..

ព្រោះតែជម្រើស

ពីព្រោះតែមានជំរើស

                 ភ្លៀងបានធ្លាក់មួយមេ ធំគួរសម នាពេលយប់មិញនេះ បណ្ដាលឲ្យសត្វខ្លាឃ្មុំ
មួយក្បាលនឹកដល់ទីដងជ្រលងអូរ ដែលខ្លួនធ្លាប់បានរកចំណី កាលពីមុន គឺជាកន្លែងសម្បូរ
ពពួកត្រីផ្សេងៗ ហែលប្រឡែងទឹក ស្រមតាមខ្សែទឹកហូរ តាមដងជ្រលងអូរ នោះជាប្រក្រតី
កាលបើមានភ្លៀងធ្លាក់ចុះហើយ ។

ថ្ងៃនេះសត្វខ្លាឃ្មុំមួយនេះ ដូចជារារុង បង្អែរបង្អង់ មិនដឹងជាចាំចាប់ត្រីមួយណា
ឲ្យជាប្រាកដនោះទាល់តែសោះ ! វា ឃើញត្រីចង្វារ ហែលននាល ទាបទឹករាក់ ទាំងហ្វូង តែមិនព្រម
ចាប់ ក៏បណ្ដោយអោយទៅហួសបាត់ ។​ ក្រោយមក ត្រីកញ្ចុះ ជាច្រើន ហែលប្រដេញគ្នា ដូចម្រាមដៃ
ក៏វាមិនចាប់ជាចំណី ពីព្រោះវាគិតថា ជាពពួកត្រីតូចៗ ហើយមានធ្មុង មានពិស ទៀតសោត ទើបព្រម
អត់រងចាំត្រីធំ វាមកដល់នាពេលក្រោយ ។ មួយសន្ទុះ ត្រីអណ្ដែង ទាំងគូរៗ      ហែលរលេញ ទំនាបជាយ
មាត់អូរ ក៏វានៅតែមិនព្រមចាប់ ទុកជាចំណី ព្រោះតែវាគិតថា ជាពពួកត្រីមានពិស ខ្លាំងជាត្រីតូច ហើយ
ខ្លាចចាប់មិនបាន ថែមទាំងបង្កឲ្យហត់កំលាំងអត់អំពើ ទើបវាក៏បណ្ដោយឲ្យពពួកត្រីទាំងនោះ ហែល
បាត់ទៅទៀត ។ លើកនេះ វាសំកុក ចាំយ៉ាងយូរ ចាំចាប់ត្រីធំៗ ដូចជាផ្ទក់ រ៉ស ជាដើម ប៉ុន្ដែជាសំណាង
អាក្រក់ នៅទីបំផុត ទឹកក៏ហូរផុតអស់ ហើយត្រីទាំងឡាយ ក៏ឆ្ងាយពីដៃទៀតដែរ ធ្វើឲ្យក្ដីសង្ឃឹមរងចាំ
ក្លាយជាភាពអសាបង់ ក្នុងវេលាថ្ងៃនេះ តទៅ ដោយមិនបា​នអ្វីមកជាចំណីអាហារ ទាល់តែសោះ ។
តើនេះ ពីព្រោះមកពីអ្វីនោះដែរ ?

និយាយអំពីមនុស្សមួយចំនួន
ក៏មិនខុសអ្វីទៅនឹងសត្វខ្លាឃ្មុំ ខាងលើនេះដែរ ។
រាល់បុគ្គលដែលគិតថាខ្លួនពូកែ ចេះតែមានជំរើសឲ្យតែរហូត! រងចាំមិនឈប់ 

រំលងឱកាសមួយហើយ មួយទៀត ក៏គង់តែថ្ងៃណាមួយ នឹងស្គាល់យ៉ាងច្បាស់ថា
ខ្លួននឹងមិនមែនអ្វីនោះទាល់តែសោះ ជាប់ដៃរបស់ខ្លួន ។ អ្នកខ្លះ ការងារនេះ មិនធ្វើ សាញថា ប្រាក់ខែតិច
ការងារនោះមិនធ្វើ
សាញថា នឿយហត់ លំបាកលំបិន ។ ដើរពីទីនេះ ទៅរកទីនោះ ដើរវិលឡើងវិលចុះ
គឺនៅតែដដែល ! មិនចេះស្គាល់ថា អ្វីដែលជាទីពេញចិត្ដ ជាទីគាប់ចិត្ដ ម្ដងនោះឡើយ ។

អ្នកដែលមិនធ្លាប់មានអ្វីមួយ
គួរតែចាប់ផ្ដើមមើល ថ្លឹងថ្លែង ឬ សាកល្បងធ្វើ របស់អ្វីមួយ ជាលក្ខណះតូច ឬ
សាមញ្ញភាព ជាមុនសិន ។ មិនគួរណាស់ ឈោងចាប់ របស់ ឬការងារ អ្វីមួយ ដែលខ្ពស់ពេក
នោះឡើយ ។ ប្រាក់បៀវត្ដន៏ បន្ដិច ឬ ល្មម ក៏គង់នឹងកើនឡើងជាលំដាប់ តាមវេលាកាល
ដែលខ្លួនធ្វើអ្វីមួយបានប្រសើរ
ដោយភាពល្អហ្មត់ហ្មងចំពោះការងារដែលខ្លួនបានអនុវត្ដ។
 អ្នក ដែលមិនចេះសន្សំ របស់របរ
បន្ដិចបន្ដួច ក៏គង់នឹងគ្មានអ្វីដែលជា របស់ធំធេង បាននោះដែរ ដែលនេះ
មិនខុសអ្វីទៅនឹងសត្វខ្លាឃ្មុំ អំបាញ់មិញ នោះទេ ដែលសុខចិត្ដ រងចាំ
របស់អ្វីមួយ ដែលមិនដឹងថា វាមាន ពិតប្រាកដ ឬយ៉ាងណា  ហើយទៅជា បោះបង់អាហារ​ ចំណី សំរាប់ចឹញ្ចឹមក្រពះ របស់ខ្លួន ឲ្យផុតទៅដោយទទេ ៗ ។
  លោកអធិការ  នាយវរសេនីយ៏ មន្ដ្រីធំៗ គ្រប់ជាន់ថ្នាក់ ក្ដី ក៏សុទ្ធតែចាប់ផ្ដើម
នាយពលតូចតាច
។ មនុស្សចាស់ជរា ឬ ស្លាប់មរណា ក៏សុទ្ធតែចាប់ផ្ដើម ពីទារកភាព ។ 
កិត្ដិយសល្បីល្បាញ  ខ្ទរខ្ទី  ពេញប្រទេស ឬ សកលលោក
ក៏ចាប់ផ្ដើមពីពេលដែលមិនទាន់មាន  ឬ មានបន្ដិចបន្ដួច  ។  បើដូច្នោះ 

មនុស្សមិនចាំបាច់ រើសច្រើនអ្វីនោះទៀតឡើយ  ! ចាប់ផ្ដើមធ្វើអ្វីដែល
មាននៅជាប់នឹងដៃ នៅពេលនេះ ទៅ ! ព្យាយាមធ្វើវាទៅតាមសមត្ថភាព ឬ លទ្ធភាពរបស់ខ្លួនទៅ
វានឹងមិនដែលបំផ្លាញផលប្រយោជន៏ អ្នកនោះទេ ប៉ុន្ដែមានតែជួយឲ្យអ្នកកាន់តែរីកចំរើន បានមួយ
កំរិត ឬ ចេះដឹង មានបទពិសោធន៏ បន្ថែមទៀតទេតើ !
                  សុភាសិតមួយពោលថា ៖ ចូរមានសេចក្ដីសុខជាមួយអ្វីដែលអ្នកមាន ! អ្នកនឹងមានអ្វីៗដ៏ច្រើនសន្ធឹកសន្ធាប់ចាំជួយរកក្ដីសុខឲ្យជាក់ជាមិនខាន ។ 
អ្នកកុំរំពឹងដល់អ្វីដែលមើលមិនទាន់ឃើញ ! អ្នកកុំរំពឹងដល់ បុប្ផា នាស្ថានសួគា ហើយបំភ្លេចបុប្ផា ក្បែរ
មាត់បង្អួច ។ សូមចាប់ផ្ដើមក្ដោងក្ដាប់អ្វីដែលអ្នកមាននៅពេលនេះឲ្យបានល្អប្រសើរ នោះតំណើរទៅថ្ងៃ
អនាគត់ ក៏នឹងប្រសើរ ទៅតាមនោះផងដែរ ៕

ខ្ញុំមិនចេះអ្វីឡើយ


ខ្ញុំមិនចេះអ្វីឡើយ


អ្វីគ្រប់យ៉ាង បើតាមតំណើរនៃការគិតរបស់មនុស្ស មុខជានឹងយល់ថា នេះជារឿងដែលងាយស្រួល
នឹងសែនសាមញ្ញ កាលបើបានឃើញ ក្មេងម្នាក់ ឬ មនុស្សដែលចាត់ទុកថាគ្មានចំណេះដឹងជ្រៅជ្រះ
និយាយថា
” ខ្ញុំមិនចេះអ្វីឡើយ “ ពីព្រោះពេលស្ដាប់យ៉ាងដូច្នោះទៅ ហាក់បីដូចជា ក្មេង ទារក ឬ អាយុ
តិច កំពុងសំដែង សំលេងស្រែកយំ របស់ខ្លួន ដែលហេតុនេះ នាំឲ្យមនុស្សមានវ័យចំណាស់ ដែលជា មាតាបិតា ឬ វ័យច្បង គិតថា ក្មេងនោះ ប្រាកដជា ឃ្លាន ហើយ ម្ដាយវា បំបៅ ឬ លួងលោម បំពេរ ឲ្យគេង ជាមិនខាន ព្រោះនេះជាលក្ខណះសាមញ្ញបំផុត របស់ ទារក ក្នុងធម្មជាតិ ។

ប៉ុន្ដែបើកាលណា អ្នកបានឃើញ ឬ ដឹងថា មានមនុស្សវ័យចំណាស់ម្នាក់ និយាយពាក្យដូចគ្នាថា
” ខ្ញុំមិនចេះអ្វីឡើយ ”  ពេលនោះ ក្នុងចិត្ដរបស់អ្នក ប្រាកដជាមានការខុសប្លែកពីពេលដែលអ្នកបាន
លឺពាក្យសំដីនេះ ចេញពី ក្មេង ។ ហើយក៏កាន់តែចំឡែក បើកាលណា អ្នកបានឃើញ មនុស្សវ័យ ចំណាស់ ម្នាក់ កំពុង អង្គុយ យំ ទួញសោក ស្រណោះអាឡោះអាល័យ អ្វីមួយ ដែលអ្នកមិនដឹង
ពេលនោះ អ្នកប្រាកដជាមានចិត្ដឆ្ងល់ជាងពេលដែលទារក បានយំ ជាហេតុធម្មតា នៃការទារ
ស្វែងរក ចំណី ឬ ការលួងលោម បំពេរ ទៅទៀត ។ អ្នកមុខជានឹងគិតថា បុរសចំណាស់ ម្នាក់ដែលកំពុងនិយាយដូច្នោះ មុខជាមានអ្វីមួយ ក្នុងចិត្ដ ឬ អ្វីមួយ ដែលអាចអោយអ្នកគិតឆ្ងល់ ជាមិនខាន ។

ចុះបើសូម្បីតែ លោក សូក្រាត ដែលជា អ្នកប្រាជ្ញ ក្រិចបុរាណ ក៏មានប្រសាសន៏ថា
 ” ខ្ញុំមិនចេះអ្វីឡើយ “ នោះដែរ  ខ្ញុំមិនដឹងថា តើអ្នកនឹងមានអារម្មណ៏យ៉ាងណា នោះទេ បើសិនជាអ្នក
បាននៅក្បែរ រូបគាត់ ឬ ទទួលយកពាក្យ មួយឃ្លាខ្លីនេះ មកគិតពិចារណា ។
តើនោះ មិនខុសប្រក្រតីទេឬ ? ហើយតើនោះ មិនមែនជាអ្វីមួយ សំរាប់អ្នក ហើយនឹង ខ្ញុំ យកមក
ពិចារណា ទេឬ ? តើពាក្យមួយឃ្លាដ៏ខ្លីខាងលើនេះ គឺជារឿងដែលស្រួល តែធ្វើមិនបានដែរឬទេ ?

បើសិនជាដូច្នោះ សូមអ្នកធ្វើការបញ្ចេញមតិ យោបល់ របស់អ្នក សាកល្បងទៅមើល៏ថា
បើសិនជាអ្នកនិយាយយ៉ាងដូច្នោះវិញ  តើ ខ្លួនអ្នកផ្ទាល់ នឹងមានយោបល់
យ៉ាងដូចម្ដេចដែរ ?

សូមអរគុណ ទុកជាមុន សំរាប់ការចូលរួម នៅទីនេះ ..

ដោយសេចក្ដីគោរព  ពី ប្អូនប្រុស  ពិសិដ្ឋ ..

សូមចុចទីនេះ ដើម្បីមើលការចូលរួម..

                                                                             សូមអរគុណ!!!!

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



តំរិះ បញ្ញា


“”  សំរាប់អំពើ ដ៏ល្ងង់ខ្លៅ តំរិះបញ្ញា ជាអ្វីគួរអោយខ្លាច …យើងត្រូវរៀន អោយក្លាយជាអ្នកដែលមិនខ្លាច នឹងភាពងងឹត ….
ជាក្មេង ដែលត្រូវការរៀនសូត្រ  ….ជាមនុស្សចាស់ ដែលមានគតិ បណ្ឌិត …..យើងនឹងឈានទៅរកភាពចាស់ទុំ យ៉ាងពិតប្រាកដ ដែលនោះ
គឺជាការ រក្សា បេះដូង ឲ្យនៅក្មេង ជារៀងរហូត នោះឯង …””

        នៅក្នុងលោកសន្និវាស យើងនេះ ចំនេះដឹង មិនមែនជា របស់ មនុស្សណា ម្នាក់នោះទេ ! វា មិនមែន ត្រឹមតែ ជា​របស់ មនុស្ស ល្អ ឬ អាក្រក់  ក្មេង ឬ ចាស់ ហើយក៏ពុំមិនមែន ជា របស់ កម្មសិទ្ធី តែ សំរាប់ បុរស ឬក៏ នារី នោះដែរ ។ រាល់បុគ្គល ណាម្នាក់ ដែល មានបំណង ចង់ចេះ ចង់ដឹងពិត   ចំនេះវិជ្ជា តែងតែ ស្វាគមន៏ ដល់ បុគ្គលនោះ ដោយមិនដែលបដិសេធន៏ ម្ដងណា នោះឡើយ  .. វា ជា របស់ សំរាប់ មនុស្ស គ្រប់គ្នា និង គ្រប់កាលវេលា ដែល មនុស្ស ទាំងឡាយ ត្រូវការ វា ..វា​ មិនមែន ជា កាតព្វកិច្ច ដែលតំរូវ ឲ្យ មនុស្ស ត្រូវ សិក្សា រៀនសូធ្យ ប៉ុន្ដៃ វា ជា អ្វីមួយ ដែល មនុស្សគ្រប់គ្នា ត្រូវតែ មាន ប្រចាំ អាត្មា ។ បុគ្គលណា ដែលខិតខំ បំពេញ ដោយសេចក្ដី អំណត់អត់ធន់ មិនគិតដល់ ការនឿយហត់ តែពោរពេញ ដោយសេចក្ដី​សង្ឃឹម បុគ្គល ទាំងនោះ ក៏រមែង នឹងទទួលបាន ផ្លែផ្កា ពី ចំនេះដឹង  ជាប្រាកដ   ។  បុគ្គល ណា ខិតខំ បានដល់ កំរិត ណា  បុគ្គល នោះ ក៏នឹងទទួល បានផល ផ្លែផ្កា ទៅតាមអ្វីដែលខ្លួនបាន ខិតខំ ប៉ុណ្ណោះដែរ  ។

       ការសិក្សា ក្រេបជញ្ជក់ ចំនេះវិជ្ជា ប្រៀបបានដូចជា ការកសាង នូវ មាគ៌ា ឬ ស្ពាន ដល់រឹងម៉ាំ ប្រសើរ សំរាប់ ការធ្វើតំនើរ នៃ ជិវិត អញ្ចឹង ។ វា នឹងបង្ហាញ អោយអ្នកដែលមាន វា បានដឹងថា ផ្លូវដែលខ្លួន កំពុង ដើរ ឬ ស្ពាន ដែលខ្លួន កំពុង ធ្វើតំនើរ ឆ្លង នោះ មិនដាច់ នៅពាក់ កណ្ដាលផ្លូវ នោះឡើយ ព្រោះវា នឹងជួយ ដោះស្រាយ ត ភ្ជាប់  គ្រប់បញ្ហា  ទាំងអស់ ក្នុងតំនើរ ជិវិត បានយ៉ាងប្រសើរ  ជាងអ្វីទាំងអស់ នៅក្នុងលោក យើងនេះ  ។
បុគ្គល ទាំងឡាយ គួរ កុំគេង ស្រម៉ៃ និង ពឹងផ្អែក ថា នឹងមាន មនុស្ស ដែលអស្ចារ្យ ណាមួយ អាចតាម ជួយ ដល់ រូបខ្លួន បានគ្រប់ពេលវេលា ឬ អាចផ្ទេរ
ចំនេះដឹង មកដល់​ខ្លួន ដោយមិនបាន ព្យាយាម ខិតខំ ដោយខ្លួនឯង នោះ​! វា មិនមែន ដូចជា រឿងភាគ របស់ ចិន ដែលក្បាច់គុណ ឬ យុទ្ធសិល្ប៏
មួយចំនួន អាចផ្ទេរ ពីមនុស្ស ម្នាក់ ទៅម្នាក់ យ៉ាងងាយ ដោយផ្ទាល់ បាន នោះទេ។  ចំនេះ ដឹង  នឹងកើតមាន ឡើងចំពោះ  បុគ្គលណា ម្នាក់  ល្គឹកណា  មានការ ខិតខំ ប្រឹង  ពីការរៀនសូធ្យ យកចិត្ដ ទុកដាក់ តែប៉ុណ្ណោះ​ …ទាំងនេះ គឺជា សច្ចះភាព ! មិនមែនជា​ គំនិត សុទិដ្ឋិនិយម នោះឡើយ !

     ពួកចោរឆក់ កាប់សំលាប់ ឬ បុគ្គលល្ងង់ មិនដែលខ្លាចរអារ កោតគោរព ច្បាប់ ឬ ពួកបណ្ឌិត ម្ដងណាឡើយ តែទោះជាយ៉ាងនេះក្ដី ក៏ពួកគេ ទាំងអស់នោះ មិនដែលរួចខ្លួន អំពី សំណាញ់ ច្បាប់ ឬ ការគ្របដណ្ដប់ របស់ អ្នកដែលមាន ចំណេះ និង គុណធម៌ នោះដែរ ។
នេះ មិនខុសអ្វី នឹងពួក សត្វ មៀម ឬ ទីទុយ ដែលតែងពួនខ្លួន ជ្រកអាត្មា ក្រោមស្បៃរាត្រី ហើយលាក់ សម្ងំ ខ្លួន ចៀសគេចនឹងពន្លឺ ព្រះអាទិត្យ ។ ពួកវា យល់ថា ពន្លឺ ព្រះអាទិត្យ ជារបស់ មិនល្អ សំរាប់ខ្លួន សំរាប់ ក្រុម និង បក្សពួក របស់ខ្លួន ដោយធម្មជាតិ បានបង្កើត រូបខ្លួន អោយជា ពពួក ផ្ទុយ ពីពពួក ស្រប គឺ ជាមនុស្ស នឹង សព្វសត្វទាំងឡាយ ផ្សេងៗ ដែលចូលចិត្ដ និង ស្នាក់ ពឹងអាស្រ័យ ។ បុប្ផា បានរីកស្រស់ មច្ឆា មានជិវិត សព្វសត្វ ទាំងអស់ ត្រូវការ ជាចាំ បាច់ មិនអាចខានបាន ហើយ មានតែ ក្រុមរបស់ ខ្លួន ដែលមើលមិនឃើញ ឬ ធ្វើពើ មិនឃើញ  ទៅដល់ គុណប្រយោជន៏ ដ៏វិសេសវិសាល ទាំងនេះ បីដូច ជា មនុស្សខ្វះ មើលមិនឃើញ ….ដូចជា មនុស្សថ្លង់ ស្ដាប់មិនឮ ជាដើម ។ ទោះបីជា ពួកគេ ខំប្រឹង ធ្វើខ្លួន អោយរឹងប៉ឹង យ៉ាងណា តែតាមការពិត ចំនេះដឹង ឬ បញ្ញា នេះឯង គឺជារបស់ ដែលគួរឲ្យខ្លាច រអារ បំផុត សំរាប់ ពួកគេ ។ ហេតុដូច្នេះហើយ បានជា ចាំបាច់ អោយមនុស្ស ត្រូវសិក្សា រៀនសូធ្យ យកចំនេះវិជ្ជា នេះឲ្យបានច្រើន ដើម្បី កែប្រែ ខ្លួន អោយរួចផុត ពីភាពងងឹតងងុល ដែលបាំងបិទ ក្រោមស្បៃអន្ធការ នៃ អវិជ្ជា
នេះតែម្ដង  ។ មនុស្សដែលនៅ ក្មេង គួរខិតខំ ឬ ត្រូវតែ សិក្សា ព្យាយាម អោយមានមូលដ្ឋាន រឹងម៉ាំ ..រៀនសព្វ រៀនគ្រប់ ដើម្បីទុកជា ទុន ជាដើម សំរាប់ចាយវាយ ប្រើប្រាស់ ទៅតាម តំរូវការ ពេលដែលឪកាស មកដល់ ឬ ពេលសំខាន់ៗ ក្នុងជិវិត ។ រៀនដើម្បី ជាកូនល្អ ជាមិត្ដ ល្អ ជាពលរដ្ឋ ល្អ ដែលមាន ទំនួលខុសត្រូវ ចំពោះខ្លួន និង សង្គម ដូចដែល សុភាសិត ខ្មែរ បុរាណ បានពោលថា ” ទំពាំង ស្នងឬស្សី  “ នោះអញ្ចឹង ។
ជាមួយគ្នានេះផងដែរ មនុស្សចាស់ ក៏មិនត្រូវ លះបង់ ការបន្ដ ការសិក្សា ខណះពេល ដែលមាន យុវវ័យ កំពុងព្យាយាម យ៉ាងមានសន្ទុះនោះទេ ! មនុស្ស ចាស់ ក៏ត្រូវតែធ្វើខ្លួន ជាគំរូរ ដល់ក្មេង ៗ ជំនាន់ក្រោយ ដោយសេចក្ដី ខំប្រឹង មិនឈប់មិនឈរ ! ជាបុគ្គល ដែលនៅតែមានភាពរស់រវើក ក្នុងការជួយជ្រោមជ្រែង ដល់ ក្មេង ៗ និង សង្គមជាតិ ជាបុគ្គលដែលនៅចាំកែតំរូវ ក្មេងៗ និង លើកស្ទួយពួកគេ អោយក្លាយជាសសរ ទ្រូងដ៏ល្អ សំរាប់ ប្រទេស និង ព្យាយាម រុករក បង្កើនបង្កើត អ្វីៗ ផ្សេងៗ ទុកសំរាប់ជាស្នាដៃ សំរាប់ជិវិត និង សំរាប់ ប្រើប្រាស់ ទៅតាមលទ្ធភាព របស់ខ្លួន ។ នេះហើយ ជាគតិបណ្ឌិត ដ៏ល្អប្រពៃ ដែលមនុស្សចាស់ ត្រូវទទួល បន្ទុកភារះ  ។

សរុបសេចក្ដីមក មនុស្សលោកទាំងអស់ មិនត្រូវលះបង់ចោលការសិក្សា នោះឡើយ ! មានតែ ការសិក្សាតែប៉ុណ្ណោះ ដែលបាននាំ មកឲ្យមនុស្ស នូវចំណេះដឹង អនុវត្ដន៏ រាប់មិនចេះអស់ ក្នុងការបង្កើត កែច្នៃ ពិភពលោក អោយក្លាយជាស្រស់បំព្រង របៀបនេះ ! មនុស្ស ត្រូវសិក្សា ដើម្បី អោយមាន ចំនេះដឹង សិលធម៌ និង គុណធម៌ ទាំងឡាយ សំរាប់ជិវិត  ! កុំសំកុក ខ្លួន អោយល្ងិតល្ងង់ កុំត្រាច់ចរ ខ្លួនអោយឃោរឃៅ  និង កុំដឹកនាំ ខ្លួន អោយមាន មហិច្ឆិតា បាត់គុណធម៌ នោះសោះឡើយ !
ពួកយើង កំពុងតែ រស់នៅ នៅក្នុង ពិភពលោក ដ៏សុក្រិត បំផុត ៕


 ជាចុងក្រោយ  សុំអភ័យទោស ចំពោះ ទាំងការសរសេរ និង អត្ថន័យ ប្រសិនជាមានចំណុចណា មិនគប្បី សូម មេត្ដា អធ្យាស្រ័យ
ដោយសេចក្ដី អនុគ្រោះ …..

ពី ប្អូនប្រុស ពិសិដ្ឋ  ដោយសេចក្ដី​គោរព ….

សូមអរគុណ ….