Monthly Archives: ខែសីហា 2011

បណ្ឌិតគួរចេះធ្វើល្ងង់ពេលខ្លះដើម្បីសន្តិភាព

 

«« រឿងពក្កបណ្ឌិត »»

(អ្នកប្រាជ្ញគួរធ្វើល្ងង់ក្នុងកាលខ្លះ ដើម្បីសន្តិភាព)

    ក្នុង អវសរ ( ឱកាស ឬសម័យ )ដែលកន្លងទៅហើយ មានកូនបក្សីបីគឺ
កូនក្ងោក កូនសារិកា កូនកុក នៅអាស្រ័យក្នុងសំបុក លើមែកព្រឹក្សាជិតៗគ្នា ។ សម័យនោះមានអ្នកថ្មើរព្រៃបីនាក់នៅក្នុងដែនកម្ពោជៈ បាននាំគ្នាចរចូលទៅក្នុងព្រៃ
ដើម្បី ចាប់ម្រឹគ ។ ថ្មើរព្រៃទាំងបីខំស្វែងរកម្រឹគអស់មួយថ្ងៃពុំបានជួបប្រទះសោះ
ដល់ ពេលល្ងាចជិតត្រឡប់មកផ្ទះវិញ បានឃើញកូនបក្សីបីដែលនៅក្នុងសំបុក
ជិតៗគ្នានោះ ក៏ចាប់យកមួយ ម្នាក់ៗមកចិញ្ចឹម ។

ថ្មើរព្រៃទាំងបីរូបនោះ មានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំងបីហាក់
ដូចជាកូនបង្កើត បានគិតគ្នាថា យើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អ
ហើយយកទៅថ្វាយស្តេចជាគ្រឿងបណ្ណាការ ។ ថ្មើរព្រៃម្នាក់ដែល ចិញ្ចឹមកូនក្ងោក ខំបង្ហាត់ឲ្យចេះពង់ ចេះរាំ ចេះក្រាបសំពះ ឯក្ងោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើ
តាមដរាបដល់ ចេះពង់ ចេះរាំ ចេះក្រាបសំពះ ដូចបំណងរបស់ម្ចាស់ ។

      ថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកា ( សារិកា ) ក៏ខំបង្ហាត់ បង្ហាញឲ្យរៀន
និយាយភាសាមនុស្ស សាលិកាជាសត្វមានគំនិតខ្លី ខំប្រឹងនិយាយតាមដរាបដល់
ចេះនិយាយ ជាមួយនឹងមនុស្សបាន ។ ឯថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូន កុក ក៏ខំបង្ហាត់បង្រៀនកុកនោះតាមបំណងរបស់ខ្លួន ប៉ុន្តែកុកជាបណ្ឌិតមានគំនិត
វែងបានគិតថា អញមិនគួរធ្វើជាអ្នកចេះរាំ ចេះនិយាយ ចេះក្រាបសំពះតាមឱវាទ របស់ថ្មើរព្រៃទុច្ចរិតនេះទេ បើអញធ្វើជាអ្នកចេះដឹង មុខតែថ្មើរព្រៃនេះដាក់ក្នុងទ្រុង
ដរាបដល់អស់ជីវិត, លុះគិត ដូច្នោះហើយ ក៏មិនអើពើនឹងឱវាទ របស់ថ្មើព្រៃ
ជាម្ចាស់ឡើយ បើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រកៗ តែប៉ុណ្ណោះ ។

   ថ្ងៃមួយថ្មើរព្រៃទាំងនោះ បានយកកូនបក្សីទាំងបីទៅថ្វាយស្តេច, ព្រះរាជាបានទតឃើញកូនបក្សីនោះ ហើយ ទ្រង់មានព្រះតម្រាស់ថា ម្នាលព្រាន កូនក្ងោកនេះមានគុណវិសេសដូចម្តេចខ្លះ? 
អ្នកម្ចាស់ក្ងោកក្រាប ទូលថា បពិត្រព្រះសម្មតិទេព ក្ងោកនេះចេះរាំ ចេះពង់ ចេះក្រាបថ្វាយបង្គំ …ក៏ប្រើក្ងោកនោះឲ្យថ្វាយបង្គំព្រះរាជា លុះក្ងោកនេះថ្វាយបង្គំ
ហើយ អ្នកម្ចាស់ក្ងោកធ្វើភ្លេងដោយមាត់របស់ខ្លួន ក្ងោកក៏ពង់ពែនរេរាំតាមភ្លេងនោះ ។

   ព្រះរាជាបានទតឃើញដូច្នោះ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ក៏ត្រាស់បង្គាប់
ឲ្យអាមាត្យចងទុកក្បែរទីនោះទៅ ។ ទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសត្វសាលិកាទៀត អ្នកចិញ្ចឹមសាលិកាក្រាបទូលថាបពិត្រមហារាជ សាលិកានេះ ចេះនិយាយភាសា
មនុស្សបាន ក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាព្រះសណ្តាប់ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ ភាសាកូនសាលិកានោះ ហើយទ្រង់សព្វព្រះរាជហឫទ័យ ក៏បង្គាប់អាមាត្យឲ្យចងទុកក្បែរសត្វក្ងោក ។ ទើបត្រាស់ សួរទៅអ្នកចិញ្ចឹមកុកទៀត អ្នកចិញ្ចឹមកុកក្រាបទូលថា បពិត្រព្រះសម្មតិទេព កុកនេះជាសត្វល្ងង់បំផុត ទោះបី ទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណា ក៏ពុំចេះដឹងអ្វីសោះ ចេះត្រឹមតែស្រែក
ក្រកៗប៉ុណ្ណោះ ។

កុកបណ្ឌិតកាល បើម្ចាស់ខ្លួនទូលព្រះរាជាដូច្នោះហើយ
ក៏ស្រែកក្រកៗឡើង ។ លំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួល យ៉ាងខ្លាំង ទើបបង្គាប់អាមាត្យថា ឯងយកកុកនេះទៅលែងទៅកុំទុក ព្រោះវាល្ងង់ណាស់
មិន ចេះនិយាយស្តីនឹងគេទេ ។ កុកបណ្ឌិតកាលបើអាមាត្យលែងហើយ ក៏ហើរទៅទំលើកំពូលប្រាសាទ សូត្របទគាថាជាភាសាមនុស្សថាៈ
ពក្កោ បណ្ឌិតោ រាជ ភាសកញ្ចេវមាវច, មយូរា សាលិកាចេវ ពហូញាតា ពហូ ពទ្ធា ។
( បពិត្រមហារាជ ខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញា ម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយ ខ្ញុំមិននិយាយឡើយ ដើម្បីដោះខ្លួនឲ្យរួចពីចំណង, ឯក្ងោកនិងសាលិកា ជាអ្នកចេះដឹងច្រើន  ជាប់ចំណងក៏ច្រើន ដែរ ។ )

ព្រះរាជាទ្រង់ព្រះសណ្តាប់គាថារបស់កុកបណ្ឌិត ហើយ ក៏ទ្រង់បន្លឺនូវសូរសីហនាថ ថាសាធុៗ អ្នកជាបណ្ឌិតមានប្រាជ្ញាមែន ។ កុកបណ្ឌិតក៏ហើរទៅតាមវត្ថុបំណងរបស់ខ្លួនដោយសិរីសួស្តី ។ លំដាប់់នោះព្រះរាជាទ្រង់ទតឃើញក្ងោក និងសាលិកាដែលជាប់ចំណងមាន
មុខក្រៀមក្រំស្រងូតស្រងាត់ក៏ត្រាស់ បង្គាប់អាមាត្យឲ្យដោះលែងទៅ ។


ចប់ដោយប៉ុណ្ណេះ … សូមអរគុណ …

 

 

ព្រហ្មវិហារធម៌

 

ព្រហ្មវិហារធម៌ ៤

សំខាន់យ៉ាងណាចំពោះមនុស្ស?

By Sovath Thach on Thursday, 11 August 2011 at 23:47



                  ព្រហ្មវិហារធម៌ ៤ បានដល់ ធម៌ជាគ្រឿងឋិតនៅដ៏ប្រសើរ
ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការប្រព្រឹត្តិដ៏  បរិសុទ្ធិ   ធម៌ដែលត្រូវមាន
ទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្តិ ទើបនឹងមាននាមថា ដំណើរ
ជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយដោយត្រូវ
ប្រកបដោយ បានដល់ ៖


               ១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ
មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទូទៅ ។


               ២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខជួយសង្រ្គោះបំបាត់ទុក្ខលំបាករបស់ ពពួកសត្វ ។

              ៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមាន
សេក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ អ្នកឋិតនៅក្នុង ” បកតិសុខ  “ ( សុខជាប្រក្រតី )។


             ៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅ
ក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌
ដូចជាជញ្ជីង មិនលំអៀងដោយស្រ ឡាញ់ដោយស្អប់ ពិចារណាឃើញ
កម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬអាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅ
តាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមាន
កិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុស
ត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួល
ខុសត្រូវរបស់ខ្លួន ។


             អ្នកឋិតនៅក្នុងព្រហ្មវិហារធម៌ រមែងជួយមនុស្ស សត្វទាំងឡាយដោយមេត្តាករុណា និងរមែងរក្សាធម៌ទុកបានដោយឧបេក្ខា ដូច្នោះ សូម្បីមានករុណាដែលនឹងជួយ សង្រ្គោះមនុស្សសត្វទាំងពួង តែក៏ត្រូវ
មានឧបេក្ខាផង ដែលនឹងនាំមិនឲ្យខូចធម៌ ។


           ព្រហ្មវិហារធម៌នេះ ពេលខ្លះប្រែថា ធម៌របស់ព្រះព្រហ្ម  ធម៌សម្រាប់
ការរស់តាមបែបព្រះព្រហ្ម ធម៌ប្រចាំចិត្តដែលធ្វើឲ្យបានជាព្រះព្រហ្ម ឬ ឲ្យស្មើដោយព្រះព្រហ្ម ឬ ធម៌ ជាគ្រឿងរស់នៅរបស់អ្នកមានគុណខ្ពង់ខ្ពស់ ។


         ព្រហ្មវិហារធម៌ ៤ ហៅម្យ៉ាងទៀតថា អប្បញ្ញា ៤ ព្រោះផ្សព្វផ្សាយជានិច្ចនៅក្នុង ចំណោមនុស្សសត្វទាំងឡាយមិនមាន
ប្រមាណ មិនកំណត់ព្រំដែន ។


          ព្រហ្មវិហារធម៌មាននៅក្នុងបុគ្គលណា រមែងធ្វើឲ្យអ្នកនោះ
ប្រព្រឹត្តបដិបត្តិសង្រ្គោះដល់អ្នកដទៃ ដោយ ” សង្គហវត្ថុ ” ជាដើម ។


      ព្រហ្មវិហារធម៌ ៤ ប្រការនេះ ជាធម៌ដ៏ប្រសើរ ដែលចាត់ជា
គោលធម៌ប្រចាំនៅក្នុងចិត្ត និងឃុំគ្រងការព្រឹត្តិ ជាធម៌ចាំបាច់យ៉ាងខ្លាំង
ក្នុងសង្គមខ្មែរ ដែលបច្ចុប្បន្ននេះ អំ ណាចវត្ថុនិយមបានរួមរឹត រហូតដល់
ឲ្យបានក្លាយជាអ្នកមានចិត្តចង្អៀត គិតតែប្រយោជន៍ផ្ទាល់ខ្លួន ។ ការហ្វឹកហាត់ឲ្យមានក្តីស្រឡាញ់មេត្តា សូម្បីដល់សត្រូវរបស់ខ្លួនបាន រមែងនឹងបាននាមថា ពុទ្ធសាសនិកដ៏ពិត តាមគោលធម៌ពុទ្ធសាសនាថា ត្រូវប្រែមេត្តាដល់ចោរ ដែលកំពុងតែកាត់ ឬអាផ្តាច់អវយវៈ ដូចជាដៃឬជើង
របស់យើង នរណាមានក្រោធចំពោះចោរ អ្នកនោះក៏មិនមែន
ជាសាវករបស់យើង ។


          ដូច្នោះ ការហ្វឹកហាត់ខ្លួនក្នុងរឿងប្រតិបត្តិព្រហ្មវិហារធម៌ ខាងដើម  ខ្លួនគួរប្រតិបត្តិដូច្នេះ ៖

១. ផ្សព្វផ្សាយមេត្តា

២. តាំងសេចក្តីប្រាថ្នាល្អចំពោះមនុស្សទូទៅ

៣. ខ្វល់ខ្វាយជួយសង្រ្គោះដល់អ្នកដទៃ

៤. ឧបត្ថម្ភបំរុង និងចូលរួមក្នុងកិច្ចការសាធាប្រយោជន៍

៥. មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ

៦. សម្តែងការពេញចិត្តនៅពេលអ្នកដទៃមានជោគជ័យ

៧. ដម្កល់ចិត្តជាកណ្តាល សម្លឹងមើលវត្ថុទាំងឡាយតាមសេចក្តីពិត ។


សូមអរព្រះគុណ និងសូមអរគុណ ….

 

 

ខ័ន្ធ ៥ អង្គប្រកបរបស់ជីវិតមនុស្ស

 

ខន្ធ អង្គប្រកបរបស់ជីវិតមនុស្ស

By Sovath Thach



           ប្រការដែលគួរនឹងស្វែងយល់ ឬសិក្សាលម្អិត គឺ ជីវិតរបស់មនុស្ស ព្រោះការយល់ ជីវិតរបស់មនុស្ស គឺជាការយល់ជាប់ជាមួយនឹងខ្លួនយើង ការស្គាល់មនុស្សកាន់តែប្រសើរឡើង ក៏គឺជាការស្គាល់ខ្លួនឯងប្រសើរឡើង រមែងជាប្រយោជន៍ ចំពោះការដំណើរជីវិតទាំងមូលដោយខ្លួនឯង
និងសួនរួមក្នុងសង្គម ។


        មនុស្សជាសភាវៈមានជីវិត ដែលប្រកបដោយរាងកាយនិងចិត្ត
ឬរូបនិងនាម។ រូបនិងនាម នេះជួនកាលក៏ហៅថា រូបក្ខន្ធ ឬនាមក្ខន្ធ។ ពាក្យថាខន្ធ ប្រែថា កងឬក្រុម ដោយន័យនេះ ទើប មនុស្សប្រកបឡើង
ដោយរូបមួយក្រុម និងនាមមួយក្រុម។ រូបគឺចំណែកជារាងកាយ នាមគឺ ចំណែកជាចិត្ត សឹងមានសេចក្តីលម្អិតដោយសង្ខេបដូច្នេះ ៖


          រូបក្ខន្ធ ចំណែកដែលជារាងកាយ ដែលហៅថារូបក្ខន្ធ មានគុណសម្បត្តិមួយប្រការ គឺមានរូបរាងលក្ខណៈ ដែលមើល
ឃើញដោយភ្នែក ប្រកបឡើងដោយធាតុ ៤, ហៅថា មហាភូតរូប ៤ ។ ក្នុងសេចក្តីសាមញ្ញសម្រាប់និយាយឲ្យយល់ងាយៗជាមួយ
មនុស្សទូទៅ បានដល់ ៖


             ១. ធាតុដី  បានដល់ចំណែកនៃរាងកាយដែលមានលក្ខណៈរឹង រួមក្រុមគ្នានៅបានដោយ មិនក្រចាត់ក្រចាយ ចាប់ពាល់បាន ដូចជា សាច់ ស្បែក ឆ្អឹង សក់ ក្រចក់ ធ្មេញ ជាដើម។

           ២. ធាតុទឹក បានដល់ចំណែករាវក្នុងរាងកាយ ដូចជា ឈាម
ទឹកលឿង ទឹកសំបោរ ទឹកភ្នែក ញើស ជាដើម។


         ៣. ធាតុភ្លើង បានដល់ចម្ហាយក្តៅ ឬសីតុណ្ហភាពរបស់រាងកាយ ដែលធ្វើឲ្យមានការ ក្តៅរំលាយអាហារ និងធ្វើឲ្យរាងកាយរបស់មនុស្ស ដែលមានជីវិតរស់នៅ មិនឲ្យហើមស្អុយ។

     ៤. ធាតុខ្យល់ បានដល់ ដង្ហើមចេញចូល ក្នុងរន្ធលំហផ្សេង ៗ
នៃរាងកាយ ដូចជា ខ្យល់ក្នុងពោះវៀន ខ្យល់ក្នុងត្រចៀក ជាដើម។


     ​ ធាតុទាំង៤ នេះ ជាចំណែកប្រកបសំខាន់នៃរាងកាយមនុស្ស នឹងខ្វះប្រការណាមួយ មិនបាន បើខ្វះសូម្បីតែម្យ៉ាង រាងកាយក៏បែកធ្លាយ  ក្រៅពីនេះ គុណសម្បត្តិផ្សេងៗ ដែលអាស្រ័យដោយធាតុទាំង៤ ដូចជា
ភាពទន់ រឹង ធ្ងន់ ស្រាល ពណ៌ ក្លិន ជាដើម ក៏សង្រ្គោះចូល ក្នុងរូបក្ខន្ធ ព្រោះជាវត្ថុដែលមាននៅអាស្រ័យដោយរូប។


     នាមក្ខន្ធ បានដល់ ចំណែកដែលមិនមែនរូប បើជានាមធម៌ ដែលចាប់ពាល់មិនបាន មើលមិនឃើញ ស្តាប់មិនឮ ទំក្លិនមិនបាន។ ចំណែកប្រកបរបស់មនុស្ស ដែលនៅក្នុងប្រភេទ នាមក្ខន្ធនេះ
មាន៤យ៉ាង គឺ ៖


               ១. វេទនា  បានដល់អារម្មណ៍ ៣យ៉ាង គឺអារម្មណ៍ជាសុខខាងកាយឬខាងចិត្តហៅថា សុខវេទនា
អារម្មណ៍ជាទុក្ខ ឬមិនសប្បាយខាងកាយឬខាងចិត្ត ហៅថា ទុក្ខវេទនា
និង អារម្មណ៍ជាកណ្តាលៗ មិនទុក្ខមិនសុខ ខាងកាយឬខាងចិត្ត ហៅថា អទុក្ខមសុខវេទនា ឧបេក្ខវេទនា


               ក្នុងជីវិតប្រចាំថ្ងៃ ខណះដែលយើងភ្ញាក់នៅឡើយ យើងទទួលអារម្មណ៍លោកខាងក្រៅ ដោយប្រសាទសម្ផស្សខាង ភ្នែក
ត្រចៀក ច្រមុះ អណ្តាត កាយ ឬទទួលដឹងដោយមិន ឆ្លងកាត់ប្រសាទទំា៥ គឺទទួលដឹងខាងផ្លូវចិត្តតែម្យ៉ាង ខណៈដែលយើងទទួលដឹង ឬមាន
អារម្មណ៍ចំពោះលោកខាងក្រៅ យើងរមែងកើតអារម្មណ៍យ៉ាងណាមួយ
ក្នុង ៣ យ៉ាងគឺ អារម្មណ៍ជាសុខ អារម្មណ៍ជាទុក្ខ អារម្មណ៍មិនមែនជាសុខ មិនមែនជាទុក្ខ ដែលមិនមានអារម្មណ៍ ដោយប្រការណាមួយឡើយ
នោះទៅមិនរួចទេ ។ អារម្មណ៍ដូចដែលពោលមកហើយនេះ
ហៅថាវេទនា ។


               ២. សញ្ញា បានដល់ ការកំណត់ចំណាំបាន ពេលខ្លះប្រែថា ចាំបាននូវលក្ខណៈ គឺពេលមានការទទួលដឹងខាងផ្លូវប្រសាទសម្ផស្ស ដូចជាភ្នែកមើលឃើញវត្ថុណាមួយ ក៏អាច កំណត់បាននូវលក្ខណៈ ឬចាំបានវត្ថុដែលមើលឃើញនោះ ថាជាអ្វី ជាដី ជាទឹក ជាស្មៅ
ឬជាដើមឈើ ជាមនុស្ស ឬជាសត្វជាដើម។


សញ្ញាជាប្រការសំខាន់ណាស់សម្រាប់មនុស្ស ព្រោះបើមនុស្សចាំ
អ្វីមិនបានសោះ ឡើយ ក៏មិនអាចប្រទាក់ប្រទាញទៅនិងវត្ថុដទៃ ដែលធ្លាប់បានឃើញហើយ ជាមួយវត្ថុដែល មិនឃើញ នឹងធ្វើឲ្យដឹង
បានថា អ្វីជាអ្វី ។ វត្ថុដែលទទួលដឹងក្នុងមួយគ្រា ៗ ក៏នឹងក្លាយជាវត្ថុ
ថ្មីទាំងអស់ សឹងជាដូច្នេះ មនុស្សក៏នឹងមិនអាចអភិវឌ្ឍន៍ខ្លួនឯងបាន ពីភាពជាមនុស្សព្រៃផ្សៃ សម័យបុរាណ មកជាមនុស្សដែលចម្រើនដូច
ដែលមាននៅក្នុងវេលានេះបាន។


         ៣. សង្ខារ បានដល់ភាពតាក់តែងឲ្យគិតល្អ គិតអាក្រក់ ឬគិតជាកណ្តាលៗ មិនល្អ មិនអាក្រក់ បើសិនជាសភាពដែល
តាក់តែងចិត្តឲ្យគិតល្អ ហៅថា កុសល សភាពតាក់តែង ចិត្តឲ្យគិតមិនល្អ ហៅថា អកុសល សភាពតាក់តែងចិត្តឲ្យគិតមិនល្អមិនអាក្រក់ ជាកណ្តាល ហៅថា អព្យាកត


សង្ខារមិនមែនសេចក្តីគិត តែសង្ខារជាវត្ថុដែលចូលទៅប្រកបចិត្ត ហើយធ្វើឲ្យចិត្តគិត ទៅតាមធម្មជាតិ ឬមានលក្ខណៈរបស់ខ្លួន ការគិតពិចារណាដោយវិធីងាយ ៗ នឹងធ្វើឲ្យយល់វត្ថុដែលហៅថា សង្ខារបានល្អឡើង។

ដំណាក់កាលដំបូង នឹកដល់សភាពធម្មជាតិម្យ៉ាង ដែលមាននៅក្នុងចិត្ត ដំណាក់កាលទីពីរនឹកដល់សភាពម្យ៉ាងទៅដែលចូលទៅប្រកបនៅជាមួយចិត្ត ដំណាក់ទីបី នឹកដល់ អាការៈដែលវត្ថុចូលទៅប្រកបនៅជាមួយចិត្តនោះ ធ្វើនាទីបង្គាប់ចិត្តឲ្យគិតទៅតាមធម្មជាតិ ឬ លក្ខណៈរបស់ខ្លួន ដែលចិត្តនឹងត្រូវគិតទៅតាមនោះ ។ សភាពដែលចូលទៅ
ប្រកបចិត្តហើយតាក់តែង ឬបង្គាប់ឲ្យចិត្តគិតទៅតាមធម្មជាតិ
របស់មនុស្សនេះឯង ហៅថា សង្ខារ


បើប្រៀបចិត្តដូចទឹក សង្ខារក៏ប្រៀបដូចវត្ថុដែលចូលទៅប្រកបជាមួយទឹក ហើយធ្វើ ឲ្យទឹកមានសភាពប្រព្រឹត្តទៅតាមគុណសម្បត្តិ ឬលក្ខណៈរបស់ខ្លួន ដូចជាយកស្ករទៅលាយជាមួយទឹក ស្ករក៏ធ្វើឲ្យទឹកមានរសផ្អែម
តាមគុណសម្បត្តិរបស់វា យកអំបិលដាក់ក្នុង ទឹក អំបិលក៏ធ្វើឲ្យទឹកមាន
រសប្រៃ យកទឹកក្រូចលាយជាមួយទឹក ទឹកក្រូចក៏ធ្វើឲ្យទឹកមានរសជូរ
យ៉ាងនេះ ជាដើម។


កិលេសទាំងអស់ជាសង្ខារប្រភេទមិនល្អ ( ហៅថា អកុសលចេតសិក ដូចជាលោភ ទោស មោហ មានៈ ឥស្សា មច្ឆរិយ ជាដើម ) គុណធម៌ផ្នែកល្អទាំងអស់ ជាសង្ខារប្រភេទល្អ (ហៅថាកុសលចេតសិក
ដូចជា សទ្ធា ហិរិ ឱត្តប្ប មេត្តា ករុណា ជាដើម ) គុណធម៌ប្រភេទល្អ ខ្លះ ជាសង្ខារប្រភេទកណ្តាល ៗ ឬ អព្យាកត (ដូចជា ឆន្ទ វិរិយ មនសិការ
វតក វិចារ ជាដើម )។


           ៤. វិញ្ញាណ ពាក្យថាវិញ្ញាណ ប្រែតាមស័ព្ទថា ការដឹងច្បាស់ បានដល់ដឹងយ៉ាងច្បាស់ ពេលវត្ថុខាងក្រៅ មកប៉ះខ្ទប់និងប្រសាទសម្ផស្ស
ទាំង៥ ហើយកើតការដឹងឡើង ដូចជាពេល ធ្មេចមានអារម្មណ៍ថា បានឃើញជាចក្ខុវិញ្ញាណ មានសម្លេងកើតឡើងក៏ដឹងថា បានឮ ជា សោតវិញ្ញាណ មានក្លិនមកប៉ះខ្ទប់ច្រមុះ មានអារម្មណ៍បានក្លិន ជាឃានវិញ្ញាណ មានរបស់ មកប៉ះនិងអណ្តាត មានអារម្មណ៍បានទទួល
រស ជាជីវ្ហាវិញ្ញាណ មានរបស់មកប៉ះកាយ ដឹងថាវាមកពាល់ត្រូវកាយ ជាកាយវិញ្ញាណ ក្រៅពីនេះ មានអារម្មណ៍ដទៃណាមួយមកប៉ះខ្ទប់ចិត្ត មានអារម្មណ៍ទទួលដឹងខាងចិត្ត ជា មនោវិញ្ញាណ ។       អារម្មណ៍ទទួលដឹងដូចពោលមក នេះហៅថា វិញ្ញាណ
ចាត់ជាវិញ្ញាណក្ខន្ធ ដែលជាខន្ធមួយក្នុងនាមក្ខន្ធ។


ប្រការដែលគួរធ្វើការស្វែងយល់ជាពិសេសក្នុងទីនេះក៏គឺ ពាក្យថា
វិញ្ញាណ  ដែលហៅថាវិញ្ញាណក្ខន្ធនេះមិនមែនវិញ្ញាណ។ តាមសេចក្តីដែលយល់ជាទូទៅនោះ មានដល់ វត្ថុមួយដែលជា
ខ្លឹមកណ្តាលនៃជីវិត ជាវត្ថុដែលយល់ថាទៀង មិនរលត់ទៅព្រមជាមួយ
កាយ ពេលមនុស្សស្លាប់ វិញ្ញាណដូចថានេះ នឹងចេញពីរាងកាយ
ទៅកើតសាជាថ្មីក្នុងកាយថ្មី ។


វិញ្ញាណដូចនេះ មានពិតឬអត់ ជារឿងដែលជជែកគ្នាមកតាំងតែ
ពីបុរាណកាល រហូត ដល់ពេលនេះក៏នៅពុំទាន់ឈប់នៅឡើយ តែវិញ្ញាណដែលជាវិញ្ញាណក្ខន្ធ តាមសេចក្តីរបស់ ពុទ្ធសាសនា មិនមែនវិញ្ញាណដូចដែលពោលនេះ ទេ ។


វិញ្ញាណដែលជាវិញ្ញាណក្ខន្ធនេះ កើតបានរលត់បាន ពេលរលត់ហើយក៏កើតឡើង បានទៀត ដូចជាធ្មេចភ្នែកឃើញ
សៀវភៅដាក់នៅលើតុ អារម្មណ៍ដឹងថាឃើញ ឬបានឃើញ ជាចក្ខុវិញ្ញាណកើតឡើង បង្វែរខ្សែភ្នែកពីដៃខ្មៅទៅមើលវត្ថុដទៃ ចក្ខុវិញ្ញាណដែល កើតឡើង ធ្វើនាទីឃើញខ្មៅដៃក៏រលត់ទៅ កើតចក្ខុវិញ្ញាណឃើញវត្ថុដទៃនោះឡើងមកថ្មី វិញ្ញាណដែល
កើតឡើងខាងប្រសាទសម្រាប់ចាប់ពាល់វត្ថុដទៃ ៗ ក៏កើតឡើង
តាំងនៅ ហើយក៏ រលត់ទៅ ក្នុងលក្ខណៈដូចគ្នានេះ។


វេទនា សញ្ញា សង្ខារ និង វិញ្ញាណ រួមបញ្ចូលគ្នាហៅថា ចិត្ត ហើយវត្ថុប្រកបជាមួយ របស់ចិត្ត ដោយវិញ្ញាណជាចិត្ត វេទនា សញ្ញា និងសង្ខារ ជាធម្មជាតិកើតឡើងប្រកបចិត្ត ហៅថា ចេតសិក ធ្វើឲ្យចិត្តស្តែងអាការៈ ឬមានអាការៈតាមសភាពរបស់វត្ថុ ដែលចូល
មកប្រកបក្នុងការទទួលគ្រាមួយ ទាំងវេទនា សញ្ញា សង្ខារ និងវិញ្ញាណ នឹងកើតឡើងរួមគ្នាជានិច្ច ដូចជា ឃើញផ្កាកុលាបមួយផ្កា
មានអារម្មណ៍ថា “បានឃើញ” ជា វិញ្ញាណ ចាំបានថាវត្ថុនេះ
ជាផ្កាកុលាបជា “សញ្ញា”  ឃើញផ្កាកុលាប ដែលជាវត្ថុស្រស់ស្អាត មានអារម្មណ៍ជាសុខចិត្ត ឬសប្បាយចិត្តជា “វេទនា” សភាពដែល
តាក់តែងចិត្ត ធ្វើឲ្យចិត្តគិតទាក់ទងជាមួយផ្កាកុលាប ឲ្យគិតថាផ្កា
កុលាបនេះ ស្រស់ស្អាត់ជាងផ្កាដទៃក្តី ឬ ឲ្យគិតថាផ្កាកុលាបនេះ
ស្រស់ស្អាត់ គួរឲ្យចង់កាច់បូជាព្រះក្តី ជា “សង្ខារ”។


           ទើបសរុបបានថា ខន្ធ៥ ក៏គឺចំណែកប្រកបរបស់វត្ថុ
ដែលមានជីវិត ប្រភេទសត្វ ដែលរួមទាំងមនុស្សផង ជាវត្ថុដែលមាន
ការទទួលទានអាហារ មានការបន្ទោរបង់អាហារចាស់ រីកចម្រើនឡើងបាន ស្នងបន្តពន្ធុបាន និងមានអារម្មណ៍នឹកគិត ដែលពោលដោយសរុបក៏គឺ
ជា វត្ថុដែលប្រកបដោយរាងកាយនិងចិត្ត ឬរូបនិងនាម ព្រោះដូច្នោះជីវិត គឺការដំណើរនៅរួមគ្នារបស់រូបនិងនាម។ រូបបានដល់រូបក្ខន្ធ ដែលកើតឡើង
ពីការរួមគ្នារបស់ធាតុ៤ គឺ ដី ទឹក ភ្លើង និងខ្យល់  រួមទាំងគុណសម្បត្តិ និងគុណលក្ខណៈផ្សេងៗ ដែលអាស្រ័យនៅជាមួយធាតុទាំង៤  បានដល់នាមក្ខន្ធ ដែលជាចំណែកមិនមែនរូបមាន៤យ៉ាង គឺ វេទនា
សញ្ញា សង្ខារ និងវិញ្ញាណ ។ ទាំង៤យ៉ាងនេះរួមបញ្ចូលគ្នាហៅថា “ចិត្ត” និងវត្ថុប្រកបរបស់ចិត្ត ដោយវិញ្ញាណជាចិត្ត ចំណែកវេទនា សញ្ញា និង
សង្ខារ ជាចេតសិក គឺវត្ថុប្រកបចិត្ត ធ្វើឲ្យចិត្តមាន អាការប្រព្រឹត្តទៅ
តាមសភាពរបស់ខ្លួន ទើបមនុស្សជាវត្ថុដែលកើតឡើងក្នុងធម្មជាតិម្យ៉ាង ដែលប្រកបឡើងដោយរាងកាយនិងចិត្ត ឬរូបនិងនាម
ដូចដែលពោលមកនេះ…….

សូមអរព្រះគុណ ….។

 

 

ជីវិតជាមួយនឹងត្រៃលក្ខណ៍

ជីវិតជាមួយនឹងត្រៃលក្ខណ៍

១. អត្ថន័យនិងសេចក្តីសំខាន់

            គោលធម៌ត្រៃលក្ខណ៍ ឬសាមញ្ញលក្ខណៈ គឺលក្ខណៈ ៣ ប្រការដែលបណ្តាលឲ្យវត្ថុ ទាំងឡាយទាំងពួងក្នុងចក្រវាឡ ទាំងវត្ថុ
មានជីវិតនិងមិនមានជីវិត រមែងប្រព្រឹត្តទៅដូច្នោះ ទាំងអស់ ដោយមិនមានករណីលើកលែង ដូចជាព្រះពុទ្ធវចនថា ៖

              “ម្នាលភិក្ខុទាំងឡាយព្រោះតថាគតឧប្បត្តិឡើងក៏ដោយ
  មិនឧប្បត្តិក៏ដោយ ធាតុ (គោល) នោះ គឺការតាំងនៅជាធម្មតា,
ការប្រព្រឹត្តទៅតាមធម្មតា  ក៏គង់តាំងនៅយ៉ាង     នោះឯង
តថាគតត្រាស់ដឹង សម្រេចធាតុនោះថា សង្ខ   ទាំងពួងមិនទៀង
…សង្ខារទាំងពួងជាទុក្ខ… ធម៌ទាំងពួង
   ជាអនត្តា” ។ (អង្គ. តិក.)

              លក្ខណៈសំខាន់ ៣ ប្រការ ដូចដែលពោលមកហើយ បានដល់ ៖

          ១. អនិច្ចលក្ខណៈ ប្រែថា សេចក្តីមិនទៀង មិនគង់វង្ស មិនថា វត្ថុទាំងពួង មិនថាជា រូបធម៌ ឬនាមធម៌   រមែងប្រែប្រួល   និងវិនាស
សាបសូន្យទៅ នៅទីបំផុត ពោលដោយពិស្តារ អនិច្ចលក្ខណៈ ជាលក្ខណៈ
ដែលសម្តែងឲ្យឃើញថា មិនទៀង មាន ១០ ប្រការ បានដល់ ៖

          ១. អនិច្ចតោ                    មិនទៀង
          ២. អទ្ធុវតោ          មិនយូរអង្វែង
          ៣. អសារតោ        មិនមានខ្លឹមសារ
          ៤. ចលតោ            ជារបស់ញាប់ញ័រ ទទើសទែង
          ៥. បលោកតោ      បែកធ្លាយ
          ៦. វិបរិណាមធម្មតោ   ប្រែប្រួល ទៅមក
          ៧. មរណធម្មតោ   ជាធម៌ដើម្បីសេចក្តីស្លាប់ (ជាសភាពត្រូវបែកធ្លាយ)
          ៨. វិភវតោ             ជារបស់វិនាស
          ៩. សង្ខតតោ                   ជារបស់ដែលត្រូវតាក់តែងរឿងៗ
          ១០. បភង្គតោ        ត្រូវរលាយ ពុកផុយ ក្រចាត់ក្រចាយ ។

          វត្ថុទាំងពួងដែលជាសង្ខតធម៌ ឬវត្ថុដែលមានបច្ច័យតាក់តែងឡើង រមែងធ្លាក់ចុះទៅ តាមទម្រង់ការប្រែប្រួល ដោយសរុប ៣ ប្រការគឺ

          ១. ឧប្បាទៈ          កើតឡើង
          ២. ឋិតិ                  តាំងនៅ
          ៣. ខយៈ               រលត់ទៅ

            មិនមានវត្ថុណាជាសង្ខតធម៌ដែលរួចផុតពីអនិច្ចលក្ខណៈធម៌
នេះបាន សូម្បីតែព្រះ អាទិត្យដែលយើងឃើញថាគង់ទីនៅគ្រប់ពេលវេលា ក៏មានការផ្លាស់ប្តូរជានិច្ច ហើយនៅទីបំផុតក៏រលត់របាត់ទៅ  អ្នកវិទ្យាគណនាថា ដួងអាទិត្យនឹងរលត់ក្នុងវេលាប្រមាណ ៥០០០ លានឆ្នាំខាងមុខ ។ សេចក្តីមិនទៀងថាវរនៃវត្ថុទាំងពួងនេះ នឹងមើល
ឃើញកាន់តែច្បាស់ ឡើង ពេលពិចារណាដល់ខ្លួនមនុស្សឯង រាប់ចាប់
តាំងតែពីកើតជីវិតមក ការប្រែប្រួលគ្រប់ខណៈមិនដែលឈប់ឈរ
ពីទារក ក្លាយជាកុមារ យុវជន កម្លោះ រហូតដល់ជរា ហើយស្លាប់
នៅទីបំផុត ក្រៅពីនេះសេចក្តីប្រែប្រួលខាងរាងកាយ (រូបធម៌) និងខាងចិត្ត (នាមធម៌) ក៏តាក់តែងអារម្មណ៍នឹកគិតប្រែប្រួលទៅរឿយៗ តាមហេតុ
បច្ច័យដែលមកប៉ះទង្គិតខាងអាយតនៈ ទាំង ៦ ដូចជាភ្នែកប៉ះខ្ទប់នឹងរូប កើតចក្ខុវិញ្ញាណឡើង ជាបណ្តោះអាសន្ន ធ្វើនាទីមើលឃើញហើយក៏រលត់
ទៅ …ត្រចៀកប៉ះសម្លេង ក៏កើតសោតវិញ្ញាណឡើងជាបណ្ណោះអាសន្ន ធ្វើនាទីបានឮហើយក៏រលត់ទៅទៀត ជាដើម ។

          សេចក្តីប្រែប្រួលរបស់សភាវៈផ្សេងៗ ទាំងនេះ ប្រព្រឹត្តទៅតាមគោលធម៌អនិច្ចំ ទើបជាច្បាប់ធម្មជាតិ មិនមានវត្ថុណា
ឡើយក្នុងធម្មជាតិ ដែលនឹងអាចគេចចេញពីច្បាប់នេះបាន ។ មនុស្សក៏ជាផលិតផលរបស់ធម្មជាតិ ទើបត្រូវឋិតនៅក្រោមច្បាប់នេះ ។ សេចក្តីប្រែប្រួលរបស់មនុស្សទាំងខាងរូបធម៌ និងនាមធម៌ ទើបប្រព្រឹត្ត
ទៅតាមក្រសែជីវិត ដែលមានផលបណ្តាលឲ្យទាំងសុខទាំងទុក្ខ ដល់មនុស្សគ្រប់ៗគ្នា ។

 

          ២. ទុក្ខលក្ខណៈ ពាក្យថា “ទុក្ខ” មានន័យពីរយ៉ាង ទុក្ខក្នុងអរិយសច្ច បានដល់ភាវៈ មិនជាទីពេញចិត្ត ភាវៈឈឺចុកចាប់ ដែលជារឿងអារម្មណ៍
ជ្រាលជ្រៅរបស់មនុស្ស និងសត្វ ចំណែកទុក្ខក្នុងគោលធម៌
ត្រៃលក្ខណៈនេះមានសេចក្តីតាមស័ព្ទ គឺ

          ទុ       ប្រែថា          លំបាក
          ខ       ប្រែថា          ធន់

          ទុក្ខៈ ឬទុក្ខ គឺលក្ខណៈសម្តែងឲ្យឃើញសភាពដែលធន់នៅក្នុងភាវៈ
ដើមដរាបទៅ មិនបាន ពោលដោយពិស្តារមាន ២៥ ប្រការ បានដល់ ៖

          ១. ទុក្ខមតោ                    ជាទុក្ខ
          ២. ភយតោ            ជារបស់គួរឲ្យខ្លាច
          ៣. ឥតិតោ            ជារបស់ចង្រៃ
          ៤. ឧប្បទ្ទវតោ              ជាអន្តរាយ ឧប្បាត
          ៥. ឧបសគ្គតោ       ជាឧបសគ្គ រារាំង
          ៦. រោគតោ            ជារបស់ចាក់ទម្លុះ
          ៧. អាពាធតោ       ជាសភាពឈឺថ្កាត
          ៨. គណ្ឌតោ                    ដូចជាក្បាលខ្មោច
          ៩. សល្លតោ           ដូចជាស(របស់ព្រួញ)ជាប់ទ្រូង
          ១០. អឃតោ                   ជារបស់រកគុណមិនបាន
          ១១. អតាណតោ    ជារបស់ដែលមិនមានទីជម្រក
          ១២. អលេណតោ  ជារបស់ដែលរួចផុតពីការការពារ
          ១៣. អសរណតោ           ជារបស់ពឹងមិនបាន
          ១៤. អាទីនវតោ     ជារបស់ដែលមានតែទុក្ខ
          ១៥. អឃមូលតោ   ជាឫសគល់នៃសេចក្តីទុក្ខ
          ១៦. វធកតោ                  ប្រដូចទៅនឹងពេជ្ឈឃាត
          ១៧. សាសវតោ     ប្រព្រឹត្តដើម្បីអាសវៈ
          ១៨. មារាមិសតោ  ជានុយនៃមារ
          ១៩. ជាតិធម្មតោ   ជារបស់នាំឲ្យកើត
          ២០. ជរាធម្មតោ     ជារបស់ធ្វើឲ្យចាស់
          ២១. ព្យាធិធម្មតោ            ជារបស់ធ្វើមានជម្ងឺ
          ២២. សោកធម្មតោ           ជារបស់ធ្វើឲ្យសៅសោក
          ២៣. បរិទេវធម្មតោ                  ជារបស់ធ្វើឲ្យកន្ទុកកន្ទេញ
          ២៤. ឧបាយាសិធម្មតោ    ជារបស់ធ្វើឲ្យចង្អៀតចង្អល់ចិត្ត
          ២៥. សង្កិលេសិធម្មតោ    ជារបស់ធ្វើសៅហ្មង ។

          ភាវៈផ្សេងៗរបស់សង្ខតធម៌ដែលប្រាកដដល់ភ្នែក
ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តរបស់យើងនោះ គ្រាន់តែជាភាវៈ
បណ្តោះអាសន្នប៉ុណ្ណោះ ។

           រូបរាងមុខមាត់ដែលបានឃើញស្រស់ស្អាតរបស់ស្រ្តីក្រមុំ
ជារយៈវេលាខ្លី ពេលប្រៀបធៀបជារយៈកាលជីវិត នៃ ការវិបល្លាស
ទាំងជីវិត ព្រោះកោសិកា (cell) ដែលប្រកបគ្នាឡើងជាអវយវៈផ្សេងៗនោះ
តែងតែកើតឡើង តាំងនៅជាខណៈ ហើយក៏រលត់ទៅនៅទីបំផុត ហើយនិងមានកោសិការថ្មីកើត ឡើងជំនួសគ្នាទៅគ្រប់ខ្សែនៃជីវិត
អវយវៈផ្សេងៗ ទើបមានការប្រែប្រួលគ្រប់ខណៈ សង្ខារ ដែលធ្លាប់
តែរីកចម្រើន ក៏ដល់នូវការរុះរោយនៅទីបំផុត ។

          សេចក្តីអត់ធន់នៅមិនបានយូរ (ទុក្ខ) ជាមួយ
សេចក្តីប្រែប្រួល (អនិច្ចំ)  មានសេចក្តីស្រ ដៀងគ្នាណាស់ រហូតដល់
ស្ទើរតែមានន័យដូចគ្នា និងមានលក្ខណៈជាហេតុ ជាផលរបស់គ្នា និងគ្នា វត្ថុទាំងឡាយធន់នៅយូរបានដោយលំបាក (ទុក្ខ) ទើបវាផ្លាស់ប្តូរទៅ (អនិច្ចំ) ឬនិយាយថា ព្រោះហេតុដែលវាផ្លាស់ប្តូរ  (អនិច្ចំ) វាធន់នៅបានដោយ
លំបាក (ទុក្ខ)។

          ទុក្ខលក្ខណៈ ជាលក្ខណៈរបស់សង្ខតធម៌ទាំងពួង ទាំងចំណែកដែលជារូបធម៌ និង មានធម៌ បើសិនយល់អនិច្ចលក្ខណៈបាន ក៏យល់ទុក្ខលក្ខណៈ ព្រោះមានសេចក្តីស្រដៀងគ្នាណាស់ ។

          ៣. អនត្តលក្ខណៈ គឺ លក្ខណៈទទេរ លក្ខណៈមិនមែនតួខ្លួនបង្គាប់បញ្ជាបាន ។ អនត្តលក្ខណៈជាគោល
ពាក្យប្រៀនប្រដៅ ដែលសំខាន់បំផុតមួយ របស់ព្រះពុទ្ធសាសនា ។

          ពាក្យថា “អនត្តា” ប្រែបានពីរយ៉ាងគឺ ប្រែថា “មិនមែនខ្លួន” បានសេចក្តីថា អង្គប្រកបផ្សេងៗ ដែលប្រកបឡើងជាបុគ្គលនេះ មិនមែនតួខ្លួនបុគ្គលពិតប្រាកដ ពេលជីវិតរាងកាយនេះ មិនមែន តួខ្លួនរបស់យើង វាគ្រាន់តែជាសភាវធម៌ ដែលកើតឡើងនិងដំណើរ
ទៅតាមហេតុ បច្ច័យប៉ុណ្ណោះ ។ មនុស្សយល់ខុស ក៏ប្រកាន់មាំដោយ
ឧបាទាន ថាជារបស់ខ្លួន ជារបស់យើង ពេលប្រកាន់មុតមាំហើយ បើជីវិតរាងកាយនេះ មិនប្រព្រឹត្តទៅតាមការប្រាថ្នារបស់ខ្លួនក៏កើតទុក្ខ ។

          មួយប្រការទៀត “អនត្តា” ប្រែថា “មិនមែនតួខ្លួន” មិនមានវិញ្ញាណយូរអង្វែង អាស្រ័យនៅក្នុងខ្លួនរបស់មនុស្ស ។ អនត្តាក្នុងន័យនេះ ទំនាស់ជាមួយជំនឿក្នុងសាសនាដទៃ ជាពិសេសណាស់ចំពោះគោល “អត្តា” របស់សាសនាព្រាហ្មណ៍ ។


សូមអរព្រះគុណ …..

ទសពិធរាជធម៌

 

ទសពិធរាជធម៌១០យ៉ាងៈ


             ទសពិធធម៌ គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ គោលធម៌ទាំង ១០ ប្រការមាន៖

 
              ១-ទាន (Donation) ទាន គឺការផ្តល់អោយដូចជា វត្ថុ
សំភារៈ ចំណេះដឹង អប់រំ ក្បួនច្បាប់ និងការអប់រំព្រះធម៌ដល់ប្រជាជាតិខ្មែរ
ជាទីស្រឡាញ់របស់ខ្លួនជាដើម។ មេដឹកនាំខ្មែរ ត្រូវហ៊ានលះបង់ធនធាន
ផ្ទាល់ខ្លួន ធ្វើអំណោយទាន ដល់ប្រជាពលរដ្ឋខ្មែរ ដែលក្រីក្រលំបាក។
មេដឹកនាំខ្មែរ ត្រូវធ្វើទាន ក្នុងគន្លង គតិបណ្ឌិត មិនមែនក្នុងបែប
ប្រជាភិថុតឡើយ។ ពោលគឺ អំណោយជា ផ្លែ ខ្សែសន្ទូច និងចំណេះដឹង ដើម្បីអោយខ្មែរ ចេះរក
ចេះស្ទូចត្រី ចិញ្ចឹមជីវិតដោយខ្លួនឯង។

 

          ២-សីល Sila) អ្នកដឹកនាំល្អ គឺជាអ្នកដែលប្រកាន់ខ្ជាប់វិន័យ
អំពើល្អ តាមឱវាទព្រះពុទ្ធ។ មេដឹកនាំខ្មែរ ត្រូវមាន សីល ៥ក្នុង ខ្លួន។

 
    ទី១-សីលទាំង៥ រួមមាន+ អ្នកដឹកនាំខ្មែរ
មិនសាហាវយង់ឃ្នង មិនប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ

   ទី២-អ្នកដឹកនាំខ្មែរ មិនត្រូវពុករលួយ ស៊ីសំណូក លួចបន្លំ
កេងយកទ្រព្យសម្បត្តិជាតិ ឬទ្រព្យ បុគ្គល ឬក្រុមគ្រួសារណាមួយ ដើម្បីប្រយោជនផ្ទាល់ខ្លួន ឬប្រយោជនក្រុមគ្រួសារ និងបក្សពួកឡើយ។
មេដឹកនាំ ត្រូវតែមានការស្មោះត្រង់ ចំពោះជាតិគ្រប់ពេលវេលា។

  ទី3-អ្នកដឹកនាំជាតិខ្មែរ មិនមែនជាអ្នកដែលល្មោភកាមតណ្ហា
 បុណ្យសក្កិ អំណាច និងទ្រព្យ សម្បត្តិជាតិឡើយ។ មិនត្រូវប៉ះពាល់កូន
 ប្រពន្ធគេ ឬ ធ្វើអោយខូចខាតផលប្រយោជនជាតិ និងប្រជាពលរដ្ឋខ្មែរ។

 ទី៤-អ្នកដឹកនាំជាតិខ្មែរ មិនត្រូវពោលពាក្យកុហក ត្រូវតែស្មោះត្រង់
តាំងពីការគិត និយាយ និង កាធ្វើឡើងទៅ ។ពោល គឺ គិត និយាយ
និងធ្វើ តែ១។      មេដឹកនាំជាតិខ្មែរ មិនត្រូវគិតផ្សេងៗ និយាយផ្សេង
 ធ្វើផ្សេងនោះទេ។

     ទី៥-មេដឹកនាំជាតិខ្មែរ មិនត្រូវលង់ ក្នុងការសេពគ្រឿងញៀន
 អាភៀន កញ្ឆា ស្រី ស្រា ល្បែង ព្រោះនាំអោយ ខូចស្មារតី និង
 ប៉ះពាល់ដល់សុខភាព។ សរុបមក មេដឹកនាំត្រូវគ្រប់គ្រងអារម្មណ
ទាំង៦ អោយមានភាពប្រក្រតីជាដាច់ខាត គឺភាពសាមញ្ញ មិនវង្វេង និងលង់តាម
អារម្មណទាំង ៦ នោះឡើយ ព្រោះនាំអោយយើងមាន
ចំណុចខ្សោយភ្លេច
ស្មារតី។   ព្រះពុទ្ធទ្រង់ត្រាស់ទុកថា ៖
“ អ្នកធ្វេសប្រហែស បាត់បង់ស្មារតី ប្រៀបដូច មនុស្សស្លាប់”  ។

 
      ៣-បរិច្ចាគ ឬការលះបង់ (Sacrifice) បរិច្ចាគ ឬ ការលះបង់។
មេដឹកនាំខ្មែរ ត្រូវលះបង់ខ្លួន ដើម្បីជួយសង្គ្រោះជាតិ អោយរស់រាន មានជីវិតគង់វង្ស។ការលះបង់ ជាកត្តាសំខាន់ក្នុងទាក់ទាញ ជំនឿពី
អ្នកក្រោមឱវាទ ឬអ្នកជំវិញ អោយដើរតាមខ្លួន។ ភាពកំណាញ់ស្វិត នឹងធ្វើអោយអ្នកដឹកនាំ បាត់បង់ប្រីយភាព បាត់បង់ជំនឿពីអ្នកផង។
ការលះបង់ទីនេះ ចង់និយាយសំដៅ ទៅលើការលះបង់ ដើម្បីសាង
ប្រយោជន៏អ្វីមួយ សំរាប់សង្គមជាតិខ្មែរ។ ក្នុងឋានៈ ជាមេដឹកនាំខ្មែរ
ត្រូវហ៊ានធ្វើគំរូ នាំមុខគេ ក្នុងការធ្វើពលីកម្ម អាយុជីវិត លះបង់តាំងពី
ធនធាន ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កិត្តិយសមុខមាត់ រហូតដល់
 ជីវិត ដើម្បីធ្វើប្រយោជន៍ ជូនជាតិនិងជួយសង្គ្រោះ ប្រជាជាតិខ្មែរ ដែលកំពុងរងទុក្ខវេទនា ក្រីក្រ អត់ឃ្លាន ល្ងង់ខ្លៅ និងភ័យខ្លាច
រស់ក្នុងរបបភេរវកម្ម។  តើត្រូវធ្វើការលះបង់អ្វីខ្លះ?

-លះបង់ ភាពមុខមាត់និយម សំភារះហ៉ឺហា អំនួតអួតអាងនិយម អាត្មានិយមនិងភាពភ្លើតភ្លើន។ ដូចពោលខាងលើខ្លះៗមកហើយ ដើម្បីដឹកនាំគេត្រូវធ្វើអោយគេមានជំនឿមកលើខ្លួនយើង ស្រឡាញ់
គោរពយើងជាមុន។ ដើម្បីអោយអ្នកផង ជឿស្រឡាញ់យើង
យើងត្រូវធ្វើខ្លួន
អោយ សមសួន មានប្ញកពារថ្លៃថ្នូរ ដោយការវៀរចាក
អំពើអបាយមុខផ្សេងៗ។ ជាពិសេស លះបង់ការ ស្រេកឃ្លានមុខមាត់
អំនួតអួតអាង ភាពភ្លើតភ្លើ
និងសំភារះនិយម ហ៉ឺហាសំបូរ គ្មានព្រំដែន។

-លះបង់ ភាពមុខមាត់និយមក្នុងឋានះជាអ្នកដឹកនាំខ្មែរ
ត្រូវហ៊ានលះបង់ មិនត្រឹមតែទ្រព្យធន ពេលវេលាប៉ុណ្ណោះទេ តែត្រូរហ៊ានលះបង់តាំងពីមុខមាត់
កិត្តិយស ឡើងទៅ។
ពោលគឺ ត្រូវតែ ចុះបំរើពលរដ្ឋដល់ទីកន្លែង។


 

៤-អាជ្ជវៈ ឬ សេចក្តីសោះត្រង់ (Honest) អាជ្ជវៈ គឺជាសេចក្តីត្រង់
មិនវៀចវេរ ក្រឡិចក្រឡុច។ មេដឹកនាំខ្មែរ ត្រូវស្មោះត្រង់ចំពោះ
ឧត្តមគតិរួម មុខងារ តួរនាទី របស់ខ្លួន ត្រង់ចំពោះ ក្រុមការងារ ត្រង់ចំពោះប្រទេសជាតិខ្មែរ និងប្រជាពលរដ្ឋខ្មែរ ត្រង់ទាំងការគិត
ការនិយាយ និងការអនុវត្តការងារ ត្រង់ចំពោះអ្នកក្រោមបង្គាប់

 និង ត្រង់ ចំពោះសេចក្តីល្អទាំងឡាយ។ ភាពស្មោះត្រង់ ជាផ្លូវដ៏ល្អមួយ ញ៉ាំងអោយមានការជឿជាក់ ពីអ្នកជុំវិញខ្លួន។ ជំនឿជាក់ពីអ្នកផង
ទាំងពួង នឹងធ្វើអោយមាន ការរួបរួមសាមគ្គីគ្នាជុំវិញខ្លួន
យើងជាអ្នកដឹកនាំ ហើយអាច
ជួយធ្វើឱយ ការដឹកនាំ
របស់យើង ដើរទៅរកជោគ ជ័យបានឆាប់ រហ័ស ។

ក៏ប៉ុន្តែ នៅពេល ដែលមានការរួបរួមជុំវិញខ្លួនហើយ
យើងជាមេដឹកនាំ
មិនត្រូវភ្លេចខ្លួន ភ្លើតភ្លើន មើលងាយអ្នកផង
ជុំវិញឡើយ។ កាន់តែមានការរួបរួមជុំវិញខ្លួន ខ្លាំងឡើងកាលណា កាន់តែផ្តល់សារៈសំខាន់ ដល់សហការីជុំវិញខ្លួន កាន់តែអោនលំទោន ប្រកបដោយសេចក្តី ថ្លៃថ្នូរខ្ពស់ឡើងជានិច្ច។ មិនគួរនិយាយពី
អ្នកក្រោមឱវាទ ថាអាក្រក់យ៉ាងនេះ មិនល្អយ៉ាង នោះឡើយ។ ត្រូវរិះរកវិធីកែខៃដោយភាពស្មោះត្រង់ ដើម្បីធ្វើអោយ
មានការរីកចំរើនទាំងអស់គ្នា ដើរទៅជាមួយគ្នាឆ្ពោះទៅ

រកជោគជ័យ។ ត្រូវចាំថា អង្គការនយោបាយដឹកនាំរបស់យើង
ប្រៀបបីដូច ជាក្រុមតូរ្យតន្ត្រីមួយដែរ។ ត្រូវមានភាពប៉ិនប្រសប់ ក្នុងការងាររៀងខ្លួន
ដូចគ្នាស្មើៗ គ្នា។ បើ ស្គរលេងល្អ តែហ្គីតា
លេងអន់ ក៏មិនកន្ត្រាក់ ទាក់អារម្មណ៍ អ្នកមើលអ្នកស្តាប់។
បើ ស្គរ ហ្គីតា លេងល្អ តែបើអ្នកច្រៀង ច្រៀងមិនពិរោះ
គ្មានការទាក់ទាញ នៅរឹងស្តូក ក៏មិ់នអាចទាក់ អារម្មណ៍
អ្នកក្រោមឆាក អោយហក់លោតឡើងរាំបានឡើយ។
ពោលគឺ ទាំងអស់គ្នា ជាក្រុមការ ងារ ដែលស្មោះត្រង់នឹងគ្នា មានការទទួលខុសត្រូវតាមមុខងាររៀងៗខ្លួនដោយ
ស្មោះស្មគ្រ័គ្មានល្បិច ប៉ែងជើង ប៉ែងដៃគ្នាឡើយ។ យ៉ាងណាមិញ ក្នុងភាពជាអង្គការនយោបាយមួយ ត្រូវតែកសាងអោយទៅជា
ក្រុមការងារល្អ
រលូនបំផុត Best and smooth Team Work
ទើបអាចជំរុញអោយ ប្រជាជាតិខ្មែរ
ទាំងអស់ ភ្ញាក់រលឹក
ជឿជាក់លើយើងបាន។ ម្នាក់ៗ មានភាពស្មោះត្រង់ចំពោះ ភារៈរបស់ខ្លួនជាអ្នកដឹកនាំ មិនថាថ្នាក់ណា នៅទីណា កន្លែងណា
មិនចាំបាច់ ដេកចាំអោយ មានអ្នកដាស់តឿន ឬធ្វើដើម្បីផ្គាប់
មុខមាត់ឡើយ។
ម្នាក់ៗត្រូវគិតថា យើងចេះអ្វីមួយ ដែល
អ្នកឯទៀតមិនចេះ តែអ្នកឯទៀត ក៏ចេះអ្វីមួយដែលយើងមិនចេះ។
ហេតុនេះ ដើម្បីសំរេច ជោគជ័យ អ្នកដឹកនាំមានភារះពូត
ប្រមូលផ្តុំ សមត្ថភាព និងការប្រឹងប្រែង
របស់អ្នកជុំវិញខ្លួន
ដើរឆ្ពោះទៅរកគោលដៅរួម ដោយភាពស្មោះត្រង់

និងពុះពារ ព្យាយាម ប្តូរផ្តាច់យ៉ាងអត់ធ្មត់ បំផុត ដោយការនាំមុខ
គេជានិច្ច ក្នុងការពុះពារឧបសគ្គ័ផ្សេងៗ ។ ចូរពិចារណាចងចាំ
និងយល់ យ៉ាងជាក់ថា
ខ្សែហ្គីតាមួយ មានសំលេងតែមួយប៉ុណ្ណោះ
ខ្សែទាំង៥មានសំលេងខុសៗគ្នា តែដោយភាពប៉ិនប្រសប់របស់
អ្នកលេងហ្គីតា ចេះរួមផ្សំសំលេងខ្សែទាំងនោះ បញ្ចូលគ្នាធ្វើឱ្យ
អ្នកលេង អាចលេងភ្លេងបានយ៉ាងពិរោះរណ្តំ នាំព្រលឹងអាត្ម័ន

 អ្នកស្តាប់ អ្នកទស្សនា អោយលង់លក់ ទៅតាមចំណង់របស់គេបាន។
តើអ្នកណាមួយ អាចទាយថា អ្នកលេងដែលប្រើប្រាស់ហ្គីតានេះ នឹងលេងបានត្រឹមតែប៉ុន្មានបទ ប្រាកដជាគ្មានចំឡើយទេ។
យ៉ាងណាមិញ យើងជាអ្នកដឹកនាំជាតិខ្មែរ ដែលស្រឡាញ់ជាតិពិត ក៏ត្រូវរៀនសូត្រពីនេះដែរ ទើបយើងអាចកសាង ក្រុមការងារល្អរលូនបាន។ ក្រៅពីនេះ ការរួមសុខរួមទុក្ខជាកត្តាសំខាន់ខ្លាំងណាស់។ ដូចរៀបរាប់មកខាងលើ
មកហើយគឺ អ្នកដឹកនាំខ្មែរ
ត្រូវតែស្មោះត្រង់ គ្រប់ឥរិយាបថទាំអស់ តាំងពី

ការគិត ការនិយាយ ការធ្វើ ការ រស់ នៅដោយភាពប្តូរផ្តាច់ ចំពោះជាតិមាតុភូមិ ប្រជាជាតិខ្មែរ និងអង្គការនយោបាយរបស់ ខ្លួន ដែលខ្លួនមានតួនាទីដឹកនាំ ដើម្បីជំរុញការតស៊ូឆ្ពោះទៅរកជោគជ័យ
ផ្តាច់ព្រត្យ័ ដោយគ្មាន វៀចវេរ ។
“ដាក់ខ្លួនឱយទាប ដើម្បីមើលអោយបានដល់ជំរៅបញ្ហា

 តែក្រោកឈរឱយខ្ពស់ ដើម្បី មើលឱយបានឆ្ងាយ
 ដោយភាពភ្លឺស្វាងនៃអនាគត”

 

៥-មទ្ទវៈ ឬ ភាពរាបសារទន់ភ្លន់ (Gentle) មទ្ទវៈ
ជាសេចក្តីរាបសារទន់ភ្លន់។
មេដឹកនាំខ្មែរ ត្រូវសំដែងនូវទឹកមុខញញឹម
រួសរាយរាក់ទាក់ជានិច្ច ចំពោះអ្នកក្រោមបង្គាប់ និង ប្រជាពលរដ្ឋខ្មែរទូទៅ ទោះជានៅពេល
មានឧបសគ្គ័ ពិបាកយ៉ាងណាក្តី។
សេចក្តីរីករាយ របស់មេដឹកនាំជាឱសថ អាចលើកទឹកចិត្តទាហាន ឬអ្នកក្រោមឱវាទ អោយមានទឹកចិត្តប្រយុទ្ធ ឬមានក្តីសង្ឃឹមទៅមុខបាន។ ហេតុនេះ មេដឹកនាំខ្មែរមិនត្រូវធ្វើមុខ
ស្រពាប់ស្រពោន
មុខក្រញូវមុខស្អុយ ប្រកាន់ ឬកក្រអឺតក្រទម ច្រងេងច្រងាង

 ឆេវឆាវ អាង ថាខ្លួនឯងអ្នកធំមានអំណាច ឬមេគេនោះទេ។
មេដឹកនាំត្រូវតែ រាក់ទាក់ដាក់អ្នកតូច អ្នកក្រោម បង្គាប់ និងប្រជាពលរដ្ឋសាមញ្ញមុនជានិច្ច។ ត្រូវព្យាយាមស្គាល់ឈ្មោះ
អ្នកក្រោមឱវាទ
អោយ បាន អស់ និងត្រូវហៅអោយចំៗឈ្មោះ
ថាលោក. ក… ឬ លោក…ខ ជាដើម។   ​ការហៅចំឈ្មោះ មានន័យខាងចិត្តសាស្ត្រមួយធំណាស់ ជាពិសេស ចំពោះអ្នក
ដែលមានឋានៈតូចទាបជាង ។ ក្រៅពីនេះ មេដឹកនាំត្រូវទទួលនូវ

សេចក្តីគោរព ពីអ្នកផង ដោយការយកចិត្តទុកដាក់មិនព្រងើយកន្តើយ ហើយត្រូវដាក់ខ្លួនអោយមានលក្ខណៈសាមញ្ញ ជាមួយនឹង
ប្រជាពលរដ្ឋ និងអ្នកក្រោមបង្គាប់។ មិនស៊ីជោរ អួតអាង
ពេលគេសរសើរ មិនត្រូវអង្គុយលើចង្អេរលើកខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ពោលគឺមិនត្រូវនិយាយពីរឿង
ខ្លួនឯងថា គ្រាន់បើជាងអ្នកដទៃ ឬ តាំងខ្លួនឯងជា
មេដឹកនាំរបស់អ្នកទាំងអស់នោះ។ ផ្ទុយទៅវិញ

យើងត្រូវតាំងខ្លួនយើង ជាអ្នកបំរើ ប្រជាពលរដ្ឋខ្មែរទើបប្រសើរ។
មេដឹកនាំ ត្រូវហ៊ានសារភាពកំហុស ដោយការទទួលខុសត្រូវ និង ដោយទឹកមុខញញឹម
ពេញចិត្ត ចំពោះអ្វីដែលយើងបានធ្វើខុស
ឬយើងបានចាត់ការខុស ។
មេដឹកនាំខ្មែរ ត្រូវទន់ភ្លន់
តែមិនទន់ជ្រាយនោះទេ បើប្រៀបធៀបទៅ
នឹងដើមឈើ
មេដឹកនាំត្រូវធ្វើដូចជាដើម ផ្ចឹក ក្រញូង និងបេង ជាដើម ដែលមានភាពទន់ខាងក្រៅ តែរឹងប៉ឹងខាងក្នុង។ មេដឹកនាំខ្មែរ

មិនត្រូវធ្វើដូចដើមល្ហុង និងអំពៅ ដែលមានលក្ខណៈរឹងក្រៅ តែប្រហោង
ក្នុងនោះទេ។ មេដឹកនាំត្រូវចេះ ស្គាល់កាលៈទេសៈ និងស្ថានការណ៍
តើពេលណា យើងត្រូវធ្វើមេដឹក នាំគេ? ហើយពេលណាយើង
ត្រូវធ្វើជា
អ្នកក្រោមបង្គាប់គេ?។ កាន់តែមានការរួបរួម មានជោគជយ័ក្នុងការធ្វើអោយអ្នកផងរួបរួមគ្នាដើរតាមខ្លួន
អ្នកដឹកនាំជាតិខ្មែរ កាន់តែមាន ភាពរាបសារ ទន់ភ្លន់អោនលំទោន
 ចំពោះអ្នកជំវិញខ្លួន ខ្លាំងឡើងជាលំដាប់។ ភាពរួសរាយ រាក់ទាក់អោន
លំទោន របស់អ្នកដឹកនាំ ជាមន្តស្នេហ៌មួយអាចធ្វើអោយគេដើរតាម គោលការណ៍នានារបស់ខ្លួន និងរបស់អង្គការនយោបាយខ្លួន
បានយ៉ាងមានប្រសិទ្ធភាព។
 “ ដើម្បីដឹកនាំគេ ត្រូវធ្វើអោយ គេស្រឡាញ់យើងជាមុន ដើម្បីអោយ
គេស្រឡាញ់យើង យើងត្រូវស្រឡាញ់គេដោយស្មោះស្មគ្រ័ ជាមុន”។
នៅពេល ប្រជាជាតិខ្មែរទូទៅ មានការជឿជាក់លើយើង និងមានការភ្ញាក់រលឹក ដូចយើងហើយនោះ នោះនឹងញ៉ាំងអោយយើងអាច ជំរុញការរំដោះជាតិ
របស់យើង ឆាប់បាន ដល់ទិសដៅ។ តែត្រូវចាំថា “យើងជាអ្នកបំរើជាតិ
ប្រជាជាតិ មិនមែនជាអ្នកជិះ ជាន់សង្កត់ សង្កិនរាស្ត្រខ្មែរតូចតាចឡើយ”។

 

៦-តបៈ ឬស្អាតស្អំ (Clean) តបៈ ការដុះខាត់សំអាតចិត្ត
ឬកំចាត់នូវអំពើ
អាក្រក់ក្នុងខ្លួន។ តើត្រូវកំចាត់អ្វីខ្លះ? មេដឹកនាំ
ត្រូវកំចាត់អារម្មណ៍ដែលនាំ
អោយយើងប្រព្រឹត្តិ អំពើអាក្រក់ទាំងឡាយ
និងបញ្ជាអារម្មណ៍របស់
ខ្លួនឯងមិនអោយក្តៅក្រហាយ។
មេដឹកនាំខ្មែរមិនធ្វើអោយក្តៅក្រហាយដល់
ចិត្តអ្នកដទៃ
អ្នកក្រោមឱវាទឡើយ។ យើងត្រូវមានផែនការ កាលវិភាគ កំណត់ច្បាស់លាស់សំរាប់កិច្ចការ ប្រចាំថ្ងៃ ហើយអនុវត្តតាម
ផែនការនោះ។
ដូច្នេះ យើងត្រូវសង្កេតមើលសកម្មភាពរបស់យើង
គ្រប់ពេលវេលាបើយើង
ដឹងថា យើងធ្វើខុស ឬធ្វើអំពើអាក្រក់
យើងត្រូវកែប្រែចេញ។ បើយើងដឹងថា ខ្លួនយើងអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន យើងត្រូវឈប់ធ្វើដូច្នោះ យើងត្រូវត្រឡប់មកគិតដល់ប្រយោជនជាតិ ប្រយោជន

សង្គមនិងប្រជាជាតិខ្មែរទាំងមូលវិញផង។ ក្នុងនាម យើងជា
មេដឹកនាំខ្មែរ ត្រូវធ្វើដូចព្រះអាទិត្យផង និងជាព្រះច័ន្ទ ផង។
តើអ្វីខ្លះទៀត ដែលមេដឹកនាំខ្មែរ គួរលះបង់ចេញ? មេដឹកនាំខ្មែរ
ត្រូវលះបង់ ឈប់គិត ព្យាបាទខ្មែរគ្នាឯង ឈប់ឈ្លោះប្រកែកជាមួយខ្មែរ ឈប់ចងគំនុំ គុំគួន នឹងិខ្មែរគ្នាឯង និងឈប់និយាយឌឺដងឡកឡឺយ
ដៀមដាម ដោយពាក្យផ្លែផ្ការ ឬអំណួត បែបមនុស្សពាលបាតផ្សារ ឬ មួលបង្កាច់ទំលាក់កំហុសដាក់ អ្នកស្នេហាជាតិទៀត។ មេដឹកនាំខ្មែរ ត្រូវឈប់កំណាញ់ ឬមាយា លាក់ពុត។ មេដឹកនាំខ្មែរ មិនត្រូវធ្វើជាមនុស្សក្បាល រឹង ចចេស ត្រូវចេះស្តាប់ហេតុផល និង ស្តាប់យោបល់អ្នកក្រោមបង្គាប់យកមកពិចារណា។ ត្រូវចាំថា បើយើង

ចង់ដឹកនាំគេ យើងត្រូវតែយកគំនិត យោបល់អ្នកក្រោមបង្គាប់
មកគិតមក
ពិចារណា ថ្លឹងថ្លែង ជាគតិខ្លះ។ “អ្នកទាបតូច មិនសុទ្ធតែជា
អ្នកល្ងង់ខ្លៅឡើយ ឯអ្នកដែលមាន មានសញ្ញាបត្រ័ បណ្ឌិត មិនមែនសុទ្ធ តែជាអ្នកគិត
ត្រូវឆ្លៀវឆ្លាត ជាងគេឯងទាំងអស់ដែរ”។
អ្នកដឹកនាំខ្មែរ ត្រូវតែស្អាតស្អំ
ទាំងចិត្ត គំនិត ទាំងស្មារតី
មិនប្រព្រិត្តិអ្វីដែល ជាអំពើស្មោគគ្រោក អាបាយមុខផ្សេងៗ
ដែលនាំអោយ មានរឿងអាស្រូវដល់កេរ្តិ៍ឈ្មោះ និងធ្វើអោយ
ការដឹកនាំមិនទទួលជោគជ័យ។ ក្រៅពីនេះ មិនត្រូវ ទទួលយកសំណូកសូកប៉ាន់ផ្សេងៗ ដែលនាំឱយប្រឡាក់ប្រឡូស ដល់កិត្តិយសរបស់ខ្លួន ឬនាំអោយមានអយុត្តិធម៌ ក្នុងការដឹកនាំ ដោយសារតែការទទួលយកសំណូកសូកប៉ាន់នេះ។ ទោះជា
មេដឹកនាំខ្មែរ ត្រូវតែប្រកាន់នូវភាពស្អាតស្អំ មិនទាក់ទាមនឹង អំពើមិនល្អមិនត្រឹមត្រូវ
តាមសីលធម៌ តែអ្នកដឹកនាំខ្មែរ
មិនត្រូវរារែកនឹងអ្វី ដែលខ្លួនយល់ថា ត្រឹមត្រូវសំរាប់ការសង្គ្រោះជាតិ ការរំដោះប្រជាជាតិខ្មែរឡើយ។

 “ ខ្មែររស់ព្រោះ ខ្មែរហ៊ានស្លាប់”
 តែ
 “ខ្មែរនឹងស្លាប់ បើខ្មែរ កំសាកខ្លាចសេចក្តីស្លាប់”។

 

៧-អក្កោធៈ (Peace) អក្កោធៈ គឺការមិនងាយខឹងក្រេវក្រោធ។
មេដឹកនាំខ្មែរ មិនត្រូវខឹងក្រេវក្រោធ ឆេវឆាវជាដាច់ខាត
ព្រោះការខឹងនេះ គឺជារនាំងបាំងអោយយើងងងឹត មិនស្គាល់ខុសនិងត្រូវ ល្អនិងអាក្រក់ យុត្តិធម៌និងអយុត្តិធម៌ ដោយសារតែសេចក្តី វង្វេងនឹងភ្លើងកំហឹង។
បើមេដឹកនាំខ្មែរ មានសេច ក្តីក្រោធ
នោះមិនមែនជាការល្អសោះឡើយ ព្រោះសេចក្តីក្រោធ ប្រៀប
ដូចជាច្រែះ របស់អាវុធក្នុងលោក ប្រៀបដូចជាភ្លើង
ឆេះសំរាប់នាំទៅរកសេចក្តីវិនាស។ អ្នកក្រោធរមែងមិនដឹងនូវ
ហេតុផល និងធ្វើឱយចិត្តក្តៅ សោកសៅ(មិនស្ងប់)មានទុក្ខជានិច្ច។ គេសំគាល់សេចក្តីក្រោធ បានតាមរយៈ ការមិនពេញចិត្ត
ការទាស់ចិត្តការក្តៅ ពុះកញ្ជ្រោល ការគិតឈ្លោះប្រកែក និងការចងគំនុំសងសឹក។
ម៉្យាងទៀតពាក្យថា ក្រោធ
ក៏មានន័យថា ខុស ដូច្នេះបើមេដឹក នាំខ្មែរ
ខឹង ឬខ្ញាល់
មានន័យថា ខុស ដូចពាក្យចាស់ពោលថា
“ខឹងខុស ខឹងខូច
ខឹងខាត ” (ចូរមើលរឿង មាយើង)។
អាស្រ័យហេតុនេះ មេដឹកនាំខ្មែរ
គ្រប់លំដាប់ថ្នាក់
មិនត្រូវយកការខឹងក្រេវក្រោធ មកដាក់ខ្លួនឡើយ។


 

៨-អវិហឹង្សា (Nonviolent) អវិហឹង្សា មានន័យថា មិនបៀតបៀនធ្វើអោយអ្នកដទៃក្តៅក្រហាយ កើតទុក្ខ
ដោយសារខ្លួន
ជាពិសេសលើ ពលរដ្ឋរបស់ខ្លួនឯង។ មេដឹកនាំខ្មែរ
មិនត្រូវយកអំណាច
តួនាទីរបស់ខ្លួន ទៅគាបសង្កត់ជិះជាន់គំរាមកំហែង
ប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជនផ្ទាល់ខ្លួន ឬផលប្រយោជន៍ បក្សពួកខ្លួននោះទេ។
មេដឹកនាំខ្មែរ ត្រូវគោរពសិទ្ធិពលរដ្ឋ កុមារ ចាស់ទុំ
និងស្ត្រីភេទ។ មេដឹកនាំ មិនត្រូវប្រើអំពើហិង្សឹចំពោះជនរួមជាតិឡើយ ត្រូវប្រកាន់យកប្រជាធិបតេយ្យ យកប្រជាជាតិ ខ្មែរជាធំ។
មេដឹកនាំខ្មែរ ត្រូវអោយអភ័យ និងលើកលែងទោស ចំពោះអ្នកដើរតាម ឬប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើខុស។ មិនមែនខុសដៃ

យកដៃ ខុសជើង យកជើងទេ។ ត្រូវចាំថា អ្នកដើរតាម និងប្រជាពលរដ្ឋខ្មែរគ្មានកំហុសទេ ខុសឬត្រូវ គឺជាលទ្ធផលរបស់
មេដឹកនាំ ព្រោះមេដឹកនាំ ជាអ្នកទទួលខុសត្រូវ។ ប្រជាពលរដ្ឋខ្មែរ
ប្រៀបដូចជាកូនយើង ដែលពួកគេមិនដឹងអ្វីទេ។ ហេតុនេះ ហើយ មេដឹកនាំខ្មែរ ត្រូវធ្វើការអប់រំ
បណ្តុះបណ្តាល ពលរដ្ឋខ្មែរ
ឱយមានចំណេះដឹង និងសមត្ថភាពគ្រប់ៗគ្នា។ បើអ្នកក្រោមឱវាទ
ធ្វើខុស ឬបរាជ័យក្នុងកិច្ចការអ្វីមួយ កំហុសត្រូវធ្លាក់

លើមេដឹកនាំ ជាអ្នកខុស មិនត្រូវដាក់កំហុសឬដាក់ទោសលើ
អ្នកក្រោម
បង្គាប់នោះទេ។ មេដឹកនាំខ្មែរ ជាអ្នកសំរេចចិត្តលើ
កិច្ចការគ្រប់យ៉ាង
ទាំងការប៉ាន់ប្រមាណ ស្ថានការណ៍
ការរៀប ចំផែនការ ការអនុវត្តន៍
ការដឹកនាំធ្វើ និងត្រួតពិនិត្យជាដើម
យើងជា មេដឹក នាំ ត្រូវតាំងខ្លួន
ជាអ្នកបំរើរបស់ប្រជាពលរដ្ឋខ្មែរ
មិនមែនធ្វើជាចៅហ្វាយកៀប សង្កត់ប្រជាពលរដ្ឋខ្មែរឡើយ។


 

៩-ខន្តី (Patient) ខន្តី គឺការអត់ធន់។ មេដឹកនាំខ្មែរ
នឹងទទួលបានជោគជ័យ លើកិច្ចការងារទាំងពួង បើសិនជា
មេដឹកនាំខ្មែរ
ទាំងអស់មានខន្តី គឺសេចក្តីអត់ធន់។
តើមេដឹកនាំខ្មែរត្រូវអត់ធន់និងអ្វីខ្លះ?
មេដឹក នាំខ្មែរ
ត្រូវអត់ធន់និងសេចក្តីលំបាក សេចក្តីវេទនាការឈឺចាប់ទាំងពួង

 ការិះគន់ ការមើលងាយ មិនលើកទឹកចិត្ត៘ មេដឹកនាំខ្មែរ
ត្រូវអត់ធន់នឹង
តណ្ហា ឬមហិច្ឆតាផ្ទាល់ខ្លួន ដែលគាបសង្កត់ ជំរុញ អោយប្រព្រឹត្តិអំពើមិនត្រឹមត្រូវ (ទុច្ចរិត)។ មេដឹកនាំខ្មែរ មិនធ្វើតាម
តែអារម្មណ៍ ឬចិត្តរបស់ខ្លួន នោះឡើយ។ មេដឹកនាំខ្មែរ ត្រូវអត់ធន់ដុសខាត់ភាពល្ងង់ខ្លៅរបស់ខ្លួន និងភាពល្ងង់ ខ្លៅ

 របស់ ប្រជាពលរដ្ឋ ឬអ្នកក្រោមបង្គាប់។ មេដឹកនាំខ្មែរ ត្រូវអត់ធន់ ចំពោះការងាររបស់ខ្លួន ពាក្យណែនាំ ឬការប្រឹក្សាពីអ្នកផងទាំងពួង មិនថាអ្នកក្រោមបង្គាប់ ឬជាគ្រូអាចារ្យយើងឡើយ។ មេដឹកនាំខ្មែរ
ត្រូវអត់ធន់ ចំពោះការត្មេះតេះដៀល ការប្រឆាំងពីសង្គម
និងចំពោះពេលវេលា ដែលធ្វើការងារមិនបានសំរេច។ ចំណុចពិសេសមួយទៀត មេដឹកនាំត្រូវមាន អំណត់ចំពោះការ
ស្តាប់ ការជឿ។ មិនត្រូវជឿងាយ ខឹងងាយ ផ្តេសផ្តាស
(ត្រចៀកស)ឡើយ។ ឮមួយរយដង មិនស្មើនិងឃើញម្តង
ការឃើញមួយរយដង មិនស្មើយើងបានប៉ះម្តង ទោះជាមានហេតុផល
ក៏ដោយ ក៏មិនត្រូវដាក់
ចិត្តជឿភ្លាមទេ។ មេដឹកនាំខ្មែរ ត្រូវចុះមើល
ស្ថានការណពិត ជាក់ស្តែង
ដោយខ្លួនឯង និងបង្កើតទំលាប់នេះដល់
អ្នកក្រោមបង្គាប់។ ជាពិសេស ចំពោះអ្នកស្នេហាជាតិខ្មែរ ត្រូវមាន
ការអត់ធន់ គ្រប់បែបយ៉ាងគ្រប់ពេលវេលា
ទាំងអស់
រហូតដល់សំរេចជោគជ័យចុងក្រោយ ក្នុងការតស៊ូ សង្គ្រោះប្រទេសជាតិ ឱ្យរស់ឡើងវិញ។ តោងគោរព ប្រណិបត្តន៍តាម ព្រះពុទ្ធបរមគ្រូនៃ
យើងដែល
អត់ធន់ស្វែងរកមាគ៌ាប្រោសសត្វលោករហូតបាន
សំរេចព្រះនិព្វាន្ត។


 

១០-អវិរោធនៈ (Keep doing right) អវិរោធនៈ គឺការមិនធ្វើខុស។
មេដឹកនាំខ្មែរ ត្រូវធ្វើអោយបានត្រឹមត្រូវជានិច្ច ទាំងការគិតត្រូវ
ការយល់ត្រូវ ការនិយាយត្រូវ ការធ្វើត្រូវ ការព្យាយាមត្រូវ ការភ្ញាក់
រលឹកត្រូវ ការតំកល់ចិត្តត្រូវ និងការចិញ្ចឹមជីវិតត្រូវ ។ តែមិនត្រូវរួញរាដល់មិនហ៊ានធ្វើអ្វីសោះ ព្រោះខ្លាចខុស
នោះឡើយ ក្នុងភាពជាអ្នកដឹកនាំ ត្រូវហ៊ានប្រថុយ

 ហ៊ានអារកាត់ នៅក្នុងកាលៈទេសៈ ចាំបាច់។ ប៉ុន្តែការហ៊ានប្រថុយ
ត្រូវផ្អែកលើ ផលប្រយោជនជាតិ និងជនរួមជាតិជាធំ ផ្អែកលើកល
យុទ្ធសាស្ត្រ ត្រឹមត្រូវស្ថានការណ៍ជុំវិញខ្លួន ពេលវេលា និង
លទ្ធភាពហុចអោយ។ មិនត្រូវ ប្រថុយដោយគ្មានគ្រឹះ គ្មានការត្រិះរិះ
ពិចារណាឡើយ។ មេដឹកនាំខ្មែរ មិនត្រូវប្រកាន់នូវគុណធម៌ងាប់ស្តូក
គ្មានភាពបត់បែន តាមតំរូវការសំរាប់ អ្នកដឹកនាំនោះឡើយ
ត្រូវចេះវិភាគរក អ្វីល្អ អ្វីអាក្រក់ អ្វីគ្រោះថ្នាក់ដល់សង្គមជាតិខ្មែរ ពោលគឺត្រូវហ៊ានធ្វើការអាកាត់ ដើម្បីផលប្រយោជន៍ប្រជាជាតិខ្មែរ និងជាតិជាធំ។ យើងគួរសិក្សាពី
រឿងល្បើកខ្មែរមួយ
ដែលនិយាយពីព្រះសង្ឃ ពីរអង្គ ធ្វើដំណើរទៅជួបនឹង

ព្រះពុទ្ធអង្គ ដើម្បីបានសំរេច ជាព្រះអារហន្ត។ នៅតាមផ្លួវ
ព្រះសង្ឃទាំងពីរអង្គ ត្រូវដាច់ចង្ហាន់។ ពេលនោះ មានទេវតា
មកនិមិត្តជា សត្វត្រី នៅចំពោះ ព្រះភ័ក្ត្រ ព្រះសង្ឃទាំងពីរអង្គ។ ព្រះសង្ឃមួយអង្គគិតថា បើព្រះអង្គសំលាប់ត្រីនោះ ធ្វើចង្ហាន់ ព្រះអង្គនឹងត្រូវប្រាសចាកពីវិន័យធម៌ដោយត្រូវអាបត្តិ។


ឯព្រះសង្ឃ មួយអង្គទៀតគិតថា បើអាត្មាអញ មិនសំលាប់ត្រីនេះ
ធ្វើចង្ហាន់ទេ អាត្មាអញនឹងត្រូវសុគត ដោយឥតប្រយោជន៍ ហើយមិនបានទៅទាន់ព្រះត្រាស់ដឹងឡ៉ើយ តែបើអាត្មាអញសំលាប់ត្រីនេះ ឆាន់អាត្មាអញ នឹងបានរស់រានមានជីវិត ទៅទាន់ព្រះត្រាស់ដឹង ហើយពិតជាបានសំរេចអរហន្ត ជាមិនខាន។ បន្ទាប់មក ព្រះអង្គត្រឡប់

មកប្រស់ត្រីនោះវិញ។ ព្រះសង្ឃអង្គ ដែលមិនបានឆាន់ត្រីក៏សុគតទៅ
ដោយមិនបាន ផលអ្វីឡើយ។ ឯព្រះសង្ឃអង្គដែលឆាន់ត្រី ក៏បានទៅទាន់ព្រះត្រាស់ដឹងហើយបានសំរេចព្រះអារហន្ត
និងបានត្រឡប់ទៅ ប្រស់ត្រីនោះអោយរស់រានមានជីវិតឡើងវិញ។ រឿងល្បើកខ្មែរខាងលើនេះ បានបង្រៀនយើងថា ក្នុងឋានៈជា
អ្នកដឹកនាំខ្មែរ យើងមិនត្រូវប្រកាន់ គុណធម៌ងាប់ស្តូករហូត
លែងហ៊ានធ្វើអ្វី ដែលខ្លួនយល់ថាជាប្រយោជនដល់ជាតិ
ដល់ប្រជាជាតិខ្មែរ ព្រោះតែខ្លាច ប្រាសចាកគុណធម៌នោះទេ។ ត្រូវហ៊ានអារកាត់ធ្វើអ្វីដែលខ្លួនយល់ថា
ជាប្រយោជន៍
ដល់ជាតិ និងប្រជាជាតិខ្មែរ ដោយស៊ូទ្រាំនឹងការរិះគន់

ទាំងឡាយពី មជ្ឈដ្ឋានផ្សេងៗ ក្នុងសង្គមដែលយល់មិន ដល់ជំរៅ
នៃស្ថានការណ៍ ឬក៏មាននិស្ស័យតែខាងរិះគន់ ខាងពេបជ្រាយ
តែមិនហ៊ានធ្វើអ្វីជា ប្រយោជន៍ដល់សង្គមសោះ។ មិនត្រូវតូចចិត្ត
រាថយព្រោះតែ ការរិះគន់នោះ ឡើយ។ ព្រោះថា ពពួកជនអវិជ្ជមាន មិនមែនមានតែក្នុងសង្គមខ្មែរ បច្ចុប្បន្ននោះទេ តែមានតាំងពីសម័យ
ព្រះពុទ្ធអង្គ នៅជាក្សត្រ័មកម្លេះ (ពួកមា)។ តែបើយើងមានភាពរឹងប៉ឹង
 ទាំងផ្លូវចិត្ត ផ្លូវ កាយ គ្រប់គ្រាន់ ឈ្នះរឿងរ៉ាងអស់ទាំងនេះ យើងនឹងទទួលបានជោគជ័យយ៉ាងប្រាកដ ហើយ ពួកជនអវិជ្ជមាន(មា)
ទាំងនេះ នឹងក្លាយមកជាបរិវារ ជាអ្នកចុះញ៉មយើងវិញមិនខាន។

-ការដែលធ្វើគំរោងផែនការមិនខុសៈ មេដឹកនាំខ្មែរ
មុននឹងធ្វើផែនការ ត្រូវតែស្គាល់ស្ថានការណ អោយច្បាស់ សិក្សាយកពត៌មានអោយបានជាក់លាក់។មេដឹកនាំខ្មែរ
ត្រូវចំរ៉ាញ់ពត៌មាន
ដែល ទទួល បាន រហូតទាល់តែ
ពត៌មាននោះល្អិតល្អន់ល្អ
ទើបយកពត៌មាននោះ មកធ្វើផែនការ
ដើម្បី ប្រៀបធៀបជា មួយគូរប្រកួតប្រជែងរបស់យើង ដោយដឹងជាមុនថា គំរោងផែនការ
នោះពិតជាឈ្នះ ឬគំរោងផែនការ នោះចាញ់។
មេដឹកនាំខ្មែរ
ត្រូវដឹងពីខ្លួនឯង និង សត្រូវទាំងចំនួន កំលាំង សមត្ថភាព
ស្មារតី
ធនធាន បច្ចេកវិទ្យា សំភារះស្ថានការណ៍ និងបរិដ្ឋាន
ជុំវិញខ្លួន៘
បើសិន មានខ្វះចន្លោះ ត្រូវកែតំរូវ និងបំពេញ
បន្ថែម អោយបានត្រឹមត្រូវ មុននិងដាក់អោយគេ អនុវត្តន។


-ការមិនធ្វើខុសដោយសំដីៈ ដោយចិត្ត ដោយកាយវិការ
ដោយការងារចំពោះខ្លួនឯង អ្នកក្រោម បង្គាប់ សហការី ការងារ
 ប្រជាពលរដ្ឋ ច្បាប់ តួនាទី ទំនៀមទំលាប់ វប្បធម៌ និងប្រពៃណី ជាតិ ខ្មែរ
នេះហើយ ជាលក្ខណៈ មេដឹកនាំល្អរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ មិនគាំទ្រ
មិនសមគំនិត នឹង អ្នកធ្វើខុសឡើយ ។ ពេលធ្វើខុស អ្នកដឹកនាំខ្មែរ
ត្រូវហ៊ានទទួលខុស មិនលំអៀង ព្រោះអគតិ ៤ យ៉ាង គឺការស្រឡាញ់
 ស្អប់ ច្រណែន ឈ្នានីស ។

 

ដកស្រង់ចេញពីសៀភៅ មេដឹកនាំខ្មែរភាគ១ របស់បណ្ឌិត ស ធម្មរង្សី

សូមបញ្ជាក់ថា ទសពិធរាជធម៌នេះ មិនសម្រាប់តែអ្នកដឹកនាំប្រទេសឬរដ្ឋឡើយ អាចប្រើអនុវត្តប្រកបដោយប្រសិទ្ធិភាពចំពោះមិត្តភាពឬមេចាប់តាំងពីមេគ្រួសារឡើងទៅ។

 

«សេរីភាព ខ្មែរ»

 


 

 

ធម៌ របស់សប្បុរស

 ធម៌របស់សប្បុរស ៧យ៉ាង


              ១- ធម្មញ្ញុតា ៖ ដឹងហេតុ គឺដឹងគោលការណ៍ របៀបរបច្បាប់ទម្លាប់
ក្នុងការបដិបត្តិកិច្ចនាទី យល់ដឹងនៅក្នុងកិច្ចការដែលខ្លួនត្រូវប្រព្រឹត្តទៅតាម
ហេតុផល ដូចជាដឹងថា មុខតំណែង ឋានៈ អាជីព ឬការងាររបស់ខ្លួនផ្សេងៗ
ទៀត វាមានការប្រព្រឹត្តទៅយ៉ាងណា វាមានអ្វីជាគោលការណ៍ ត្រូវធ្វើ
យ៉ាងណាទើបបានជាហេតុដើម្បីឱ្យបានសម្រេចផលល្អ ទៅតាមការដែលខ្លួន
ខំប្រឹងប្រែង និងទៅតាមការដែលខ្លួនឯងជាអ្នកទទួលខុសត្រូវនោះ
ដូចនេះជាដើម រហូតដល់ការដឹងនៅក្នុងលំដាប់ថ្នាក់ខ្ពស់ៗឡើងទៅ ទីបំផុតគឺដឹងទាន់នៅក្នុង ច្បាប់ធម្មតាដែលជាគោលការណ៍ពិតរបស់ធម្មជាតិ ដើម្បីបដិបត្តិទល់ជាមួយគ្នានឹងសភាវលោកជុំវិញជីវិត ព្រមទាំងជីវិតផងដែរ ឱ្យបានត្រឹមត្រូវ ឱ្យមានចិត្តប្រព្រឹត្តទៅជាឥស្សរៈ មិននៅក្នុងភាពជាទាសៈ របស់សភាវលោកនិងជីវិតនេះ ដដែលៗឡើយ។

   ២- អត្ថញ្ញុតា ៖ ដឹងទិសដៅដែលជាប្រយោជន៍ ពោលគឺស្គាល់ផល
របស់ហេតុ ជាការដឹងផលសម្រេចនៃគោលការណ៍ដែលខ្លួនបានបដិបត្តិ យល់ច្បាស់ប្រាកដនូវវត្ថុបំណង របស់កិច្ចការដែលខ្លួនត្រូវធ្វើ ដឹងថា
គោលការណ៍នោះៗមានលទ្ធផលយ៉ាងណា ការរៀបចំ ដំណើរជីវិតរបស់ខ្លួន ដែលធ្វើអោយមានមុខតំណែង ឋានៈ និងការងារចិញ្ចឹមជីវិតនោះ គួរនឹង បានសម្រចផលដូចម្តេច សំដៅទៅរកអ្វី កិច្ចការដែលខ្លួនកំពុងតែធ្វើ
នៅក្នុងខណៈនេះ កាលដែលធ្វើទៅហើយនឹងបង្កើតផលយ៉ាងណាដែល
ជាផលត្រជាក់ ឬផលក្តៅក្រហាយ ដូចនេះជាដើម រហូតដល់ការដឹងផល
ក្នុងក្នុងលំដាប់ជាន់ខ្ពស់គឺដឹងផលនៃដំណើរធម្មតារបស់ ធម្មជាតិ និងដឹងប្រយោជន៍ដែលមានខ្លឹមសារខ្ពង់ខ្ពស់បំផុត ជាប្រយោជន៍ដែល
បានរួចផុតអំពី បញ្ហាជីវិតគ្រប់យ៉ាង។

 

                             ៣- អត្តញ្ញុតា ស្គាល់ខ្លួនឯង គឺស្គាល់តាមសេចក្តីពិតថា
ខ្លួនយើងនេះឯង មានឋានៈ មានភេទ មានកម្លាំង មានចំណេះ មានជំនាញ មានភាពអង់អាច មានគុណធម៌យ៉ាងណា ហើយក៏ប្រព្រឹត្តឱ្យបានសមរម្យ
ទៅតាមឋានៈជាដើមនោះ និងឱ្យបានសម្រេចទៅតាមផ្លូវល្អ ផ្លូវចម្រើន មិនឱ្យខ្លួនធ្លាក់ចូលទៅក្នុងផ្លូវនៃសេចក្តីវិនាស។

                        ៤- មត្តញ្ញុតា ស្គាល់ល្មមប្រមាណ គឺបានដល់ស្គាល់ល្មម
ប្រមាណក្នុងការបរិភោគ ស្គាល់ល្មម ប្រមាណក្នុងការចាយវាយនូវទ្រព្យសម្បត្តិ ស្គាល់ល្មមប្រមាណក្នុងការនិយាយស្តី និងស្គាល់ ល្មមប្រមាណក្នុងការប្រព្រឹត្ត
នូវកិច្ចការ រហូតដល់ស្គាល់ប្រមាណក្នុងការសម្រាកសម្រាន្ត កំសាន្តសប្បាយ
ក្នុងរឿងផ្សេងៗទៀតផង។

                            ៥- កាលញ្ញុតា ស្គាល់កាល គឺស្គាល់ពេលវេលា
ដ៏សមគួរនិងរយៈពេលដែលគប្បីប្រើ ក្នុងការ ប្រកបកិច្ចការ បំពេញការងារ
តាមមុខនាទី ស្គាល់កាលដែលត្រូវទាក់ទងជាមួយនឹងអ្នកដទៃ ដឹងថាពេលណា
គួរធ្វើអី្វ ត្រូវនិយាយអ្វី ។ ម៉្យាងទៀត ធ្វើការឱ្យត្រឹមត្រូវតាមពេលវេលា
គឺឱ្យទាន់ពេល ឱ្យល្មមពេល ឱ្យសមពេល ឱ្យត្រូវពេល ដូចនេះជាដើម។

                                ៦- បរិសញ្ញុតា ស្គាល់ប្រជុំជន គឺស្គាល់ទីកន្លែងប្រជុំជន
និងពពួកជន ស្គាល់របៀបរបបទំនៀម ទម្លាប់ប្រពៃណីរបស់មនុស្សក្នុងស្រុកភូមិ
ដែលខ្លួនត្រូវបដិបត្តិជាមួយ ដឹងថា ពពួកមនុស្សក្នុង ទីនេះ កាលយើងចូលទៅរក ត្រូវធ្វើអាកប្បកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះ ម៉្យាងទៀត គឺដឹងថា ពពួក
មនុស្សក្នុងទីនេះ ត្រូវការយ៉ាងនេះមួយ យ៉ាងនោះមួយ ហើយត្រូវទាក់ទង ត្រូវជួយសង្គ្រោះ ត្រូវបម្រើ ត្រូវឧបត្ថម្ភ ត្រូវបំពេញប្រយោជន៍ឱ្យយ៉ាងនេះឬ
យ៉ាងនោះ ជាដើម។

                      ៧- បុគ្គលញ្ញុតា ស្គាល់បុគ្គល គឺស្គាល់ និងយល់សេចក្តី
ផ្សេងគ្នានៃបុគ្គលម្នាក់ៗ ស្គាល់អធ្យាស្រ័យ ស្គាល់ភាពអង់អាចសេចក្តីក្លាហាន ស្គាល់ការឆ្លាតឬល្ងង់ និងស្គាល់គុណធម៌ជាដើមនៃបុគ្គលនោះៗ ហើយត្រូវដឹងកិច្ចបដិបត្តិរបស់ខ្លួនជាមួយបុគ្គល ដទៃទាំងនោះថា គួរគប់រកឬទេ បើសេពគប់ជាមួយហើយបានផលយ៉ាងណា ម៉្យាងទៀត គឺដឹងថា បុគ្គលនេះត្រូវទំនាក់ទំនង ត្រូវប្រើ ត្រូវសរសើរ ត្រូវលើកតម្កើង ត្រូវតិះដៀល ឬណែនាំទូន្មានប្រៀនប្រដៅយ៉ាងណាៗ ទើបនឹងបានផលល្អ ដូចនេះជាដើម។

មានធម៌របស់សប្បុរស៧យ៉ាងទៀតបន្ថែមពីលើសប្បុរិសធម៌ខាងលើនេះគឺៈ

១- សប្បុរសប្រកបដោយធម៌៧ប្រការគឺ មានសទ្ធា
មានសេចក្តីខ្មាស់បាប មានសេចក្តីខ្មាស់បាប ជាមនុស្សបានរៀនបានស្តាប់ច្រើន ជាមនុស្សមានសេចក្តីព្យាយាម ជាមនុស្សមានសតិខ្ជាប់ខ្ជួន ជាមនុស្សមានបញ្ញា។
២- នឹងប្រឹក្សាជាមួយនរណាក៏មិនប្រឹក្សាដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៣- នឹងគិតអ្វីក៏មិនគិតដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៤- នឹងនិយាយអ្វីក៏មិននិយាយដើម្បីបៀតបៀនខ្លួននិងអ្នកដទៃ។
៥- នឹងធ្វើអ្វីក៏មិនធ្វើដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
៦- មានការយល់ត្រូវគឺយល់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ជាដើម។
៧- ឱ្យទានដោយគោរព គឺយកចិត្តទុកដាក់អើពើចំពោះរបស់ដែលខ្លួនឱ្យ និងអ្នកទទួលទាន នោះ មិនធ្វើអាការៈដូចគេគ្រវាត់ ឬបោះចោល។

     

បុគ្គលដែលជាសប្បុរសគឺជាអ្នកយល់ច្បាស់និងបដិបត្តិ
តាមគោលធម៌ទាំងនេះ សប្បុរិស ធម៌នេះនឹងនាំអ្នកប្រតិបត្តិអោយ
ជៀសផុតពីវិបត្តិផ្សេងៗ នឹងបានជាមនុស្សប្រសើរ ក្នុងសង្គម ដូច្នេះសប្បុរសទាំងឡាយគប្បីជ្រាប។

សូមអរព្រះគុណ និងសូមអរគុណ

………..