បង្រៀនកូនឆ្មា

 


             ដល់ពេលដែលមេឆ្មាផ្ដាច់ដោះ កូនឆ្មាក៏សួរទៅមេវាថា ៖” ចាប់ពីពេលនេះទៅ
តើខ្ញុំបានអីស៊ីទៅម៉ែ ? “
មេវាសើចក្អឹកៗ ហើយឆ្លើយថា ៖ ” មិនអីទេ ! ពួកមនុស្ស គេនឹង
បង្រៀនពួកឯងឲ្យដឹងជាមិនខាន ! “


កូនឆ្មាពិបាកចិត្ដជាខ្លាំង ។ វា គិតមមៃដាច់ស្រេចក្នុងចិត្ដថា … ” គួរឲ្យឆ្ងល់ណាស់ !​
មនុស្សនឹងមក
បង្រៀនអញម៉េចនឹងកើតទៅ ? ”

                លុះដល់ពេលព្រលប់ កូនឆ្មា ក៏ចូលទៅពួនសំងំតាមគន្លុកកន្លៀត
 ផ្សេងៗ
ក្នុងផ្ទះបាយ ។ ឯម្ចាស់ផ្ទះ ក្រឡេកភ្នែកទៅឃើញឆ្មា គេក៏ប្រញ៉ាប់ប្រាប់ទៅអ្នកនៅ
ក្នុងផ្ទះទាំងអស់
ថា ៖ ” សាច់ក្នុងឆ្នាំត្រូវគ្របឲ្យជិត ! ….ឯត្រីអាំងត្រូវដាក់កន្ត្រកព្យួរឲ្យខ្ពស់
ប្រយ័ត្នកូនឆ្មា វាលួចស៊ី
អស់ ! ..”

              ពាក្យគ្រប់ម៉ាត់របស់ម្ចាស់ផ្ទះ….ត្រូវកូនឆ្មាបានលឺទាំងអស់ ។
វា ត្រេកអរ
ជាខ្លាំង ហើយគិតតែក្នុងចិត្ដថា …. ” ម៉ែអញ និយាយមិនខុសមែន !
មនុស្សបង្រៀនអញមែនតើ !
សាច់នៅក្នុងឆ្នាំង …..ត្រីអាំងនៅក្នុងកន្រ្ដក ! ទាំងអស់នេះ
សុទ្ធតែជាចំណី របស់អញ ទេតើ ….”



                                                    កំណត់ត្រានៅក្នុង ” តាចួនអ៊ានលុនជិង ” ….

                    មេរៀនល្អប្រសើរមិនព្រមប្រាប់    តែទៅជាប្រាប់រឿងមិនប្រពៃ …

                    រឿងធំសំខាន់លាក់ជិតសំចៃ      រឿងឧបទ្រពចង្រៃបង្រៀនគ្មានសល់ ….៕



                                       សូមអរគុណ ..!!!

សំរាមក្នុងចិត្ដ

 

ថ្ងៃមួយ អ្នកមីងម្នាក់ គាត់ទើបត្រលប់មកពីស្រែ

នាពេលព្រឹកព្រលឹម …

គាត់ក៏តាំងរអ៊ូ ម្នាក់ឯង យ៉ាងរង៉ូវអំពីរឿងសំរាមក្នុងផ្ទះ របស់គាត់ ។

គាត់បោសសំរាមបណ្ដើរ រអ៊ូរទាំពីកូនស្រីរបស់គាត់ ថាជាកូនស្រី

ដែលខ្ជឹលច្រអូស រឿងកិច្ចការផ្ទះសំបែង បន្ដិច រឿងស្រែចំការ បន្ដិច

រហូតបោសសំរាម ក្នុងផ្ទះ ស្អាតល្អ ។

ពេលប្ដីគាត់មក ចំពេលដែលគាត់ទើបតែ រអ៊ូរង៉ូវចប់ បន្ដិចនោះ

ប្ដី របស់គាត់ បានសួរថា ” តើម៉ែវាឯង រអ៊ូ រឿងអី ? បានជាឃើញបោស

សំរាមបណ្ដើរ រអ៊ូបណ្ដើរ ចឹងនោះ?? ” 

អ្នកមីង នោះក៏ឆ្លើយថា “ អើ ! មានរអ៊ូរឿងអីផ្សេង ! គឺរអ៊ូ រឿងកូនស្រី

យើង មិនបោសផ្ទះសំបែង ហ្នឹង ! ហើយបើវា បោសវិញ ក៏បោសមិនដែល

បានស្អាត នោះដែរ “” 

ប្ដីបានឮហើយ ក៏តបថា “” ចុះ ម៉ែវាឯង បោសស្អាត ហើយហ្នឹង ??? “”

អ្នកមីងនោះ ឆ្លើយ “” អើ ! ប៉ាវាអែង មើលមិនឃើញទេអី ! បានជាសួរ

បែបហ្នឹងនោះ ??? …សំរាមក៏បោស ហើយដុតចោលអស់ទៀតផង !

ប៉ុណ្ណឹងហើយ មិនស្អាត ទៀតឬ ??? “””

ប្ដី ក៏ឆ្លើយថា “” អើ! ម៉ែវាអែង បោសស្អាតហើយ ក្នុងផ្ទះ …ក៏ប៉ុន្ដែ ក្នុងចិត្ដ

ម៉ែវា អែង នៅសល់សំរាមច្រើនណាស់ ដែលមិនទាន់សំអាត …

ចុះ !ម៉េច ក៏ម៉ែវា អែង មិនសំអាត សំរាម ក្នុងចិត្ដ នោះផង ??? “”

អ្នកមីងឆ្ងល់ …“”«« អីគេ ! សំរាមក្នុងចិត្ដ ??? »» “”””

សូមអរគុណ

@@@@@@@

បណ្តាំ ធនញ្ជ័យ

          បណ្តាំ ធនញ្ជ័យ

   “បើព្រះអង្គសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី  ស្ងោរក្បាលត្រីប្រាកុំចោលម្ជូរសណ្ដាន់ ឬសន្ដាន” ហើយពាក្យនេះទៀតសោត គាត់ផ្ដាំទុក
សម្រាប់អ្នកដឹកនាំ ដែលទទួលមរតកជ័យគ្រប់ជំនាន់ ត្រូវមានគោលធម៌សម្រាប់
ដឹកនាំប្រទេសឲ្យបានសុខសាន្ត និងរីកចំរើន។

    ១/.ពាក្យថាសោយត្រីព្រួលកុំចោលស្រកា ន័យត្រង់ត្រីព្រួលអាចរស់បាន ដោយសារស្រកា ព្រោះស្រកាជាគ្រឿងបិទបាំងរាងកាយត្រី  ។ ន័យបង្កប់ស្រកា
ប្រៀបដូចជាប្រជារាស្ត្រ ដែលនៅជុំវិញអ្នកដឹកនាំដែលមានគុណធម៌ ន័យបង្កប់មួយទៀត បើសិនជាមិនចង់ឲ្យអំណាចដឹកនាំរបស់ខ្លួនប្រែប្រួលឬប្រួលប្រែទេ  គ្រប់អ្នកដឹកនាំត្រូវគិត
ប្រយោជន៍ស្រកាគឺប្រជារាស្ត្រ ព្រោះរាស្ត្រអាចលើកបុគ្គលម្នាក់ធ្វើជាអ្នកដឹកនាំបាន ហើយក៏អាចរុះរើទម្លាយនូវអំណាចដឹកនាំបុគ្គលនោះ ឲ្យប្រែប្រួលក្រឡាប់ចាក់បាន ! នេះជាន័យក្នុងប្រស្នាទីមួយ ដែលធនជ័យបានផ្ដាំអ្នកដឹកនាំ (ស្ដេច)។

       ២/.ប្រស្នាទីពីរព្រះអង្គសោយត្រីប្រាកុំចោលស្រកី (ពន្យល់រួចហើយភាគ១) ន័យត្រង់ស្រកីគឺនៅនឹងក្បាល ស្រកីជាច្រមុះដកដង្ហើមរបស់ត្រី ត្រីប្រាអាចរស់បាន គឺដោយសារច្រមុះសម្រាប់ដកដង្ហើមនេះ បើគ្មានស្រកីទុកដូចជាស្លាប់។ ន័យបង្កប់ទីមួយ នគរមួយអាចរស់បានដោយឯករាជ្យ ត្រូវពឹងផ្អែកលើសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាភាពខ្លាំង
របស់នគរនីមួយៗ ឬដូចជាគ្រួសារមួយអាចមានភាពសុខដុមរមនាបាន គឺស្រ្តីជាអ្នក កផ្ដុំទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យគង់វង្ស ទើបអាចក្លាយជាអ្នកបរិបូរណ៍ដោយទ្រព្យ ពាក្យស្រកីក្លាយមកពីពាក្យត្រឡប់ថា ស្រីកមានន័យថា បើស្រីកទុក្ខគឺបានទុក្ខ បើស្រីកសុខគឺបានសុខ និងសុភមង្គល។ ន័យបង្កប់ទីពីរ គឺប្រាស្រ័យទាក់ទង សង្គមជាតិមួយអាចរីកចំរើនបាន អ្នកដឹកនាំត្រូវចេះប្រាស្រ័យទាក់ទង (ឲ្យដឹងសួរសុខទុក្ខ) ពីក្រោមទៅលើ  ពីតូចទៅធំ ពីទាបទៅខ្ពស់ ពីក្នុងប្រទេសទៅក្រៅប្រទេស ដើម្បីចម្រាញ់ នឹងនាំយកនូវអ្វីដែលថ្មី និងជឿនលឿន សម្រាប់យកមកកសាងមាតុភូមិរបស់ខ្លួន
ឲ្យបានរីកចម្រើន ដូចន័យប្រស្នាថា សោយត្រីប្រាកុំចោលស្រកី គឺក្បាលត្រូវចេះគិតពី
ដង្ហើមរស់ សម្រាប់ចិញ្ចឹមខ្លួនត្រីទាំងមូល  (ស្ដេចប្រាជ្ញនាម៉ឺនប្រាជ្ញ ដូចពស់នាគរាជ
ពាំកែវមនោរា)។

៣/.ប្រស្នាទីបីគឺ ស្ងោរក្បាលត្រីប្រាកុំចោលម្ជូរសណ្ដាន់ ន័យត្រង់បើយើង
ស្ងោរក្បាលត្រី ត្រូវប្រើម្ជូរសម្រាប់កាត់នូវចម្អាប ហេតុអ្វីបានជាគាត់មិនយកម្ជូរដទៃ បែរជាយកម្ជូរសណ្ដាន់មកដាក់ជាប្រស្នា? ព្រោះពាក្យសណ្ដាន់ និងសន្ដានដែលតំណាងឲ្យញាតិ មានសូរសព្ទស្រដៀងគ្នា សម្រាប់ចងជាប្រស្នាបំភាន់។ ន័យបង្កប់គាត់ចង់ប្រាប់
អ្នកដឹកនាំគ្រប់ជំនាន់ថាបើយើងគ្រប់គ្រងនគរត្រូវសម្លឹងមើលញាតិរបស់ខ្លួន
 ព្រោះភាគច្រើននៃញាតិ តែងយកអំណាចរបស់អ្នកដឹកនាំ ទៅប្រើគំរាមកំហែងអ្នកនៅខាងក្រោមផ្ដេសផ្ដាស់ ទៅតាមចិត្តលោភលន់របស់ខ្លួន ដែលធ្វើឲ្យអ្នកដឹកនាំមានញាតិដូចនេះ មានកេរ្តិ៍ឈ្មោះមិនល្អ។ គ្រប់អ្នកដឹកនាំទាំងឡាយ ត្រូវតែប្រើច្បាប់គឺម្ជូរសម្រាប់កាត់នូវចម្អាប គឺក្លិនឆ្អាបមិនល្អ ដែលញាតិរបស់ខ្លួនបានធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គមព្រោះយកឈ្មោះអ្នកដឹកនាំទៅបាំង ជាពិសេសធ្វើឲ្យកើតនៅគំនុំគំគួន ចំពោះអ្នកដឹកនាំដែលមានញាតិមិនល្អ ធ្វើឲ្យកម្លាំងរាស្ត្រដែលរងគ្រោះត្រូវរកវិធីសាស្ត្រ រម្លាយអំណាចបុគ្គលនោះចោល នេះជាហេតុដែលធនជ័យយកឈ្មោះម្ជូរសណ្ដាន់ មកបញ្ចប់ប្រស្នាចុងក្រោយ
មុនពេលគាត់ស្លាប់។ បើយើងគ្រាន់តែស្ដាប់រឿងពុំបានពិចារណា គឺបានត្រឹមតែស្ដាប់រួចសើចសប្បាយ បើយើងពិចារណារឿងធនជ័យ លោកគឺជាពោធិសត្វលោកេស្វរៈ ដែលខ្ញុំបានពន្យល់ប្រៀបធៀបខាងលើ
ដែលឈ្មោះពោធិសត្វនេះ យើងធ្លាប់បានស្គាល់ឈ្មោះគាត់ក្នុងសម័យអង្គរធំនោះឯង (ស្តេចជ័យវរ្ម័នទី៧) ។

ឧបាសក គៀត ចាន់ថុន

សូមអរគុណ

@@@@@@@@@@@@

បើខ្មែរ ផ្លាស់ប្ដូរ

     ” ផ្លាស់ប្តូរដើម្បីរស់ រស់ដើម្បីផ្លាស់ប្តូរ “”

ពិភពលោកសព្វថ្ងៃនេះមានសភាពប្រែប្រួលទៅជារឿយ ៗ
ដូចជា អាកាសធាតុក៏ប្រែប្រួលទៅ ផែនដីក៏ប្រែប្រួលទៅ ធនធាន ធម្មជាតិក៏ប្រែប្រួលទៅ និយាយរួមថា អ្វីៗដែលនៅជុំវិញខ្លួនមនុស្សបាន ប្រែប្រួលទៅជាលំដាប់ កាលបើបរិដ្ឋាននៅជុំវិញខ្លួន​មនុស្សប្រែប្រួល  ទៅដូច្នោះមនុស្សក៏តោងតែរៀនសូធ្យផ្លាស់ប្តូរវិថីជីវិតរបស់ខ្លួនផងដែរទាំងនេះ ក៏ដើម្បីការរស់នៅបែបថ្មីខុសពី វិថីជីវិតចាស់នោះឯង ។

ចរន្តនៃការផ្លាស់ប្តូរកំពុងតែវិវត្តទៅក្នុងពិភពលោក របបនយោបាយចាស់គំរិលលែងជាទីប្រាថ្នាចង់បានរបស់ប្រជាជនទៀត​ហើយ ឫសកែវនៃអំណាចផ្តាច់ការត្រូវបានគាស់រំលើងចោលជាបណ្តើរ ៗ ព្រោះអំណាចផ្តាច់ការមិនបានផ្តល់ផលប្រយោជន៍​ទូទៅដល់មនុស្សក្នុងសង្គមនោះទេ
ផ្ទុយទៅវិញ អំណាចផ្តាច់ការមានតែផ្តល់ការឈឺចាប់ដល់មនុស្ស ព្រោះហេតុនោះ ដើម្បី​បំបាត់ការឈឺចាប់ដែលកើតចេញពីអំណាចផ្តាច់ការ ចលនាផ្លាស់ប្តូរ
បានផុសឡើងនៅទូទាំងពិភពលោក អំណាចសេរីនិយម គឺជាឱសថប្រភេទថ្មី
ដែលអ្នកជម្ងឺគឺប្រជាជនកំពុងតែត្រូវការយកទៅព្យាបាលជម្ងឺ គឺ អំណាចផ្តាច់ការ ។

                                          អំណាចផ្តាច់ការប្រៀប​ ដូចជាជម្ងឺមហារីកដែលពិបាកនឹងព្យាបាលឲ្យជាដាច់ស្រឡះណាស់ ព្រោះអំណាចផ្តាច់ការនេះបានរីករាលដាលនៅក្នុងសង្គម​ ខ្មែរអស់ជាច្រើនទសវត្សមកហើយ មេរោគនៃអំណាចផ្តាច់ការបាន រីកសាយភាយក្នុងរាល់សរសៃឈាមរបស់មនុស្ស ប៉ុន្តែ​អំណាច​​ ផ្តាច់ការនៅក្នុងពិភពលោកមិនអាចស៊ូទ្រាំនឹងអំណាចសេរីនិយមរបស់ប្រជាជនបានទេ កម្លាំងរបស់ប្រជាជនខ្លាំងក្លា ជាងកម្លាំងផ្តាច់ការ ព្រោះអំណាចផ្តាច់ការច្រើនតែ ប្រើវិធីហិង្សាក្នុងការបំបាក់ទឹកចិត្តផ្លាស់ប្តូររបស់ប្រជាជន ។  

ប្រជាជន ដែលត្រូវការផ្លាស់ប្តូរច្រើនតែ
ប្រើវិធីអហិង្សាដោយការធ្វើបាតុកម្ម ចាត់ជាវិធីដែលពិភពលោកទទួល
ស្គាល់ជាទូទៅ ហើយវិធី នេះច្រើនតែបានទទួលជោគជ័យ ។

តើវិធីហិង្សាពិតជាឈ្នះវិធីអហិង្សាមែនឬ?

  ជនផ្តាច់ការដែលហួងហែងនឹងអំណាចរបស់ខ្លួនគ្មានជម្រើស
ណាក្នុងការការពារអំណាចរបស់ខ្លួនបានក្រៅតែពីការប្រើ វិធីហិង្សានោះទេ វិធីហិង្សាចាត់ជាជម្រើសចុងក្រោយរបស់ជនផ្តាច់ការ អំពើហិង្សាដែលជនផ្តាច់ការក្នុងអតីតកាល និង បច្ចុប្បន្នតែងយកទៅប្រើបង្រ្កាបប្រជាជនដែលត្រូវការផ្លាស់ប្តូរនោះមិនដែលធ្វើ
ឲ្យជនផ្តាច់ការនោះការពារអំណាចរបស់ខ្លួន ​បានឡើយ ទាំងមិនដែលធ្វើឲ្យជនផ្តាច់ការនោះរស់នៅសុខសាន្តដូចប្រជាជនដទៃឡើយ ផ្ទុយទៅវិញ អំពើហិង្សាដូចជា ការបង្រ្កាបសម្លាប់ប្រជាជនជាដើមតែងបង្កគ្រោះភ័យដល់ជនផ្តាច់ការ
នោះវិញ ពាក្យថា សម្លាប់(murder)ចាត់ជាបទឧក្រិដ្ឋ កម្រិតជាតិនិងអន្តរជាតិ កាលបើបទឧក្រិដ្ឋ(crime)កើតឡើង ជនដែលពាក់ព័ន្ធនឹងការបង្រ្កាបសម្លាប់បាតុករ​អហិង្សា​នោះ​ក៏​ក្លាយទៅជាឧក្រិដ្ឋជនភ្លាម(criminal) កាលបើជនផ្តាច់ការនោះបានក្លាយទៅជាឧក្រិដ្ឋជន
ហើយ ពិភពលោកមិនអាចឱបដៃ​ឈរមើលបាតុករស្លូតត្រង់ដែលកំពុងត្រូវជនផ្តាច់ការ
កាប់សម្លាប់បានទេហើយក៏បដិសេធចោលនូវអភ័យឯកសិទ្ធិរបស់ជន ផ្តាច់ការនោះ មានន័យថា ជនផ្តាច់ការនោះមិនមែនជាអ្នកដឹកនាំរដ្ឋរបស់ប្រទេសមួយនោះទេ រីឯជនផ្តាច់ការក៏ក្លាយទៅជា​សត្រូវរបស់ប្រជាជនយ៉ាងពេញទី(public enemy)វិញ ជនណាដែលគាំទ្រឬការពារឧក្រិដ្ឋជន ជននោះក៏ឈ្មោះថាជាសត្រូវ​របស់ប្រជាជនដែរ។

ជនស្លូតត្រង់ណាដែលគ្មានបាតដៃប្រឡាក់ឈាមប្រជាជន គប្បីពិចារណាដកការគាំទ្រឬការការពារសត្រូវ របស់ប្រជាជន ព្រោះការគាំទ្រឬការការពារឧក្រិដ្ឋជន ប្រាកដស្មើនឹងការលើកទឹកចិត្តឲ្យឧក្រិដ្ឋជន
បន្តការកាប់សម្លាប់ ប្រជាជនតទៅទៀត ជនស្លូតត្រង់នោះមិនយូរមិនឆាប់នឹងត្រូវជនផ្តាច់ការនោះ
ខ្ចីដៃឲ្យសម្លាប់ប្រជាជនខ្លួនឯងដែរ ហេតុនោះ ដើម្បីរក្សាការពារភាពស្លូតត្រង់និងភាពថ្លៃថ្នូរ
របស់ខ្លួន បុគ្គលមិនត្រូវប្រើអំពើហិង្សាណាមួយឡើយ ។

  អ្នកនយោបាយណាប្រើអំពើហិង្សាកាប់សម្លាប់ប្រជាជនខ្លួនឯងព្រោះវង្វេងឬងប់
នឹងអំណាចយសសក្តិ អ្នកនយោបាយនោះត្រូវតែហ៊ានទទួលស្គាល់ខ្លួនឯងថា
ជាសត្រូវរបស់ប្រជាជន ត្រូវតែហ៊ានទទួលទោសកំហុសដែលធ្វើខុសចំពោះ  ប្រជាជន ។    បើនៅតែក្រាញននៀលមិនព្រមចុះចាញ់ប្រជាជនទេ ទោះបីបើធ្វើដំណើរទៅទីកន្លែងណាក៏ដោយ ក៏មានតែការភ័យខ្លាច​និងតក់ស្លុតសព្វកន្លែង  ទោះបីជាមានជីវិតនៅរស់ ក៏ឈ្មោះថាស្លាប់ទៅហើយ
គឺ ស្លាប់ចេញពីបេះដូងរបស់ប្រជាជននោះឯង ។ ព្រោះហេតុនោះ អំពើហិង្សាមិនមែនជាជម្រើសដែលអាចយកឈ្នះប្រជាជនបានទេ

ផ្ទុយទៅវិញ អំពើហិង្សាបានចងរឹត​ជនផ្តាច់ការឲ្យក្លាយជាអ្នកចាលចាញ់កម្លាំងអហិង្សា
របស់ប្រជាជនបានដោយនឹកស្មានមិនដល់ បាតុករប្រជាជនបានទទួល ជោគជ័យលើសមរភូមិផ្លាស់ប្តូររបបផ្តាច់ការបានយ៉ាងងាយស្រួល ។

   ការស៊ូទ្រាំរស់នៅក្រោមរបបផ្តាច់ការដែលគ្មានសិទ្ធិសេរីភាពដូចយ៉ាង
ប្រជាជាតិសេរីដទៃប្រៀបដូចជាការទ្រាំរស់នៅក្នុង ​     ទីងងឹតអន្ធការដែលគ្មានពន្លឺ ការទ្រាំរស់នៅយូរៗទៅអាចធ្វើឲ្យខ្វាក់ភ្នែកបាន ពោលគឺ បើទុកជាឃើញអំពើអយុត្តិធម៌ក៏​ហាក់​ដូចជាមិនឃើញ
ពោលគឺ មើលមិនឃើញពន្លឺនៃយុត្តិធម៌នោះឯង ។

          ចលនាផ្លាស់ប្តូរចាត់ជាច្រកចេញចាកទីងងឹតអន្ធការនោះ ពោលគឺ របបផ្តាច់ការត្រូវដាក់ជំនួសដោយរបបសេរីនិយម ។

                    ការផ្លាស់ប្តូររបបផ្តាច់ការ គឺ ការផ្លាស់ប្តូររបបជីវិត គឺ ផ្លាស់ប្តូរជីវិតដែលគ្មានសិទ្ធិសេរីភាពមកជាជីវិតដែលមានសិទ្ធិសេរីភា​ព​វិញ សង្គមដែលរស់នៅដោយមានសិទ្ធិសេរីភាពហើយ សង្គមនោះក៏ចម្រើនលូតលាស់ទាំងផ្នែកវត្ថុ(កាយ)និងសតិបញ្ញា(ចិត្ត) របស់ចាស់បុរាណទាំងអម្បាលម៉ាន ក៏ត្រូវតែយកមកដុះខាត់រំលីងឲ្យជារបស់ថ្មី ទំនើបផងដែរ សមដូចពាក្យចំណង​ជើងខាង​ដើមថា ” ផ្លាស់ប្តូរដើម្បីរស់ រស់ដើម្បីផ្លាស់ប្តូរ “”  ចាត់ជាវិបរិណាមធម៌ដែលកើតឡើងក្នុងលោក

                 ដោយ ព្រះមហាភារម្យ .

សូមអរព្រះគុណ..

@@@@@@@@@@@@@@

ខ្មែរស្រឡាញ់ខ្មែរ

” ខ្មែរស្រឡាញ់ខ្មែរ ស្នេហ៍ជាតិសាសន៍ “


(កំណាព្យពាក្យ៧)


ខ្មែរមានពូជពង្សវង្សតែមួយ                ខ្មែរមានទុក្ខព្រួយត្រូវជួយខ្មែរ

ខ្មែរអ្នកនៅក្រុងឬអ្នកស្រែ                  ខ្មែរខ្លាំងពូកែមិនកែគេច។

ខ្មែរចេះជួយខ្មែរជាមិត្តភាព                 ខ្មែរមិនបន្ទាបរៀបកលល្បិច

ខ្មែរមានសាមគ្គីជាប់ជានិច្ច                 ខ្មែរមិនពន្លិចពូជសាសន៍ឯង។

ខ្មែរមិនប្រកាន់ជាតិវណ្ណៈ                    ខ្មែរមានឆន្ទៈច្បាស់ជាក់ស្តែង

ខ្មែររួមសាងជាតិមិនឃ្លាតក្លែង              ខ្មែរគេខ្មែរឯងជាតិតែមួយ។

ខ្មែរមានមេត្តាចិន្តាល្អ                         ខ្មែរមានវប្បធម៌ល្អខំស្ទួយ

ខ្មែរស្រឡាញ់ខ្មែរមិនប្រែព្រួយ               ខ្មែរខ្ញុំជាតិមួយចេះ ជួយគ្នា។

ខ្មែរកាន់សាសនាដីកាព្រះ                ខ្មែរបានយកឈ្នះពៀរវេរា

ខ្មែរមិនចង់ឈ្លោះកាប់ចាក់គ្នា             ខ្មែរចិត្តល្អជាពុទ្ធាផ្តាំ។

ខ្មែរខំសាងល្អបន្តវង្ស                     ខ្មែរមិនមែនល្ងង់ខ្មែរ ចេះចាំ

ខ្មែរមានខន្តីក្តីអត់ទ្រាំ                         ខ្មែរមេដឹកនាំចិត្តហានក្លា។

ខ្មែរស្នេហ៍សាសនាស្មើជីវិត                 ខ្មែរមានជីវិតគំនិតថ្លា

ខ្មែរចិត្តស្លូតត្រង់មានសីលា               ខ្មែរមានតម្រាច្បាប់ក្រិត្យក្រម។

ខ្មែរមានក្បួនច្បាប់វត្តអារាម                ខ្មែរប្រព្រឹត្តតាមព្រះជាធំ

ខ្មែររៀនព្រះធម៌ទុកអប់រំ                 ខ្មែរខំសន្សំតែក្តីល្អ។

ខ្មែរមានពូជពង្សវង្សល្អជា                  ខ្មែរគឺខេមរាដ៏បវរ

ខ្មែរសាងក្តីសុខតាមព្រះធម៌                 ខ្មែរស្នេហ៍ក្តីល្អបវរជាតិ៕



និពន្ធដោយ  –សម្បូណ៌រិទ្ធ


(កម្ពុជាក្រោមខេត្តឃ្លាំង ថ្ងៃ២៤/០៣/២០១១)

សូមអរគុណ

សុខចិត្ដ

                             សេចក្ដីសុខ ទាំងផ្លូវកាយ និងចិត្ដ
មិនមែន កើតឡើង ឬត្រូវស្វះស្វែងរក ដោយពិបាក នោះទេ ។
វាស្ថិតនៅជិតខ្លួន របស់យើងប៉ុណ្ណោះ បើសិនជា យើងគ្រាន់តែ
ប្រាប់ខ្លួនឯងថា យើង ” សុខចិត្ដ ” ព្រមទទួល នោះយើងនឹងឃើញថា
សេចក្ដីសុខ នឹងកើតឡើង ដោយសារអ្វី ជាក់ជាមិនខាន ។

                តើមិនចំឡែកទេឬ ដែលព្រះមហាក្សត្រមួយ ព្រះអង្គ មិនដឹងថា
សេចក្ដីសុខ ពិតប្រាកដជាអ្វីនោះ ?
               ហើយតើ វាមិនរឹតតែចំឡែកទេឬ កាលបើកសិករ ដែលមានជិវភាព
ក្រកំសត់ បែរជាអាចស្វែងរកសេចក្ដីសុខ បានយ៉ាងងាយ នោះ ?

តើសេចក្ដីសុខខាងលើនេះ គឺដោយសារតែមាសប្រាក់
សក្ដិយស មែនទេ?

           រាល់ថ្ងៃ មនុស្សជាច្រើនតែង ប្រើពេលឲ្យរវល់ នឹងតំណើរត្រាច់ចរ
ស្វែងរកសេចក្ដីសុខ ។ អ្នកដែលចិត្ដ ខ្វះខាត ខាងមនោសញ្ចេតនា
ក៏ប្រឹងចិន្ដនាការ ស្វះស្វែងរកដោយគ្រប់់ មធ្យោបាយ ដើម្បីឲ្យបានគាប់
ចិត្ដអារម្មណ៏ របស់ខ្លួន ដែលចង់បានមាន ស្នេហា ជាឧបម៉ា ។
រីអ្នក ដែលចិត្ដ ខ្វះខាតខាងទ្រព្យសម្បត្ដិ ក៏មិនសំកុក
នៅស្រណុកស្រួល រស់នៅឲ្យបានរីករាយ យូរប៉ុន្មានដែរ … ខំរិះ ខំរក
ស្ទើរមិនមានពេល ឈប់សំរាក ដើម្បីដើរលំហែរ កាយអារម្មណ៏ ដូច
គេឯង សោះ ។ រក ពេញមួយឆ្នាំ នៅមិនទាន់គ្រប់ សូម្បីថ្ងៃបុណ្យធំៗ
ក៏នៅតែរក រក រក គិតតែពីរក ពុំមានពេលទំនេរដៃ ។

           តើនេះ ពិតជាសេចក្ដីសុខដែរទេ បើអ្វីដែលខិតខំប្រឹងស្វែងរកនោះ
នៅតែ មិនអាចធ្វើឲ្យខ្លួន រីករាយសប្បាយបាន?

សម្បត្ដិខាងក្រៅ និងមនោសញ្ចេតនា ផ្ដេសផ្ដាស់ របស់មនុស្ស
មិនដែល នាំមនុស្ស ឲ្យដល់ត្រើយ នៃសេចក្ដីសុខពិតប្រាកដ
បាននោះឡើយ ។
ដរាបណា មនុស្សនៅមិនព្រមទទួល ស្គាល់ថា ខ្លួនសុខចិត្ដ នោះទេ
ទោះបី ជាមានសម្បត្ដិ ដល់កំរិតណា …ទោះបីជា បានបង្កើត
មនោសញ្ចេតនា ច្រើនយ៉ាងណា ក៏ត្រឹមតែជា សុបិន កាលពីម្សិលមិញ
អញ្ចឹង ។ មនុស្សនៅតែ ខំប្រឹងដេញតាម សុបិន ជារៀងរហូត ដោយ
មិនមានថ្ងៃឈរឈប់ និងមិនយល់ច្បាស់ថា រឿងនោះ គឺមិនមែន
ជាសេចក្ដីសុខពិត ក្នុងជិវិត បាននោះទេ ។

ចូរបង្កើតអ្វី ដែលអ្នក ត្រូវការសំរាប់ជិវិត ហើយសូមពេញចិត្ដ
នឹងរបស់គ្រប់យ៉ាងនោះ ទោះបីជាវា តិច តូច ក្ដី ក៏មែនពិត
ប៉ុន្ដែធាតុពិត វាបានបង្កប់ នូវសេចក្ដីសុខ ដ៏ជ្រាលជ្រៅ
សំរាប់ ជិវិត មនុស្ស ។

             សុំកុំរងចាំ រហូតទាល់តែ បាត់បង់នោះ … ពេលនេះ អ្នក ប្រហែលជា
នៅទាន់ពេល នឹងថែរក្សា របស់ ដែលអ្នកត្រូវការ សំរាប់ជិវិត …
សូមប្រឹងថែរក្សា ឲ្យអស់ពីទំហឹងចិត្ដ កាយ របស់អ្នក … នោះអ្នក
នឹងរស់នៅ ជាមួយ សេចក្ដីសុខ ដែលកើតពី របស់ទាំងពួង នោះ
ជារៀងរហូត …៕

សូមអរគុណ…

គុណធម៌ អណ្ដាត

សម័យ ឡៅ ជឺ ( 570 – 490 BC )

                 មានតំណាលមួយថា …គ្រាមួយ ពេលដែល លោកគ្រូ របស់
ឡៅ ជឺ ឈ្មោះ ឆាងចាំង ធ្លាក់ខ្លួន ឈឺ ជាទម្ងន់ ..គាត់ ក៏បានហៅ ឡៅជឺមកឲ្យជួប …

ពេល ឡៅជឹ មកដល់ គាត់ ក៏បាននិយាយទៅកាន់ គ្រូ របស់គាត់ថា ៖
លោកគ្រូ ជិតដល់ ពេលឡើងឋានសួគ៌ហើយ …តើលោកគ្រូមានតំបូន្មានអ្វី
ដល់សិស្សទៀតដែរឬទេ ? “

ឆាងចាំង និយាយដោយសំលេងខ្សាវៗ ថា ៖
” ទោះបីជា ឯងមិនសួរ ក៏យើងនៅតែប្រាប់ឯងជាដដែល. ..ពេលឆ្លងកាត់ស្រុកកំណើត
ត្រូវចុះពីរទេះ ! តើឯងដឹងទេ ? “

” ខ្ញុំដឹងហើយ លោកគ្រូ ! “ ឡៅជឺ ឆ្លើយ ..

ឆ្លងកាត់ស្រុកកំណើត ឲ្យចុះពីរទេះ បានន័យថា …កុំឲ្យយើងភ្លេច
រឿងដើម មែនទេលោកគ្រូ ? ..”

ឆាងចាំង ញញឺមហើយពោលបន្ដ …. “ ត្រូវហើយៗ ! ចុះចំណែកពាក្យថា
បើដើរកន្លងដើមឈើធំ ឲ្យឈានជំហានខ្លីៗ តើឯងដឹងទេ ?? “

” បាទ ដឹង .. ឡៅជឺ ឆ្លើយ … កន្លងឈើធំ ឲ្យឈានខ្លីៗ មានន័យថា
ត្រូវគោរពមនុស្សចាស់ទុំ អ្នកចេះដឹង មែនទេលោកគ្រូ ?? ..””

” ត្រូវហើយ ! ” ឆាងចាំង ងក់ក្បាលញញឺមមួយសន្ទុះ ក៏សួរបន្ដ
” ឯងមើលមកយើងមើល៏ ! អណ្ដាតយើងនៅសល់ដែរទេ ? “
” នៅលោកគ្រូ “ ឡៅជឺ ឆ្លើយ …
” ចុះ ធ្មេញរបស់យើងមាននៅសល់ទេ ?? ” លោកគ្រូ សួរបន្ដ ..
សូម្បីតែមួយ ក៏គ្មានដែរ លោកគ្រូ ” ឡៅជឺ ឆ្លើយតប ..

 ឆាងចាំង សួរបន្ដ …” ឯងគិតទៅមើល៏ថា តើរឿងនេះ យើងចង់
និយាយពីអ្វីដែរ ?? “

ឡៅជឺ គិតមួយសន្ទុះ ទើបឆ្លើយ ..

” ឱ ! ខ្ញុំ នឹកឃើញហើយលោកគ្រូ ! ការដែលអណ្ដាតនៅសល់
គឺព្រោះតែ វាទន់ …ឯធ្មេញដែលបាកអស់ គឺព្រោះពីវា រឹងហួសហេតុពេក
…អញ្ចឹងមែនទេ លោកគ្រូ ??

ឆាងចាំង អង្អែលខ្នងដៃរបស់ ឡៅជឺ ហើយពោលដោយក្ដីរំភើបថា ៖

” ពិតមែនហើយ ! រឿងរ៉ាវផ្សេងៗ សព្វបែបយ៉ាង នៅលើលោកនេះ
ហេតុផលនៃការប្រព្រឹត្ដចំពោះខ្លួនឯង និងការប្រព្រឹត្ដចំពោះអ្នកដទៃ
វាស្ថិតនៅលើរឿងអណ្ដាត និងធ្មេញ តែប៉ុណ្ណោះ … យើងពុំមានអ្វី
នឹងប្រាប់ ឯងឲ្យលើសពីនេះទៀតទេ …! “

សូមអរគុណ…

ការទ្រទ្រង់ជិវិត ( ទី ៣ )

          ១១               គ្រាន់តែគិតបន្ដិច ក៏យើងអាចដឹងបានថា ៖
ធម្មជាតិរបស់មនុស្សគ្រប់គ្នា សុទ្ធតែស្វះស្វែងរកសេចក្ដីសុខ     ហើយព្យាយាម
គេចឲ្យផុតពីសេចក្ដីទុក្ខ។ សូម្បីតែសត្វល្អិត ក៏ខំប្រឹងព្យាយាមអស់ពីសមត្ថភាព
ដើម្បីគេចឲ្យផុតពីសេចក្ដីទុក្ខ ដើម្បីស្វែងរកសេចក្ដីសុខនោះដែរ ។ មនុស្សមាន
សមត្ថភាពខាងការគិត ច្រើនជាពពួកសត្វដទៃ ។ ហេតុនេះ យើងគួរតែប្រើប្រាស់
សតិសម្បជញ្ជះនេះ ឲ្យកើតជាប្រយោជន៏ ទើបវាប្រសើរ ៕

          ១២              សេចក្ដីសុខ និងសេចក្ដីទុក្ខ ស្ថិតនៅលើមូលដ្ឋានដូចៗគ្នា
គឺ ការទទួលដឹងតាមរយះញាណទទួលដឹង និងការពេញចិត្ដ ពីក្នុងខ្លួន មក ។
ចំពោះមនុស្សយើង ការពេញចិត្ដពីក្នុងខ្លួន គឺរឿងសំខាន់បំផុត ព្រោះមានតែ
មនុស្សទេ ដែលមានអារម្មណ៏ទទួលដឹង ដូច្នេះបាន ។ ចំណែកសត្វវិញ មាន
ករណីលើកលែង ក្នុងប្រការខ្លះ ដែលមិនអាចទទួលដឹងនូវអារម្មណ៏ បែបនេះបាន ៕

          ១៣               ការពេញចិត្ដ គឺជាគុណសម្បត្ដិមួយ នៃសេចក្ដីសុខស្ងប់ចិត្ដ ។
វា កើតចេញពីសេចក្ដីករុណា ភាពស្មោះត្រង់ និងអ្វីដែលខ្ញុំ ហៅថាការប្រតិបត្ដិ
ដ៏ត្រឹមត្រូវ តាមគោលការណ៏ចរិយាធម៌ ។ នោះ គឺ ការប្រតិបត្ដិ ដែលជាការគោរព
ដល់សិទ្ធិអ្នកដទៃក្នុងការទទួលយកសេចក្ដីសុខនោះហើយ ៕

           ១៤                 ភាគច្រើន សេចក្ដីទុក្ខ របស់យើង កើតឡើងមកពីយើង
គិតច្រើនពេក និងគិតដោយខ្វះសតិ ។យើងយកចិត្ដទុក្ខដាក់ ក្នុងការបំពេញ
ចិត្ដរបស់ខ្លួន ដែលកើតឡើងភ្លាមៗ រហូតដល់ភ្លេចគិតចំណុចល្អ និងអាក្រក់
ក្នុងរយះពេលវែង ។ អ្វីទាំងនេះ វាផ្ដល់លទ្ធផលមកលើខ្លួនយើងផង និងអ្នក
ដទៃផង ។ ទស្សនគតិបែបនេះ តែងតែប្រឆាំងចំពោះយើងនៅពេលក្រោយ ។
ដូច្នេះ ទើបយើងមិនចាំបាច់ សង្ស័យទេថា ការផ្លាស់ប្ដូរ​វីធីសំលឹងមើលរឿង
ផ្សេង និងជួយកាត់បន្ថយភាពលំបាកស្មុគស្មាញ របស់យើងបានខ្លះ និងអាច
ជួយឲ្យយើងជៀសវាងការបង្ក បញ្ហាថ្មីៗ កុំឲ្យកើតឡើងបន្ថែមទៀតផងដែរ ៕

            ១៥               សេចក្ដីទុក្ខ មានច្រើនប្រភេទណាស់ ដូចជា  សេចក្ដីទុក្ខ
កើតមកពីការកើតរោគាព្យាធិ ចាស់ជរា និងសេចក្ដីស្លាប់ ជាដើម  ដែលទុក្ខ ទាំងនេះ
យើងមិនអាចជៀសផុតបានទេ ។ តែរឿងមួយ ដែលយើងអាចធ្វើបាននោះគឺ ៖ ការ
កាត់បន្ថយសេចក្ដីភ័យខ្លាច ដែលតែងចូលមករំខានចិត្ដ របស់យើង  ឲ្យបាន  ។
ប៉ុន្ដែនៅមានបញ្ហាផ្សេងៗទៀតនៅលើលោកយើងនេះ  ដែលជាក្ដីទុក្ខផងដែរ
ដូចជាការ ឈ្លោះទាស់ទែងគ្នា អំពើហិង្សាក្នុងគ្រួសារ និងសង្គ្រាមបំផ្លិចបំផ្លាញ
ដ៏សាហាវ ព្រៃផ្សៃបំផុតជាដើម តែយើងអាចជៀសវាង វាបាន បើយើងយក
ទស្សនគតិល្អ ៗ និងមានសតិ មកប្រើក្នុងការដោះស្រាយ បញ្ហាទាំងនោះ  ៕

                                                     សម្ដេច ដាឡៃឡាម៉ា អង្គ ទី ១៤ …

ការទ្រទ្រង់ជិវិត ( ទី ២ )

       ៦….ចិត្ដរបស់យើង ពោរពេញទៅដោយសេចក្ដីទោសះ ក្ដីច្រណែនឬស្យា
និងអារម្មណ៏អវិជ្ជមានជាច្រើនអនេក ទើបយើងមិនដឹងថា អារម្មណ៏ទាំងនោះ
វា មិនជួយឲ្យយើង មានក្ដីសុខនិងដុះដាលនូវសតិបញ្ញានោះឡើយ ។ អារម្មណ៏
ទាំង៣ នេះ ជាអារម្មណ៏ម្យ៉ាងរបស់មនុស្ស ដែលត្រូវគេនាំយកមកប្រើគ្រាន់តែ
ដើម្បីបោកប្រាស់ និងបញ្ឆោតយករបស់អ្នកដទៃ មកធ្វើជារបស់ខ្លួន ឲ្យកាន់តែ
ច្រើនថែមទៀតប៉ុណ្ណោះ ។ តែនៅទីបំផុត យើងនឹងទទួលបានសេចក្ដីទុក្ខ
និងភាពឥតប្រយោជន៏ប៉ុណ្ណោះ ហើយយើងបែរជាបន្ទោសអ្នកដទៃ ដែលធ្វើឲ្យ
រឿងនេះកើតឡើង ទៅវិញ ៕

           ៧……..ចូរយើងប្រើសតិបញ្ញា របស់យើងឲ្យបានត្រឹមត្រូវ និងឈ្លាសវៃ
បំផុត បើមិនដូច្នោះទេ មនុស្សយើងនឹងមិនប្រសើរជាងសត្វ ឬខុសពីសត្វអ្វីឡើយ ៕

          ៨…….បើយើងចង់ឲ្យជិវិតយើង មានន័យនិងមានសេចក្ដីសុខ យើងគួរតែ
ចាប់ផ្ដើមវិធីគិតដោយមានសតិ និងបណ្ដុះបណ្ដាលគុណសម្បត្ដិនៃភាពជាមនុស្ស
ដែលយើងគ្រប់គ្នាមានស្រាប់មកហើយ និងដែលយើងកប់វាយ៉ាងជ្រៅនៅក្នុងគំនរ
នៃការគិតដ៏ស្មុគស្មាញប្រកបដោយទំនាស់ក្នុងអារម្មណ៏ ៕

           ៩…..សូមឲ្យយើងរួមគ្នា បណ្ដុះសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាគ្រប់ៗគ្នា
ព្រោះរឿងទាំងពីរនេះនឹងនាំមកនូវអត្ថន័យដ៏ពិតប្រាកដរបស់ជិវិតដល់យើង ។
នេះ គឺជាសាសនា ដែលខ្ញុំទេសនា ប្រដែប្រដៅ ។ វាជារឿងសាមញ្ញ ធម្មតាសោះ
វត្ដអារាមនៅក្នុងបេះដូង ឯពាក្យទូន្មានរបស់សាសនា គឺនៅត្រង់ក្ដីស្រឡាញ់
និងក្ដីមេត្ដា …គោលការណ៏សីលធម៌ របស់សាសនា គឺនៅត្រង់សេចក្ដីស្រឡាញ់
និងគោរពអ្នកដទៃ មិនថាអ្នកនោះជានរណា ឬជននោះជាគ្រហស្ថ ឬបុព្វជិត
នោះទេ ។ ប្រសិនបើយើងប្រាថ្នារស់នៅលើលោកនេះ ប្រកបដោយសន្ដិភាព
យើងគ្មានជម្រើសអ្វីផ្សេង ក្រៅពីធ្វើតាមផ្លូវនេះ សោះឡើយ ៕

              ១០…..ធ្វើខ្លួនឲ្យទៅជាមនុស្សមានក្ដីមេត្ដា ស្មោះត្រង់ និងមានគំនិតវិជ្ជមាន
ធ្វើខ្លួនឲ្យអាចលើកលែងទោសដល់អ្នកដទៃ ដែលធ្វើអាក្រក់មកលើយើង និងប្រព្រឹត្ដ
ចំពោះមនុស្សគ្រប់គ្នាក្នុងឋានះជាមិត្ដ …ធ្វើខ្លួនឲ្យអាចជួយសង្គ្រោះអ្នកដែលកំពុង
ធ្លាក់ទៅក្នុងសេចក្ដីទុក្ខទាំងមិនដែលគិតថាខ្លួនគ្រាន់បើជាអ្នកដទៃ …ទោះបីជា
ពាក្យណែនាំទាំងនេះ ហាក់ដូចជាងាយស្រួល តែសូមព្យាយាមសាកល្បងពិចារណា
និងអនុវត្ដសាកលមើល     តើអ្នករកឃើញនូវសេចក្ដីសុខ ដ៏ធំធេងជាងមុនដែរឬទេ ??

                           ដាឡៃឡាម៉ា  អង្គទី ១៤

ឆ្លើយមិនចេញ ???

ឆ្លើយមិនចេញ ???

                    ម៉ឹងជឺ បានទូលសួរទៅព្រះអង្គម្ចាស់ សួន ស្ដេចនគរឈី ថា៖
” មាននាម៉ឺនម្នាក់ យកភរិយា និងកូន របស់ខ្លួនទៅផ្ញើនឹងមិត្ដម្នាក់ ក្នុងពេល
ដែលខ្លួនធ្វើដំណើរទៅបំពេញកិច្ចការនៅនគរឈូ ។ ពេលត្រលប់មកវិញ
ស្រាប់តែឃើញប្រពន្ធកូន របស់ខ្លួន ស្ថិតនៅក្នុងសភាពដ៏សែនយ៉ាប់ លំបាក
លំបិន វេទនា អត់ឃ្លានស្ទើរតែស្លាប់ ។ មិត្ដប្រភេទនេះ តើព្រះអង្គ គួរធ្វើ
ដូចម្ដេចដែរ ក្រាបទូល ??​ “

                    ស្ដេចទ្រង់ត្រាស់ថា “ ឈប់សេពគប់នឹងគេទៅ  “
                   ម៉ឹងជឺ សួរបន្ដថា  ” ប្រសិនជាមន្ដ្រីទទួលមើលការខុសត្រូវ ទឹកដី
តែបែរជាមិនគ្រប់គ្រងមនុស្សក្រោមឱវាទឲ្យបានល្អ តើព្រះអង្គ គួរចាត់ការ
ពួកគេ ដូចម្ដេចដែរ ក្រាបទូល ?​  “
         
                  ព្រះអង្គត្រាស់ថា  “ ទម្លាក់គេ ពីមុខតំណែងចោល !  “
                 ម៉ឺងជឺ សួរបន្ដថា   ” ឧបមាថា មានប្រទេសមួយ ដែលនយោបាយ
គ្រប់គ្រងក្នុងប្រទេស មានស្ថានភាពដុនដាបជាខ្លាំង តើព្រះអង្គមានព្រះតំរិះ
ថាគួរនឹងចាត់ការដូចម្ដេចទៅ ក្រាបទូល ??? “

               ព្រះមហាក្សត្រ ទ្រង់បែរព្រះភក្រ្ក័ ទតមើលនាយ មើលអាយ ហើយទ្រង់
រំឭកពីរឿងឯណាឯណីទៅវិញ ??? …..

             សូមពិចារណា ដោយផ្ទាល់ខ្លួន ..

                                                              សូមអរគុណ

……………………………………..